ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្តសញ្ញាណប័ណ្ណ​អ្នក​បោះឆ្នោត​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ ប៉ុន្តែ​នៅ​មាន​ចន្លោះ​ប្រហោង 


លោក​ចេម​វិកទ័រ ​ហ្ក៍បេហូ​​ ប្រធាន​សហគមន៍​​សេដ្ឋ​កិច្ច​នៃ​ក្រុមរដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិច នៅ​ពេល​ធ្វើ​សន្និសីទ​ព័ត៌មានស្ដី​អំពី​ជម្លោះ​អំពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កូដ​ឌីវ័រ​ នៅ​រដ្នធានី​អាប៊ូចា ប្រទេស​នី​ហ្សេរីយ៉ា នៅ​ថ្ងៃ​ទី​៤​ខែ​មករា ឆ្នាំ​២០១១។​
លោក​ចេម​វិកទ័រ ​ហ្ក៍បេហូ​​ ប្រធាន​សហគមន៍​​សេដ្ឋ​កិច្ច​នៃ​ក្រុមរដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិច នៅ​ពេល​ធ្វើ​សន្និសីទ​ព័ត៌មានស្ដី​អំពី​ជម្លោះ​អំពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កូដ​ឌីវ័រ​ នៅ​រដ្នធានី​អាប៊ូចា ប្រទេស​នី​ហ្សេរីយ៉ា នៅ​ថ្ងៃ​ទី​៤​ខែ​មករា ឆ្នាំ​២០១១។​

ប្រទេស​ហ្គាណា​ (Ghana)​ គឺ​ជា​ប្រទេស​អាហ្វ្រិក​ចុង​ក្រោយ​បង្អស់​ដែល​វិនិយោគ​ប្រាក់​ច្រើន​លាន​ដុល្លារ​ទៅ​លើ​វិធី​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ភិន​ភាគ​រាងកាយ​(និង​ចរិយា)។​ តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា​ បច្ចេកវិទ្យា​បែប​នេះ​មិន​មែន​ជា​ការ​ការ​ពារ​បាន​មួយ​រយ​ភាគ​រយ​ប្រឆាំង​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​បាន​ទេ។

គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ហ្គាណា​ថ្លែង​ថា​ ខ្លួន​នឹង​ព្រាង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ ដោយ​ប្រើ​បច្ចេកវិទ្យា​ចុះ​ឈ្មោះ​អេឡិចត្រូនិក​តាម​ភិន​ភាគ​រាងកាយ​ មុន​ពេល​ការ​បោះឆ្នោត​ដំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

បច្ចេក​វិទ្យា​ចុះ​ឈ្មោះ​អេឡិចត្រូនិក​នេះ​មាន​តម្លៃ​ជាង​៤៥​លាន​ដុល្លារ។

ប្រទេស​ ហ្គាណា​ចូល​រួម​ជា​មួយ​សមភាគី​ក្នុង​តំបន់​ រួម​មាន​ប្រទេស​បេនីន​ (Benin)​ នីហ្សីរីយ៉ា​(Nigeria)​ កេនយ៉ា​(Kenya)​ និង​សាធារណរដ្ឋ​កុងហ្គោ​(Republic​ of​ Congo)​ ដែល​កំពុង​ប្រើ​ប្រាស់ ​ឬ​ព្យាយាម​ប្រើ​បច្ចេកវិទ្យា​ថត​ចម្លង​ស្នាម​ម្រាម​ដៃ​ ដើម្បី​សំអាត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​ប្រទេស​ទាំង​នោះ។​ លោក​ គ្រីស្តូហើ្វ​ ហ្វូមុនយ៉ុះ​ (Christopher​ Fomunyoh)​ ជា​នាយក​វិទ្យាស្ថាន​លទ្ធិ​ប្រជាធិបតេយ្យ​ជាតិ​សម្រាប់​ទី្វប​អាហ្វ្រិក​ខាង​លិច​និង​កណ្តាល​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន។

«មាន​ទស្សនៈ​មួយ​នោះ​គឺ​ថា​ នៅ​ពេល​ដែល​អ្នក​រៀប​ចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ នៅ​ពេល​ដែល​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​អ្នក​បោះ​ឆ្នោត​ ឬ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​នៅ​តាម​មណ្ឌល​តំណាង​រាស្ត្រ​ដ៏​ត្រឹម​ត្រូវ​ នោះ​ការចាត់​ចែង​កិច្ច​ការ​ផ្សេង​ទៀត​នៃ​ការ​បោះឆ្នោត​នេះ​ គឺ​អាច​ជួយ​ការពារ​ដល់​ការ​លួច​បន្លំ​ខ្លះ​រួច​ជា​ស្រេច​ទៅ​ហើយ»។

ទោះ​យ៉ាង​ណា​ លោក​ ហ្វូមុនយ៉ុះ​ ថ្លែង​ថា​ សូម​កុំ​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ដូច្នេះ​ឆាប់​ពេក។​ ប្រទេស​នី​មួយៗ​ត្រូវ​មាន​ចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា​ព្រម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធឲ្យ​បាន​គ្រប់​គ្រាន់​ ដោយ​រាប់​បញ្ចូល​ទាំង​ចរន្ត​អគ្គិសនី​ដែល​អាច​ទុក​ចិត្ត​បាន​ ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ភិនភាគ​រាងកាយ។​ លោក​និយាយ​ទៀត​ថា​ បើ​ទោះ​ជា​យើង​មាន​គ្រប់​យ៉ាង​ក៏​ដោយ​ ក៏​វា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំង​អស់​បាន​ដែរ។

«នេះ​គឺ​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​តែ​ដាក់​ឲ្យ​មាន​ដំណើរ​ការ​ ដើម្បី​លើក​កម្ពស់​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ក្រុម​អ្នក​បោះឆ្នោត​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត។​ ដូច្នេះ​ប្រជា​ពលរដ្ឋ​ក៏​អាច​សម្គាល់​បាន​ជា​មួយ​លទ្ធផល​ និង​ចាត់​ទុក​លទ្ធផល​នោះ​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ឆន្ទៈ​របស់​ពួក​គេ ​ព្រម​ទាំង​ផ្តល់​ភាព​ស្រប​ច្បាប់​ដែល​អាច​ធ្វើ​ឲ្យ​មាន​និរន្តភាព​ដល់​ការ​អភិវឌ្ឍន៍​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត»។

ជា​ទម្លាប់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នៅ​ទូទាំង​ទ្វីប​នេះ។​ ដូច​មាន​ពាក្យ​ស្លោក​មួយ​បាន​ចែង​ថា​ គ្មាន​នរណា​ម្នាក់​ចាញ់​ការ​បោះ​ឆ្នោត​នៅ​ទី្វប​អាហ្វ្រិក​នោះ​ទេ​ អ្នក​អាច​ឈ្នះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ត្រូវ​បាន​គេ​លួច​សន្លឹក​ឆ្នោត។

ការ​ចោទ​ប្រកាន់​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​បាន​បំផ្លាញ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថូហ្គោ​ (Togo)​ កាម៉េរូន​(Cameroon)​ ហ្គាបុង​(Gabon)​ និង​នីហ្សីរីយ៉ា​(Nigeria)​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១២​ខែ​កន្លង​ទៅ​ ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បង្ក​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ដ៏​មរណៈ​ខាង​ជាតិ​ពន្ធុ​នៅ​ប្រទេស​ហ្គីនី​ (Guinea)​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​ កូឌីវ័រ​ (Ivory​ Coast)​ លិច​លង់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​មួយ​រយៈ​ពេល។

ក៏​ប៉ុន្តែ​ តើ​បច្ចេកវិទ្យា​ដែល​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន​ គឺ​ជា​ចម្លើយ​មែន​ដែរ​ឬ​ទេ?​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ មិន​ចាំ​បាច់​ទាំង​ស្រុង​ទេ។

លោក​ ម៉ៃឃល​ យ៉ាឌ​ (Michael​ Yard)​ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​បោះឆ្នោត​ គឺ​ជា​នាយក​មូលនិធិ​អន្តរ​ជាតិ​សម្រាប់​ប្រព័ន្ធ​បោះ​ឆ្នោត​ (International​ Foundation​ for​ Electoral​ Systems)​ ប្រចាំ​នៅ​កេនយ៉ា។​ កេនយ៉ា​អនុវត្ត​គម្រោង​សាក​ល្បង​សម្រាប់​ការ​ចុះ​ឈ្មោះ​តាម​ភិនភាគ​រាងកាយ​ បន្ទាប់​ពី​អំពើ​ហិង្សា​ក្រោយ​ការ​បោះ​ឆ្នោត​បាន​សម្លាប់​មនុស្ស​ចំនួន​១​ពាន់​ ៣០០​នាក់​ នៅក្នុង​ឆ្នាំ​២០០៧​ និង​២០០៨។

លោក​ យ៉ាឌ ​ថ្លែង​ថា​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​មួយ​ គឺ​ពិត​ជា​ការ​ការពារ​ជួរ​ទី​ពីរ​ប្រឆាំង​នឹង​ការ​លួច​បន្លំ។

«វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ គឺ​ប្រសិន​បើ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​ចំនួន​សន្លឹក​ឆ្នោត​បាន។​ ប្រសិន​បើ​ខ្ញុំ​មិន​អាច​ផ្លាស់​ប្តូរ​ចំនួន​សន្លឹក​ឆ្នោត​បាន​ទេ​ នោះ​ខ្ញុំ​ត្រូវ​ទៅ​រក​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​អាច​បោះឆ្នោត​បាន​ច្រើន​ដង។​ បន្ទាប់​មក ​នៅ​ពេល​ដែល​បញ្ជី​ឈ្មោះ​ត្រូវ​បាន​ជម្រះ​ស្អាត​រួច​ហើយ​ អ្នក​ក៏​នៅ​តែ​មិន​អាច​លុប​បំបាត់​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​បាន​ទាំង​ស្រុង​ដែរ។​ ជា​ជំនួស​ អ្នក​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នោះ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ដោយ​សារ​តែ​នៅ​ពេល​នោះ​ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ព្យាយាម​ទិញ​សន្លឹក​ឆ្នោត​ ប្រសិន​បើ​ខ្ញុំ​ចង់​កែប្រែ​លទ្ធផលនៃ​ការ​បោះឆ្នោត»។

ប្រទេស​ ហ្គាណា​ ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ដែល​មាន​ស្ថិរភាព​បំផុត​របស់​តំបន់​នេះ។​ បើ​ទោះ​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​បាន​សរសើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០០៨​ ថា​មាន​សេរីភាព​និង​យុត្តិធម៌ក៏​ដោយ​ ក៏​គណបក្ស​នយោបាយ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ក្រុម​អ្នក​បោះឆ្នោត​ជាតិ​បរទេស​ និង​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

បច្ចុប្បន្ន​នេះ​ ហ្គាណា​ប្រើ​ប្រាស់​ទម្រង់​ចុះ​ឈ្មោះ​បោះឆ្នោត​លើ​ក្រដាស​ ដែល​បន្ទាប់​មក​នឹង​ថត​ចម្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ ជា​ប្រព័ន្ធ​មួយ​ដែល​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​និយាយ​ថា​ពោរ​ពេញ​ទៅ​ដោយ​កំហុស​ឆ្គង។​ ក្រុម​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោតនិយាយ​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ភិន​ភាគ​រាង​កាយ​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ខែ​វិច្ឆិកា​នេះ​ នឹង​មាន​លក្ខណៈ​ទៀង​ទាត់​ជាង​មុន​ និង​លុប​ឈ្មោះ​ក្រុម​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត។

តែ​ទោះ​យ៉ាង​ណា​ លោក​ យ៉ាឌ​ ថ្លែង​ទៀត​ថា​ ប្រព័ន្ធ​កំណត់​ភិន​ភាគ​រាងកាយ​មិន​អាច​លុប​ឲ្យ​អស់​នូវ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ស្លាប់​ មិន​ទាន់​គ្រប់​អាយុ​ ឬ​ជន​បរទេស​បាន​ទេ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ គុណ​សម្បត្តិ​សំខាន់​របស់​ប្រព័ន្ធ​នេះ​គឺ​អាច​រក​ឃើញ​ការ​ចុះ​ឈ្មោះ​ស្ទួន​ ហើយ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​គ្មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ។

«ប្រសិន​បើ​ខ្ញុំ​បាន​ឃើញ​ថា​ ឈ្មោះ​របស់​អ្នក​មាន​នៅ​ក្នុង​បញ្ជី​ចំនួន​៣០​ដង​ ហើយ​ខ្ញុំ​ជា​បុគ្គលិក​ជំនួយ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ ខ្ញុំ​គ្មាន​សិទ្ធិ​លុប​ឈ្មោះ​អ្នក​ចោល​ទេ​ នៅ​តាម​បណ្តា​ប្រទេស​ភាគ​ច្រើន។​ តាម​ន័យ​រដ្ឋបាល​ ខ្ញុំ​មិន​អាច​លុប​ឈ្មោះ​អ្នក​ចោល​ ដោយ​មិន​មាន​ដំណើរ​ការ​សម​ស្រប​មួយ​ចំនួន​បាន​ទេ​ ពីព្រោះ​ខ្ញុំ​ក៏​ប្រហែល​អាច​លុប​ឈ្មោះ​ខុស​ដែរ»។

លោក​ យ៉ាឌ ​និយាយ​ថា​ ទោះ​បី​ដោយ​ចេតនា​អាក្រក់​ឬ​ដោយ​កំហុស​ផ្នែក​រដ្ឋបាល​ក្តី​នៅ​ទី​បញ្ចប់​ ឈ្មោះរបស់​អ្នក​បោះឆ្នោត​នៅ​តែ​អាច​មាន​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​ច្រើន​ដង​ដដែល។

អ្នក​បោះឆ្នោត​ម្នាក់​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ថ្មី​មួយ។​ ជាជាង​កែ​តម្រូវ​បញ្ជី​ឈ្មោះ​ដែល​មាន​ស្រាប់​របស់​បុរស​នោះ​ បុគ្គលិក​រៀប​ចំ​ការ​បោះឆ្នោត​បែរ​ជា​បង្កើត​ប្រវត្តិ​រូប​ថ្មី​មួយ​ទៅ​វិញ។​ ឬ​មួយ​ ផ្ទុយ​បី​នេះ​ អ្នក​ដែល​ស្វះ​ស្វែង​ដើម្បី​លុប​ឈ្មោះ​ក្រុម​អ្នក​បោះឆ្នោត​មួយ​ចំនួន​ អាច​បង្កើត​ប្រវត្តិ​រូប​ថ្មី​សម្រាប់​អ្នក​បោះឆ្នោត​ដទៃ​ទៀត​នៅ​តាម​បណ្តា​ស្រុក​នៅ​ទូទាំង​ប្រទេស។

លោក​ យ៉ាឌ​ មាន​ប្រសាសន៍​ថា​ ឥឡូវ​នេះ​ តើ​អ្នកប្រើ​គោល​នយោបាយ​ណា​មួយ?​ តើ​អ្នក​លុប​ចោល​ប្រវត្តិ​រូប​ចាស់​បំផុត​ឬ​ថ្មី​បំផុត?

«ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​កុំព្យូទ័រ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​រាប់​ពាន់​ ឬ​រាប់​ម៉ឺន​នាក់​ ដោយ​ផ្អែកលើ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ អ្នក​នឹង​បាត់​បង់​មនុស្ស​មួយ​ចំនួន​ដែល​មាន​គុណ​សម្បត្តិ​ត្រឹម​ត្រូវ។​ ដូច្នេះ​ បញ្ហា​នេះ​គឺ​វា​លើស​ពី​រឿង​បច្ចេកវិទ្យា​ទៅ​ទៀត។​ អ្នក​ត្រូវ​មាន​ច្បាប់​ល្អ​មួយ​ចំនួន​ស្តី​ពី​ថា​តើ​អ្នក​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្តេ​ច។​ អ្នក​ត្រូវ​មាន​នីតិ​វិធី​ដ៏​ល្អ ហើយ​អ្នក​ត្រូវ​តែ​មាន​ដំណើរ​ការ​ដ៏​ល្អ​ មាន​តម្លាភាព​និង​ការ​ទទួល​ខុស​ត្រូវ​ដោយ​ពិត​ប្រាកដ»។

រវាង​ការ​ចំណាយ​លើ​ឧបករណ៍​ វគ្គ​បណ្តុះ​បណ្តាល​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​តម្លើង​ប្រព័ន្ធ​កំណត់​ភិន​ភាគ​រាងកាយ​គឺ​ជា​កិច្ចការ​ដែល​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន​ បើ​ទោះ​ជា​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ អ្នក​មិន​អាច​ដាក់​ស្លាក​តម្លៃ​លើ​ការ​បោះឆ្នោត​ដែល​មិន​សូវ​មាន​ភាព​ចម្រូង​ចម្រាស់​ និង​កាន់​តែ​មាន​តម្លាភាព​បាន​នោះ​ក៏​ដោយ។

វិធី​សាស្ត្រ​មួយ​ដែល​ប្រទេស​ជា​ច្រើន​មាន​ដូច​ជា​ ហ្គាណា​ បាន​លើក​ឡើង​នោះ​គឺ​ថា​ ប្រទេស​ទាំង​នោះ​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញវត្ថុ​ច្រើន​ថែម​ទៀត​គឺ​ តាម​រយៈ​ការ​កែ​ប្រែ​ទិន្នន័យ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ ពន្ធ​អាករ​ បញ្ជី​បើក​ប្រាក់​ខែ​របស់​រដ្ឋាភិបាល​ និង​ការ​ប្រើ​ប្រាស់​ដទៃ​ទៀត។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​ថ្លែង​ថា​ ការ​សម្រប​សម្រួល​កម្រិត​ខ្ពស់​បែប​នេះ​ស្រួល​និយាយ​ជាង​អនុវត្ត​ផ្ទាល់​ ទៅ​លើ​អ្វី​ដែល​តាម​ធម្មតា​ ជា​កាល​វិភាគ​យ៉ាង​ចង្អៀត​ជា​ទី​បំផុត​សម្រាប់​ធ្វើ​ការ​បោះ​ឆ្នោត​នោះ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG