ឆ្នេរ ចន អូបេ ប្រទេសស៊ីរ៉ាលីអូន៖ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ នៅភាគខាងត្បូងនៃរដ្ឋធានីហ្វ្រ៊ីថោន (Freetown) ប្រទេសស៊ីរ៉ាលីអូន (Sierra Leone) គឺជាទីតាំងរបស់សមាជិកនៃសហគមន៍ ត្រែប វ័នធីត (TribeWanted) ដែលជាសហគមន៍ទេសចរណ៍បរិស្ថានមួយ ដែលសង្ឃឹមថា នឹងកសាងតំបន់ទេសចរណ៍ប្រកបដោយនិរន្តរភាពផ្នែកបរិស្ថានមួយ ដោយទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សពីសមាជិកនៃកុលសម្ព័ន្ធនៅជុំវិញពិភពលោក ដែលទាក់ទងគ្នាតាមប្រព័ន្ធអ៊ីនធឺណេត។
សហគមន៍ថ្មីមួយបានមកតាំងទីនៅលើឆ្នេរដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីហ្វ្រ៊ីថោន នៃប្រទេសស៊ីរ៉ាលីអូន។ ជំរំតង់ដៅជាចំណុចតូចៗនៅលើទេសភាព ក្រោមដើមឈើមួយដង្គុំ នៅក្បែរភូមិនេសាទតូចមួយនៅលើឆ្នេរចន អូបេ (John Obey)។
នេះគឺសហគមន៍ ត្រែប វ័នធីត (TribeWanted) នៃប្រទេសសៀរ៉ាលីអូន ដែលជាការសាកល្បងអភិវឌ្ឍផ្នែកទេសចរណ៍បរិស្ថាន និងប្រកបដោយនិរន្តរភាពមួយ ដែលត្រូវបាននាំយកទៅអនុវត្តនៅលើឆ្នេរ ចន អូបេ នេះ ដោយលោក ប៊ែន គីនី (Ben Keene) សហគ្រិនផ្នែកសង្គមជាតិអង់គ្លេស។
សមាជិកកុលសម្ព័ន្ធ១១នាក់ ពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក បានទៅដល់ឆ្នេរនេះ កាលពីពីរសប្តាហ៍មុន ដោយចង់កំសាន្តឆ្នេរសមុទ្រផង ផ្លាស់ប្តូរវប្បធម៌ និងជួយកសាងតំបន់ទេសចរណ៍បរិស្ថានផង ដោយប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពថ្មីបំផុត។
លោក គីនី ដែលបានបង្កើតគម្រោងស្រដៀងគ្នាមួយនៅប្រទេស ហ្វីជី (Fiji) ក្នុងឆ្នាំ២០០៦ សង្ឃឹមថា កុលសម្ព័ន្ធថ្មីរបស់លោកនឹងអាចដំណើរការដូចជាកុលសម្ព័ន្ធមុនដែរ។ លោកថ្លែងថា៖
«យើងមានរយៈពេលមួយឆ្នាំ ដើម្បីធ្វើឲ្យវាមានដំណើរការ ហើយប្រសិនបើយើងអាចនាំទេសចរ និងសមាជិកកុលសម្ព័ន្ធមកនៅទីនេះបាន យ៉ាងហោចណាស់ចំនួនទេសចរនឹងកើនទ្វេរដងជាមធ្យមក្នុងឆ្នាំនេះ។ ដូច្នេះ បើមានទេសចរដប់នាក់មកទីនេះក្នុងមួយលើក ហើយចំណាយពីរបីរយដុល្លារក្នុងមួយសប្តាហ៍ វានឹងអាចទ្រទ្រង់ខ្លួនឯងបាន។ បញ្ហាប្រឈមធំបំផុតគឺមិនមែននៅលើឆ្នេរនេះ ឬនៅក្នុងភូមិ ដែលកំពុងព្យាយាមសម្របសម្រួលកសាងសហគមន៍នោះទេ ប៉ុន្តែជាការបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ដែលមានគំនិតចង្អៀតចង្អល់តែមួយគត់ ទៅលើប្រទេសសៀរ៉ាលីអូន ឲ្យយល់ថា គំនិតនោះតាមពិតមិនអាចយកជាការបានទៀតឡើយ»។
ទោះបីជាស្ថានភាពនយោបាយមានស្ថេរភាព ចាប់តាំងពីសង្រ្គាមស៊ីវិលចប់ក្នុងឆ្នាំ២០០២ក្តី ស៊ីរ៉ាលីអូននៅតែមានការលំបាកក្នុងការប្រឈមនឹងផ្នត់គំនិតអវិជ្ជមានពីខាងក្រៅ។ ខុសពីប្រទេស ហ្វ៊ីជី ឧស្សាហកម្មទេសចរណ៍នៅប្រទេសនេះ មិនមានការអភិវឌ្ឍ ហើយប្រទេសនេះនៅតែត្រូវបានកំណត់ថា ជាប្រទេសមានសង្រ្គាម ជាជាងប្រទេសមួយដែលមានឆ្នេរសមុទ្រស្រស់ស្អាត។
គម្រោងសហគមន៍ ត្រែប វ័នធីត ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតកុលសម្ព័ន្ធតាមគេហទំព័រ។ អ្នកដែលចាប់អារម្មណ៍ចង់ចូលរួម អាចចុះឈ្មោះនៅលើគេហទំព័រ ដែលជាវិទិការមួយ ដែលសមាជិកកុលសម្ព័ន្ធនៅជុំវិញពិភពលោក អាចតាមដានការវិវត្តនៅក្នុងឆ្នេរ ចន អូបេ និងរួមវិភាគទានដល់គម្រោងនេះ។
អ្នកដែលសម្រេចចិត្តធ្វើដំណើរទៅកាន់ទីនោះ ត្រូវបង់ប្រាក់៤៥០ដុល្លារសម្រាប់ការស្នាក់នៅរយៈពេលមួយសប្តាហ៍ លើឆ្នេរ ចន អូបេ។ ថវិកានេះចំណាយលើម្ហូប ការស្នាក់នៅ និងជួយទ្រទ្រង់ដល់គម្រោងនេះផងដែរ។ ប៉ុន្តែ សមាជិកត្រូវទទួលខុសត្រូវលើការចំណាយលើថ្លៃយន្តហោះទៅមកដែលមានតម្លៃពី៧៥០ ទៅ១.៥០០ដុល្លារ និងទិដ្ឋាការ ការធានារាប់រង និងការធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ឆ្នេរ។
តំបន់កំសាន្តនេះនឹងទទួលការស្នាក់នៅរបស់ទេសចរនៅក្នុងខ្ទមរាងមូល ដែលផលិតឡើងដោយបច្ចេកវិជ្ជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា earth-bagging ដែលផលិតឡើងដោយយកស៊ីម៉ង់លាយជាមួយដី និងម្សៅថ្ម។ បង្គន់អាចប្រែក្លាយកាលសំណល់ទៅជាជីកំប៉ុសបាន ដែលមានធុងបង្ហូរទឹកនៅក្បែរឆ្នេខ្សាច់។ កាកសំណល់ពីម្ហូបអាហារក៏ត្រូវបានប្រែក្លាយទៅជាជីកំប៉ុសដែរ ហើយសួនច្បារដែលប្រើប្រាស់ជីធម្មជាតិផ្តល់បន្លែស្រស់ៗដល់សមាជិកកុលសម្ព័ន្ធ និងទេសចរបរិស្ថានផងដែរ។
ក្រុមទីមួយនៃសមាជិកកុលសម្ព័ន្ធ បានសង់ប៉មប្រព័ន្ធព្រះអាទិត្យមួយ ដែលផ្តល់ភ្លើងអគ្គីសនីដល់ភូមិកុលសម្ព័ន្ធ និងផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ទូរទឹកកកតូច និងកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងប្រដាប់ស្សាកម៉ាស៊ីនថតរូប។
លោក ម៉ៃក៍ ហ៊ូស៍ (Mike Hughes) សមាជិកកុលសម្ព័ន្ធដែលចូលនិវត្តន៍ជាតិអង់គ្លេស មានប្រសាសន៍ថា រហូតមកដល់ពេលនេះ បទពិសោធន៍គម្រោងសហគមន៍ ត្រែប វ័នធីត បង្ហាញសញ្ញាវិជ្ជមាន។ លោកបន្តថា៖
«យើងបានមកដល់នៅពេលព្រលប់ បោះជំរំតង់នៅកណ្តាលយប់ ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំចេញពីជំរំតង់របស់ខ្ញុំ នៅម៉ោង៦កន្លះព្រឹកថ្ងៃទីមួយ។ ព្រះអាទិត្យហៀបនឹងរះឡើង ហើយមើលទៅដូចជារូបភាព ដែលខ្ញុំបានឃើញនៅលើគេហទំព័រអញ្ចឹងដែរ។ ដូច្នេះ នេះជាសញ្ញាវិជ្ជមានមួយ។ ប្រជាពលរដ្ឋរាក់ទាក់ណាស់»។
នៅក្នុងភូមិលើឆ្នេរ ចន អូបេ មនុស្សក្មេងៗប្រកបរបរចិញ្ចឹមជីវិត ដោយការធ្វើស្រែរចម្ការ ឬនេសាទ។ សហគមន៍ត្រែប វ័នធីត នឹងផ្តល់ការងារថ្មីមួយទៀត ដោយធ្វើការផ្តល់ការងារឲ្យយុវជននៅក្នុងសហគមន៍ចំនួន៣០នាក់ ដើម្បីបណ្តុះបណ្តាល និងជួយកសាងតំបន់កំសាន្តបរិស្ថាននេះ។ គម្រោងសាងសង់នេះក៏បានផ្តល់វិភាគទានចំនួន៥០០ដុល្លារក្នុងមួយខែទៅឲ្យភូមិ៕
ប្រែសម្រួលដោយ ឌី ខាំបូលី