ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគ្រាសខ្នាត​តូច​និង​មធ្យម​កម្ពុជា​មិន​ទាន់អាច​​ប្រកួត​ជាមួយ​ប្រទេស​ជិត​ខាង


លោកធី​ ហ៊ន់ (រូបខាងឆ្វេង) និង​លោកអ៊ឹម សុធារិទ្ធ អ្នកសម្រប​សម្រួល​កម្ម​វិធីហេឡូវីអូអេ។
វ៉ាស៊ីនតោន - លោក ធី​ ហ៊ន់ មន្ត្រីប្រតិបត្តិការ​វេទិកា​ហិញ្ញវត្ថុ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​សកល​នៃសាជីវកម្មហិញ្ញវត្ថុអន្តរជាតិ បាន​ប្រាប់កម្មវិធីសំឡេង​ជំនាន់​ថ្មី​នៃ​វីអូអេ​ថា សហគ្រាសខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជានឹង​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​នៅ​ពេល​ដែល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥ ដោយ​ហេតុ​ថា​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​នឹងប្រឈម​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖

«ការ​ខ្វះខាត​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម ការ​ខ្វះខាត​ជំនាញ​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​គាត់​ កង្វះ​ខាត​ទីផ្សារ​ដើម្បី​លក់​ផលិតផល​របស់​គាត់ កង្វះ​ខាត​បច្ចេកវិទ្យា​ដើម្បី​បង្កើន​គុណភាព​ផលិតផល​គាត់​ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ»។

លោក​ធី ហ៊ន់ មាន​ប្រសាសន៍​ថា ទាំង​នេះ​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ជា​បញ្ហា​ ប៉ុន្តែ​លោក​ថា វា​អាច​ជាឱកាស​មួយ​សម្រាប់រួម​គ្នា​ធ្វើការ​ដើម្បី​កែលម្អ​និង​អភិវឌ្ឍ​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។ ហើយ​លោក​ក៏​មាន​សុទិដ្ឋិនិយម​ដែរ​ចំពោះ​អនាគតនៃ​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ដោយ​ហេតុ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ចរិត​ប្រឹង​ប្រែង​ធ្វើ​ការ​ងារដើម្បី​បង្កើន​គុណភាព​ផលិតផល ហើយ​វា​ជា​ឱកាសទីផ្សារ​ដ៏​ទូលំ​ទូលាយ​ជាង​មុន​ ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​។

លោក​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​មាន​យុទ្ធនាការ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ស្រឡាញ់​ គាំទ្រ ​និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុកមុន​នឹង​ស្វះស្វែង​រក​ទីផ្សារ​នៅ​ក្រៅ​ស្រុក៕
XS
SM
MD
LG