ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ស៊ើប​អង្កេត​បដិសេធ​សំណើ​សុំ​បន្ត​ការ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣


សន្និសីទ​​នៅ​​សាលាក្តី​​ខ្មែរក្រហម។​
សន្និសីទ​​នៅ​​សាលាក្តី​​ខ្មែរក្រហម។​

សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្តី​ខ្មែរ​ក្រហម ​លោក​យូ ប៊ុនឡេង ​និង​លោក​ ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ (Siegfrid Blunk) នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ច្រានចោល​សំណើ​ចំនួន​ពីរ​របស់​សហ​ព្រះរាជអាជ្ញា​បរទេស​ គឺ​សំណើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​សំណើ​សុំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ក្នុង​ការ​ទទួល​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ ជាដើម​បណ្តឹង​រដ្ឋប្បវេណី​របស់​ជន​រងគ្រោះ​នៅ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​នេះ។

កាលពី​ខែ​ឧសភា​សហ​ព្រះ​រាជអាជ្ញា​បរទេស​លោ​កអ៊ែនឌ្រូ ខេលី (Andrew Cayley) បាន​ថ្លែង​ជា​សាធារណៈ​ដោយ​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំ​រឿង​០០៣​នេះ ​ដោយ​លោក​យល់​ថា សហចៅក្រម​ស៊ើបអង្កេត​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេតពេញ​លេញ​នៅ​ឡើយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​លោក​អ៊ែនឌ្រូ ខេលី ​បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​ ដែល​សាធារណៈ​ ជន​មិន​ធ្លាប់​បាន​ឮ​ពី​មុន​មក​នៅ​ក្នុង​ការ​ស៊ើប​អង្កេតសំណុំ​រឿង​០០៣​នេះ ​រួមទាំង​សើ្ន​សុំ​ឲ្យ​មាន​ការ​នាំ​ខ្លួន​ជន សង្ស័យ​មក​សួរចម្លើយ​ជាដើម។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​សហព្រះរាជអាជ្ញា​សញ្ជាតិ​អង់គ្លេស​ក៏​បាន​ស្នើ​សុំ​ឲ្យ​សហចៅក្រម​ស៊ើប​អង្កេតធ្វើការ​ពន្យា​ពេល​ទទួល​ពាក្យ​ស្នើ​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សម្រាប់​ជនរងគ្រោះ​បន្ថែម​ទៀត​ ដោយសារ​តែ​លោក​បង្ហាញថា​ រយៈពេល​កំណត់​ឈប់​ទទួលពាក្យ​ ស្នើ​សុំ​នោះ​ខ្លី​ពេក។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ សហ​ចៅក្រម​ស៊ើប​អង្កេតលើក​ឡើង​ថា សំណើ​របស់ សហព្រះរាជអាជ្ញា​បរទេស​មិន​ត្រឹម​ត្រូវ​តាម​ទំរង់​ច្បាប់​នោះ​ទេ។ សហចៅក្រម​ស៊ើប​អង្កេត​សំអាង​ថា​ វិធាន​ផ្ទៃ ក្នុង​មិន​បាន​ទុក​ចន្លោះ​ណាមួយ​សម្រាប់​សហ​ព្រះរាជអាជ្ញា​ធ្វើ​កិច្ចការ​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ លើក​លែង​តែ មាន​ការ​ផ្ទេរ​អំណាច។ ម្យ៉ាង​វិញ​ទៀត​ ពុំមាន​ការខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ទាំងពីរ​នោះ​ទេ។

នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជាមួយ​វីអូអេខ្មែរ​តាម​សារអេឡិចត្រូនិច​ពី​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​នេះ ​លោក​អ៊ែនឌ្រូ ខេលី ​បាន​ប្រកាស​ថា ​លោក​នឹង​ប្តឹង​ឧទ្ឋរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សហ​ចៅ​ក្រម​ទាំងពីរ។ លោក​ខេលី​មាន​ប្រសាសន៍​ថា ​សហចៅក្រម​ស៊ើប​អង្កេតធ្លាប់​បាន​ទទួល​សំណើ​របស់​លោក​ដូចគ្នា​នេះ​ពីមុន​មក​ ហើយ​សហចៅក្រម​ក៏​មិន​ដែល​លើក​មក​ចោទ​ជា​សំណួរ​នោះ​ដែរ។

លោក​ឡាស អលសិន (Lars Olsen) មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មាន​ប្រសាន៍​ថា លោក អ៊ែឌ្រូ ខេលី ​អាច​ប្តឹង​ឧទ្ឋរណ៍​បាន។

ក្រុង​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​ចំណាត់​ការ​របស់​ក្រុម​សហចៅក្រម​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​ដែល​រដ្ឋាភិបាល​ និង​ភាគី​ជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​មិនច​ង់​ឲ្យ​កើត​មាន​ ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​អំពាវ​នាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​ធ្វើ​អន្តរាគមន៍​នៅក្នុង​រឿង​នេះ។

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ឋិ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​បដិសេធ​សំណើ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ​នៅ​ក្នុង​ការ​សុំ​ពន្យា​ពេល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង រដ្ឋប្បវេណី​គឺ​ជា​ការ​រំលោភ​ទៅ​ដល់​ជន​រងគ្រោះ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្នក​រងគ្រោះ​ធ្វើ​ម៉េច​ត្រៀម​ខ្លូន​ឯង​ដាក់​ចូល​ពាក្យ​បណ្តឹង​បាន។ ដូច្នេះ​រឿង​បញ្ហា​ដែល​មិន​ពន្យា​អ្នក​រងគ្រោះ​កំពុង​តែ​រំលោភ​សិទ្ឋិ​របស់​អ្នក​រងគ្រោះ​ក្នុង​របបខ្មែរ​ក្រហម»។

លោក​អ៊ែនឌ្រូ ខេលី ​បាន​ប្តឹង​ឧទ្ធរណ៍​រួច​ទៅ​ហើយ ​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ប្រឆាំង​នឹង​បញ្ជា​របស់ សហចៅក្រម​ស៊ើបអង្កេតទាំងពីរ​រូប​ ដែល​បង្គាប់​ឲ្យ​លោក​ដក​ចេញ​ភាគ​ខ្លះ​នៃ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​របស់​លោក​ទាក់ទង​នឹង​សំណុំរឿង​០០៣៕

XS
SM
MD
LG