ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្តឯកសារអំពីសិល្បករសម្តែងសៀកខ្មែរពីររូបគ្រោងនឹងចាក់បញ្ចាំងជាលើកដំបូង


រូបភាពភាពយន្តឯកសារ Cirque du Cambodia។ (Photo: Joel Gershon/Cirque du Cambodia)
រូបភាពភាពយន្តឯកសារ Cirque du Cambodia។ (Photo: Joel Gershon/Cirque du Cambodia)

ខ្សែភាពយន្តឯកសាររឿង Cirque du Cambodia ដែលស្តីពីសិល្បករ​សម្តែង​សៀកខ្មែរវ័យក្មេងពីររូប គ្រោងនឹងចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី២១ ខែតុលាខាងមុខនេះ នៅមហោស្រពភាពយន្តនៃសមាគមអង្គការសហប្រជាជាតិ ឬUnited Nations Association Film Festival។ អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងអស់អាចចុះឈ្មោះមើលខ្សែភាពយន្តឯកសារនេះដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃកម្មវិធីអប់រំនៃមហោស្រពនេះ។

ភាពយន្តឯកសាររយៈពេល ៩០នាទីនេះ ចំណាយពេលប្រាំបីឆ្នាំដើម្បីថតនៅប្រទេសចំនួន៤។ អ្នកដឹកនាំភាពយន្ត លោក Joel Gershon បាននិយាយថា វាជាសាច់រឿងអំពីក្មេងជំទង់ខ្មែរពីរនាក់គឺ សុខ ឌីណា ​និង​ ណែម​ សុផា ដែល​មកពីភូមិជនបទមួយក្នុងប្រទេសកម្ពុជាដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីពួកគេបានចូលរួម «ចលនាសៀកសង្គម» នៅសាលាហ្វារពន្លឺសិល្បៈដែល​ស្ថិតនៅក្នុងខេត្តបាត់ដំបង។

លោក Joel Gershon និយាយនៅក្នុងសារអេឡិចត្រូនិចមកកាន់ VOA ថា៖ «សាលាបង្រៀនសិល្បៈដល់យុវជនដែលអាចដើរផ្លូវខុស មានប្រវត្តិលំបាក ហើយកម្មវិធីទាំងនេះផ្តល់ឱកាសដល់កុមារដើម្បី​ទទួលបានជីវិតប្រសើរមួយ។សាលានេះ​បង្កើតជាសហគមន៍ ការជឿជាក់លើខ្លួនឯង ការច្នៃប្រឌិត ការយល់ពីអ្នកដទៃនិងធ្វើឱ្យពួកគេក្លាយជាពលរដ្ឋល្អក្នុងសង្គម»។

លោក Gershon បញ្ជាក់បន្តថា៖ «ខ្សែភាពយន្តនេះដើរតាមយុវជនពីរនាក់គឺ សុខ ឌីណា ​និង​ ណែម​ សុផា ជាងប្រាំបីឆ្នាំ ខណៈដែលយុវជនដែលមានទេពកោសល្យទាំងពីរនាក់ ទទួលបានអាហារូបករណ៍ទៅរៀននៅសាលាសៀកជាតិម៉ុងត្រេអាល់ដើម្បីហ្វឹកហាត់ និងសម្រេចក្តីសុបិនរបស់ពួកគេដើម្បីក្លាយជាសមាជិកនៃក្រុមហ៊ុនសៀក Cirque du Soleil»។

លោក ណែម​ សុផា សម្តែង​នៅ​សួន​កំសាន្ត Canada Wonderland កាលពី​ ឆ្នាំ២០១៤។ ​(រូបថត៖ Joel Gershon/Cirque du Cambodia)
លោក ណែម​ សុផា សម្តែង​នៅ​សួន​កំសាន្ត Canada Wonderland កាលពី​ ឆ្នាំ២០១៤។ ​(រូបថត៖ Joel Gershon/Cirque du Cambodia)
យុវជន សុខ ឌីណា​កំពុង​សម្តែង​ដោយ​ដើរ​នៅ​លើ​ខ្សែរ​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)
យុវជន សុខ ឌីណា​កំពុង​សម្តែង​ដោយ​ដើរ​នៅ​លើ​ខ្សែរ​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)

សុផា​និង​ឌីណា ដំបូង​ឡើយ​បាន​ចូល​រៀន​នៅ​អង្គការហ្វារ​ពន្លឺ​សិល្បៈ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ជា​ផ្ទះ​ផង​និង​ជា​កន្លែង​មួយ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់​ដែល​មាន​បញ្ហា​ផ្នែក​សង្គម​និង​បញ្ហាហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសាររបស់​ពួកគេ។

ពួក​គេ​ទាំង​ពីរ​នាក់​មាន​ឱកាស​សិក្សា​និង​ធ្វើ​ការ​នៅ​អង្គការហ្វារ នៅ​ពេល​ដែល​ពួក​គេ​ធំដឹង​ក្តី។ ពួក​គេ​មាន​ទេពកោសល្យ​និង​រៀន​សូត្រ​អ្វី​ឆាប់​ចេះ ហើយ​កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ទៅ​រៀន​នៅ​ទីក្រុង Montreal។ នេះ​បើ​យោង​តាម​លោក ហួត តារា នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​សង្គម​ហ្វារ។

លោក ហួត តារា ថ្លែងថា៖ «សុផា​និង​ឌីណា​កាល​ដែល​គាត់​អញ្ជើញ​ទៅ​គាត់​នៅ​ក្មេង​នៅ​ឡើយ​ទើប​តែ១៦ឆ្នាំ ១៧ឆ្នាំ គាត់​បាន​បង្ហាញ​នូវទេព្យ​កោសល្យដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ។ គាត់​រៀន​អី​រហ័ស​ចេះ គាត់​តស៊ូ​និង​ចង់​ចេះ​ច្រើន ដូច្នេះ​នៅ​ពេល​ដែល​គ្រូ​របស់​គាត់​ឃើញ​នូវ​សមត្ថភាព​និង​ទេពកោសល្យ​របស់​គាត់ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​តាម​វីដេអូ ហើយ​យើង​បាន​បញ្ជូន​វីដេអូ​ហ្នឹង​ទៅ​សាលា​សៀក​ជាតិ​របស់​កាណាដា​នៅ​ក្នុង​ទីក្រុង​ Montreal‍»។

យុវជន សុខ ឌីណា​ និង ណែម សុផា ពេល​ទទួល​សញ្ញាប័ត្រ​ពី​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ ​(រូបថត៖ ណែម​ សុផា)
យុវជន សុខ ឌីណា​ និង ណែម សុផា ពេល​ទទួល​សញ្ញាប័ត្រ​ពី​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ ​(រូបថត៖ ណែម​ សុផា)

ខ្សែភាពយន្តឯកសារ Cirque du Cambodia ក៏នឹងមានការបញ្ចាំងជាសាកលតាមអ៊ីនធឺណិតនៅថ្ងៃទី២០ ខែវិច្ឆិកា ដែលជាទិវាកុមារពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ ដែលកម្មវិធីនេះធ្វើឡើងដើម្បីឧបត្ថម្ភដល់សាលាហ្វារពន្លឺសិល្បៈ និងតួអង្គទាំងពីរនៅខ្សែភាពយន្តនេះ៕

XS
SM
MD
LG