ស្រ្តីខ្មែរម្នាក់ត្រូវបានអាជ្ញាធរកម្ពុជានៅប្រទេសចិនអន្តរាគមន៍ជួយសង្រ្គោះ ក្រោយមានសេចក្តីរាយការណ៍ថា ស្រ្តីនោះរៀបការជាមួយស្វាមីជនជាតិចិន។ បញ្ហាស្រ្តីខ្មែរចាញ់បោកនៅប្រទេសចិន ត្រូវបានមន្រ្តីរដ្ឋាភិបាល និងអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស ចាត់ទុកថាជាការព្រួយបារម្ភ ហើយចំណាកស្រុករបស់ពួកគេ នៅតែមានភាពប្រថុយប្រថាននៅឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន ក្នុងការជួយស្រ្តីខ្មែរម្នាក់ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ហើយដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារ «មិនអាចរស់នៅចុះសម្រុង» ជាមួយស្វាមី។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «បច្ចុប្បន្ននាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលិស ខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ស្រ្តីរងគ្រោះនឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថ្ងៃនេះ។ លោកបញ្ជាក់ថា៖ «ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុល នៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០»។
លោក កុង គួង មានប្រសាសន៍ថា អាជ្ញាធរធ្លាប់បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋរៀបការដោយប្រថុយប្រថានជាមួយជនជាតិចិន ប៉ុន្តែវានៅតែមានករណីបែបនេះកើតឡើង ដោយសារលោកថា ចាញ់បោកមេខ្យល់។
លោកថ្លែងប្រាប់ VOA ថា៖ «តាមពិត ការអំពាវនាវហ្នឹងយើងអំពាវនាវច្រើនហើយជាច្រើនឆ្នាំមកហើយ។ អំពាវនាវ(ថា) ស្រ្តីយើងចាញ់បោកទៅរៀបការជាមួយបុរសចិន។ យើងតែងតែអំពាវនាវយូរឆ្នាំមកហើយ (អំពាវនាវ)ជាច្រើន ប៉ុន្តែពលរដ្ឋមួយចំនួននៅតែបន្តចាញ់បោកឈ្មួញកណ្តាល»។
លោកបន្តថា នៅពេលមានបញ្ហាកើតឡើងអាជ្ញាធរកម្ពុជានៅក្រៅប្រទេស តែងតែព្យាយាមជួយសង្រ្គោះពួកគេ។
ក្នុងឆ្នាំ ២០១៩ កម្ពុជាបានកត់ត្រាថាស្រ្តីខ្មែរ ១១១ នាក់បានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញ ដោយពួកគេអះអាងថា ត្រូវបានបង្ខំឲ្យរៀបការជាមួយជនជាតិចិន។ នេះបើយោងតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា បើទោះជាមានការផ្សព្វផ្សាយ ស្រ្តីខ្មែរនៅតែចាញ់បោកមេខ្យល់ជាបន្តបន្ទាប់។
លោកស្រីបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះហើយ នៅតែមានអ្នកចាញ់បោក។ ដល់យូរៗទៅ យើងសឹងតែយល់ថា វាលែងជាការចាញ់បោក ដោយសារតែដឹងហើយ ឮហើយ នៅតែឲ្យគេបោកបាន ហើយឥឡូវ វាមានជាបន្តបន្ទាប់អ៊ីចឹងឯង។ ហើយឥឡូវហ្នឹង វាមានជាបន្តបន្ទាប់អ៊ីចឹងឯង»។
លោកស្រីមិនទាន់អាចបញ្ជាក់ចំនួនស្រ្តីដែលត្រូវបានជួយសង្រ្គោះ និងរាយការណ៍ករណីចាញ់បោកនៅប្រទេសចិន សម្រាប់រយៈពេលណាមួយ ក្នុងឆ្នាំ ២០២០ នេះទេ។
យោងតាមកំណត់ទូតរបស់កម្ពុជា ចុះខែមីនា ឆ្នាំ ២០១១ អាពាហ៍ពិពាហ៍រវាងជនបរទេសនិងពលរដ្ឋខ្មែរ ត្រូវធ្វើឡើងទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដែលចេញពីឆន្ទៈផ្ទាល់របស់សាមីខ្លួនទាំងសងខាងដោយគ្មានការបង្ខំ ឬការបន្លំបោកប្រាស់។
កាលនោះ ក្រសួងការបរទេសបានកំណត់ថា ជនបរទេសដែលរៀបអាពាហ៍ពិពាហ៍អាយុមិនត្រូវឲ្យលើសពី ៥០ ឆ្នាំ និងត្រូវមានប្រាក់ចំណូលយ៉ាងតិច ២.៥០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រសួងការបរទេសកម្ពុជាបានដកបម្រាមកំណត់អាយុវិញ គឺថា ជនបរទេសដែលមានអាយុលើស ៥០ ឆ្នាំ ក៏អាចរៀបការជាមួយនារីខ្មែរបានដែរ។
លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តីនិងកុមារនៃសមាគមអាដហុក ដែលធ្វើការលើការជួយពលរដ្ឋខ្មែរ ដែលចាញ់បោកគេនៅបរទេស មានប្រសាសន៍ថា មានស្រ្តីខ្មែរផ្សេងទៀតដែលកំពុងរងគ្រោះនៅក្នុងប្រទេសចិន ដែលពួកគេមិនទាន់មានឱកាសរាយការណ៍ទៅអាជ្ញាធរ ដើម្បីឲ្យជួយសង្រ្គោះ។
លោកស្រីមានប្រសាសន៍ថា៖ «យើងគិតថាករណីហ្នឹងនៅមានច្រើនទៀត ដែលនៅកំពុងកកស្ទះនៅចិន។ ហើយនេះស្រ្តីដែលគាត់សំណាងល្អដែលខាងទូត ហើយនិងអង្គការដៃគូគាត់ ជួយមកបាន។ហើយនៅមានស្រ្តីមួយចំនួនទៀតដែលគាត់កំពុងតែរង់ចាំដង្ហោយហៅជួយពីអង្គការដៃគូ ក៏ដូចជាស្ថានទូតខ្មែរយើងនៅទីនោះ ដើម្បីឲ្យជួយគាត់ដែរ»។
លោកស្រីបន្ថែមថា ស្រ្តីខ្មែរចាញ់បោកគេក្នុងរូបភាពផ្សេងៗគ្នា ហើយក្នុងនោះក៏មានការសន្យាថាទៅរៀបការជាមួយស្វាមីជនជាតិចិនដែលល្អ។
លោកស្រីបញ្ជាក់ថា៖ «ហើយរូបភាពមួយទៀត គឺរូបភាពកុហកឆបោកតែម្តង ថាទៅធ្វើការនៅទីនោះ មានបានប្រាក់ខែច្រើន ហើយអាចផ្តល់មកផ្គត់ផ្គង់ក្រុមគ្រួសារអីបានអ៊ីចឹង។ ការងារល្អ បរិយាកាសនៅទីនោះល្អ»។
បើតាមលោកស្រី មេខ្យល់បានលួងលោមស្រ្តីទាំងនោះឲ្យទៅរៀបការ ឬទៅធ្វើការក្នុងប្រទេសចិនដោយប្រើប្រាស់អ្នកជិតខាង ដែលមានសាច់ញាតិរៀបការជាមួយស្វាមីជនជាតិចិន ឬសាច់ញាតិទៅលួងលោមស្រ្តី ដោយសារមេខ្យល់ទាំងនោះ មិនអាចនិយាយផ្ទាល់ជាមួយស្រ្តី។
លោកស្រីបន្ថែមថា៖ «មេខ្យល់ជាអ្នករត់ការឯកសារទាំងអស់ហ្នឹង។ អ៊ីចឹងខ្ញុំគិតថា វាអាចពាក់ព័ន្ធនឹងអាជ្ញាធរដែរ ដែលគាត់រៀបចំឯកសារហ្នឹងជូន ព្រោះចេញទៅមិនមែនចេញទៅទទេ…(មិនមែនអត់ឯកសារ) អាចចេញទៅបានទេ។ ទាល់តែមានលិខិតឆ្លងដែនជាទិដ្ឋាការទេសចរណ៍»។
បើតាមមន្រ្តីអាដហុករូបនោះ គិតពីដើមឆ្នាំរហូតដល់ខែតុលានេះ សមាគមបានទទួលករណីស្រ្តីខ្មែរ ៣ នាក់ត្រឡប់មកពីប្រទេសចិនវិញ។
របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិឈ្មោះ UN-ACT ដែលផ្សាយកាលពីឆ្នាំ ២០១៦ បានលើកឡើងថា ស្រ្តីខ្មែរទៅប្រទេសចិនដោយសារចាញ់បោកមេខ្យល់ ដែលសន្យាបោកប្រាស់ថា ពួកគេនឹងទទួលបានការងារមានប្រាក់ខែច្រើន។
របាយការណ៍បន្តថាស្រ្តីខ្មែរមួយចំនួនក៏បានយល់ព្រមរៀបការ ប៉ុន្តែពួកគេត្រូវបានប្រាប់ព័ត៌មានខុសដោយថា ពួកគេនឹងមានជីវភាពល្អពេលរៀបការជាមួយស្វាមីចិន ប៉ុន្តែការពិត ពួកគេបានធ្លាក់ជាជនរងគ្រោះវិញ ដោយរៀបការជាមួយបុរសជនជាតិចិន ដែលក្រីក្រនៅតាមជនបទ។
របាយការណ៍ឲ្យដឹងទៀតថា បុរសជនជាតិចិនបានឲ្យប្រាក់ទៅមេខ្យល់ពី ១ ម៉ឺនទៅ ២ ម៉ឺនដុល្លារ ដើម្បីឲ្យទាក់ទងស្រ្តីខ្មែររៀបការជាមួយខ្លួន៕