ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​កេនយ៉ា​​ដែល​គ្មាន​ទីលំនៅ​​សង្ឃឹម​ថា ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផ្តល់​យុត្តិធម៌​


ម្តាយនិងកូនបីនាក់នៅខាងក្រៅសំពត់តង់នៅក្នុងជំរុំក្នុងទីក្រុង ​ណៃវ៉ាស្ហា (Naivasha) ប្រទេសកេនយ៉ា (Kenya)។
ម្តាយនិងកូនបីនាក់នៅខាងក្រៅសំពត់តង់នៅក្នុងជំរុំក្នុងទីក្រុង ​ណៃវ៉ាស្ហា (Naivasha) ប្រទេសកេនយ៉ា (Kenya)។

ពលរដ្ឋ​កេនយ៉ា​ដែល​គ្មាន​ទីលំនៅ​ដោយសារ​អំពើ​ហិង្សា​ដែល​កើត​ពី​ជម្លោះ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នា​ឆ្នាំ​២០០៧​ និយាយ​ថា​ ពួក​គេ​កំពុង​នៅ​រង់ចាំ​យុត្តិធ័ម៌។​ ខណៈ​ដែល​ឥស្សរជន​នយោ​បាយ​ធំៗ​បី​នាក់​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ​ ពលរដ្ឋ​កិនយ៉ា​ជា​ច្រើន​ដែល​គ្មាន​ទីលំនៅ​ក្នុង​ស្រុក​សង្ឃឹម​ថា​ការ​កាត់​ទោស​នេះ​នឹង​បិទ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ពួក​គេ។

ពលរដ្ឋ​កេនយ៉ា​រាប់​រយ​ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​នៅ​ក្នុង​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ជាង​បី​ឆ្នាំ​មុន។​ មនុស្ស​ប្រហែល​១២៥០០​នាក់​កំពុង​រស់​នៅ​ជំរុំ​ មីងហ្គូ​ (Mwingu)​ ក្រៅ​ទីក្រុង​ណាគូរូ​ (Nakuru)​ របស់​ប្រទេស​កិនយ៉ា។

តាប៊ីថា​ ញ៉ាំប៊ូរូ​ (Tabitha​ Nyamburu)​ បាន​មក​ជំរុំ​នេះ​ជា​មួយ​ប្តី​របស់​គាត់​និង​កូន​ចំនួន​១៣​នាក់។​ ជីវិត​នៅ​ទី​នេះ​ពិបាក​ជាង​នៅ​ផ្ទះ​របស់​គេ​ខ្លាំង​ណាស់។​ ពួក​គេ​មាន​អាហារ​និង​លុយ​កាក់​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ដូច​មនុស្ស​ច្រើន​ដ៏ទៃ​ទៀត​ អ្នក​ស្រី​ នឹង​តាម​ដាន​មើល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​កាត់​ទោស​អ្នក​នយោបាយ​ប៉ុន្មាន​នាក់​ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​អំពើ​ហិង្សា។

«តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នឹង​ជួយ​ ដោយសារ​ពួកគេ​មួយ​ចំនួន​ជា​អ្នក​ចូល​រួម​បង្កើត​បញ្ហា។​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដែល​គេ​ចោទ​ប្រកាន់​នឹង​ប្រឈម​នឹង​យុត្តិធ័ម៌»។

សមាជិក​សភា​ពីរ​នាក់​ គឺ​ វីលៀម​ រូតូ​ (William​ Ruto)​ ហង់រី​ ខូសហ្គី​ (Henry​ Kosgey)​ ក៏​ដូច​ជា​ពិធីករ​វិទ្យុ​ ចូស្វា​ អារ៉ាព​ សាង​ (Joshua​ arap​ Sang)​ កំពុង​ប្រឈម​នឹង​ការ​បើក​សវនាការ​មុន​ការ​កាត់​ទោស​នៅ​សប្តាហ៍​នេះ​នៅ​តុលាការ​ទីក្រុង​ ឡាអេ។​ ជនជាតិ​ កិនយ៉ា​ សំខាន់​បី​រូប​ទៀត​នឹង​ត្រូវ​បង្ហាញ​មុខ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នា​ចុង​ខែ​នេះ។

រដ្ឋា​ភិបាល​កេនយ៉ា​ ព្យាយាម​ប្រឆាំង​នឹង​ដំណើរការ​កាត់​ទោស​នេះ​ ដោយ​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ស្រុក។​ ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដែល​ដឹក​នាំ​ដោយ​សុភាចារបុរស​ លោក​ ល្វីស​ ម៉ូរីណូ​ អូកាំប៉ូ​ (Luis​ Moreno​ Ocampo)​ បាន​បដិសេធ​ការ​ទាមទារ​នេះ។

ប្រធាន​ជំរុំ​ មិងហ្គូ​ (Mwingu)​ ដែល​នៅ​ក្រៅ​ក្រុង​ ណាគូរូ​ លោក​ ភីទ័រ​ ការីគូ​ (Peter​ Kariku)​ សប្បាយ​ចិត្ត​ដែល​ការ​កាត់​ទោស​ធ្វើ​នៅ​ក្រៅ​ប្រទេស​កេនយ៉ា។

«ប្រាកដ​ណាស់​ វា​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​រក​យុត្តិធ័ម៌​បាន។​ នៅ​ក្នុង​ប្រទេស​នេះ​ យើង​មិន​ជឿ​ទុកចិត្ត​លើ​អ្នក​នយោ​បាយ​ទេ»។

ចុងចោទ​ទាំង​បី​នាក់​ ដែល​បង្ហាញ​មុខ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រៀបចំ​ក្រុម​ជនពាល​ដែល​ជា​ជនជាតិ​ភាគតិច​ ឲ្យ​បើក​ការ​វាយ​ប្រហារ​បន្ទាប់​ពី​បេក្ខជន​របស់​ខ្លួន​ ដែល​សព្វ​ថ្ងៃ​ជា​នាយក​រដ្ឋមន្ត្រី​ លោក​ រ៉ៃឡា​ អូឌីងហ្កា​ (Raila​ Odinga)​ ត្រូវ​បាន​ប្រកាស​ថា​បាន​ចាញ់​ការ​បោះ​ឆ្នោត​ ប្រកួត​ជាមួយ​លោក​ប្រធានាធិបតី​ ម្វ៉ៃ​ គីបាគី​ (Mwai​ Kibaki)។

អំពើ​ហិង្សា​នេះ​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​រវាង​របស់​ជនជាតិ​ភាគតិច​នៅ​ប្រទេស​ កិនយ៉ា។​ មនុស្ស​ប្រមាណ​១៣០០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​គឺ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​ដែល​ជា​មនុស្ស​របស់​លោក​ ម្វ៉ៃ គីបាគី។

ជាមួយ​នឹង​ការ​បោះឆ្នោត​ដែល​ខិត​ជិត​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​ មនុស្ស​ដែល​រងគ្រោះ​ពី​អំពើ​ហិង្សា​ទាំង​នោះ​និយាយ​ថា​ ពួក​គេ​នឹង​មិន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​បោក​កុហក​នយោបាយ​ទៀត​ទេ។

សាលីម​ មប៊ូអា​ (Salim​ Mbua)​ ជា​តំណាង​ម្នាក់​របស់​សភា​ប្រជាជន​ ដែល​ជា​អង្គការ​របស់​ពលរដ្ឋ​ដែល​ព្រួយ​បារម្ភ​ ដែល​តែងតែ​ជួប​ប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ទូទាំង​ប្រទេស។

«យើង​គួរ​តែ​ចងចាំ​ថា​អំពើ​ហិង្សា​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​ការ​បោះឆ្នោត។​ នេះ​គឺ​ដោយសារ​តែ​ការ​បញ្ឆេះ​អារម្មណ៍​ដោយ​អ្នក​នយោបាយ​ ដែល​ជា​អ្វី​ដែល​ពួក​គេ​តែង​តែ​ធ្វើ​ជា​រៀងរាល់​ពេល។​ ហើយ​យើង​កំពុង​ប្រាប់​គេ​ថា​ វា​គ្រប់​គ្រាន់​ហើយ​ ល្បែង​នេះ​គឺ​ចប់​ហើយ»។

មនុស្ស​ដែល​គ្មាន​ទីលំនៅ​និង​ក្រុម​ដែល​មាន​សមានចិត្ត​បាន​ធ្វើ​បាតុកម្ម​ពាសពេញ​ប្រទេស​ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ទាមទារ​រដ្ឋាភិបាល​ឲ្យ​រៀបចំ​កន្លែង​រស់​នៅ​អចិន្ត្រៃយ៍​ឲ្យ​មនុស្ស​ដែល​គ្មាន​លំនៅដ្ឋាន​ទាំង​នោះ។

ពួក​គេ​បាន​ប្តេជ្ញា​ប្រយុទ្ធ​ដើម្បី​ទាមទារ​យក​យុត្តិធម៌​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​នឹង​មិន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ទេ។

ប្រែ​សម្រួល​ដោយ​ បូរី ស៊ីលីវណ្ណ

XS
SM
MD
LG