ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រូបភាព​វីដេអូ​តាម​ទូរស័ព្ទដៃ​បង្រៀន​អ្នកចំការ​អំពី​វិធីសាស្ត្រ​ថ្មីៗ


ក្រុម​កសិករ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​ការ​ណែនាំ​អំពី​ការ​ធ្វើ​ឲ្យ​ផលដំណាំ​កាន់​តែ​ប្រសើរ​ឡើង​ដោយ​មើលវិធី​នោះ​តាម​រូបភាព​វីដេអូ​តាម​ទូរស័ព្ទដៃ​របស់​គេ​។ ​
ក្រុម​កសិករ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​ការ​ណែនាំ​អំពី​ការ​ធ្វើ​ឲ្យ​ផលដំណាំ​កាន់​តែ​ប្រសើរ​ឡើង​ដោយ​មើលវិធី​នោះ​តាម​រូបភាព​វីដេអូ​តាម​ទូរស័ព្ទដៃ​របស់​គេ​។ ​

ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​និង​ភាព​ក្រីក្រ​នៅក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិនមែន​តែងតែ​ជាបញ្ហា​នៃ​ការស្វែងរក​ដំណោះ​ស្រាយ​ថ្មីៗ​នោះទេ។ នៅក្នុង​ករណី​ជាច្រើន ​វា​គឺ​ជា​បញ្ហា​នៃ​ការ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​នូវ​ដំណោះស្រាយ​ដែល​មាន​ស្រាប់​ដែល​ពួកគេ​ត្រូវការ។ ឧទាហរណ៍​ទូរស័ព្ទដៃបានបង្ហាញ​ថា​ វា​មាន​សារៈប្រយោជន៍ក្នុង​ការនាំ​ព័ត៌មាន​ទៅ​កាន់​តំបន់​ទាំងឡាយ​ដែល​ពិបាក​នឹងទទួល​បានព័ត៌មាន។ ឥឡូវនេះទូរស័ព្ទដៃ​កំពុង​ជួយ​អ្នកចំការ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​រៀន​អំពី​វិធីប្រសើរៗ​ទាំងឡាយ​នៅ​ក្នុង​ការ​ដាំ​ដំណាំ​របស់​ពួកគេ។

ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ ភឺឌូ (Purdue University) ​បាន​បង្កើត​ថង់​ខ្យល់​បិទ​ជិត ដែល​អាច​ជួយ​កសិករ​ក្នុង​ការ​ការពារ​ផលដំណាំ​របស់​ពួកគេ​ពីសត្វល្អិត​ក្នុង​កំឡុងពេល​នៃ​ការរក្សា​ទុក។ ថង់នេះ​មាន​ប្រសិទ្ធភាព​ មិនថ្លៃ ​និង​ស្រួលប្រើ។ លោក​ជេស ឡូវឹនប៊ឺក ឌីបូអឺ (Jess Lowenberg-​Deboer) នៃ​សាកលវិទ្យាល័យ ​ភឺឌូ ​និយាយ​ថា​វា​មាន​បញ្ហាតែ​មួយ​ប៉ុណ្ណោះ។

«ការ​បិទ​ថង់​គឺ​ជា​អ្វី​មួយ​ដែល​ប្រសិនបើ​អ្នកឃើញ​វា​អ្នក​នឹង​យល់បាន​យ៉ាង​ឆាប់​រហ័ស​ហើយ​មនុស្ស​ជាច្រើន​បានយល់។ ប៉ុន្តែ​ការ​ពន្យល់​ជា​ពាក្យ​ពេចន៍​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ យើង​បាន​ធ្វើការ​ពន្យល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ប្រមាណ​២៩.០០០ ​ប៉ុន្តែ​យើង​មិន​អាច​ធ្វើការ​ពន្យល់​ទៅកាន់​ភូមិទាំង​អស់​បាន»។

ប៉ុន្តែ ​ទូរស័ព្ទដៃមាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ហើយ​ទូរស័ព្ទដៃ​ដែល​អាច​ចាក់​វីដេអូ​បាន​ កំពុង​តែ​មាន​លក្ខណៈ​កាន់​តែ​ទូលំទូលាយ​ឡើងៗ។ លោក​ ឡូវឹនប៊ឺក ឌីបូអឺ ​បាន​ឃើញ​ក្រុម​មួយ​ទៀត​ដែល​ប្រើប្រាស់​វីដេអូ​ក្នុង​ទូរស័ព្ទដៃ ដើម្បី​បង្ហាញ​អំពី​របៀប​ក្នុង​ការជួស​ជុល​ម៉ាស៊ីនបូមទឹក។

«ហើយ​ខ្ញុំ​បាន​និយាយ​ទៅកាន់​ដៃគូ​របស់​យើង នៅ​ក្នុងប្រទេស ​នីហ្សេ ​ថា​«អូ​ តើយើង​អាច​ធ្វើ​ដូចនោះបាន​ទេ?» ​ហើយ​ប្រហែល​ជា​មួយ​សប្តាហ៍​ក្រោយ​មក​គាត់​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ​មួយ។​ ហើយ​ខ្ញុំ​គិតថា​ «​នេះ​គឺ​ជាអ្វីមួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍»។

លោក​បន្ថែម​ថា​ អ្វីដែល​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍នោះ​គឺ​ការណ៍​ដែល​រូបភាព​វីដេអូ​ទាំង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សហគមន៍​អ្នកធ្វើ​ចំការ​យ៉ាង​ឆាប់​រហ័ស​។

ក្រុម​របស់លោក​បាន​ធ្វើ​ការ​ពិសោធន៍​មួយ​ដោយ​ពួកគេ​បាន​បញ្ចូល​វីដេអូ​ទៅក្នុង​ទូរស័ព្ទ​ចំនួន​៧ ហើយរង់ចាំមើល​អ្វី​ដែល​នឹង​កើត​ឡើង។

«នៅ​ក្នុង​រយៈពេល​មួយ​ខែ​ រូបភាព​វីដេអូ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទៅកាន់​មនុស្ស​ចំនួន​១១៨​នាក់​ នៅ​ក្នុង​ភូមិ​ចំនួន​៥០ផ្សេងៗគ្នា។ ហើយ​ខ្ញុំ​គិត​ថា​នេះគឺ​ពិត​ជាបាន​ផលដែល​មិនគួរ​ឱ្យ​ជឿ​ពី​ការវិនិយោគ​សាមញ្ញ​បំផុត​មួយ»។

ឥឡូវនេះ​ពួកគេ​បាន​ផលិត​រូបភាព​វីដេអូ​ជា​ភាសា​ចំនួន​ប្រហែល​ជា១២​ ដែលរូបភាព​វីដេអូ​ទាំង​អស់​នេះ​ត្រូវ​បាន​ថត​និងផលិត​នៅក្នុង​មូលដ្ឋាន​ក្នុង​តម្លៃ​ទាប។

លោក​ ឡូវឹនប៊ឺក ឌីបូអឺ និយាយ​ថា​ការណ៍​ដែល​ជោគជ័យ​បំផុត​នោះ​គឺ​ការប្រើប្រាស់​សាច់​រឿង​ក្នុង​ការ​ប្រាប់​អំពី​អ្វី​ដែល​ថង់​អាច​ធ្វើ​បាន​និង​អំពី​របៀប​ប្រើប្រាស់​វា។

វីដេអូ​មួយ​បង្ហាញ​អំពី​របៀប​ក្នុង​ការផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ធម្មជាតិ​មួយ​ធ្វើ​ពី​ផ្កា​ស្តៅ​ដែលមាន​ដុះ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ត្រូពិច​ជា​ច្រើន។

សមាជិក​ក្រុម​ម្នាក់​ ហ្វ្រង់ស៊ីស្កូ ស៊ឺហ្វឺហែល (Francisco Seufferheld) ​និយាយ​ថា​ រូបភាព​វីដេអូ​គំនូរ​ជីវចល​នៅ​ក្នុង​ទូរស័ព្ទដៃ​ គឺជា​មធ្យោបាយ​ណែនាំ​បង្រៀន)​ដ៏​មាន​ឥទ្ធិពល​មួយ។

«ព័ត៌មាន​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​នៅ​ក្នុង​របៀប​មួយ​ដែល​នៅ​ក្នុង​រយៈពេល​ពីរនាទី ​យើង​អាច​ចម្លង​គំនិត​ដ៏​ស្មុគស្មាញ​មួយ​ទៅឱ្យ​មនុស្ស​នៅ​ក្នុង​តំបន់​ដាច់​ស្រយាលទាំង​ឡាយ»។

ព័ត៌មាន​ទាំង​នេះ​អាច​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ជាច្រើន​ផ្សេងទៀត​ដោយ​គ្រាន់​តែ​ដាក់​អត្ថាធិប្បាយ​ក្នុងវីដេអូនេះ​ជា​ភាសា​ផ្សេងៗគ្នា។

ខណៈពេល​ដែល​រូបភាព​វីដេអូដែល​អាច​ប្រើ​ក្នុង​ទូរស័ព្ទបាន​កាន់តែ​មាន​ប្រជាប្រិយភាព​ ពួកគេ​កំពុង​តែ​ផ្តល់​ឱ្យ​នូវ​វិធី​ដែលប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មួយ​សម្រាប់​ចែករំលែក​ដំណោះស្រាយ​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​ទាប​ ទៅឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែលមាន​បញ្ហា​បន្ទាន់​បំផុត៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំ​បូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG