ដោយបានត្រូវសួរដោយពួកអ្នកកាសែតកាលពីថ្ងៃសុក្រនៅលើយន្តហោះ Air Force One អំពីជំនួបកំពូលក្នុងពេលខាងមុខនេះរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោកប្រធានាធិបតីស.រ.អា. Donald Trump បានប្រកែកមិនព្រមលាតត្រដាងឱ្យដឹងចំៗទេ។
លោក Trump បាននិយាយថា «ជំនួបកំពូលនេះនឹងមានធ្វើក្នុងពេលឆាប់ៗនេះ។ ខ្ញុំមានថ្ងៃខែនៃការជួបជុំគ្នានេះហើយ។ ខ្ញុំមានកន្លែងជួបគ្នាហើយ។មានការយល់ស្របគ្នាអស់ហើយ»។
នៅមុនពេលលោកចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនដើម្បីទៅបំពេញទស្សនកិច្ចមួយថ្ងៃក្នុងរដ្ឋតិចសាសនាប៉ែកខាងត្បូងប្រទេសអាមេរិក លោកប្រធានាធិបតីបានបញ្ជាក់ថាអាជ្ញាធរកូរ៉េខាងជើងបានយល់ព្រមអំពីកន្លែងនិងថ្ងៃខែនៃជំនួបជាប្រវត្តិសាស្ត្រនេះហើយ។
នៅលើវាលស្មៅ South Lawn នៃសេតវិមាន លោកប្រធានាធិបតីបាននិយាយថារដ្ឋាភិបាលស.រ.អា.និងកូរ៉េខាងជើងមានការទាក់ទងគ្នាជាទៀងទាត់ហើយការពិភាក្សាគ្នាក៏មានរួមបញ្ចូលដែរនូវការដោះលែងពលរដ្ឋអាមេរិកាំងបីនាក់ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានឃុំឃាំង។
លោក Tony Kim និងលោក Kim Hak-Song បានបង្រៀននៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាក្រុងព្យុងយ៉ាង ដែលជាសាកលវិទ្យាល័យឯកជនតែមួយគត់នៅក្នុងប្រទេសកូរ៉េខាងជើង។ អាជ្ញាធរកូរ៉េខាងជើងបានឃុំឃាំងលោកទាំងពីរនាក់ដាច់ដោយឡែកពីគ្នាកាលពីឆ្នាំ២០១៧ហើយបានចោទប្រកាន់អស់លោកថាបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋនិងខិតខំព្យាយាមទម្លាក់រដ្ឋាភិបាលក្រុង Pyongyang។
ជនជាប់ឃុំឃាំងទីបីគឺលោក Kim Dong-Chul បានត្រូវចាប់ខ្លួននៅ Rason នៅក្នុងប៉ែកឦសានបំផុតនៃប្រទេសកូរ៉េខាងជើងកាលពីខែតុលាឆ្នាំ២០១៥។ អាជ្ញាធរកូរ៉េខាងជើងបានកាត់ទោសលោកឱ្យជាប់គុក១០ឆ្នាំដោយធ្វើការធ្ងន់កាលពីឆ្នាំ២០១៥នៅក្រោយរកឃើញថាលោកមានទោសពីបទធ្វើចារកម្ម។
បើតាមប្រភពកូរ៉េខាងត្បូងដែលបានត្រូវដកស្រង់ពាក្យសម្តីដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅក្នុងក្រុងសេអ៊ូលថាគេរំពឹងថាបុរសទាំងនេះនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ៕