ការបែកធ្លាយឯកសារសម្ងាត់មួយរបស់រដ្ឋាភិបាលចិនបានលាតត្រដាងអំពីវិធីសាស្រ្តនានាដែលពួកអាជ្ញាធរកំពុងប្រើប្រាស់កម្មវិធីប្រមូលទិន្នន័យសំខាន់ៗដើម្បីដៅនិងចាប់ខ្លួនជនជាតិភាគតិចកាន់សាសនាឥស្លាមប្រមាណ១លាននាក់នៅក្នុងខេត្តស៊ិនជាំង។ ឯកសារដែលទទួលបាន និងត្រូវបានផ្សព្វផ្សាយដោយសមាគមន៍អ្នកកាសែតស៊ើបអង្កេតអន្តរជាតិហៅកាត់ថា ICIJ បានលាតត្រដាងពីកលល្បិចនៅពីក្រោយ និងយុទ្ធនាការឃ្លាំមើលដ៏តឹងរ៉ឹងប្រឆាំងនឹងនយោបាយ និងវប្បធម៌របស់ជនជាតិភាគតិចវីហ្គើ Kazakhs និងក្រុមអ្នកកាន់សាសនាឥស្លាមផ្សេងទៀតនៅខេត្ត ស៊ិនជាំង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានព្រមានជាច្រើនឆ្នាំមកហើយថា ប្រទេសចិនកំពុងធ្វើការបង្ក្រាបជាប្រព័ន្ធទៅលើជនជាតិវីហ្គើ និងកំពុងលុបបំបាត់វប្បធម៌និងជំនឿសាសនារបស់ពួកគេ។ ឯកសារនោះបានពណ៌នាយ៉ាងលម្អិតអំពីវិធីសាស្រ្តដែលពួកអាជ្ញាធរបានបន្តបញ្ចូលមនោគមវិជ្ជាដល់ជនជាតិភាគតិចទាំងអស់។
ជនជាតិភាគតិចវីហ្គើ និងក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមផ្សេងទៀតដែលជាប់ឃុំខ្លួននៅក្នុងជំរំនោះ ត្រូវបានគេវាយតម្លៃតើពួកគេអាចនិយាយភាសាចិនបានល្អកម្រិតណា និងថាតើពួកគេគោរពតាមច្បាប់តឹងរ៉ឹងនានាក្នុងកម្រិតណា ដែលច្បាប់នោះរាប់ចាប់តាំងពីការងូតទឹក រហូតដល់ការប្រើប្រាស់បង្គន់អនាម័យ។
ការវាយតម្លៃនោះអាចកំណត់ថាតើពួកគេអាចចាកចេញពីជំរំនោះបាននៅពេលណា។ ការបែកធ្លាយឯកសារផ្ទៃក្នុង និងការទាក់ទងគ្នានេះត្រូវបានទទួលនិងផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ។ ឯកសារផ្ទៃក្នុងបែកធ្លាយដែលមានកម្រាស់៤០០ទំព័រនេះត្រូវបានផ្សព្វផ្សាយដោយកាសែត The New York Times កាលពីសប្តាហ៍មុន។
ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Robert O'Brien កាលពីថ្ងៃសៅរ៍បានថ្លែងនៅឯសន្និសីទស្តីពីសន្តិសុខអន្តរជាតិក្នុងក្រុង Halifax ថា«យើងស្ថិតនៅក្នុងឆ្នាំ២០១៩ ហើយយើងមានមនុស្សជាង១លាននាក់ស្ថិតនៅក្នុងជំរំនៅក្នុងខេត្តស៊ិនជាំង។ នេះគឺជារឿងដែលធ្វើឲ្យមានការខឹងសម្បា។ ជំរំទាំងនោះគួរតែត្រូវបានបិទចោល»៕