ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​នៅ​ឥណ្ឌា​នៅ​តែ​ខ្វះ​ជីវជាតិ​អាហារ​ទោះបី​មាន​ការលូតលាស់​សេដ្ឋកិច្ច


ស៊ូស៊ីឡា នៅក្នុងប្រទេស​ឥណ្ឌា អាយុ​២១​ខែ អង្គុយ​លើ​ភ្លៅ​ម្តាយ​ មាន​ទម្ងន់​៤គីឡូក្រាម​កន្លះ ជា​​កុមារ​រងគ្រោះ​នឹង​ការ​ខ្វះម្ហូបអាហារ​មាន​ជីវជាតិ។
ស៊ូស៊ីឡា នៅក្នុងប្រទេស​ឥណ្ឌា អាយុ​២១​ខែ អង្គុយ​លើ​ភ្លៅ​ម្តាយ​ មាន​ទម្ងន់​៤គីឡូក្រាម​កន្លះ ជា​​កុមារ​រងគ្រោះ​នឹង​ការ​ខ្វះម្ហូបអាហារ​មាន​ជីវជាតិ។

ការសិក្សា​ថ្មីមួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​រកឃើញ​ថា​ការរីក​ចំរើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​នៅ​ក្នុង​ពីរ​ទសវត្ស៍​កន្លង​ទៅ​នេះ​មាន​ឥទ្ធិពល​តែ​បន្តិច​បន្តួច​ ទៅ​លើ​និមិត្ត​សញ្ញា​សំខាន់ៗ​ជាច្រើន​នៃ​សុខភាព​របស់​កុមារ។​ ក្រុម​អ្នកនិពន្ធ​នៃ​ការសិក្សា​សន្មត់​ថា​ ការ​លូតលាស់​សេដ្ឋកិច្ច​ មិន​បាន​នាំ​ឲ្យ​កុមារ​បរិភោគ​អាហារ​មាន​ជីវជាតិ​ល្អ​ប្រសើរ​ជាង​មុន​ទេ។

ការសិក្សា​បាន​ប្រើ​ទិន្នន័យ​ពាសពេញ​ប្រទេស​ មាន​តាំងពី​ការស្ទង់​មតិ​បី​ដែល​ចាប់ផ្តើម​នៅ​ដើម​ទសវត្ស៍​ឆ្នាំ​១៩៩០។​ នៅក្នុង​កំឡុង​នៃ​ការសិក្សា​ទាំង​នេះ​ ប្រទេស​ឥណ្ឌា​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ ព្រមទាំង​មាន​ការកើន​ឡើង​ នៃ​មនុស្ស​វណ្ណៈ​មធ្យម​យ៉ាង​ច្រើន​ផង។​ លោក​ ស៊ូប្រាមេនីញាន​ (S.V. Subramanian) នៃ​សាកល​វិទ្យាល័យ​ Harvard​ University​ និងក្រុម​សហ​សេវិក​របស់​លោកចង់​ ឃើញថាតើមានការធ្វើ​ឲ្យ​ប្រសើរ​ឡើង​អ្វី​ខ្លះ​ ដល់​ចំណី​អាហារ​របស់​កុមារ​ នៅ​ក្នុង​កំឡុង​នៃ​ការលូតលាស់​សេដ្ឋកិច្ច​នោះ។

នៅ​ក្នុង​ការសិក្សា​ទាំងឡាយ​ កុមារ​ជាង​៧ម៉ឺន​៧ពាន់​នាក់​ត្រូវ​បាន​ថ្លឹង​ទម្ងន់​និង​វាស់​កំពស់​ដើម្បី​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​អាច​ប្រៀបធៀប​អាយុ​ ទម្ងន់​ និង​កំពស់។​ គេ​បាន​យក​ទិន្នន័យ​នេះដើម្បី​គុណគូរ​ រក​រង្វាស់​រង្វាល់​ស្តង់ដា​នៃ​ចំណី​អាហារ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កុមារ​ធំធាត់​នៅ​ក្នុង​រដ្ឋ​ទាំងឡាយទូទាំង​ប្រទេស​ឥណ្ឌា។

«រឿង​ដ៏​ល្អ​មួយ​អំពី​ការរៀបចំ​នេះ​គឺ​យើង​អាច​ឃើញ​ការផ្លាស់ប្តូរ។​ ចុះ​ប្រសិន​បើ​សេដ្ឋកិច្ច​របស់​រដ្ឋ​បាន​ប្រសើរ​ឡើង​នោះ​ តើ​អាច​នាំ​ឲ្យ​មាន​ការកាត់បន្ថយ​គ្រោះថ្នាក់​នៅ​ក្នុង​កុមារ​ដែល​ខ្សោយ​ស្គមស្គាំង​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​បាន​ឬ​ទេ?​ យើង​បាន​រក​ឃើញ​ថា​ គ្មាន​ការ​ជាប់​ទាក់ទង​គ្នា​ទាល់​តែ​សោះ»។

នៅ​ក្នុង​កំឡុង​នៃ​ការស្ទង់​មតិ​បី​នោះ​ ការលូតលាស់​សេដ្ឋកិច្ច​មិន​មាន​គ្រប់​វិស័យ​ទេ។​ បច្ចេកវិជ្ជា​និង​វិស័យ​សេវា​ បាន​រីកចំរើន​មែន​ ប៉ុន្តែ​មាន​ឥទ្ធិពល​តិចតួច​ណាស់​នៅ​ក្នុង​តំបន់​ជនបទ​ស្រុកស្រែ​ដ៏​ធំ​របស់​ឥណ្ឌា​និង​ក្នុង​សេដ្ឋកិច្ច​ខាង​កសិកម្ម​របស់​ខ្លួន។

លោក​ ស៊ូប្រាមេនីញាន​ (Subramanian)​ និយាយ​ថា​នៅ​ក្នុង​គោលការណ៍​នោះ​ ការលូតលាស់​សេដ្ឋកិច្ច​មិន​ចាំ​បាច់​មាន​នៅ​ក្នុង​គ្រប់​វិស័យ​ទេ។

«ទោះបី​ជា​ការលូតលាស់​សេដ្ឋកិច្ច​កើត​មាន​ទាំង​ស្រុង​ចេញ​ពី​ផ្នែក​តូចៗ​នៃ​ប្រជាពលរដ្ឋ​ក៏​ដោយ​ រដ្ឋាភិបាល​អាច​ទទួល​ប្រាក់​ចំណូល​ច្រើន​ ប៉ុន្តែ​គេ​ត្រូវ​តែ​បណ្តាក់ទុន​ប្រាក់​ចំណូល​បន្ថែម​នោះ​ក្នុង​វិស័យ​សុខភាព​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ។​ ប៉ុន្តែ​រឿង​នេះ​ហាក់​ដូច​ជា​មិន​បាន​កើត​ឡើង​នោះ​ទេ»។

ការ​ស្ទង់មតិ​របស់​ឥណ្ឌា​ជា​ផ្នែក​នៃ​គម្រោងការណ៍​ចម្រុះ​ជាតិ​សាស្ត្រ​មួយ​ដែល​ហៅ​ថា​ការស្ទង់​មតិ​នៃ​ប្រជាសាស្ត្រ​និង​សុខភាព​ ដែល​បាន​ឧបត្ថម្ភ​ឡើង​ដោយ​ទី​ភ្នាក់ងារ​ស.រ.អា​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ។​ លោកSubramanian​ និយាយ​ថា​ ខ្លួន​លោក​និង​សហ​សេវិក​របស់​លោក​កំពុង​ប្រមាណ​មើល​ការ​ស្ទង់មតិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​គម្រោងការណ៍​ ដើម្បី​មើល​ថាតើ​ការលូតលាស់​សេដ្ឋកិច្ច​និង​ចំណី​អាហារ​កុមារ​ បាន​ភ្ជាប់គ្នា​ដូចម្តេច​ខ្លះ​ នៅ​ក្នុង​ប្រទេស​ដទៃៗ​ទៀត​ដែល​មាន​ប្រាក់​ចំណូលទាប​និង​មធ្យម​នោះ។

ការសិក្សា​អំពី​ការលូតលាស់​សេដ្ឋកិច្ច​និង​អំពី​ចំណី​អាហារ​កុមារ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​លោក S.V. Subramanian​ អ្នកនិពន្ធ​នាំមុខគេ​ Malavika​ Subramayam​ និង​ក្រុម​សហសេវិក​នោះ ​មាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ឈ្មោះ​ “Plos Medicine”។

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG