ការគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិក គឺអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតផ្ដាច់ព្រាត់ កាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងរដ្ឋ Georgia ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូប តំណាងឲ្យរដ្ឋនេះ។
គណបក្សប្រជាធិបតេយ្យបានរំកិលខិតកាន់តែជិតទៅកាន់ការគ្រប់គ្រងព្រឹទ្ធសភា ដោយលោក Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដែលជាគ្រូគង្វាលសាសនា ត្រូវបានគេព្យាករណ៍ថា បានឈ្នះសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងអ្នកស្រី Kelly Loeffler ខាងគណបក្សសាធារណរដ្ឋ។
ស្ថាប័នព័ត៌មាននានារបស់សហរដ្ឋអាមេរិក បានប្រកាសថា លោក Warnock ជាអ្នកឈ្នះ ដោយបាននាំមុខអ្នកស្រី Loeffler ក្នុងសំឡេងឆ្នោតជាង ៤ ម៉ឺនសំឡេង ក្រោយពីសន្លឹកឆ្នោតស្ទើរតែទាំងអស់ត្រូវបានរាប់។
លោក Warnock បាននិយាយនៅក្នុងសារមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកកាលពីយប់ថ្ងៃអង្គារថា៖ «គេប្រាប់យើងថា យើងមិនអាចឈ្នះការបោះឆ្នោតនេះ ក៏ប៉ុន្តែនៅយប់នេះ យើងបានបង្ហាញថា ជាមួយនឹងក្តីសង្ឃឹម ការខិតខំប្រឹងប្រែង និងការគាំទ្រពីប្រជាពលរដ្ឋ អ្វីៗក៏អាចទៅរួចបានដែរ»។
ចំណែកឯនៅក្នុងការប្រកួតប្រជែងរវាងលោក Jon Ossoff ខាងគណបក្សប្រជាធិបតេយ្យ ដែលជាផលិតករភាពយន្តឯកសារឲ្យទូរទស្សន៍ និងសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងលោក David Perdue ខាងគណបក្សសាធារណរដ្ឋវិញ មកទល់នឹងពេលនេះ លោក Jon Ossoff កំពុងនាំមុខលោក Perdue។
ប្រសិនបើលោក Warnock និងលោក Ossoff អាចទទួលជ័យជម្នះជាផ្លូវការនៅក្នុងការបោះឆ្នោតនេះ នោះនឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ មានសំឡេងស្មើគ្នា ៥០ ទល់នឹង៥០ នៅក្នុងព្រឹទ្ធសភា ហើយអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris នឹងធ្វើជាអធិបតី សម្រេចនៅក្នុងព្រឹទ្ធសភា នៅពេលដែលការបោះឆ្នោតលើសំណើច្បាប់ណាមួយរបស់ព្រឹទ្ធសភាជាប់គាំងក្នុងសំឡេងស្មើគ្នា៕