សភាសហរដ្ឋអាមេរិកបានទៅសម្រាកវិស្សមកាលហើយ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ ជាការអនុញ្ញាតឲ្យសមាជិកសភាវិលត្រឡប់ទៅផ្ទះរបស់គេវិញ ដើម្បីធ្វើយុទ្ធនាការបោះឆ្នោត មុនការបោះឆ្នោតសំខាន់មួយនៅខែវិច្ឆកា។ អ្នកប្រជាធិបតេយ្យកំពុងតែអួតអាងអំពីសមិទ្ធិខាងផ្នែកនីតិបញ្ញត្ដិរបស់គេ នៅពេលដែលអ្នកសាធារណរដ្ឋនិយម ដែលមានចំនួនតិចជាង ចោទប្រកាន់សមាជិកនៃគណបក្សរបស់លោកប្រធានាធិបតី Barack Obama ថាបានចេញយ៉ាងឆាប់រហ័សពីទីក្រុង ដោយមិនបានបំពេញកិច្ចការរបស់គេឲ្យបានចប់សព្វគ្រប់។
សមាជិកសភាអ្នកប្រជាធិបតេយ្យនិយាយថា គេមានមោទនភាពអំពីអ្វីដែលពួកគេបានធ្វើសមិទ្ធិចាប់តាំងពីលោកប្រធានាធិបតី Obama ឡើងកាន់តំណែងមក រាប់បញ្ចូលទាំងការអនុម័តលើសំណើច្បាប់ជំរុញសេដ្ឋកិច្ច សំណើច្បាប់ថែទាំសុខភាព បទបញ្ជាហិរញ្ញវត្ថុតឹងរឹង កិច្ចការពារអតិថិជន ហើយនិងសំណើច្បាប់ជួយនិស្សិតអតីតយុទ្ធជន ហើយនិងពាណិជ្ជកម្មខ្នាតតូច។
ក៏ប៉ុន្ដែអ្នកសាធារណរដ្ឋនិយមរួសរាន់នឹងចង្អុលឲ្យឃើញថាមានកិច្ចការជាច្រើនដែលធ្វើមិនទាន់ហើយក្នុងបញ្ហាសំខាន់ៗ ដូចជាការអនុម័តលើថវិកា ហើយនិងតើគេត្រូវធ្វើដូចម្ដេច អំពីការកាត់ពន្ធដារសល់ពីយុគលោក Bush ដែលផុតកំណត់នៅដំណាច់ឆ្នាំនេះ។
លោកសមាជិកព្រឹទ្ធសភា John Cornyn អ្នកសាធារណរដ្ឋនិយម មកពីរដ្ឋ Texas បញ្ចេញសំឡេងតាងឈ្មោះគណបក្សរបស់លោកថា អ្នកប្រជាធិបតេយ្យជំរុញនូវរបៀបវារ: ឆ្នាំសារពើពន្ធគ្មានការទទួលខុសត្រូវ ដោយមានមុខចំណាយមិនអាចទប់ទល់បាន។
«ហើយទោះជាយ៉ាងនេះក្ដី យើងរកឃើញថា មានកិច្ចការជាច្រើនដែលគេគួរធ្វើ ដែលគេពិតជាធ្វើមិនហើយទេ»។
ក៏ប៉ុន្ដែអ្នកប្រជាធិបតេយ្យនៅព្រឹទ្ធសភា ស្ដីបន្ទោសអ្នកសាធារណរដ្ឋនិយមថាបានរារាំងការខំព្យាយាមរបស់គេឲ្យអាចធ្វើដំណើរការទៅមុខដោយដាក់ស្នើសំណើច្បាប់សំខាន់ៗ មានរាប់បញ្ចូលទាំង សំណើច្បាប់អំពីថវិកាសម្រាប់មុខចំណាយរបស់ក្រសួងការពារប្រទេសផង។
លោក Robert Menendez សមាជិកព្រឹទ្ធសភា ពីរដ្ឋ New Jersey កត់សម្គាល់ថា គណបក្សប្រជាធិបតេយ្យរបស់លោកខ្វះសម្លេងឆ្នោត៦០ដែលលោកត្រូវការដើម្បីពុះពារមធ្យោបាយទម្រង់ការ ដែលអ្នកសាធារណរដ្ឋនិយមបានប្រើប្រយោជន៍នឹងពន្យារពេលវេលា ឬរាំងខ្ទប់សំណើច្បាប់កុំឲ្យអាចធ្វើដំណើរការទៅមុខបាន។
«ពួកអស់លោកប្រើពេលវេលាជាប្រវត្ដិសាស្ដ្រនេះ ដើម្បីប្រឆាំងតវ៉ានឹងសំណើច្បាប់នៅសភា១០១ដង កាលពីឆ្នាំទៅតែមួយគត់ ដែលមិនធ្លាប់មានពីមុនមកសោះ។ ហើយទោះជាយ៉ាងនេះក្ដី នៅពេលដែលអស់លោក ប្រើការប្រឆាំងតវ៉ានឹងសំណើច្បាប់នៅសភា ដើម្បីបង្អាក់ការជឿនលឿននោះ បន្ទាប់មកទៀតអស់លោកត្អូញត្អែរអំពីរឿងដែលកិច្ចការធ្វើមិនទាន់ហើយ។ នេះពិតជារឿងគួរឲ្យអស្ចារ្យមែន»។
អ្នកប្រជាធិបតេយ្យនៅព្រឹទ្ធសភាថាបញ្ចូលនៅក្នុងថវិកាសម្រាប់មុខចំណាយរបស់ក្រសួងការពារប្រទេសនូវសំណើច្បាប់ដើម្បីបញ្ចប់មាគ៌ានយោបាយ កុំសួរ កុំប្រាប់ដែលហាមប្រាមមិនឲ្យបុរសស្រឡាញ់ភេទដូចគ្នា បម្រើក្នុងយោធាអាមេរិក ដោយបើកចំហ។ អ្នកសាធារណរដ្ឋនិយមបានអំពាវនាវឲ្យបំពេញក្រដាសជាមុនសិន ថាយោធាបានពិនិត្យមើលរួចស្រេចហើយ។
នៅក្នុងសភាតំណាងរាស្ដ្រ អ្នកប្រជាធិបតេយ្យ ហើយនិងអ្នកសាធារណរដ្ឋនិយម ក៏មិនយល់ស្របគ្នាយ៉ាងខ្លាំងក្លាផងដែរ អំពីសមិទ្ធិរបស់សភា។
ក៏ប៉ុន្ដែ លោកស្រី Karlyn Bowman នៃវិទ្យាស្ថានសហគ្រាស American Enterprise Institute និយាយថាជនជាតិ American ផ្ដោតអារម្មណ៍ទៅលើបញ្ហាមួយ នៅពេលដែលប្រទេសនេះ ប្រឈមមុខទល់នឹងព័ត៌មានអាក្រក់អំពីសេដ្ឋកិច្ច ហើយការស្ទង់មតិបង្ហាញឲ្យឃើញថាជនជាតិ American ភាគច្រើន ស្គាល់មនុស្សម្នាក់ដែលបានបាត់បង់ការងារក្នុងរយ:ពេល៦ខែកន្លងទៅនេះ។
«គ្មានបញ្ហាណាដែលគ្របដណ្ដប់លើទិដ្ឋភាពនៃការបោះឆ្នោត ដូចបញ្ហាសេដ្ឋកិច្ចដែលគ្របដណ្ដប់លើទិដ្ឋភាពនេះនៅឆ្នាំនេះទេ»។
លោក John Boehner អ្នកសាធារណរដ្ឋនិយម ថ្នាក់ខ្ពស់នៅសភាតំណាងរាស្ដ្រ មកពីរដ្ឋ Ohio ចោទអ្នកប្រជាធិបតេយ្យអំពីបទធ្វើព្រងើយកន្ដើយនឹងសេចក្ដីត្រូវការរបស់ពលរដ្ឋ American ដោយអនុវត្ដសំណើច្បាប់ដែលត្រូវការប្រើថវិកាច្រើន ហើយគិតគូរពីការបោះឆ្នោតជាងសេចក្ដីត្រូវការរបស់ម្ចាស់ឆ្នោតរបស់ពួកគេ។
«យើងមានពេលវេលាពេញមួយឆ្នាំ ដើម្បីអនុវត្ដមាគ៌ានយោបាយដែលមិនបង្កើតការងារ ក៏ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី យើងគ្មានពេលវេលា ដើម្បីអនុម័តថវិកា គ្មានពេលវេលាដើម្បីអនុម័តសំណើច្បាប់ធ្វើថវិកាដែលមានន័យថា គ្មានឱកាសបន្ថយមុខចំណាយទេ»។
ក៏ប៉ុន្ដែ លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក មិនយល់ស្របយ៉ាងខ្លាំងក្លានឹងទស្សន:នេះទេ ដោយមានប្រសាសន៍ថា សំណើច្បាប់ដែលត្រូវបានអនុម័តលើមានរាប់ទាំងការកែទម្រង់ការថែទាំសុខភាព ជាសំណើច្បាប់ដែលបង្កើតការងារ មិនមែនបំបាត់ការងារទេ។ លោកស្រី មានប្រសាសន៍ថា សមាជិកនៃគណបក្ស ប្រជាធិបតេយ្យ របស់លោកស្រី អាចធ្វើយុទ្ធនាការដោយមានមោទនភាព យោងទៅលើសមិទ្ធិនៅក្នុងសភា ហើយនិងកិច្ចការដែលលោកប្រធានាធិបតី Obama បានធ្វើ។
«នេះជាការបោះឆ្នោតដ៏រំភើបមួយ ពីព្រោះយើងមានមោទនភាពណាស់ អំពីរបៀបវារ:ដែលលោកប្រធានាធិបតី បានដាក់ស្នើ។ យើងមានមោទនភាពណាស់ ពីការដឹកនាំរបស់លោកប្រធានាធិបតី។ សមាជិករបស់យើងមានទំនុកចិត្ដអំពីការចូលរួមរបស់ពួកគេក្នុងរបៀបវារ:នេះ។ ហើយពួកគេម្នាក់ៗ និងគ្រប់ស្រុកនិមួយៗ ពួកគេកំពុងអួតអាងអំពីការដឹកនាំពួកយើងទៅកាន់ទិសដៅថ្មី»។
មុនពេលផ្អាកការប្រជុំ សភាបានអនុម័តសេចក្ដីព្រាងច្បាប់លើមុខចំណាយបណ្ដោះអាសន្ន ដើម្បីផ្ដល់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធ សម្រាប់រយ:ពេល២ខែ។ ក្រុមសមាជិកសភានឹងមានការងារច្រើន នៅពេលដែលអស់លោកវិលត្រឡប់មកធ្វើការងារវិញបន្ទាប់ពីបោះឆ្នោត រួមបញ្ចូលទាំងការអនុម័តថវិកា ហើយនិងការពិភាក្សាបន្ថយពន្ធដារ៕
ប្រែសម្រួលដោយ កង ស៊ីវន