ក្រុមគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក បានចាប់ផ្តើមត្រួតត្រាព្រឹទ្ធសភា កាលពីថ្ងៃពុធ នៅពេលដែលអ្នកស្រីអនុប្រធានាធិបតី Kamala Harris បានដឹកនាំការស្បថចូលកាន់តំណែងរបស់សមាជិកព្រឹទ្ធសភា៣រូប ដែលនេះធ្វើឲ្យគណបក្សនេះត្រួតត្រាសភាទាំង២ ព្រមទាំងសេតវិមានជាលើកទី១ ក្នុងរយៈពេលមួយទសវត្សរ៍។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Raphael Warnock និងលោក Jon Ossoff ខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Georgia និងលោក Alex Padilla នៃរដ្ឋ California បានស្បថចូលកាន់តំណែងនៅព្រឹទ្ធសភាប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានស្បថចូលកាន់តំណែង។
លោក Warnock និងលោក Ossoff បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតផ្តាច់ព្រ័ត្រកាលពីថ្ងៃទី៥ ខែមករា ដែលនេះ បានបែងចែកអាសនៈព្រឹទ្ធសភាឱ្យស្មើគ្នា៥០ ទល់នឹង៥០ ដោយអ្នកស្រីអនុប្រធានាធិបតី Harris ខាងបក្សប្រជាធិបតេយ្យមានមួយសំឡេងសំខាន់ដែលអាចសម្រេចសេចក្តីបាន ក្នុងករណីដែលលទ្ធផលបោះឆ្នោតស្មើគ្នារវាងបក្សទាំងពីរ។
ចំណែកលោក Padilla ដែលជាសមាជិកព្រឹទ្ធសភាដើមកំណើតឡាទីនលើកដំបូងពីរដ្ឋ California បានត្រូវជ្រើសតាំងដើម្បីបំពេញអាសនៈព្រឹទ្ធសភារបស់អ្នកស្រី Harris បន្ទាប់ពីអ្នកស្រីបានលាចេញពីតំណែងកាលពីថ្ងៃចន្ទ ដើម្បីស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីកាលពីថ្ងៃពុធ។
សមាជិកព្រឹទ្ធសភាថ្មីទាំងបីរូប នឹងផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden នូវសំឡេងគ្រប់គ្រាន់ដើម្បីសម្រេចតាមគោលនយោបាយមួយចំនួនដែលមានក្នុងរៀបវារៈរបស់លោក។
ការផ្លាស់ប្តូរសមាសភាពព្រឹទ្ធសភានេះ ក៏បានធ្វើឱ្យសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យលោក Chuck Schumer ក្លាយជាប្រធានព្រឹទ្ធសភា និងជាមេដឹកនាំសំឡេងភាគច្រើន ខណៈដែលអតីតប្រធានព្រឹទ្ធសភាលោក Mitch McConnell ក្លាយជាមេដឹកនាំសំឡេងភាគតិចនៃគណបក្សសាធារណរដ្ឋ៕