មុនតំបន់មជ្ឈិមបូព៌ាផ្ទុះក្នុងភ្លើងកំហឹងបណ្តាលមកពីការខ្វែង គំនិតគ្នានោះមក ក្រុមសកម្មជននៅប្រទេសហ៊្សកដានីបានចេញដើរតាមផ្លូវនានា ឃោសនាឲ្យមានការផ្លាស់ប្តូរ។ នៅរដ្ឋធានីអាមម៉ាន់ (Amman) នៃប្រទេសហ៊្សកដានីសំណូមពរ របស់ក្រុមបាតុករហាក់ដូចជាមិនសូវនាំឲ្យមានលក្ខណៈកើតជាជម្លោះចម្រូងចម្រាសប៉ុន្មានទេបើប្រៀបទៅនឹងការបះបោរនៅក្នុងប្រទេសអារ៉ាប់ដទៃទៀតនោះ។ តែក្រុមអ្នកស្រុកនិងក្រុមអ្នកដឹកនាំដឹងថាការកែទម្រង់ឲ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសហ៊្សកដានីនឹងផ្តល់អ្វីដែលលើសពីរដ្ឋាភិបាលមួយដែលជាតំណាងប្រជាពលរដ្ឋទៅទៀត។
ក្នុងរយ:ពេលពីរខែមកនេះ រាល់ល្ងាចថ្ងៃសុក្រ ប្រជាពលរដ្ឋ ក្នុងប្រទេស ហ្ស៊កដានីបានប្រមូលផ្តុំ គ្នា ដោយមានកាន់បដា កាន់ទង់ជាតិ ហើយនឹងប្រដាប់បំពងសំឡេងស្រែកឲ្យរដ្ឋាភិបាលដឹងពីបំណងរបស់គេ។ ក្រុមអ្នកកាសែតបាន ដើរតាមពួកនោះថតរូបភាពការដើរក្បួនបាតុកម្ម ហើយនឹងស្តាប់ពេលដែលក្រុមសកម្មជនស្រែកបញ្ចេញកំហឹងសំដៅទៅរដ្ឋាភិបាលហើយក្នុងពេលជាមួយគ្នានោះដែរក៏សម្តែងស្វាមីភក្តិចំពោះព្រះមហាក្សត្ររបស់ខ្លួនផងដែរ។
ដំបូងក្រុមបាតុករសុំឲ្យមានយុត្តិធ៌មផ្នែកសេដ្ឋកិច្ច។ ប្រាក់ឈ្នួលថោក ទំនិញឡើងថ្លៃហើយនឹងពន្ធដារខ្ពស់គឺជាការតវ៉ាចម្បងៗ។ មហាក្សត្រ អាប់ឌុលឡា (Abdullah) ឆ្លើយតបទៅនឹងការតវ៉ានេះដោយរំលាយគណរដ្ឋមន្ត្រីរបស់ទ្រង់ហើយដេញ នាយករដ្ឋមន្ត្រីរបស់ព្រះអង្គចេញពីតំណែង។ ព្រះមហាក្សត្រថ្លែងថា ព្រះអង្គយល់ស្របជាមួយនឹងក្រុមបាតុករហើយសន្យាផ្តល់ឲ្យមានការកែទម្រង់។
ប៉ុន្តែ ពេលដែលស្មារតីនៃបដិវត្តន៍កើតឡើងពាសពេញតំបន់ ប្រជាពលរដ្ឋហ្ស៊កដានីជាច្រើននិយាយថា គេចង់បានច្រើនជាងនេះទៅទៀត។ ក្រុមបាតុករទាមទារឲ្យមានការបោះឆ្នោតប្រជាធិបតេយ្យហើយនឹងការកែទម្រង់រដ្ឋធម្មនុញ្ញ។ ក្រុមបាតុករនិយាយថាអំពើពុករលួយដែលរាលដាលគឺស្ថិតជាបញ្ហាក្នុងចំណុចកណ្តាលនៃសេដ្ឋកិច្ចហើយសុំឲ្យមានរដ្ឋាភិបាលមួយមានការទទួលខុសត្រូវ។
លោក ហាសាន់ បារារី (Hassan Barari) ជាសាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យហ្ស៊កដានីថ្លែងថាការបះបោរនឹងមានបន្តរហូតដល់មានការកែទម្រង់ឬរហូតដល់ប្រជាពលរដ្ឋនឿយហត់លែងរង់ចាំ។ លោកថ្លែងថាបើគេរង់ចាំអស់ពេលយូរពេក ការទាមទារនោះនឹងក្លាយទៅជារឿងប្រញាប់ហើយ កាន់តែខ្លាំងក្លាជាងមុនហើយលោកថ្លែងថាអាជ្ញាធររដ្ឋាភិបាលធ្វើការផ្លាស់ប្តូរមិនបានឆាប់រហ័សទេ។
«គេចង់ពន្យាពេល គេចង់ចរចាពី ការកែទម្រង់ដោយមិនបាច់ធ្វើការកែទម្រង់។ក្រុមគេសង្ឃឹមថាធូលីទាំងនេះ រលក Tsunami នៃ ការផ្លាស់ប្តូរនៅមជ្ឈិមបូព៌ានឹងចូលដល់ទីបញ្ចប់ឆាប់ៗនេះរួចមកគឺជីវិតនឹងវិលមករកភាពធម្មតាវិញ»។
ដូចជនហ៊្សកដានីជាច្រើនដែរ លោកបារារីមានការប្រុងប្រយ័ត្ន ក្នុងការថ្កោលទោសព្រះមហាក្សត្រ។ ព្រះមហាក្សត្រ អាប់ឌុលឡាដែលគេចាត់ទុកថាមានប្រាជ្ញាឈ្លាសវៃ និងជាស្តេចជឿនលឿនដែលមានប្រជាប្រិយ៍ភាពយ៉ាងខ្លាំងនៅប្រទេសហ្ស៊កដានី។ ហើយទោះជាការខ្វែងគំនិតគា្នក្នុងនយោបាយត្រូវបាន អធ្យាស្រ័យច្រើនក៏ដោយ ក៏ការរិះគន់ព្រះមហាក្សត្រគឺជាការខុសច្បាប់។
ការខ្វែងគំនិតគ្នាខាងនយោបាយនៅប្រទេសហ៊្សកដានី ឥឡូវនេះ គឺទំនងជាបានលើសពីការផ្លាស់ប្តូរជីវិតក្រុមបាតុករទៅទៀត។ រណសិរ្សអ៊ីស្លាម ឬIAF ដែល ជាសាខា នយោបាយនៃក្រុម Muslim Brotherhood គឺជាគណបក្សប្រឆាំងតែមួយគត់ដែលគេបានទទួលស្គាល់ក្នុងប្រទេស។ ក្នុងការបោះឆ្នោត ប្រជាធិបតេយ្យមួយ ការស្ទង់មតិបង្ហាញថាគណបក្ស IAF អាចយកបានអាសនៈ ២០ទៅ២៥% ក្នុងសភា។ តែក្រុមអ្នកវិភាគនិយាយថាអាចបានច្រើនជាងនេះ។
នៅក្នុងស្រុករបៀបវារ: ច្រើនទៀតរបស់ IAF គឺមិនខុសគ្នាប៉ុន្មានទេពី របៀបវារៈក្រុមប្រឆាំងដែលទើបបានបង្កើតឡើងថ្មីៗនេះ។ គណបក្សនេះនិយាយថាគេចង់បញ្ចប់អំពើពុករលួយនិងការលួចបន្លំរបស់រដ្ឋាភិបាលហើយនឹងធ្វើការបោះឆ្នោត ដែលតំណាងឲ្យប្រជាពលរដ្ឋ។ គណបក្សនោះនិយាយថា គេគាំទ្រការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រ។ តែគោលនយោបាយការបរទេសរបស់IAF ជារឿងមួយផ្សេងទៀត។ ក្រុមអ្នកវិភាគនិយាយថាអង្គការនេះគ្មានមូលហេតុអ្វីជាប្រយោជន៍ទេដើម្បីឲ្យគេចង់រំលាយកិច្ចព្រមព្រៀងសន្តិភាពមិនរឹងប៉ឹងរវាងប្រទេសហ្ស៊កដានីនិងអ៊ីស្រាអែលនោះ។ តែលោក នីមឺ អាល់ អាសាហ្វ (Nimer Al –Assaf) អគ្គលេខាធិការរងរបស់ IAFថ្លែងថាបើសម្រេចតែលើលោក កិច្ចព្រមព្រៀងសន្តិភាពនោះត្រូវបោះចោលហើយ។
«យើងជនជាតិហ្ស៊កដានីមិនយល់ព្រមលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលទេពីព្រោះយើងយល់ថាមិនត្រឹមត្រូវហើយយើងមិនយល់ថាប្រទេសហ្ស៊កដានីបានចំណេញអ្វីទេពីសន្ធិសញ្ញានោះ»។
លោក អាល់ អាសាហ្វនិយាយថាអធិបតេយ្យភាពប្រទេសហ្ស៊កដានីត្រូវទទួលរងការគំរាមដោយសារការរៀបចំរបស់ ប្រទេសអ៊ីស្រាអែលដើម្បីឲ្យប្រទេសហ្ស៊កដានីក្លាយទៅជារដ្ឋប៉ាឡេស្ទីនមួយ។ តែលោក អាល់ អាសាហ្វថ្លែងថា គណបក្សលោកចង់ឲ្យប្រជាពលរដ្ឋបោះឆ្នោតលើសន្ធិសញ្ញានេះមុនគេបោះបង់ចោលសន្ធិសញ្ញានេះ។
ក្រុមអ្នកវិភាគហ្ស៊កដានីនិយាយថាការភ័យខ្លាចចំពោះការដឹកនាំរបស់គណបក្ស IAF នៅហ្ស៊កដានីអាចធ្វើឲ្យសន្តិសុខតំបន់រង្គោះរង្គើនោះគឺជាការគិតជ្រុលហួស។ លោកម៉ូហាម៉េដ អាល់ ម៉ូម៉ានី (Mohammad al-Momani) ជាសាស្រ្តាចារ្យ វិទ្យាសាស្រ្តនយោបាយថ្លែងថាគណបក្សIAF មិនបានត្រៀមខ្លួនតទល់នឹង អ៊ីស្រាអែលទេហើយនឹងផ្លាស់ប្តូរស្ថានការណ៍អន្តរជាតិដែលកំពុងមាននៅពេលបច្ចុប្បន្ននោះឡើយហើយក៏នឹងមិនអាចរក្សាទុកអំណាចខ្លួនបានទេ បើអង្គការនេះបែកចេញពីការដោះស្រាយបញ្ហាក្នុងស្រុកនោះ៕
ប្រែសម្រួលដោយ អ្នកស្រី នៅ សារីម ។