អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រតិកម្មនឹងរបាយការណ៍របស់សារព័ត៌មានអាមេរិក The Wall Street Journal ថា ជាការបំភាន់មតិសាធារណៈ ជុំវិញការចូលចតរបស់នាវាយោធាចិនពីរគ្រឿងដែលមានរយៈពេលយូរខែនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
កាលពីថ្ងៃទី១ ខែកក្កដា កាសែត The Wall Street Journal បានចេញផ្សាយសេចក្តីរាយការណ៍ អំពីការចូលសំចតនាវាចម្បាំងចិនធុនតូចពីរគ្រឿងតាំងពីខែធ្នូ ឆ្នាំ ២០២៣នៅមូលដ្ឋានកងទ័ពជើងទឹករាម ទីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ការសង្ស័យថា អាចជាកន្លែងឈរជើងរបស់កងទ័ពរំដោះប្រជាជនចិន (PLA)។
ក្នុងសេចក្តីប្រកាសដែលបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃពុធ នាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានពន្យល់ថា នាវាទាំងពីរគ្រឿងនោះទើបតែបានចូលសំចតជំនួសនាវាដែលបានចាកចេញទៅ ហើយវាជាការអនុវត្តតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា។
លោកបានប្រកាសច្រានចោលសេចក្តីរាយការណ៍ ការផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលថា នាវាទាំងពីរនោះបានចូលចតរយៈពេលជាងកន្លះឆ្នាំនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។
លោកបន្ថែមថា៖ «ខ្ញុំសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាចេតនាបង្កឱ្យមាន[ការភាន់]ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ»។
បើតាមលោកឈុំ សុជាត ការអភិវឌ្ឍកំពុងកើតឡើងជាបន្តបន្ទាប់នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ ដែលមិនអនុញ្ញាតឱ្យមានការចេញចូលនោះឡើយ។ លោកថា នេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
ក្នុងសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal នាវាចម្បាំងចិនធន់តូចមានល្បឿនលឿនត្រូវគេអាចមើលឃើញ ពីផ្លូវក្នុងភូមិមួយស្ថិតក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមនោះ។
សេចក្តីរាយការណ៍របស់កាសែត The Wall Street Journal កើតឡើង ក្រោយមជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) ដែលមានទីស្នាក់កណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោន បានផ្តល់លទ្ធផលស៊ើបអង្កេតមួយ បង្ហាញពីវត្តមានរបស់នាវាចម្បាំងចិនពីរគ្រឿងនៅមូលដ្ឋានទ័ពជើងទឹករាម។
បើតាមលទ្ធផលអង្កេតរបស់ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រCSIS ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មាននាវាចម្បាំងចិនចំនួនពីរគ្រឿង ត្រូវបានគេឃើញជាលើកដំបូងនៅរាម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ហើយបើតាមការបង្ហោះហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា កប៉ាល់ទាំងនោះនៅទីនោះសម្រាប់ការហ្វឹកហាត់ជាមួយកងទ័ពជើងទឹកកម្ពុជា។
គេមិនទាន់ដឹងច្បាស់ថា នាវាពីរគ្រឿងដែលកាសែត The Wall Street Journal បានរាយការណ៍នោះ គឺជានាវាប្រភេទដដែល ដែលបានផ្សព្វផ្សាយដោយស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិកCSIS នោះទេ។
មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមលោក ម៉ី ឌីណា ផ្តល់ការអត្ថាធិប្បាយខ្លី ដោយបានប្រាប់វីអូអេថា ការបកស្រាយរបស់ក្រសួងការពារជាតិ ដែលថា នាវាចម្បាំងនោះ ជានាវាផ្លាស់វេនដើម្បីមកបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជាជារឿងត្រឹមត្រូវ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ១ គ្រឿង លេខ ៩៨៥ ជាប្រភេទនាវាពហុមុខងារ Type-071 បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធយោធា។ យោធាចិនប្រមាណ ៧០០ នាក់បានធ្វើសមយុទ្ធនៅកម្ពុជា ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំលើកទី ៥ ដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៤»។ សមយុទ្ធនេះប្រព្រឹត្តិទៅកាលពីពាក់កណ្តាលខែឧសភា ដល់ចុងខែឧសភា។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី យល់ឃើញថា វត្តមានរបស់នាវាចម្បាំងចិននៅមូលដ្ឋានទ័ពជើងទឹករាម ក្រោយការបញ្ចប់សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» នឹងបង្កើនការសង្ស័យពីសំណាក់ប្រទេសបស្ចិមលោក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អាស៊ាន ជុំវិញលទ្ធភាពដែលកម្ពុជាអាចបង្កើតឱ្យមានការដាក់កងទ័ពចិននៅមូលដ្ឋាននោះ។ លោកបន្ថែមថា អ្វីដែលភាគីកម្ពុជាអាចធ្វើបានដើម្បីបន្ថយការសង្ស័យគឺការធ្វើឱ្យមានតម្លាភាព រាល់់ការវិវឌ្ឍនានានៅក្នុងកំពង់ផែនៃមូលដ្ឋានកងទ័ពជើងទឹករាម។
លោកថ្លែងថា៖ «កម្ពុជាគួរតែធ្វើយ៉ាងណា ដើម្បីបង្ហាញឱ្យមានតម្លាភាព ហើយក៏ដូចជាអ្វីដែលខ្លួនឯងលើកឡើងដែលតែងតែបដិសេធអំពីការ ធ្វើកិច្ចព្រមព្រៀងសម្ងាត់ ពាក់ព័ន្ធនឹងការផ្តល់មូលដ្ឋានមួយផ្នែកនៃកំពង់ផែទឹកជ្រៅរាមឱ្យចិនឈរជើងហ្នឹង ដើម្បីបង្ហាញអំពីតម្លាភាព ដើម្បីធ្វើម៉េចឱ្យបស្ចិមលោកហ្នឹងជឿទុកចិត្ត»។
លោកបន្ថែមថា កម្ពុជានឹងមានផលវិបាកក្នុងការពង្រីកទំនាក់ទំនងយោធា ជាមួយបណ្តាប្រទេសផ្សេងទៀត ដែលស្និទ្ធនឹងសហរដ្ឋអាមេរិក បើភាពមិនច្បាស់លាស់នៅបន្តកើតមានក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ជុំវិញការបង្កើតមូលដ្ឋានទ័ពចិននៅទីនោះ។
កាលពីខែកក្កដា ឆ្នាំ ២០១៩ សារព័ត៌មាន The Wall Street Journal ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដ៏ចម្រូងចម្រាសមួយថា ប្រទេសចិន បានចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជា ដោយក្នុងនោះ ភាគីកម្ពុជាផ្តល់ឱ្យភាគីចិននូវសិទ្ធិប្រើប្រាស់ផ្តាច់មុខក្នុងផ្នែកមួយនៃមូលដ្ឋានយោធាសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានបដិសេធរបាយការណ៍ព័ត៌មាននេះជាបន្តបន្ទាប់។ ចំណែករដ្ឋាភិបាលសហរដ្ឋ អាមេរិក ក៏បានលើកឡើងថាខ្លួនមាន«របាយការណ៍គួរឱ្យទុកចិត្ត»អំពីការចុះកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ថា ចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយចាំបាច់ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕
វេទិកាបញ្ចេញមតិ