មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិលើកឡើងថាវត្តមាននាវាចិន២គ្រឿងដែលចូលមកដែនទឹកកម្ពុជាក្នុងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដើម្បីបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដល់ទាហានកម្ពុជា ខណៈកងទ័ពចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានយោធាមួយនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថាការបញ្ជូននាវាចិនមកនេះ«ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន»។
លោកបានច្រានចោលការចោទប្រកាន់ថាវត្តមាននាវាយោធាចិន២គ្រឿងនេះ«ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។
បើតាមលោក ឈុំ សុជាតិ វត្តមាននាវាយោធារបស់ចិន ចូលមកដែនទឹកកម្ពុជា ស្របពេលដែលកម្ពុជាត្រៀមខ្លួន ដើម្បីធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។
លោកបន្ថែមថាការបណ្តុះបណ្តាលនេះជា«ការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះ ដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»។
លោក ឈុំ សុជាតិ បញ្ជាក់បន្ថែមថាកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។
វត្តមាននៃនាវាយោធារបស់ចិនត្រូវបានបង្ហាញដោយលទ្ធផលអង្កេតរបស់ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិកមានឈ្មោះថា CSIS ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
គួររំឭកថាចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕
វេទិកាបញ្ចេញមតិ