តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចលើសំណុំរឿងសុំនៅក្រៅឃុំរបស់មន្រ្តីអាដហុក៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ព្រមទាំងសំណុំរឿងមួយទៀតរបស់លោកគឹម សុខ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខព្រមគ្នា ក្រោយពីក្រុមមេធាវីរបស់ពួកគេ បានរៀបរាប់ពីមូលហេតុនៃការស្នើ និងការធានាដើម្បីឲ្យពួកគេបាននៅក្រៅឃុំ។
មន្រ្តីទាំង៥រូបនោះ ដែលសុទ្ធតែមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ទាក់ទងនឹងសំណុំរឿងគួរឲ្យមន្ទិលពាក់ព័ន្ធនឹងរឿងស្នេហារវាងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងស្រ្តីធ្វើការនៅហាងកាត់សក់មួយកន្លែង កាលពីខែមេសាឆ្នាំ២០១៦។ រហូតមកដល់ពេលនេះពួកគេត្រូវបានតុលាការឃុំខ្លួនដើម្បីស៊ើបអង្កេតអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយមិនទាន់មានការកាត់ទោសណាមួយនៅឡើយ។
ក្នុងសវនាការនាព្រឹកនេះ មិនមានវត្តមានរបស់លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប. នោះទេ។ ចំណែកលោកណៃ វ៉ង់ដាបានសម្រាកនៅខាងក្រៅសាលសវនាការ ដោយសារកំពុងមានជំងឺមិនអាចឆ្លើយក្នុងសវនាការបាន។ ក្នុងសាលសវនាការដែលពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតសំឡេង ឬរូបភាព មន្រ្តីអាដហុក៣រូប ដែលឈរចំពោះអង្គជំនុំជម្រះ បានឆ្លើយម្តងម្នាក់ៗ ប្រាប់ពីមូលហេតុដែលពួកគេបានដាក់ពាក្យស្នើសុំនៅក្រៅឃុំ។
លោកនី សុខា ដែលបានដួលសន្លប់ក្នុងបន្ទប់ទឹកនៃពន្ធនាគារព្រៃសកាលពីថ្ងៃអាទិត្យ បានឆ្លើយបំភ្លឺក្នុងសវនាការទាំងកំពុងមានជំងឺថា លោកស្នើសុំនៅក្រៅឃុំដើម្បីព្យាបាលជំងឺ និងមានពេលនៅក្បែរគ្រួសារដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។ ចំណែកមន្រ្តីអាដហុកផ្សេងទៀត រួមមានលោកស្រីលឹម មុនី និងលោកយី សុខសាន្តសុទ្ធតែបានលើកឡើងស្រដៀងគ្នា និងបានសន្យាដាក់របស់ធានាផ្សេងៗ ដូចជាប្លង់ផ្ទះ លិខិតឆ្លងដែន និងប្រាក់តម្កល់មួយចំនួន ដើម្បីធានាថា ពួកគេនឹងមិនគេចវេសពីសវនាការ ពេលមានការកោះហៅណាមួយ។
ចំណែកក្រុមមេធាវី៣រូបរបស់មន្រ្តីអាដហុកទាំងនោះក៏បានលើកឡើងពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិនៃការមិនត្រូវបានឃុំខ្លួនក្នុងករណីដែលតុលាការមិនទាន់រកភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកកូនក្តីរបស់ពួកគេ។ មេធាវីទាំងនោះក៏បានលើកឡើងពីមូលហេតុនៃភាពចាស់ជរា ការមានជំងឺប្រចាំកាយ ព្រមទាំងបានអះអាងថា កូនក្តីរបស់ពួកគេធ្វើតាមការបង្គាប់របស់តុលាការគ្រប់បែបយ៉ាង ដើម្បីទទួលបានការនៅក្រៅឃុំ មុនពេលមានការជំនុំជម្រះ។
ក្រោយការស្នើសុំ និងការសន្និដ្ឋានរបស់មន្រ្តីអាដហុក និងមេធាវីរបស់ពួកគេជាង១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺលោកស្រីគឹម សត្ថាវីក៏បានកំណត់ពេលប្រកាសសេចក្តីសម្រេចលើសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេនៅថ្ងៃទី២៨ ខែមិថុនា។
លោកឡោ ជុនធី មេធាវីមួយរូបក្នុងចំណោមមេធាវី៣រូបដែលការពាក្តីឲ្យមន្រ្តីអាដហុកទាំងនោះ ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការកំពូលថា ការបន្តឃុំខ្លួនកូនក្តីរបស់លោកគឺជាការរំលោភសិទ្ធិពួកគេយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមដោយរំពឹងថា តុលាការនឹងសម្រេចឲ្យកូនក្តីរបស់លោកដែលមានវ័យចំណាស់ និងកំពុងមានជំងឺប្រចាំកាយ បានស្ថិតនៅក្រៅឃុំ។
លោកឡោ ជុនធីបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖
«និយាយឲ្យចំប៉ះពាល់សិទ្ធិសេរីភាពរបស់គាត់ធ្ងន់ធ្ងរ ព្រោះពេលនេះគាត់ចាស់ ហើយគាត់ឈឺហើយសុខភាពកាន់តែដុនដាប។ មានមូលហេតុមួយចំនួនដែលពាក់ព័ន្ធ គាត់បាននិយាយអម្បាញ់មិញថា វាចង្អៀតផង អីផង នៅក្នុងហ្នឹង។ ដល់អីចឹងទៅ សុខភាពគាត់ដូចជារាងដុនដាបផង។ ហើយមួយរយៈចុងក្រោយហ្នឹង ពេទ្យខាងលីកាដូហ្នឹងគាត់អត់បានចូលពិនិត្យបានត្រឹមត្រូវ។ ជាក់ស្តែងយើងបានដាក់លិខិតរំឭកទៅចៅក្រមថា សូមឲ្យពេទ្យបានចូលដែរ តែក្រោយមកគេឲ្យចូលដែរ តែមេធាវីត្រូវនាំចូលទៀត ដល់អីចឹងវាមានការឆកល្វែង»។
នេះជាលើក៣ហើយ ដែលតុលាការកំពូលបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប.ទាំង៥រូប។ បើទោះបីជាកន្លងមកមន្រ្តីអាដហុក និងមេធាវីរបស់ពួកគេទាំងនោះបានសន្យាដាក់វត្ថុផ្សេងៗជាការធានាដើម្បីបាននៅក្រៅឃុំក៏ដោយ ក៏ប៉ុន្តែតុលាការគ្រប់ជាន់ថ្នាក់បានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីទាំងនោះ ដោយលើកមូលហេតុថា ការស៊ើបអង្កេតមានផលលំបាក។ ដូច្នេះត្រូវបន្តឃុំខ្លួនពួកគេដើម្បីស៊ើបអង្កេត និងរងចាំការជំនុំជម្រះ ព្រមទាំងលើកឡើងថា ការដោះលែងឲ្យពួកគេនៅក្រៅឃុំនឹងបង្កឲ្យមានអសន្តិសុខសង្គម។
ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនេះបានរងការរិះគន់ជាច្រើនពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដោយលើកឡើងថា ការឃុំខ្លួនពួកគេជាង១ឆ្នាំ ដោយគ្មានការកាត់ក្តីនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកជាប់ចោទទាំងនោះ។
តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ ក៏បានបើកសវនាការសំណុំរឿងសុំនៅក្រៅឃុំរបស់លោក គឹម សុខ អ្នកវិភាគនយោបាយមួយរូប ដែលត្រូវបានលោកនាយករដ្ឋមន្រ្តីប្តឹងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការថ្លែងរបស់លោកគឹម សុខ ដែលថា រដ្ឋាភិបាលជាអ្នករៀបចំឃាតកម្មលើលោកកែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គមដ៏ល្បី ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំមុន។
បន្ទាប់ពីការថ្លែងតទល់ និងធ្វើសេចក្តីសន្និដ្ឋានក្នុងការការពារក្តីយ៉ាងស្វិតស្វាញរវាងលោកគី តិច មេធាវីតំណាងអោយលោកហ៊ុន សែន ដែលជាដើមបណ្តឹង ជាមួយលោកគឹម សុខ និងមេធាវីរបស់លោកគឺលោកជូង ជូងីនោះ លោកស្រីគឹម សត្ថាវី ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានកំណត់ប្រកាសសេចក្តីសម្រេច នៅថ្ងៃទី២៨ ខែមិថុនា គឺចំថ្ងៃប្រកាសសេចក្តីសម្រេចសំណុំរឿងមន្រ្តីអាដហុកដែរ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOAនាល្ងាចថ្ងៃពុធនេះថា បើតាមបរិបទនយោបាយក្នុងពេលបច្ចុប្បន្ន សំណុំរឿងរបស់មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប. ហាក់គ្មានសញ្ញាណណាមួយបង្ហាញថា ពួកគេអាចនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះទេ។ លោកបន្ថែមថា តុលាការបានយោងលើផ្លូវច្បាប់សម្រាប់បន្តឃុំខ្លួនមន្រ្តីទាំងនោះ ក៏ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ថា តុលាការគួរតែដល់ពេលដោះលែងមន្រ្តីការពារសិទ្ធិមនុស្សវ័យចំណាស់ទាំងនោះដើម្បីពួកគេបានព្យាបាលជំងឺ និងអាចជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ។
លោកអំ សំអាតបញ្ជាក់ប្រាប់ VOA ថា៖
«បើសិនយើងមើលទៅលើវិស័យសិទ្ធិមនុស្សវិញ ដូចអ្វីដែលគណៈកម្មាធិការធ្វើការទាក់ទងនឹងការឃុំខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិដែលបានចេញនោះ គឺគេថា ការឃុំខ្លួនអ្នកទាំង៥នាក់ហ្នឹងជាការឃុំខ្លួនដោយបង្ខំ ហើយវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងសុខភាពអ្នកទាំងអស់នោះ»។
លោកអំ សំអាតបន្ថែមថា មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប.ទាំង៥រូប ព្រមទាំងលោកគឹម សុខផងនោះ អាចនឹងត្រូវបានដោះលែងឲ្យមានសេរី ប្រសិនស្ថានភាពនយោបាយនៅកម្ពុជាមានភាពធូរស្រាល ហើយពួកគេទំនងជាអាចត្រូវបានលើកលែងទោស លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងមេឃុំរបស់បក្សប្រឆាំង ដែលទាក់ទងនឹងសំណុំរឿងស្រដៀងនឹងករណីរបស់មន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប.ទាំងនេះដែរ៕