ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឡាវ


ក្រុម​អ្នក​ជួយ​សង្គ្រោះ​​រុករក​នៅ​កន្លែង​ដែល​យន្តហោះ​កង​ទ័ព​អាកាស​ឡាវ​បាន​ធ្លាក់​នៅ​ជិត​ភូមិ Nadee ខេត្ត​Xiang Khouang ​ប្រទេស​ឡាវ​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​​រុករក​នៅ​កន្លែង​ដែល​យន្តហោះ​កង​ទ័ព​អាកាស​ឡាវ​បាន​ធ្លាក់​នៅ​ជិត​ភូមិ Nadee ខេត្ត​Xiang Khouang ​ប្រទេស​ឡាវ​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៤។
រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ឡាវ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាង​ ១០​ នាក់​ដែល​សេចក្តី​រាយការណ៍​និយាយ​ថា ​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​យន្តហោះ​យោធា​មួយ​គ្រឿង​របស់​ឡាវ​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ភាគ​ខាង​ជើង។​ ឥឡូវ​នេះ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​គណបក្ស​គ្រប់​គ្រង​អំណាច​កុម្មុយនិស្ត​ ដោយសារ​តែ​សោកនាដកម្ម​មួយ​នេះ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ពេល​តែ​ ៧​ ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​យន្តហោះ​ជើង​ក្នុង​ស្រុក​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​បាន​ធ្លាក់ ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​ ៤០​ នាក់។​

ទូរទស្សន៍​ក្នុង​ស្រុក​របស់​ឡាវ​បាន​បង្ហាញ​រូបភាព​នៃ​ផ្សែង​ដែល​ហុយ​ចេញ​ពី​បំណែក​នៃ​យន្តហោះ​ធុន​ AN-74​ ដែល​ធ្វើ​នៅ​ប្រទេស​ អ៊ុយក្រែន​ បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​ក្នុង​ព្រៃ​មួយ​ នៅ​ពេល​កំពុង​ហោះ​ចុះ​នៅ​ក្នុង​ខេត្ត​ សៀងឃួង​ (Xiangkhuong)​ នៃ​ប្រទេស​ឡាវ​ភាគ​ខាង​ជើង​ ចម្ងាយ​ ៤៧០​ គម​ ពី​ទីក្រុង​ វៀងចន្ទន៍​ (Vientiane)។​
លោក​ឧត្តមសេនីយន៍​ទោ​ ដួងច័យ​ ពិជិត​ (Duongchai​ Pichit)​ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឡាវ​
លោក​ឧត្តមសេនីយន៍​ទោ​ ដួងច័យ​ ពិជិត​ (Duongchai​ Pichit)​ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឡាវ​
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ ១៧​ នាក់​ មាន​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឡាវ​ លោក​ឧត្តមសេនីយន៍​ទោ​ ដួងច័យ​ ពិជិត​ (Duongchai​ Pichit)​ ដែល​ជា​ឧបនាយករដ្ឋមន្រ្តី​និង​ជា​សមាជិក​ម្នាក់​នៃ​គណកម្មាធិការ​ការិយាល័យ​ មជ្ឈឹម​បក្ស​ដ៏​មាន​អំណាច​របស់​គណបក្ស​កុម្មុយនិស្ត​ឡាវ។​

មន្រ្តី​ជាន់​ ខ្ពស់​ដទៃ​ទៀត​ដែល​បាន​បាត់​បង់​ជីវិត​មាន​រដ្ឋមន្រ្តី​ក្រសួង ​សន្តិសុខ​សាធារណៈ​ និង​អភិបាល​ក្រុង​ វៀងចន្ទន៍​ ព្រម​ទាំង​សមាជិក​គ្រួសារ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ និង​បដិសណ្ឋារកិច្ច​មួយ។​
ព័ត៌មាន​អំពី​សោកនាដកម្ម​នេះ​បាន​ទទួល​ សេចក្តី​បញ្ជាក់​ជា​ដំបូង​តាម​រយៈ​ក្រសួង​ការ​បរទេស​ថៃ។​ ប្រទេស​ថៃ​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​យូរ​អង្វែង​មក​ហើយ​ជា​មួយ​ប្រទេស​ ជិត​ខាង​ឡាវ។​

សោកនាដកម្ម​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​តែ​ ៧​ ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​យន្តហោះ​ជើង​ក្នុង​ស្រុក​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ឡាវ​បាន​ធ្លាក់​នៅ​ក្នុង​ខេត្ត​ ចម្ប៉ាសាក់​ (Champasak)​ នៅ​ប្រទេសឡាវ​ភាគ​ខាង​ត្បូង​ បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​និង​យានិក​ចំនួន​ ៤៩​ នាក់។​ សេចក្តី​រាយការណ៍​អំពី​ការ​ធ្លាក់​យន្តហោះ​ធុន​ ATR-72​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។​

លោក​ Panitan​ Wattanayagorn​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សកលវិទ្យាល័យ​ ជូឡាឡុងគន​ (Chulalongkorn)​ ថ្លែង​ថា​ ការ​ធ្លាក់​ថ្មី​នេះ​បាន​បន្ថែម​ទៅ​លើ​សេចក្តី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​នៃ​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​ឡាវ។​

«ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​មាន​បញ្ហា​ខាង​សុ​វត្ថិភាព​ ជា​យូរ​ឆ្នាំ​មក​ហើយ។​ ការ​ធ្លាក់​នេះ​ពិត​ជា​បាន​បញ្ជាក់​ឲ្យ​ឃើញ​បញ្ហា​មួយ​ទៀត​ដែល​គេ​មិន​ទាន់​អាច​ជួសជុល​ឬ​ដោះស្រាយ​បាន​នៅ​ឡើយ។​ ទោះ​ជា​ក្នុង​ពេល​ ២​ ឆ្នាំ​កន្លង​ទៅ​នេះ​ ពួក​គេ​បាន​នាំ​យក​អ្នក​ជំនាញ​ពី​ខាង​ក្រៅ​ឲ្យ​មក​ជួយ​ឧស្សាហ​កម្ម​អាកាសចរណ៍​របស់​គេ​ និង​បុគ្គលិក​កង​កម្លាំង​អាកាស​ក៏​ដោយ​ ក៏​បញ្ហា​នៅ​តែ​មាន​បន្ត»។​

ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​ឡាវ​បាន​ប្រាប់​វីអូអេ​ថា​ សោកនាដកម្ម​នេះ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​កុម្មុយនិស្ត។​ លោក​រដ្ឋមន្រ្តី​ការពារជាតិ​ ដួងច័យ​ ត្រូវ​គេមើល​ឃើញ​ថា​មាន​ទំនាក់ទំនង​ជិត​ស្និត​ជា​មួយ​ប្រទេស​ជិតខាង​វៀតណាម។​ រដ្ឋាភិបាល​ឡាវ​បាន​លៃ​ថ្លឹង​ទំនាក់​ទំនង​ការទូត​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​វៀតណាម​តាំង​ពី​យូរ​មក​ហើយ។​

លោក​ ខាល​ ធៃយ័រ​ (Carl Thayer)​ អ្នក​វិភាគ​កិច្ច​ការពារ​ប្រទេស​ នៃ​សកលវិទ្យាល័យ​ នូ​ សៅទ៍ វេលស៍​ (New​ South​ Wales)​ របស់​ប្រទេស​ អូស្រ្តាលី​ បាន​និយាយ​ថា​ នៅ​ក្រោយ​គ្រោះថ្នាក់​នេះ​ គេ​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋាភិបាល។​ លោក​ថ្លែង​ថា​ លោក​ ដួងច័យ​ ជា​សមាជិក​ដ៏​មាន​អំណាច​ម្នាក់​នៅ​ក្នុង​គណកម្មាធិការ​មជ្ឈឹមបក្ស។​

«លោក​ជា​វិរជន​នយោបាយ​ដ៏​សំខាន់​បំផុត​ម្នាក់​ក្នុង​ប្រទេស​ឡាវ។​ កងយោធា​មាន​មុខនាទី​ដ៏​ខ្លាំង​អស្ចារ្យមួយ​ក្នុង​ប្រទេស​នេះ​ ទាំង​តាម​ផ្លូវ​ការ​ ទាំង​តាម​រយៈ​បណ្តាញ​នៃ​ក្រុម​ឧត្តមសេនីយ​ចូល​និវត្តន៍​ ដែល​ស្ថិត​នៅ​ក្នុង​ថ្នាក់​ខ្ពស់​នៃ​គណបក្ស​ជា​និច្ច។​ យ៉ាង​ណា​ក៏​ដោយ​ អ្នក​ណា​ដែល​បាន​ឡើង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ គឺ​មាន​ចេញ​មក​ពី​រង្វង់​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ ដូច្នេះ​គឺ​ជា​សមាជិក​ម្នាក់​របស់​ក្រុម​គេ​ ដែល​មាន​តែ​អ្នក​ខាង​ក្នុង​ទេ​អាច​ស្គាល់​ ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ចម្លែក​ម្នាក់​ពី​ខាង​ក្រៅ​ ដែល​នឹង​ចាប់​ធ្វើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដ៏​ខ្លាំង​ក្លា​នោះ​ទេ»។​

តែ​លោក​ Thayer​ ថ្លែង​ថា​ ក្នុង​ខណៈ​ដែល​ការ​ផ្លាស់​ប្តូរនឹង​ចាប់​ផ្តើម​ធ្វើ​ លោក​មិន​រំពឹង​ថា​នឹង​មាន​អស្ថិរភាព​នៅ​ក្នុង​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​ដែល​មានការ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និត​ ដែល​បាន​ដឹកនាំ​ប្រទេស​ឡាវ​តាំង​ពី​ឆ្នាំ​ ១៩៧៥​ មក​នោះ​ទេ។​ លោក​ក៏​មិន​រំពឹង​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទំនាក់​ទំនង​ធ្វើការ​ដ៏​ជិត​ស្និត​រវាង​ប្រទេស​ឡាវ​ និង​ប្រទេស​ជិតខាង​ វៀតណាម​ និង​ចិន​នោះ​ផង​ដែរ៕​

ប្រែសម្រួល​ដោយ​ កែរ យ៉ាន
XS
SM
MD
LG