ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​​​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាង​៣០០នាក់​នៅ​ឥណ្ឌូណេស៊ី​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​កំណែទម្រង់​​​ការ​បោះឆ្នោត


រូបភាព​ឯកសារ៖​ មន្ត្រី​ឈប់​សម្រាក​ នៅ​ពេល​ពួកគេ​ត្រៀម​ឯកសារ​បោះឆ្នោត មុន​ពេល​ចែកចាយ​ទៅ​មណ្ឌល​បោះឆ្នោត នៅ​ក្នុង​ឃ្លាំង​មួយ​ ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

ដំណើរ​ការ​​បោះឆ្នោត​​ជ្រើស​រើស​ទាំង​ប្រធានាធិបតី​និង​ទាំង​តំណាងរាស្ត្រ​ឥណ្ឌូណេស៊ី​ក្នុង​ពេល​តែ​មួយ​ជា​លើក​ដំបូង​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា កន្លង​ទៅ​នេះ​ បាន​បណ្តាល​ឲ្យ​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​រហូត​ដល់​ជាង​៣០០​នាក់​​បាន​ស្លាប់។

ភរិយា​របស់​លោក Umar Madi បាន​ប្រាប់​លោក​ឲ្យ​ឈប់​ធ្វើ​ការ ប៉ុន្តែ​លោក​មិន​ចង់​នោះ​ទេ។ ក្នុង​វ័យ​៦៤​ឆ្នាំ លោក Umar Madi គឺ​ជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​នៅ​តំបន់ក្រុង​ហ្សាកាតា​ខាង​លិច​ (West Jakarta) ដែល​មាន​តួនាទី​ក្នុង​ការ​តាមដាន និង​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីនិង​សភា កាល​ពី​ថ្ងៃទី​១៧ ខែ​មេសា។ លោក Umar បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ម៉ោង៦ព្រឹក គឺ​១ម៉ោង​ មុន​ពេល​ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម និង​ឈប់​ធ្វើ​ការ​នៅ​ម៉ោង ១០​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់។ លោក​មិន​បាន​គេង​នោះ​ទេ​នៅ​យប់​នោះ។

នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា លោក​ទើប​បាន​ក្រោក​ពី​គេង​ដើម្បី​ធ្វើ​ការ​អធិដ្ឋាន​មិន​បាន​ប៉ុន្មាន​ផង​ ​ក៏​ស្រាប់តែ​សន្លប់​នៅ​ក្នុង​ដៃ​របស់​ភរិយា​លោក។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​នៅ​ក្បែរ​នោះ ហើយ​ទទួល​បាន​ការ​បាន​ការ​ព្យាបាល​សង្គ្រោះ​បន្ទាន់ ​មុន​ពេល​លោក​ស្លាប់​នៅ​ ២ ថ្ងៃ​ក្រោយ​មក។ លោកបាន​បន្សល់​ទុក​នូវ​ ​ភរិយា កូន ​២ នាក់​របស់​លោក និង​ចៅ​ ៣ នាក់​របស់​លោក។

កូនស្រី​របស់​លោក Umar គឺ​នាង Evi Erwiyati បាន​ប្រាប់ VOA ថា៖ «បន្ទាប់​ពី​បោះឆ្នោត​ចប់ លោក​នៅ​តែ​ធ្វើ​ការ។ គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា សន្លឹក​ឆ្នោត​ទាំង​អស់​ត្រូវ​បាន​យាម​ និង​មាន​សុវត្ថិភាព។ ​គាត់​ក៏​បាន​ត្អូញត្អែរ​ថា គាត់​ហត់​ខ្លាំង​ណាស់ និង​មិន​ព្រម​ញ៉ាំ​អាហារ​នោះ​ទេ»។​

លោក Umar ជា​មន្ត្រី​ម្នាក់ក្នុង​ចំណោម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាង​ ៣០០ នាក់​ដែល​គេ​បាន​រាយការណ៍​ថា បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ទាក់ទង​នឹង​ការ​ហត់​អស់​កម្លាំង​ខ្លាំង។ ក្នុង​ករណី​របស់​លោក Umar កូន​ស្រី​របស់​លោក​បាន​និយាយ​ថា ការ​វិនិច្ឆ័យ​រោគ​គឺ​រក​ឃើញ​ថា​ លោក​មាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល (stroke)។ លោក​ក៏​មាន​បញ្ហា​បេះដូង​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​នោះ​ បេះដូង​មិន​មាន​បញ្ហា​នោះ​ទេ។

នាង Evi បាន​និយាយ​ថា៖ «ម្តាយ​របស់​ខ្ញុំ​យក​ថ្នាំ​ទៅ​ឲ្យ​គាត់ ប៉ុន្តែ​គាត់​មិន​ព្រម​ឈប់​ធ្វើ​ការ​នោះ​ទេ។ គាត់​សប្បាយ​ចិត្ត​នឹង​ធ្វើ​ការ​នោះ»។

រូបភាព​ឯកសារ៖ មន្ត្រី​រៀបចំ​ធុង​ឆ្នោត​ដើម្បី​ចែកចាយ​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ មន្ត្រី​រៀបចំ​ធុង​ឆ្នោត​ដើម្បី​ចែកចាយ​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

លោក Arief Priyo Susanto អ្នក​នាំពាក្យ​របស់​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​ជាតិបាន​បញ្ជាក់​ប្រាប់​ VOA ពី​ចំនួន​នៃ​ការ​ស្លាប់​នេះ។ លោក​បាន​និយាយ​ថា៖ «ជា​ទូទៅ មូលហេតុ​នៃ​ការ​ស្លាប់​ គឺ​ដោយសារ​តែ​ជំងឺ​ហត់​អស់​កម្លាំង»។ មនុស្ស​ជាង​ ២.០០០ ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្លាក់​ខ្លួន​ឈឺ។

ការ​ស្លាប់​ទាំង​នេះ​មិន​មែន​ជាហេតុការណ៍ល្អ​ទេ​ សម្រាប់បញ្ចប់​ការ​បោះឆ្នោត​នៅឥណ្ឌូណេស៊ី​ ដែល​នេះ​ជា​ការ​បោះឆ្នោតពីរ​ក្នុង​ពេល​តែ​មួយ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ ២​ ទស្សវត្សរ៍​មុន។ ការ​បោះឆ្នោត​ប្រធានាធិបតី​បែប​ប្រជាធិបតេយ្យ​ដំបូង​គេ​បង្អស់​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៤។ មនុស្ស​ជា​ច្រើន​យល់​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ជា «​ជោគជ័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ» ដោយមាន​មនុស្ស​ ១៩៣​ លាន​នាក់​ចេញ​ទៅ​បោះឆ្នោត នៅ​តាម​ការិយល័យ​បោះឆ្នោត​ចំនួន​ ៨១០.០០០។

បើ​យោង​តាម​ការ​រាប់​សន្លឹក​ឆ្នោត​ភ្លាមៗ លទ្ធផល​បង្ហាញ​ថា លោក​ប្រធានាធិបតី Joko Widodo បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​លោក​ គឺ​លោក​ឧត្តមសេនីយ៍​ឯក Prabowo Subianto ដែល​ជា​អតីត​មេបញ្ជាការ​យោធា។

ដូច​មន្ត្រី​ផ្សេង​ទៀត​ដែរ លោក Umar ទទួល​បាន​ ៣៥ ដុល្លារ សម្រាប់​ការងារ​ដ៏​ច្រើន​ រួម​ទាំង​ការ​រាប់​សន្លឹក​ឆ្នោត​ដោយ​ដៃ និង​ការ​តាមដាន​សន្លឹក​ឆ្នោត​ទាំង​នេះ។

នាង Titi Anggraini ដែល​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ឈ្មោះ​សមាគម​សម្រាប់​ការ​បោះឆ្នោត​ និង​ប្រជាធិបតេយ្យ​និយាយ​ថា ប្រាក់​ ៣៥ ​ដុល្លារ​នេះ​មិន​គ្រប់គ្រាន់​នោះ​ទេ។ នាង Titi និយាយ​ថា៖ «ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​សន្លឹក​ឆ្នោត​ ៥ ​ប្រភេទផ្សេងៗ​គ្នា​ សម្រាប់​តំណែង​ប្រធានាធិបតី និង​តំណាងរាស្ត្រ។ ការណ៍​ដែល​ធ្វើ​ការ​ពីរ​ក្នុង​ពេល​តែ​មួយ​បែប​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ទាំង​នេះ»។

នៅ​ក្នុង​ឆ្នាំ​នេះ គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​បាន​បន្ថយ​អាយុ​អប្បរមា​សម្រាប់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ ដោយ​បន្ថយ​ពី​ ២៥ ឆ្នាំ​ ទៅ​ ១៧ ឆ្នាំ។ បើ​តាម​នាង Titi ការ​ធ្វើ​បែប​នេះ រួម​ជាមួយ​នឹង​ការ​បន្ថយ​ចំនួន​អ្នក​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​នីមួយៗ ត្រូវ​បាន​សង្ឃឹម​ថា អាច​ជួយ​សម្រាល​ភាព​ហត់នឿយ​របស់​មន្ត្រី​នីមួយៗ។

នាង​និយាយ​ថា៖ «ប៉ុន្តែ​វិធានការ​នេះ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​តែ​វា​នៅ​មាន​បញ្ហា​ជាមួយ​នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​មិន​គ្រប់គ្រាន់ និង​ចំនួន​គណបក្ស​នយោបាយ ហើយ​អ្នក​ឈរ​ឈ្មោះ​ក៏​មាន​ការ​កើន​ឡើង​ដែរ»។

នាង​បាន​បន្ថែម​ថា៖ «មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​គ្រប់គ្រាន់។ បើ​គេ​មិន​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ​ទេ រដ្ឋាភិបាល​ត្រូវ​ផ្តល់​សំណង​ដល់​សាច់ញាតិ​ ដែល​បន្សល់​ទុក​ក្រោយ​ពី​ការ​ស្លាប់​របស់​ពួកគេ»។

លោក Arief បាន​ប្រាប់ VOA ថា ប្រាក់​សំណង​ច្រើន​បំផុត​សម្រាប់​សាច់ញាតិ​របស់​មន្ត្រី​ដែល​បាន​ស្លាប់​មាន​ចំនួន​ជាង​ ២.១០០ ដុល្លារ។ នៅ​ថ្ងៃទី២៣ ខែមេសា ក្រសួង​សុខាភិបាល​បាន​ចេញ​សារាចរណ៍​ណែនាំ​មួយ​ដល់​មន្ទីរពេទ្យ និង​កន្លែង​ផ្តល់​សេវា​សុខាភិបាល​ផ្សេង​ទៀត ឲ្យ​ធ្វើ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​បំផុត​ចំពោះ​មន្ត្រី​ដែល​មាន​ជំងឺ។

រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​រៀបចំ​កម្រង​ផ្កា និង​បដា​អបអរសាទរ​ដែល​មនុស្សម្នា​បាន​ដាក់ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​រៀបចំ​កម្រង​ផ្កា និង​បដា​អបអរសាទរ​ដែល​មនុស្សម្នា​បាន​ដាក់ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

ក្តី​បារម្ភ​អំពី​ដំណើរការ​បោះឆ្នោត​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​អំពី​កំណែទម្រង់។ លោក Ace Hasan Syadzily ដែល​ជា​អ្នក​នាំពាក្យ​របស់​ក្រុម​យុទ្ធនាការ​របស់​លោក Joko បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា៖ «យើង​ត្រូវ​តែ​វាយតម្លៃ​លើ​ការ​បោះឆ្នោត​ពីរ​ក្នុង​ពេល​តែ​មួយ ជា​ពិសេស​គឺ​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច។ លោក Joko បាន​ចែក​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​ដែល​បាន​ស្លាប់​(កាល​ពី​សប្តាហ៍​មុន)។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ក្រុម​មន្ត្រី​ទាំង​នេះ​គឺ​ជា​អ្នក​តស៊ូ​ប្រយុទ្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ»។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នឹង​បញ្ចប់​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី២២ ខែឧសភា ខាង​មុខ។

រូបភាព​ឯកសារ៖ មន្ត្រី​ម្នាក់​កំពុង​រើ​ធុងឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤។
រូបភាព​ឯកសារ៖ មន្ត្រី​ម្នាក់​កំពុង​រើ​ធុងឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤។

នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​៥ឆ្នាំ​មុន ដែល​ពេល​នោះ​គេ​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​តំណាងរាស្ត្រ​ផ្សេង​គ្នា មាន​មនុស្ស​ជាង​ ១៥០ នាក់​បាន​ស្លាប់។ នាង Titi បាន​និយាយ​ថា ក្រុម​មន្ត្រី​ទាំង​នោះ​៖ «មិន​ត្រឹម​តែ​យាម​ការពារ​ការ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​ក៏​ការពារ​ឆន្ទៈ​របស់​ឥណ្ឌូណេស៊ី​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ផង​ដែរ»។

នាង Evi កូនស្រី​របស់​លោក Umar យល់​ស្រប​ចំពោះ​គំនិត​ខាង​លើ​នេះ។

នាង​និយាយ​ថា៖ «នៅ​ពេល​ឪពុក​ខ្ញុំ​តាំង​ចិត្តធ្វើ​អ្វី​មួយ គាត់​តែងតែ​យល់​ថា គាត់​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​នោះ។ គាត់​នឹង​មិន​មក​ផ្ទះ​នោះ​ទេ ប្រសិន​បើ​ការងារ​ទាំង​អស់​មិន​ទាន់​ត្រូវ​បាន​បញ្ចប់។ គាត់​ធ្វើ​យ៉ាង​នេះ ដើម្បី​កុំ​ឲ្យ​មនុស្សម្នា​មាន​ការ​សង្ស័យ​ចំពោះ​ការងារ​របស់​គាត់។ ខ្ញុំ​មាន​មោទនភាព​ដែល​នៅ​ទី​បំផុត​គាត់​ត្រូវ​បាន​គេ​ស្គាល់ ​(ឬ​ចងចាំ) ​ដោយសារ​តែ ​(ការ​មាន)​ វិន័យ​ខ្ពស់​របស់​គាត់»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG