មន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយថាចំនួនជនសកម្មប្រយុទ្ធដែលគេដឹងថាបានត្រូវសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកធំមួយរបស់ស.រ.អា.កាលពីថ្ងៃព្រហស្បតិ៍មានជិតបីដងច្រើនជាងចំនួនដែលបានត្រូវរាយការណ៍ពីមុន។
មន្ត្រីទាំងនេះបាននិយាយថាមានជនសកម្មប្រយុទ្ធយ៉ាងតិចណាស់៩២នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនេះ គឺកើនឡើងពីចំនួន៣៦នាក់ដែលបានត្រូវរាយការណ៍កាលពីថ្ងៃសុក្រ។តំបន់នោះមិនទាន់បានត្រូវបោសសម្អាតនៅឡើយទេ ដូច្នេះចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងនេះ។
គ្មានការបញ្ជាក់ថាមានជនស៊ីវិលឬទាហានរដ្ឋាភិបាលស្លាប់ទេ។ ការដែលស.រ.អា.បានប្រើគ្រាប់បែកធំមួយគ្រាប់ប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាំឱ្យមានការខ្វែងគំនិតគ្នានៅក្នុងតំបន់ដោយមានការគាំទ្រពីអាជ្ញាធរនយោបាយនិងខាងយោធានៅក្នុងក្រុងកាប៊ុល ក៏ប៉ុន្តែបានទទួលការថ្កោលទោសខ្លាំងពីអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamid Karzai និងឯកអគ្គរដ្ឋទូតប្រទេស អាហ្វហ្គានីស្ថាន ប្រចាំប្រទេសប៉ាគីស្ថាន។
នៅក្នុងបណ្តាញសង្គម Twitterលោក Karzai បានសរសេរថា «ខ្ញុំថ្កោលទោសខ្លាំងក្លាដោយពាក្យសម្តីខ្លាំងបំផុតនូវការទម្លាក់គ្រាប់បែកថ្មីបំផុតនេះដែលជាគ្រាប់បែកមិនមែនបរមាណូធំបំផុតលើប្រទេស អាហ្វហ្គានីស្ថាន ដោយពួកយោធាស.រ.អា.។ នេះមិនមែនជាសង្គ្រាមប្រឆាំងនឹងពួកភេរវជនទេ ប៉ុន្តែជាការប្រើតាមផ្លូវខុសដោយអមនុស្សធម៌និងដោយឃោរឃៅបំផុតដោយយកប្រទេសយើងធ្វើជាកន្លែងពិសោធអាវុធថ្មីនិងប្រកបដោយគ្រោះថ្នាក់។ វាអាស្រ័យលើយើងជាជនជាតិ អាហ្វហ្គានីស្ថាន ដែលត្រូវបញ្ឈប់ស.រ.អា.។
លោក Hazrat Omar Zakhilwal ឯកអគ្គរដ្ឋទូតនៃប្រទសអាហ្វហ្គានីស្ថាន ប្រចាំប្រទេសប៉ាគីស្ថាន បានសរសេរលើបណ្តាញសង្គម Twitter ថា «ខ្ញុំយល់ឃើញថាការប្រើគ្រាប់បែកមិនមែនបរមាណូធំបំផុតគឺអ្វីដែលហៅថា «មហាគ្រាប់បែក» នៅលើដែនដីយើងជាការគួរទទួលទោសហើយក៏មិនបានការដែរ។ ប្រសិនបើគ្រាប់បែកធំៗជាដំណោះស្រាយនោះ ប្រទេសយើងគួរតែជាកន្លែងមួយមានសន្តិសុខបំផុតនៅលើផែនដីនៅពេលសព្វថ្ងៃនេះ»៕