ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ណាល័យ​«សម្តេច​ម៉ែ»​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​បើក​​សម្រាប់​សាធារណ​ជន​​​ឆាប់ៗ​នេះ​


ព្រះ​មហា​ក្សត្រីយានី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ សម្តេច​ព្រះ​នរោត្តម​​ មុនីនាថ សីហនុ និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយព្រះម្ចាស់ក្សត្រីនរោត្តម ប៉ូនីតា/DC-Cam)
ព្រះ​មហា​ក្សត្រីយានី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ សម្តេច​ព្រះ​នរោត្តម​​ មុនីនាថ សីហនុ និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយព្រះម្ចាស់ក្សត្រីនរោត្តម ប៉ូនីតា/DC-Cam)

បណ្ណាល័យ​ដែល​មាន​ឈ្មោះ​ថា ​«សម្តេចម៉ែ»​ ដើម្បី​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​មហា​ក្សត្រីយានី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ សម្តេច​ព្រះ​នរោត្តម មុនីនាថ សីហនុ​ គ្រោង​នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនាក្នុង​ក្រុង​ភ្នំពេញ​នៅ​ពេល​ខាង​មុខ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា ​ឆ្នាំ២០២០ បាន​រៀប​រាប់​ថាបណ្ណាល័យ​ថ្មី​នេះ​ នឹង​តម្កល់​ទុក​ឯកសារ​បណ្ណសារ ​សៀវភៅ​និង​សម្ភារៈ​ផ្សេងៗ​ «ដែល​មាន​សារៈ​សំខាន់​ចំពោះ​ជាតិ»។​

ការ​បង្កើត​ និង​ដាក់​ឈ្មោះ​បណ្ណាល័យ «សម្តេច​ម៉ែ»​ នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក ​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហា​ក្សត្រីយានី​ ដើម្បី​ប្រកាស​ថ្វាយ​ឈ្មោះ​នេះ​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០២០។ ព្រះ​វររាជ​មាតា​ នរោត្តម មុនីនាថ​ សីហនុ ក៏​បាន​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​រាជានុញ្ញាត​ឲ្យ​ប្រើប្រាស់​ឈ្មោះ​បណ្ណាល័យ​នេះ នៅ​ថ្ងៃ​ទី​១១ ​ខែ​កក្កដា ​ឆ្នាំ​២០២០។​

កាល​ពី​ពេល​ថ្មី​នេះ ​ឯក​អគ្គរាជទូត​លោក​បណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស (Julio Jeldres) ​អតីត​លេខា​ផ្ទាល់​និង​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​ព្រះ​បរមរតន​កោដ្ឋ​ នរោត្តម​សីហនុ​ បាន​បរិច្ចាគ​សៀវភៅ​ និង​ឯកសារ​ផ្សេងៗ​ផ្ទាល់​ខ្លួនរបស់​លោក​ ដល់​បណ្ណាល័យ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​

កញ្ញា​ សុភ័ក្ត្រ ភាណា ​នាយិកា​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ច័ន្ទ​ទី​២០ ​ខែ​កក្កដា​នេះ​ថា ​បណ្ណាល័យ​នេះ​គ្រោង​នឹងបើក​សម្ពោធ​សម្រាប់​សាធារណ​ជន​ចូល​ដោយ​ផ្ទាល់​បាន នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ មាន​លក្ខណៈ​ធូរស្រាល៕

XS
SM
MD
LG