ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ការ​ជំទាស់​និង​ការ​កម្រិត​ចំនួន​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​ត្រូវ​នាំ​ឡើង​តុលាការ​ដើម្បី​​ជៀស​វាង​សង្រ្គាម​ស៊ីវិល​


អ្នក​ស្រី​ អ៊ឹម​ ចែម​ អាយុ​ ៦៦ឆ្នាំ​ជា​អតីតៈ​អភិបាល​ស្រុក​ព្រះនេតព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ របស់​ខ្មែរ​ក្រហម។
អ្នក​ស្រី​ អ៊ឹម​ ចែម​ អាយុ​ ៦៦ឆ្នាំ​ជា​អតីតៈ​អភិបាល​ស្រុក​ព្រះនេតព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ របស់​ខ្មែរ​ក្រហម។

វ៉ាស៊ីនតុន៖​ ករណី​០០១​ឬ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីតៈ​ប្រធាន​គុក​ ទួល​ ស្លែង​ខ្មែរ​ក្រហម​ ត្រូវ​កាត់​ទោស​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ក្រោយ​វាល​ពិឃាដ​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ជីវិត​មនុស្ស​ជាងមួយ​ម៉ឺន​ពីរពាន់​នាក់​នៅ​ទសវត្សរ៍​៧០​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​ ២៦​ ខែ​កក្កដា​ ឆ្នាំ​ ២០១០។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ តុលាការ​ខ្មែរ​ក្រហម​ បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​កាត់​ទោស​អតីតៈ​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ ៤​ នាក់​ផ្សេង​ទៀត ​ឬ​ ករណី​ ០០២ ​នៅ​ដើម​ឆ្នាំ​២០១១ ​ពី​បទ​សង្ស័យ​ថា​ ជាប់​ទាក់​ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​ ២លាន​នាក់។​ អតីតៈ​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ គឺ​អ្នក​ស្រី ​អ៊ឹម ​ចែម​ បានអះអាង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាល​ពី​សបា្តហ៍​មុន​ថា​ តុលាការ​ខ្មែរ​ក្រហម​គួរ​កម្រិត​ការ​កាត់​ទោស​ត្រឹម​ ៥​នាក់​ ដើម្បីជៀស​វាង​ការ​កើត​សង្រ្គាម​ស៊ីវិល​ ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់ក្រុម​គ្រួសារ​ខ្មែរ​ជា​ច្រើន។

«បើ​ចេះ​តែ​ចាប់​ ចេះ​តែ​យកតៗ​ វា​ប៉ះ​អស់​ច្រើន​ណាស់​ ហើយ​វា​ត្រូវ​សភាព​ការណ៍​ ហ្នឹង​ ប្រែ​ប្រួល​ច្រួល​ច្របល់​ កើត​សង្គ្រាម​ទៀត​ទៅ​យ៉ាង​ម៉េច​ ប៉ុន្តែ​បើ​ប៉ុណ្ណឹង​ចប់​ អាហ្នឹង​អស់​ហើយ​ អត់​មាន​សង្គ្រាម​អី​ទៀត​ទេ»។

គ្មាន​ការ​ពន្យល់​ពី​អ្នក​ស្រី​ អ៊ឹម​ ចែម​ ថា​តើ​សង្រ្គាមក្នុង​ស្រុក​នឹង​កើត​មាន​ឬ​យ៉ាង​ណា​ទេ​ ប្រសិន​បើ​ការ​កាត់​ទោស​នោះ​ប្រព្រឹត្ត​ទៅ​លើស​ពី​ចំនួន​ចុង​ចោទ​៥​នាក់។​ តែ​កងទ័ព​ខ្មែរ​ក្រហម​ និង​កម្មាភិបាល​ខ្មែរ​ក្រហម​ជា​ច្រើន​ត្រូវ​គេ​ដឹង​ថា​ កំពុង​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​ រួម​ទាំង​ជា​មន្ត្រី​អភិបាលខេត្ត​ អភិបាល​ខេត្តរង​ អភិបាល​ស្រុក​ មេ​បញ្ជាការ​កងពល​ មេ​បញ្ជាការ​រង​ភូមិ​ភាគ​ ហើយ​នឹង​កំពុង​រស់​នៅ​កាន់​កាប់​តាម​តំបន់​ជាយ​ដែន​ដូច​ជា​ សំឡូត​ សំពៅ​លូន​ កំរៀង​ ក្នុង​ខេត្ត​បាត់ដំបង​ តំបន់​ស្រុក​ម៉ាឡៃ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ តំបន់​ប៉ៃលិន​ ព្រះវិហារ​ និង​អន្លង់វែង​ ជា​ដើម។

អ្នក​ស្រី​ អ៊ឹម​ ចែម​ អាយុ​ ៦៦ឆ្នាំ​ជា​អតីតៈ​អភិបាល​ស្រុក​ព្រះនេតព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ របស់​ខ្មែរ​ក្រហម​ ដែល​ត្រូវ​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ចាត់​ទុក​ថា ​អាចជា​ជន​សង្ស័យ​ម្នាក់​ ដែល​ទំនង​ជា​ស្ថិត​នៅ​ក្នុង​បញ្ជីរ​នៃ​ការ​ចោទ​ប្រកាន់​ឬ​ស៊ើប​អង្កេត​ក្នុង​ករណី​បន្ទាប់​ ០០៣/00៤​ របស់​តុលាការ​ ប្រសិន​បើ​និង​មាន។​ អ្នក​ស្រី​ចែម​ បាន​ជាប់​ឆ្នោត​ជា​អនុ​ប្រធាន​ឃុំ​មួយ​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរ​មានជ័យ​បច្ចុប្បន​ ក្រោយ​ពេល​សមាហរណ្មកម្ម​ចូល​ជាមួយរដ្ឋាភិបាល។​ អ្នក​ស្រី​បាន​បដិសេធ​ពី​ការ​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​ ដោយ​បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​នោះ​ជា​ការ​យល់​ខុស។​ អ្នក​ស្រី​ថ្លែង​ថា​ ការ​ធានា​របស់​រដ្ឋាភិបាល​ចំពោះ​ការ​កំណត់​កាត់​ទោស​អតីតៈ​មេដឹក​នាំ​ខ្មែរ​ក្រហម​តែ​៥នាក់​ បាន​ធ្វើ​ឱ្យ​បង​ប្អូន​អតីតៈ​មេដឹក​នាំ​ខ្មែរ​ក្រហម​ផ្តាច់​ខ្លួន​ និង​អ្នក​ស្រី​មាន​ការ​យល់​ដឹង​ច្បាស់​ ហើយ​មាន​អារម្មណ៍​ជ្រះ​ស្រឡះ។

«ប្រជាជន​ក៏​ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែរ​ ក៏​តាម​មតិ​របស់​សម្តេច​ហ៊ុនសែន​ ថា ​យក​តែ​៥នាក់ហ្នឹង​ យក​ទៅ​កាត់​ទោស​មេ​បំផុត​ ហើយ​ក្រៅ​ពី​ហ្នឹង​(អ្នកដ៏ទៃទៀត)​ អត់​មាន​ពាក់​ព័ន្ធ​អី​ ហើយ​កុំ​មាន​អារម្មណ៍​ស្មុកគស្មាញ​អី​ អាហ្នឹង​ជ្រះ​ស្រឡះ​ត្រង់​ហ្នឹង​(សើច)។​ អញ្ចឹង​(ខ្ញុំ)​អត់​មាន​ការ​គិត​គូរ​ភ័យ​ខ្លាច​អី​ រឿង​ខ្លួន​មាន​ជាប់​ជំពាក់​កាល​ជំនាន់​នោះ​ទេ​ ព្រោះ​អី​ជំនាន់​នោះ​ស្រុក​វា​មាន​កើត​សង្គ្រាម​ទូទៅ​ អញ្ចឹង​អ្នក​ដឹកនាំ​ បើ​យក​គាត់​ទៅ​ដាក់​ឃុំ​ឃាំង​ កាត់​ទោស​ជាប់​ប៉ុន្មាន​ឆ្នាំៗ​ យើង​មាន​អារម្មណ៍​អី​ទៀត​ ហើយ​ខាង​ក្រោមៗ​(ជំនាន់​នោះ)​ស្រេច​តែ​បទ​បញ្ជា​ខាង​លើៗ​ គេ​ឱ្យ​ធ្វើ​អី​ធ្វើ​ហ្នឹង​ ហើយ​ការងារ​រាក់​ជ្រៅ​អី​ម៉េច​ អត់​ដឹង​ដែរ»។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ធានា​មិន​យក​ទោស​ពៃ​ ផ្តល់​ការ​លើក​លែង​ទោស​ ដល់​ពួក​មេដឹកនាំ​ កង​ទ័ព​ខ្មែរ​ក្រហម​កាល​ពី​សមាហរណ្មកម្ម​ចុះ​ចូល​ លើក​ដំបូង​កាល​ពី​ជិត​ ១៤ឆ្នាំ​មុន​ ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ។​ ហើយ​មេដឹកនាំ​ប្រទេស​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ជា​ហូរហែ​ជំទាស់​នឹង​ការ​ប៉ុនប៉ង​ចោទ​ប្រកាន់​ទោស​អតីតៈ​មេដឹកនាំ​កម្មាភិបាល​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ដោយ​ព្រួយ​បារម្ភ​ពី​សង្រ្គាម​ស៊ីវិល​បំផ្លាញ​សន្តិភាព។

សហ​ព្រះ​រាជអាជ្ញា​ភាគី​កម្ពុជា​និង​សហ​ចៅក្រម​កម្ពុជា​ បាន​បដិសេធ​មិន​ព្រម​ស៊ើប​អង្កេត​ និង​ចោទ​ប្រកាន់​ជន​សង្ស័យ​ ៥​នាក់​បន្ថែម​ទៀត​ ទោះ​បី​សហ​ព្រះរាជ​អាជ្ញា​និង​ចៅ​ក្រម​បរទេស​ដែល​ឈរ​លើ​ការ​ប្រព្រឹត្តិ​ខុស​ត្រូវ​ទទួល​ទោស ​ជំរុញ​ករណី​នេះ​ទៅ​មុខ​ ហើយ​មាន​ការ​យល់​ស្រប​ពី​ក្រុម​អ្នក​វិភាគ​ជា​ច្រើន​ ដែល​អះអាង​ថា ​នឹង​អាច​មិន​មាន​សង្រ្គាម​កើត​ឡើងយ៉ាង​ណា​ក៏ដោយ។

ជាមួយ​នឹង​ការ​ចង់​កម្រិត​ចំនួន​នៃ​ការ​កាត់​ទោស​តែ​៥​នាក់​ ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​អាមេរិក​មួយ​ចំនួន ​កំពុង​សំដែង​ការ​សង្ស័យ​ចំពោះ​ការ​ស្វះ​ស្វែង​រក ​”ការពិត​”និង​”យុត្តិធម៌”​ របស់​តុលាការ​ខ្មែរ​ក្រហម​ ដែល​ចូល​រួម​ដោយ​អសប​ នៅ​ពេល​ដែល ​”អ្នក​ដឹក​នាំ​ថ្នាក់​កណ្តាល”​ នៃ​របប​ខ្មែរ​ក្រហម​មួយ​ចំនួន​ ដែល​ទទួល​បញ្ជាផ្ទាល់​ ឬ​អនុវត្ត​ផ្ទាល់​ ឬ​ជា​ជន​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​មួយ​ចំនួន​ មិន​ត្រូវ​នាំ​យក​មក​ជំនុំ​ជំរះ​ទោស​ ឬ​ធ្វើ​ជា​សាក្សី​ ដើម្បី​ឱ្យ​និយាយ​បំភ្លឺ​នូវ​ការពិត​ជាក់ស្តែង​ទាំងឡាយ​ ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក​ Peter ​Maguire ​សាស្រា្តចារ្យ​សាកល​វិទ្យាល័យ​ផ្នែក​ច្បាប់​និង​សង្រ្គាម​ក្នុង​ប្រទេស​អាមេរិក​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ទាក់​ទង​និង​របប​ខ្មែរ​ក្រហម​ឈ្មោះ​ Facing ​the ​Death ​in​ Cambodia​ បាន​ថ្លែង​បញ្ជាក់​ថា​ ជា​និច្ច​ជា​កាល​គំរោង​ការណ៍​គឺ​ថា​ និង​គ្មាន​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​ទាប​និង​ថ្នាក់​កណ្តាល​ដ៍ទៃ​ទៀត​ត្រូវ​គេ​កាត់​ទោស​ទេ។

«គ្រប់​គ្នា​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដល់​ចុង​ទស្សវត្សរ៍​១៩៩០ ដឹង​ពី​បំណែក​នៃ​ហេតុផល​ ដែល​តុលាការ​ទទួល​យក​សហប្រតិបត្តិការ​ពី​ជន​ជាតិ​កម្ពុជា​ គឺ​ដោយ​សារ​ពួក​គេ​បាន​ព្រម​ព្រៀង​ក្នុង​រឿង​ផ្តោត​ការ​កាត់​ទោស​លើ​មេដឹកនាំ​កំពូលៗ​តែ​ប៉ុណ្ណោះ»។

ក៏​ប៉ុន្តែ​លោក​ James​ A.​ Goldston ​ នាយក​ប្រតិបត្តិ​នៃ​អង្កការ​ច្បាប់​របស់​សរអា​មួយ​ ដែល​ឃ្លាំ​មើល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជា​ច្រើន​ រួម​ទាំង​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា​ តាម​និយមន័យការ​កំណត់​ចំនួន​ករណី​ដែល​សាលាក្តី​ខ្មែរ​ក្រហម​អាច​ធ្វើ​បាន​នោះ​ គឺ​មាន​ន័យ​ថា​យុត្តិធម៌​និង​មិន​កើត​មាន​ពេញ​លេញ​ទេ។

"បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​តុលាការ​មាន​សម្មត្ថភាព​ដើម្បី​បញ្ចប់​ការកាត់​ទោស​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ហើយ​ការ​កាត់ក្តី​ប្រកប​ដោយ​យុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ទាំង​៤​រូប​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ករណី​០០២​ ហើយ​និង​ជន​ជាប់​ចោទ​ដែល​សេស​សល់​ក្នុង​ករណី​០០៣​/០០៤ ​ បញ្ហា​នោះ​ នឹង​ផ្តល់​វិធានការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ ហើយ​និង​ជួយ​បង្ហាញ​ការ​ពិត​នៃ​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរក្រហម"។

ក៏​ប៉ុន្តែ​ភាគី​កម្ពុជា​ រួម​ទាំង​រដ្ឋាភិបាល​នៅ​មាន​ប្រៀប​ផ្សេង​ទៀត​ដែល​អាច​ការពារ​ពួក​អតីតៈ​ខ្មែរ​ក្រហម​បាន​ គឺ​ជា​អំណះ​អំណាង​ស្រប​ច្បាប់​ដែល​មាន​ចន្លោះ​ប្រហោង​ដ៏សំខាន់​ក្នុង​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ និង​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​និង​អសប​ ដែល​បាន​ចែងពី​ការ​កាត់​ទោស​តែ​មេដឹក​នាំ​កំពូលៗ​ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​បំផុត​ប៉ុណ្ណោះ។​ អ្នក​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ជា​ការ​ចែង​មិន​ច្បាស់​លាស់​ ថា​តើ​មេដឹក​នាំ​ប្រភេទ​ណា​ ថ្នាក់​ណា​កំណត់​ថា​ជា​មេដឹក​នាំ​ជាន់​ខ្ពស់​ ហើយ​មេដឹក​នាំ​កម្មាភិបាល​កម្រិត​ណា​ ប្រព្រឹត្ត​អំពើ​អ្វី​ខ្លះ​ មាន​ទំហំ​ប៉ុណ្ណា​ ដែល​ត្រូវ​ចាត់​ទុក​ថា ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ ហើយ​និង​មាន​ចំនួន​ប៉ុន្មាន​នាក់។​ សំនួរ​ខ្លះ​ក្នុង​ចំណោម​សំនួរ​ជា​ច្រើន​ដែល​ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ប្រទេស​កម្ពុជា​ យក​មក​ចោទ​សួរ​គឺ​ថា ​ហេតុអ្វី​បាន​ជា​គេ​ចាត់​ទុក​ ឌុច​ តែ​ម្នាក់​ឯង​ ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​បំផុត?​ ពួក​គេ​មាន​ចម្ងល់​ទៀត​ថា​ ចុះ​ប្រធាន​គុគ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ថា​ បាន​សម្លាប់​ជន​រង​គ្រោះ​ប្រហាក់​ប្រហែល​គ្នា ​ឬ​ច្រើន​ជាង​ឌុច​ ហេតុ​អ្វី​បាន​ជា​ត្រូវ​រួច​ផុត​ពី​ការ​ជំនុំ​ជំរះ​ទៅ​វិញ?​ ហេតុ​អ្វី​បាន​ជា​ ឌុច​ មាន​តួនាទី​ពិសេស​ និង​ទទួល​បាន​មុខងារ​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​ ហើយ​ត្រូវ​ប្រឈម​មុខ​និង​ការ​កាត់​ទោស​តែ​ម្នាក់​ឯង​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​និង​មនុស្ស​ជាតិ​ កាល​ពី​ថ្ងៃ​២៦​កក្កដា?

អ្នក​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហម​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ការ​កាត់​ទោស​ថ្នាក់​ទាប​ ហើយ​ផ្លោះ​ទៅ​ថ្នាក់​លើ​កំពូល​តែ​ម្តង​ ដោយ​មិន​មាន​ការ​កាត់​ទោស​តាម​លំដាប់​នោះ​ និង​ជួយ​ធ្វើ​ឱ្យ​អតីតៈ​មេដឹក​នាំ​កំពូលៗ​ងាយ​ស្រួល​ ប្រកែក​ដោះ​សារ​ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​ថ្នាក់​កណ្តាល​ដែល​ដឹង​រឿងរ៉ាវ​យ៉ាង​ច្រើន​ ហើយ​អាច​ជា​សាក្សី​ឆ្លើយ​ដាក់​បន្ទុក​និង​ដោះ​បន្ទុក​ផង​នោះ មិន​បាន​ត្រូវ​គេនាំ​ខ្លួន​មក​ជុំនុំ​ជំរះ​ទោស​ ឬ​ក៏​ត្រូវ​គេ​រារាំង​មិន​ឱ្យ​មក​បំភ្លឺ​ការ​ពិត​ក្នុង​ថានៈ​ជា​សាក្សី​នៅ​ពេល​ធ្វើ​សវនាការ។

អ្នក​ច្បាប់​ម្នាក់​ដែល​យល់​ស្រប​ជា​មួយ​ការ​អះអាង​របស់​អ្នក​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ថ្លែង​ក្នុង​ល័ក្ខខ័ណ្ឌ​ពុំ​ឱ្យ​ប្រាប់​ឈ្មោះ​ថា​ ដើម​ចោទ​នឹង​មាន​ការ​លំបាក​ច្រើន​នៅ​ពេល​សួរ​ដេញ​ដោល​តវ៉ា​ក្នុង​សវនាការ​ ដោយ​មក​ពី​មេ​ដឹក​នាំ​ទាំង​៤​ ប្រើ​សិទ្ធិ​មិន​និយាយ​ស្តី​ក្នុង​ពេល​ជាប់​ឃុំ​ឃាំង​ ហើយ​ភស្តុតាង​ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​មេដឹក​នាំ​កំពូលៗ​ ទំនង​ជា​ពិបាក​រក​សម្រាប់​យក​មក​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា​អ្នក​ទាំង៤​ បាន​សម្លាប់​ផ្ទាល់​ដៃ​ ឬ​មួយ​សាក្សី​ដែល​អាច​ភ្ជាប់​មេដឹក​នាំ​ទាំង៤​ ទៅ​នឹង​ឧក្រិដ្ឋកម្ម​ និង​ព្រិត្តិការណ៍​ក្នុង​សម័យ​ជន​ជាប់​ចោទ​ទាំង​នោះ​ដឹកនាំ​ ក៏​អាច​ពិបាក​រក​ផង​ដែរ។

ដោយ​ពុំ​ដឹង​ថា ​តើ​សហ​ព្រះរាជ​អាជ្ញា​និង​សហ​ចៅក្រម​ធ្វើ​ការ​ស៊ើប​អង្កេត​ដំណើរ​ការ​ស្រាវ​ជ្រាវ​ជា​សំងាត់​ពី​ឧក្រិដ្ឋកម្ម​ដល់​កម្រិត​ណា​នោះ​ អ្នក​ច្បាប់​និង​អ្នក​ឃ្លាំ​មើល​ដដែល​បាន​អះអាង​ថា​ ភស្តុតាង​ដែល​សំខាន់​ជាង​គេ​សំរាប់​ភាគី​ដើម​ចោទ​និង​ជន​រង​គ្រោះ​ពេល​នេះ​ ទំនង​ជា​ពឹង​ផ្អែកទៅ​លើ​ឯកសារ​ស្រាវ​ជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទាំង​ស្រុង។

អ្នក​ស្រី​ អ៊ឹម​ ចែម​ បាន​អះអាង​ថា​ អ្នក​ស្រី​នឹង​មិន​ទៅ​ធ្វើ​ជា​សាក្សី​ទេ​ ពេល​កាត់​ទោស​មេដឹក​នាំ​ទាំង៤​ខាងមុខ​ ដោយ​បាន​អះអាង​ថា​ អ្នក​ស្រី​ពុំ​បាន​ដឹង​រឿងរ៉ាវ​អ្វី​ទាំង​អស់។

«អត់ទេ​ ដឹង​ទៅ​មាន​ការងារ​អី​នឹង​ត្រូវ​ទៅ​ផងបើ​អត់​ដឹង​រឿង​អី។​ អញ្ចឹង​គង់​តែ​ត្រូវ​ ហៅ​អី​ ក៏​ខ្ញុំ​អត់​ទៅ»។

ក៏​ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ តើ​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំង៤​ មាន​កំហុស​ឬ​ទេ?​ អ្នក​ស្រី​អ៊ឹម​ ចែម​ អះអាង​ថា៖

«មាន​ គ្រាន់​តែ​នយោបាយ​ រឿង​នយោបាយ​ ព្រោះ​អី​បើ​អត់​ខុស​ក៏​គេ​អត់​យក​ទៅ​ដែរ»។

ចំណែក​ លោក​ឧត្តម​សេនីយទោ​ សុខ​ ភាព​ ដែល​បច្ចុប្បន​ជា​អនុប្រធាន​ គណៈ​កម្មការ​ព្រំដែន​ចម្រុះ​នៃ​ក្រសួង​ការពារ​ជាតិ​និង​ជា​អតីតៈ​មេ​បញ្ជាការ​កងពល​ខ្មែរ​ក្រហម​ នៅ​តំបន់​ម៉ាឡៃ​ បាន​ថ្លែង​ថា​ សាលាក្តី​នឹង​មិន​ត្រូវ​ការ​លោក​ទេ​ ព្រោះ​លោក​ក៍​ពុំ​បាន​ដឹង​អ្វី​ដែរ​ជំនាន់​នោះ​ ព្រោះ​លោក​នៅ​ជាប់​តែ​សង្រ្គាម​ក្នុង​សមូរភូមិ។

«គេ​ប្រើ​ឱ្យ​វ៉ៃ ​ វ៉ៃ​ គេ​ប្រើ​ឱ្យ​បាញ់​ បាញ់​ ដាក់​មីន​ ដាក់​មីន។​ មិន​សូវ​បាន​គិត​ ចាប់អារម្មណ៍​រឿង​នយោបាយ។​ មិន​ដែល​បាន​ដេក​ភូមិ​ផង​បាន​អី​នឹង​ដឹង​រឿង​និង​គេ។​ ទើប​តែ​បាន​ដេក​ពូក​ពេល​មក​សមាហរណ្មកម្ម​ ស្គាល់​ពូក​ស្គាល់​ខ្នើយ»។

ក្រុម​អតីតៈ​មន្ត្រី​ខ្មែរ​ក្រហម​នៅ​តំបន់​ជា​ច្រើន​ ដែល​VOA​បាន​ទាក់​ទង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ រួម​ទាំង​លោក ​សុខ​ ភាព​ អ្នក​ស្រី​ អ៊ឹម​ ចែម​ និង​មេបញ្ជាការ​ដទៃ​ទៀត​ បាន​ថ្លែង​អះអាង​ថា​ កុំ​ឱ្យ​ពួក​អតីតៈ​មេដឹក​នាំ​ខ្មែរ​ក្រហម​ ដែល​ជា​កម្មាភិបាល​កង​ទ័ព​ ពលរដ្ឋ​ មាន​ការ​ភ្ញាក់​ផ្អើល​ ច្រួល​ច្របល់​ និង​ព្រួយ​បារម្ភ​ខ្លាច​គេ​កាត់​ទោស​ដល់ខ្លួន​ពួក​គេ​នោះ​ឡើយ​ ដោយ​និយាយ​ថា​ រដ្ឋាភិបាល​បាន​កំណត់​ច្បាស់​លាស់​ហើយ​ ពី​ចំនួន​ដែល​ត្រូវ​កាត់​ទោស​ ហើយ​ការ​កាត់​ទោស​ ឌុច​ ក៏​រដ្ឋាភិបាល​ពុំ​មាន​ជំទាស់​ដែរ​ ដោយ​សារ​ថា​ ការ​ផ្តន្ទា​ទោស​នោះ​ គឺ​ស្រេច​លើ​តុលាការ​ទាំង​ស្រុង។​ លោក​ យឹម​ ផាន់ណា​ អភិបាល​បច្ចុប្បន្ននៃ​ស្រុក​អន្លង់​វែង​ ហើយ​ជា​អតីតៈ​មេបញ្ជាការ​កងពល​មួយ​របស់​ខ្មែរ​ក្រហម​បាន​ថ្លែងថា៖

«គេ​(មាន)​ជំនឿ​លើ​រាជ​រដ្ឋាភិបាល​ ថា​មិន​អាច​ធ្វើ​ឱ្យ​រញ៉េ​រញ៉ៃ​ នាំ​រំខាន​ដល់​បង​ប្អូន​ នែ៎ជា​មេ​បញ្ជាការ​មួយ​ចំនួន​ ដែល​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​សម័យ​ហ្នុង​ដែរ​ទេ»។

អតីតៈ​មេដឹក​នាំ​ខ្មែរ​ក្រហម​កំពូល​ចំណាស់ៗ​៤ នាក់​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​រង់​ចាំ​ការ​ជំនុំ​ជំរះ​ទោស​ ក្រោម​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ គឺ​ នួន​ ជា​ បង​ធំ​ទី២​ ខៀវ​ សំផន​ ប្រមុខ​រដ្ឋ​ អៀង​ សារី​ រដ្ឋមន្ត្រី​ការ​ បរទេស​ និង​ភរិយា​គឺ​ អ្នក​ស្រី​ អៀង​ ធិរិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច៕

XS
SM
MD
LG