ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក David Chandler ចង់​បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជា​ថ្មី​ដោយ​បន្ថែម​សេចក្ដី​បញ្ចប់​ដែល​មាន​​ទុទ្ទិដ្ឋិនិយម​ជាង​មុន


លោក David Chandler ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA Khmer នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមីនា ឆ្នាំ២០១៨។
លោក David Chandler ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA Khmer នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមីនា ឆ្នាំ២០១៨។

លោក David Chandler ​ប្រវត្តិវិទូ​ជនជាតិ​អាមេរិកាំង​ដែល​សរសេរ​សៀវភៅ​អំពី​ប្រទេស​កម្ពុជា​ដ៏ល្បីល្បាញ និយាយ​ថា ​លោក​កំពុង​សម្លឹង​មើល​ការ​បោះពុម្ពលើក​ទី ៥ នៃ​សៀវភៅ​ «ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា» របស់​លោក ដោយ​សរសេរ​សេចក្ដី​បញ្ចប់​ថ្មី​ ដែល​នឹង​មាន​ទុទ្ទិដ្ឋិនិយម​ជាង​មុន។

លោក Chandler ​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA កាល​ពី​ខែ​មុន​ថា៖

«បើ​ខ្ញុំ​ធ្វើ​ការ​បោះពុម្ព​សៀវភៅ​ថ្មី​មែន ​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រហែល​នឹង​ធ្វើ​មែន ការ​បោះពុម្ព​លើក​ទី​៥ នឹង​មាន​ខ្លឹមសារ​ខុស​ពី​ការ​បោះពុម្ព​លើក​ទី​៤​មួយ​ចំនួន»។

លោក Chandler បន្ត​ថា៖

«ពេល​ដែល​ខ្ញុំ​សរសេរ​ចប់​សម្រាប់​ការ​បោះពុម្ព​ថ្មី​លើក​ទី​៥​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ទំព័រ​ចុង​បញ្ចប់​នៃ​ជំពូក​ចុង​ក្រោយ ដែល​នឹង​នាំ​អ្នក​ទៅ​ឆ្នាំ ២០១៨ ឬ​ឆ្នាំ ២០១៩ ​នឹង​មាន​ទុទ្ទិដ្ឋិនិយម​ច្រើន​ជាង​ការ​បោះពុម្ព​លើក​ទី៤»។

នៅ​មុន​ពេល​សរសេរ​បញ្ចប់​សៀវភៅ​បោះពុម្ព​លើក​ទី​៤​ក្នុង​ឆ្នាំ​២០០៧ លោក Chandler បាន​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​នានា ទាក់ទង​នឹង​សេរីភាវូបនីយកម្ម​និង​ប្រជាធិបតេយ្យូបនីយកម្ម ប៉ុន្តែ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ លោក Chandler បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ។

លោក Chandler ពន្យល់​នៅ​ក្នុង​ពេល​នោះ​ថា៖

«ពេល​ដែល​ខ្ញុំ​សរសេរ​បញ្ចប់​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​សម្រាប់​បោះពុម្ព​លើក​ទី​៤ ខ្ញុំ​បាន​ឃើញ​ភាព​អាច​ទៅ​រួច​នៃ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ខាង​នយោបាយក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន ដូច​ជា ការ​បើក​ទទួល​យក​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី និង​លទ្ធិ​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០០៥។ ខ្ញុំ​គិត​ថា​ ទិដ្ឋភាព​នយោបាយ​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ ហើយ​វា​បាន​ប្រែ​ទៅ​ជា​មិន​ស្វាគមន៍​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន ឬ​ប្រជាធិបតេយ្យូបនីយកម្ម​នោះ​ទេ។

លោក ចាប ចិត្រា នៃ​ VOA សម្ភាសន៍​លោក David Chandler នៅឯសន្និសីទប្រ​ចំាឆ្នាំ​របស់​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី ថ្ងៃ​ទី​២២​ ដល់​ ថ្ងៃ​ទី​២៥​ ខែ​មីនា។
លោក ចាប ចិត្រា នៃ​ VOA សម្ភាសន៍​លោក David Chandler នៅឯសន្និសីទប្រ​ចំាឆ្នាំ​របស់​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី ថ្ងៃ​ទី​២២​ ដល់​ ថ្ងៃ​ទី​២៥​ ខែ​មីនា។

លោក Chandler ក៏​ចង់​ពង្រីក​ជំពូក​មួយ​ក្នុង​សៀវភៅ​របស់​លោក ដែល​រៀបរាប់​អំពី​អាណាចក្រ​អង្គរ ក្នុង​ចន្លោះ​ពី​សតវត្ស​ទី​៩​ដល់​សតវត្ស​ទី១៥។ នៅ​សម័យ​អង្គរ ខ្មែរ​ជារាជាណាចក្រ​មួយ​ក្នុង​ខេត្ត​សៀម​រាប​សព្វ​ថ្ងៃ ដែល​បាន​គ្រប់គ្រង​លើ​ទឹក​ដី​ដ៏​ធំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​កសាង​ប្រាសាទ​ធំៗ​ជា​ច្រើន។

នៅ​ក្នុង​ជំពូក​នេះ លោក Chandler ចង់​ដាក់​បន្ថែម​ការ​រក​ឃើញ​ថ្មីៗផ្នែក​បុរាណវិទ្យា​អំពី​សម័យ​អង្គរ ដែល​ការ​រក​ឃើញ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គម្រោង Greater Angkor របស់​សកលវិទ្យាល័យ​ស៊ីដនី។ គម្រោង​សិក្សា​ស្រាវជ្រាវ​ Greater Angkor នេះ បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​យន្តហោះ​ថង​តាម​រយៈ​កាំ​រស្មី​ឡាស៊ែរ មាន​ឈ្មោះ​ថា Lidar ដើម្បី​ពិនិត្យ​ទួល​តូចៗ​និង​ទំនាប​ជុំវិញ​ប្រាសាទ​នានា ដែល​អនុញ្ញាត​ឲ្យបុរាណ​វិទូ​អាច​មើល​ឃើញ ពី​វិសាលភាព​នៃ​ការ​តាំង​លំនៅឋានជុំវិញ​អង្គរ និង​ផ្ដល់​ការ​យល់​ដឹង​ថ្មី​អំពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​អង្គរ។

លោក Chandler មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​នឹង​ពង្រីក​និង​សរសេរ​ជំពូក​អំពី​អាណាចក្រ​អង្គរ​ឲ្យ​ស៊ី​ជម្រៅ​ជាង​មុន ពីព្រោះ​កិច្ច​ការងារ​ខាង​បុរាណវិទ្យា​ថ្មីៗ​នេះគឺ​ល្អ​ណាស់។ កិច្ច​ការងារ​ខាង​បុរាណវិទ្យា​ថ្មី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​រីក​ចម្រើន​យ៉ាង​ធំធេង​ដោយ​សារ​បច្ចេកវិទ្យា Lidar ហើយ​ក៏​មាន​ការ​រីក​ចម្រើន​យ៉ាង​ធំធេង​នៃ​ចំណេះ​ដឹង​របស់​ខ្មែរ​អំពី​សម័យ​អង្គរ​ដែរ។

បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​វ័យ​៨៥ឆ្នាំ​ នៃ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី លោក Chandler បាន​មក​ធ្វើ​ការ​ជា​មន្ត្រី​សេវាកម្ម​កិច្ចការ​បរទេស​សហរដ្ឋ​អាមេរិក​ នៅ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៦០។ ពេល​ធ្វើ​ការ​នៅ​ទី​នោះ លោក Chandler បាន​រៀន​ចេះ​និយាយ​និង​ចេះ​អាន​ភាសាខ្មែរ និង​ដើរ​តាម​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ នៅ​ទូទាំង​ប្រទេស​ដើម្បី​ស្ដាប់​សុន្ទរកថា​របស់​ព្រះ​អង្គ។ បទពិសោធន៍​ទាំង​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក Chandler យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ និង​ថាមពល​នយោបាយ​របស់​ប្រទេស​កម្ពុជា និង​ត្រៀម​ខ្លួន​សម្រាប់​អាជីព​នា​ពេល​អនាគត​របស់​លោក ជា​ប្រវត្តិវិទូ​ម្នាក់។

សៀវភៅ«ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​» របស់​លោក Chandler ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ថ្នាក់​រៀន​ជា​ច្រើន​ទូទាំង​ពិភពលោក ហើយ​ក៏​ត្រូវ​បាន​គេ​បក​ប្រែជាភាសា​ខ្មែរ ថៃ បារាំង និង​ចិន។ សៀវភៅ​នេះ រៀប​រាប់​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ​និង​ស៊ី​ជម្រៅ​អំពី​ប្រទេស​កម្ពុជា​ ដោយ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន៤ រួម​មាន ទំនាក់​ទំនង​លក្ខណៈភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម ការ​យល់​ឃើញ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​អំពីអតីត​កាល​ជាពិសេស​អំពី​អាណាចក្រ​អង្គរ ការអនុវត្ត​ការ​តែងតាំង​សមាជិក​ក្រុម​គ្រួសារ​ឬ​បក្ស​ពួក​ឱ្យ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ការ​អនុវត្ត​តាម​ឋានានុក្រម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​និង​គំនិត​ដែល​ថា​សង្គម​កម្ពុជា​មិន​ងាយ​ទទួល​យក​ការ​ផ្លាស់​ប្ដូរ។

កាល​ពី​ខែ​មុន សមាគម​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​បាន​ប្រគល់​ពាន​រង្វាន់​ឈ្មោះ​ «វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី» ទៅ​ដល់​លោក​ Chandlerសម្រាប់​ស្នាដៃ​យ៉ាង​ទូ​លំ​ទូ​លាយ​របស់​លោក អំពី​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​ស្នាដៃ​ទាំង​នោះ សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​របស់​លោក​ ប្រហែល​ជា​ល្បីល្បាញ​ជាង​គេ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​បោះពុម្ព​លើក​ទី១​នៃ​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នេះ ទស្សនាវដ្ដី​សិក្សា​ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​របស់​សមាគម​ខាង​លើ​ បាន​សរសើរ​សៀវភៅ​របស់​លោក Chandler នេះ​ថា ជា ​«ការ​រួម​ចំណែក​ថ្មី​មិន​មាន​ពី​មុន ដែល​ល្អ​ដាច់​លើស​ពី​ស្នាដៃ​ដែល​មាន​ផ្សេងៗ​ទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG