កូនស្រីជនអន្តោប្រវេសន៍ខ្មែរកាត់ចិនម្នាក់នៅក្នុងទីក្រុង Fresno រដ្ឋកាលីហ្វ័រញ៉ា បានប្រកាសថា ខ្លួន នឹងចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ ខាងមុខ ដើម្បីដណ្តើមអសនៈសភាអាមេរិកជាលើកទី២។
អ្នកនាង Elizabeth Heng ដែលជាសហគ្រិននិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណិតមួយ បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកនាងនឹងចូលប្រកួតប្រជែងដណ្តើមអាសនៈសភាដែលនៅទំនេររបស់លោក Devin Nunes ក្រោយពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋតំណាងសង្កាត់ទី២២ នៃរដ្ឋកាលីហ្វ័រញ៉ារូបនេះ ចេញពីតំណែងជាផ្លូវការនៅចុងឆ្នាំ២០២១ នេះ។
លោក Devin Nunes បានប្រកាសលាលែងពីតំណែងជាតំណាងរាស្ត្រ ដើម្បីទៅកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយ Trump Media & Technology Group របស់លោកអតីតប្រធានាធិបតី Donald Trump វិញ។
ការចូលប្រកួតដណ្តើមកៅអីតំណាងរាស្ត្រសភាសហរដ្ឋអាមេរិករបស់អ្នកនាង Elizabeth Heng ខាងគណបក្សសាធារណរដ្ឋនេះ ធ្វើឡើងជាលើកទី២ហើយ ក្រោយពីកូនស្រីរបស់គ្រួសារអន្តោប្រវេសន៍ខ្មែរកាត់ចិនក្នុងក្រុង Fresno រូបនេះ បានចាញ់ការប្រកួតប្រជែងជាមួយបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨។
អ្នកនាង Elizabeth Heng ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Yale បានឈ្នះការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋសម្រាប់សង្កាត់ទី១៦ នៃរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងឆ្នាំដដែលនោះ។ នេះ បើយោងតាមគេហទំព័រនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកនាងផ្ទាល់។
នៅក្នុងសេចក្តីថ្លែងការណ៍ចូលរួមប្រកួតប្រជែងជាលើកទី២សម្រាប់តំណែងតំណាងរាស្ត្រក្នុងរដ្ឋសភាសហរដ្ឋអាមេរិកនេះ អ្នកនាង Elizabeth Heng ដែលធ្លាប់បម្រើការងារជាប្រធានផ្នែកពិធីការនៃគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក បានប្តេជ្ញាផ្តោតលើបញ្ហាកសិកម្ម ធនធានទឹក អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ នេះ បើយោងតាមសារព័ត៌មាន The Fresno Bee។
សហរដ្ឋអាមេរិក គ្រោងនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ឬការបោះឆ្នោតសភាជាតិនៅដើមខែវិច្ឆិកា ឆ្នាំ២០២២៕