ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបង្កើន​ការ​គ្រប់​គ្រង​និយ័តកម្ម​លើ​ឧស្សាហកម្ម​វីដេអូ​និង​ផលិតកម្ម​ភាពយន្ត​


រូបភាព​ឯកសារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/វីអូអេ)
រូបភាព​ឯកសារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/វីអូអេ)

រដ្ឋាភិបាល​បាន​ក្រើន​រម្លឹក​ដល់​ផលិតករ​ភាពយន្ត​ក្នុងស្រុក និងក្រៅ​ប្រទេស​ឱ្យ​ធ្វើការ​ផលិត​ស្នាដៃ​ផងខ្លួន​សម្រាប់​ប្រយោជន៍​ពាណិជ្ជកម្ម​ស្រប​ទៅ​តាម​បញ្ញត្តិ​ណែនាំ​កាលពី​៦ឆ្នាំមុន។​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

បើតាម​សេចក្តី​ប្រកាស​ចុះថ្ងៃទី​៧ ខែមីនា​ ឆ្នាំ​២០២២​ផលិតករ​ភាពយន្ត​ទាំងអស់​នឹង​មិន​ខាត​បង់​ពេល​វេលា​ប្រសិន​បើពួកគេសុំការ​អនុញ្ញាត​ដោយផ្ទាល់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ផលិត​ស៉្បត​ពាណិជ្ជកម្ម​ថត​ភាពយន្ត​ឯកសារ​និងចម្រៀង​កាយវិការ​ផ្សេងៗ​នៅ​នាយកដ្ឋាន​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​បាន​យោង​ទៅតាម​អនុក្រឹត្យ​មួយ​ចុះថ្ងៃទី​៨ ខែ​វិច្ឆិកា​ឆ្នាំ២០១៦​ស្តីពី​«ការ​គ្រប់​គ្រង​ឧស្សាហកម្ម​ភាពយន្ត» ដែល​បាន​លើក​ឡើង​ថា​រាល់​ការ​ស្នើសុំ​ការ​អនុញ្ញាត​ថតភាព​យន្ត​ភាព​យន្ត​ឯកសារ​ ចម្រៀង​កាយ​វិការ​ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតករ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ផ្ទាល់​មក​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និងផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់​ព័ន្ធ​មាន​ជាអាទិ៍៖ លិខិត​ស្នើ​សុំ​ថត​អត្ថបទ​និពន្ធ​រឿង​ពិស្តារ​អត្ថបទ​សង្ខេប​ខ្លឹមសារ​កម្មវិធី​ទីកន្លែង​ថត។ល។

សេចក្តី​ប្រកាស​បាន​ថ្លែង​ក្នុងន័យ​ដើមថា៖ ​«ឯកសារ​ទាំង​នេះ​នឹង​សម្រួល​រាល់​ទម្រង់​នៃការ​ស្នើ​សុំ​ថត​ភាព​យន្ត​ភាពយន្ត​ឯកសារ ចម្រៀង​កាយ​វិការ​ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​ចៀស​វាង​ការ​ខាត​បង់​ពេល​វេលា​នៃការ​ស្នើសុំ​ដោយ​ប្រយោល​ឬដោយ​វិធី​ផ្សេង​តាម​រយៈអង្គភាព​ផ្សេងៗ​ទៀត»។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់​ថា​ខេមបូចា​ លោក​ ណុប​ វី​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា សេចក្តី​ណែនាំ​របស់​ក្រសួង​នឹង​មិន​ជួយ​កិច្ចការ​របស់​ផលិតករ​ភាពយន្ត​ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ទៅវិញទេ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពីក្រសួងពីអី​ហ្នឹង​វា​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នៃ​ការ​ផលិត​ហ្នឹង​មាន​ភាព​យឺតយ៉ាវ​ហើយ​វា​គឺ​ជា​ទម្រង់​នៃ​ការ​រឹតត្បិត​មួយ​សម្រាប់​ខ្ញុំ។ ពីព្រោះ​វាគឺ​ជា​សេរីភាព​នៃ​ការ​គិត​របស់​ផលិតករ​នីមួយៗ​ទេ។ បើសិន​ជា​គាត់​មាន​ការ​គិត​ពិចារណា​ច្នៃ​ប្រតិដ្ឋ​ក្នុង​មធ្យោ​បាយ​បែប​ណា​គឺ​ជា​សេរីភាព​របស់​គាត់​ទេ​កុំ​ឱ្យ​តែ​ដែល​ការ​រៀប​ចំ​ការ​ធ្វើ​ទាំង​អស់​ហ្នឹង​វារំ​លោភ​បំពាន​ទៅ​ដល់​ច្បាប់​អាហ្នឹង​បានវា​ខុស»។

អ្នក​ការពារសិទ្ធិ​សារព័ត៌មាន​រូប​នេះ​យល់ថា ការ​ចេញ​សេចក្តី​ណែនាំ​ខាង​លើ​មិន​មាន​ភាព​ចាំបាច់​ទេ​ខណៈកម្ពុជា​មាន​ច្បាប់​ពាក់ព័ន្ធ​សមល្មម​នឹង​ឆ្លើយតប​ទៅនឹង​សកម្មភាព​បំពាន​ណាមួយ​របស់​ផលិតករ។

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ លោក​ឡុង ប៉ុណ្ណាស៊ីរីវត្ថ​ប្រតិកម្មតប​ថា​អនុក្រឹត្យ​ខាង​លើមិនមែន​ជា​រឿង​ថ្មី​ទេ​ហើយក៏នឹង​មិន​បង្ក​ការរំខាន​ដល់​អ្នកកាសែត​ដែរ ដោយ​ថា​ អនុក្រឹត្យ​នោះ​មាន​វិសាលភាព ចម្បង​លើ​អ្នកផលិត​ភាព​យន្ត​ដូច​ជា​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​នឹង​ត្រូវ​បានតម្រូវ​ឱ្យបង្ហាញ​ពី​សេណារីយោ​ឬការ​រៀបចំ​ឈុត​ឆាក​សម្ដែង​ដល់​អាជ្ញាធរមាន​សមត្ថកិច្ច​នៅមុន​ការចាប់​ផ្តើម​ផលិតកម្ម។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារថា ប្រកាស​របស់​ក្រសួង​នាពេល​ថ្មីៗ​នេះ​គឺគ្រាន់តែ​ចង់​ជាការ​បញ្ជាក់​ជា​ថ្មីថា​ផលិត​ករ​ត្រូវ​មក​សុំការ​អនុញ្ញាត​ពីនាយកដ្ឋាន​ភាពយន្ត​ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ពេល​វេលា​ទៅស្នើសុំ​ស្ថាប័ន​ផ្សេង​ដែល​មិន​ទទួល​ខុស​ត្រូវ​ក្នុងផ្នែក​ភាពយន្ត​នេះ។

រូប​ឯកសារ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​នៅ​ភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
រូប​ឯកសារ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​នៅ​ភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​បញ្ជាក់​ថា៖ «យើង​សុំ​ថា ពេល​ដែល​គាត់​សុំហ្នឹង​ឱ្យ​គាត់​ដាក់​សេណារីយោ [ឆាក​]​ដាក់​កម្មវិធីថត​អី​នៅ​កន្លែង​ណាៗ​ឱ្យ​យើង​ដឹង​ផង ដើម្បី​យើង​អនុញ្ញាត​ទៅ​យើង​ធ្វើ​លិខិត​ព្រោះ​អាហ្នឹង​វា​កាតព្វកិច្ច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​យល់​អញ្ចឹង។ ពេលខ្លះ​មាន​ដែរ​ គាត់​មក​អញ្ចឹង​ទៅ​គាត់​ទៅ​តាម​រយៈ ជួនកាល​គាត់​បរទេស​គាត់​ហ្នឹងមក​តាម​រយៈ​ការ​បរទេស​អញ្ចឹង​ទៅ។ ក្រសួង​ការ​បរទេស​គាត់​ធ្វើ​សុំ​មក​ក្រសួង​ដើម្បី​អនុញ្ញាត​ឱ្យ​ចឹង​បន្ត​មួយ​គន្លាក់​ទៀត​ទៅ។ ជួន​កាល​មក​ទៅ​តាម​រយៈ​ក្រសួង​ណា​ទេសចរណ៍​ឬ​ក្រសួង​ព័ត៌មាន​អី​ទៀត​ទៅ​គាត់​អន្តរាគមន៍​មក​យើង​យើង​អនុញ្ញាត​ឱ្យ​ថត​អញ្ចឹង​ទៀត​ទៅ។ល។ និង។ល។»។

លោក​បន្ថែមថា៖ «ហើយ​ខ្លះ​ទៀត​ឧបមា​ដូច​ពួក​សារព័ត៌មាន​ខ្លីៗ​អីពាក់​ព័ន្ធ​ដូច​ប្អូន​និយាយ​មិញ​ហ្នឹង​គឺ​ជា​ច្បាប់​សារព័ត៌មាន​ឬមួយ​ខាង​ណា​ដែលវាផុត​ពី​រឿង​ខ្សែភាព​យន្ត​វែងៗ​ឧបមា​បទយកការណ៍​ អី​ខ្លីៗ អា ហ្នឹង​ក្រសួង​ព័ត៌មាន។ អាហ្នឹង​វា​មិនមែន​ភាពយន្ត​ទេ»។​

ការ​ដាក់​បញ្ចាំង​ឬផលិត​ខ្សែ​ភាពយន្ត​មួយចំនួន​នៅប្រទេស​កម្ពុជា​ត្រូវបាន​មើល​ឃើញ​ថា​មាន​ភាព​ចម្រូងចម្រាស​នៅពេល​ដែល​ខ្សែ​ភាពយន្ត​នោះ​ធ្វើ​ឡើង​ដោយ​មិន​បាន​សុំ​សិទ្ធិ​ស្រប​ច្បាប់​សម្រាប់​ការ​ផលិត​ពី​អាជ្ញាធរ​កម្ពុជា។ តួយ៉ាង​ខ្សែភាព​យន្ត ដែលមាន​ចំណង​ជើង​ថា​«នរណា​សម្លាប់​ជា វិជ្ជា» ដែល​ជា​ស្នាដៃ​របស់​ពលរដ្ឋ​អាមេរិកាំង​លោក​Bradley Cox​បាន​ប្រឈម​មុខ​នឹង​ការ​រារាំង​ពី​អាជ្ញាធរ​កម្ពុជាមិន​ឱ្យ​ចាក់​បញ្ចាំង​ក្រោម​ហេតុផល​ថា​ខ្សែ​ភាពយន្ត​ផលិត​ឡើង​ដោយ​មិន​មាន​ការ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា។

ផលិតករ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​លោក​ ឆាយ បូរ៉ា​ ​ បាន​និយាយថា​ក្នុងការ​ស្នើសុំ​ផលិត​ភាព​យន្ត​ខ្នាត​ធំ​ដែល​ផ្សាភ្ជាប់​នឹង​បញ្ហា​សង្គម​និង​នយោបាយអាជ្ញាធរ​ដែល​ទទួល​បន្ទុក​កិច្ចការ​ផលិត​ភាពយន្ត​រមែង​តែ​ស្នើ​សុំពិនិត្យ​មើល​ខ្លឹមសារ​សាច់​រឿង​ជា​មុន​ដើម្បី​វាយ​តម្លៃថា​ផ្នែក​ណា​ដែល​អាច​ថតបាន​ឬ​ចំណុច​ណា​ដែល​គួរ​រំលងនោះ។​

​លោក​បញ្ជាក់​ថា៖ «កាល​ណា​យើង​សុំ​ទៅ​គេ​ទាម​ទារ​សង្ខេប​រឿង​ហ្នឹង​បើយើង​ថត​កុន​ខ្នាត​ធំ​គេ​ទាមទារ​អត្ថបទ​រឿង​ហ្នឹង​ទៀត។ អញ្ចឹង​គេ​មាន​គណៈកម្មការ​គេពិនិត្យ​មើល​ខ្លឹម​សារ​ឱ្យ​យើង​កែ​កន្លែង​ណា​ប៉ះពាល់​ច្រើន​ពេក​ដល់​កន្លែង​គេ​ដែល​មិន​ចង់​ឱ្យ​និយាយ​អាហ្នឹង​យើង​គេ​តម្រូវ​ឱ្យ​កាត់​ចោល​អញ្ចឹង»។​

​បើ​តាម​លោក ​ឆាយ​ បូរ៉ា​ ការ​សុំលិខិតអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈអាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ថត​ដោយ​ក្រុមអ្នក​ផលិត​ភាព​យន្ត​នឹង​មិន​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន។ យ៉ាង​ក៏​ដោយ​លោក​ថា​ នៅ​ប្រទេស​ជិតខាង​កម្ពុជា​ ដូចជា​ថៃ​មិន​បាន​តម្រូវ​ឱ្យ​ផលិតករ​សុំការ​អនុញ្ញាត​បើ​សិន​ជា​ការ​ផលិត​ខ្សែ​ភាពយន្ត​នោះ​មិន​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​ថ្លែង​ថា៖​ «តាម​ដឹង​នៅថៃ​អី​មិនតម្រូវ​ឱ្យមាន​ការ​សុំ​ហ្នឹងទេ​យើង​ថត​ខ្នាត​តូច​ល្មមៗ កុំ​ឱ្យ​តែ​ពាក់​ព័ន្ធនឹង​បិទផ្លូវអាហ្នឹង ​ត្រូវ​តែ​សុំ​អាជ្ញាធរ​គេ​ព្រោះ​តែសុំ​គេ​នៅ​ថៃ​គេ​មាន​ប៉ូលិស​ក្រសួង​អី​មក​ធ្វើ​ចរាចរណ៍​ឱ្យ​យើង»។

អតីត​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​រូបនេះ​ឱ្យដឹង​ទៀតថា​ បើសិន​ការផលិត​កុន​ឬភាពយន្ត​មាន​រយៈ​ពេល​ខ្លីៗ ផលិត​ករ​អាចនឹង​មិន​ត្រូវ​តម្រូវ​ឱ្យ​សុំការ​អនុញ្ញាត​ពីក្រសួង​នោះទេ។

ដោយ​ឡែក​លោក​អំ សំអាត​នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​យល់​ថា​ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​មាន​ភាព​សម​ស្រប​សម្រាប់​ដំណើរការ​ផលិត​ភាពយន្ត​ដើម្បីរក​ប្រាក់​ចំណេញ​ដូច​ជា​វីដេអូ​ខារ៉ាអូខេ​ (Karaoke) ជាដើម​ ប៉ុន្តែ​លោក​បារម្ភ​អំពីការ​បកស្រាយ​ផ្ទុយ​ពី​អនុក្រឹត្យ​ដែល​អាច​បង្កការ​លំបាក​ដល់​អ្នកដែល​ចងក្រង​ភាពយន្ត​ឯកសារ​ទាក់ទិន​ការ​អប់រំ​និង​សកម្មភាព​សាធារណៈ​ជាក់​ស្តែង​ផ្សេងៗ៕

XS
SM
MD
LG