ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដែលមានប្រវត្តិដ៏យូរលង់មកហើយ ត្រូវបានក្លាយជាប្រធានបទនៃពិព័រណ៌ដ៏ធំមួយនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា (California Science Center) ក្នុងភាគខាងលិចសហរដ្ឋអាមេរិក នាឆ្នាំនេះ។
ពិព័រណ៌ «Angkor: The Lost Empire of Cambodia» ឬជាភាសាខ្មែរ «អង្គរ៖ អាណាចក្រដែលកប់បាត់របស់កម្ពុជា» ត្រូវបានសម្ពោធឲ្យសាធារណជនទិញសំបុត្រចូលទស្សនា នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១៦ ខែកុម្ភៈកន្លងទៅ។ ពិព័រណ៌បំពាក់ដោយបច្ចេកវិទ្យាទំនើបនេះមាន ដាក់បង្ហាញប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃអាណាចក្រអង្គរស្ថាបត្យកម្ម អច្ឆរិយ្យរូបសំណាកបែបសាសនាដែលមានអាយុកាលរាប់រយឆ្នាំ និងកំណាយវត្ថុបុរាណរបស់ក្រុមបុរាណវិទូនៅជំុវិញប្រាសាទអង្គរវត្ត។
អ្វីដែលពិសេសក្នុងពិព័រណ៌ដ៏កម្រមួយនេះ គឺការដាក់តាំងវត្ថុបុរាណដ៏មានតម្លៃ ដែលឆ្លុះបង្ហាញពីវប្បធម៌ និងអច្ឆរិយ្យនៃស្ថាបត្យកម្មរបស់កម្ពុជានាយុគសម័យអង្គរប្រមាណ ១២០។ ក្នុងនោះស្ទើរតែពាក់កណ្តាលត្រូវបានដាក់បង្ហាញជូនសាធារណជនជាលើកដំបូងផងដែរ។
បន្ថែមលើនេះ ភាពយន្តឯកសារចំណងជើងថា «Angkor 3D: The Lost Empire of Cambodia» ដែលពណ៌នាអំពីប្រវត្តិដើមកំណើតភាពអស្ចារ្យនៃស្ថាបត្យកម្មប្រាង្គប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីខ្មែរ ភាពរុងរឿងរបស់អាណាចក្រអង្គរ និងមូលហេតុនៃការធ្លាក់ចុះរបស់អាណាចក្រដ៏អស្ចារ្យមួយនេះ ត្រូវបានចាក់បញ្ចាំងដោយបច្ចេកវិទ្យាភាពយន្តខ្នាតធំ IMAX និង 3D ពិសេស ដែលអនុញ្ញាតឲ្យអ្នកទស្សនាហាក់ដូចជាចូលទៅមើលក្នុងអាណាចក្រអង្គរផ្ទាល់។
តាមរយៈភាពយន្តឯកសារនេះ អ្នកទស្សនាអាចឈ្វេងយល់ដឹងអំពីអច្ចរិយ្យនៃអាណាចក្រខ្មែរក្នុងចន្លោះសតវត្សរ៍ទី ៩ និងសតវត្សរ៍ទី ១៥ និងបញ្ហាខ្លះៗ ដូចជាការប្រែប្រួលអាកាសធាតុជាដើម ដែលក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបុរាណវិទ្យាបានចាត់ទុកថាជាដើមហេតុបណ្តាលឲ្យមានការធ្លាក់ចុះនៃអាណាចក្រអង្គរដ៏មហិមាមួយនេះ នាចុងសតវត្សរ៍ទី ១៦។ អ្នកទស្សនាក៏បានឃើញទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងអំឡុងពេលនោះ រួមទាំងការប្រតិបត្តិប្រពៃណីសាសនាផងដែរ។
ខ្សែភាពយន្តដែលមានរយៈពេលប្រមាណ ៤០ នាទីនេះ ត្រូវបានដឹកនាំផលិតដោយលោក Murray Pope និងផលិតឡើងដោយក្រុមហ៊ុន Definition Films, Helio Projects Asia និង K2 Studios សម្រាប់ពិព័រណ៌ «Angkor: The Lost Empire of Cambodia» នេះ។
បើតាមការចែករំលែកតាមបណ្តាញសង្គម អ្នកទស្សនាពិព័រណ៌នេះខ្លះបានបង្ហាញពីភាពស្ងប់ស្ងែងនិងអារម្មណ៍រំភើបរបស់ខ្លួន ដែលបានឃើញទិដ្ឋភាពនៃអច្ឆរិយ្យដ៏អស្ចារ្យមួយរបស់ខ្មែរកាលពីអតីតកាល តាមរយៈវត្ថុបុរាណដ៏មានតម្លៃរបស់កម្ពុជា និងភាពយន្តឯកសារដែលពណ៌នានិងបង្ហាញអំពីប្រវត្តិសាស្ត្រនៃអាណាចក្រអង្គរយ៉ាងល្អិតល្អន់។
គណនីយ Instagram សាធារណៈមួយ (@cambfromnothing) បានសរសេរថា៖ «ខ្ញុំនិងក្រុមគ្រួសារពិតជារំភើបណាស់ដែលបានទស្សនាពិព័រណ៌ «Angkor: The Lost Empire of Cambodia» និងភាពយន្តខ្នាតធំ IMAX «Angkor 3D»។ តាមរយៈវត្ថុបុរាណចំនួន ១២០ ដែលពាក់កណ្តាលត្រូវបានដាក់តាំងជាលើកដំបូងនៅក្រៅប្រទេសកម្ពុជា និងការតាំងពិព័រណ៌នានា យើងបានដឹងអំពីភាពរុងរឿងនិងភាពខ្ទិចខ្ទាំនៃអាណាចក្រអង្គរ និងកេរតំណែលដ៏យូរអង្វែងនៃអាណាចក្រនេះផងដែរ»។
ពិព័រណ៌ដ៏ធំនិងកម្រមួយនេះនឹងបន្តបើកជូនជាសាធារណៈរហូតដល់ជិតពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា ជាទីកន្លែងតាំងពិព័រណ៌និងមជ្ឈមណ្ឌលធនធានស្រាវជ្រាវមួយ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ និងជនអន្តោប្រវេសន៍ខ្មែរប្រមាណ ៣ សែន ៤ ម៉ឺននាក់ រស់នៅច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក៕