ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ


លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុនឌី ​ជា​សកម្មជន​​បរិស្ថាន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ឃុំ​ខ្លួន​ពុំ​សម​ហេតុ​ផល​អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ ទាក់​ទិន​នឹង​បទចោទ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​ (រូបថតដោយចលនាមាតាធម្មជាតិ)
លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុនឌី ​ជា​សកម្មជន​​បរិស្ថាន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ឃុំ​ខ្លួន​ពុំ​សម​ហេតុ​ផល​អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ ទាក់​ទិន​នឹង​បទចោទ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​ (រូបថតដោយចលនាមាតាធម្មជាតិ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២២​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​អង្គារ​ ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុនឌី ​ជា​សកម្មជនបរិស្ថាន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​ ដែល​ទើប​តែ​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហាផ្ទៃ​នា​ពេល​ថ្មីៗនេះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា​ ​សកម្មជន​បរិស្ថាន​ទាំងពីរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ពុំ​សម​ហេតុ​ផល​អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ ទាក់​ទិន​នឹង​បទចោទ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​

សកម្មជន​ទាំងពីរ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តកោះកុង​ សាកសួរ​ដោយ​ពុំមាន​វត្តមាន​មេធាវី​ និង​បន្ទាប់​មក​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រែកស្វាយ​ ខេត្តកោះកុង។ ពួកគេទាំង​ពីរនាក់​ ក្រោយ​មក​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»​ និង​បទ​ «ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល‍»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បានលើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​តាម​ន័យ​ដើមថា៖​ «​យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា​ តាម​រយៈ​ការ​ដោះលែង​លោក​ ហ៊ុន​ វណ្ណៈ​ និង​លោក​ ឌឹម​ គុនឌី​ និង​ធានា​ការ​គោរព​ពេញ​លេញ​ចំពោះ​ការ​សន្មត់​ជាមុន​ថា​ គ្មាន​ទោស​ និង​សិទ្ធិទទួលបាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដទៃ​ទៀត។​ យើងខ្ញុំ​ក៏សូម​ស្នើ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាំង​នេះ​ និង​ផ្តល់​សំណង​សមរម្យ​ទៅដល់​លោក​ ឌឹម​ គុណ​ឌី​ និង​លោក​ ហ៊ុន​ វណ្ណៈ​ ដើម្បី​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការ​ដក​ហូត​សេរីភាព​របស់​ពួកគាត់​តាម​អំពើ​ចិត្ត»។

ការ​ឃាត់​ ​និង​ការ​ឃុំខ្លួន​យុវជន​ទាំង​ពីរ​នាក់​នោះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​កាលពី​ថ្ងៃទី​១១​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៧​ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ ​ឬ​ខ្សាច់​ស​ ​ទៅ​កោះ​តៃវ៉ាន់​ចំនួន​ជាង​១​លានតោន​ ​ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក។​ ​ក្នុង​វីដេអូ​នោះ ​ពួក​គេ​ក៏​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ស៊ុយ សែម​ ​ពិចារណា​ចុះ​ចេញ​ពី​តំណែង​ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​ថ្មី​ផ្សេង​ទៀត​ស្ដារ​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​ឡើង​វិញ។​

តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២២​ដដែល​នោះ​ បាន​ឲ្យ​ដឹង​ថា​ មាន​សេចក្តី​រាយការណ៍​ថា​ ការ​ចាប់​ខ្លួន​លោក​ ឌឹម​ គុណ​ឌី​ និង​លោក​ ហ៊ុន​ វណ្ណៈ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​បណ្តឹង​ចោទថា​ បាន​រំលោភ​លើសិទ្ធិ​ខាង​រូបភាព​បុគ្គល​ និង​ញុះញង់​របស់​លោក​ លី យ៉ុង​ផាត់​ ជា​អ្នក​ជំនួញ​ម្នាក់​ដ៏​មាន​ឥទ្ធិពល​បំផុត​ និង​មាន​ទំនាក់​ទំនង​សិ្នទ្ធ​ជាមួយ​អ្នក​មាន​អំណាច​នៅកម្ពុជា។​ លោក​ លី យ៉ុង​ផាត់​ ជាម្ចាស់​ក្រុមហ៊ុន​ អ៊ិល​វ៉ាយភី គ្រុប​ និង​ជាសមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាបក្ស​កាន់​អំណាច៕

XS
SM
MD
LG