ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កោដ្ឋ​ដែល​​ខ្មែរ​ក្រហម​មិន​បាន​បំផ្លាញ​មិនមាន​សាច់​ញាតិ​មក​ទទួល


រូបថត​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​​នេះ​បង្ហាញ​ កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ភាគ​ច្រើន​នៃ​កោដ្ឋ​ទាំង​នោះ​ពុំទាន់​មាន​បង​ប្អូន​សាច់​ញាតិ​របស់​អ្នក​ដែល​ស្លាប់​មក​យក​នៅ​ឡើយ​ទេ។​

ព្រះ​សង្ឃ​នៅ​វត្ត​លង្កា​បាន​យកកោដ្ឋទាំងនោះ​មក​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​បំណង​ឲ្យសាច់ញាតិ​របស់​អ្នក​ដែល​ស្លាប់​ មក​យក​កោដ្ឋ​ទាំង​នោះត្រឡប់​ទៅផ្ទះ​របស់​ពួក​គេ​វិញ។​ កោដ្ឋ​ទាំង​នោះ​ធ្វើ​ពី​ស្ពាន់​ ដីឥដ្ឋ​ ឬ​ប្រាក់។ ​មាន​កោដ្ឋ​ខ្លះ​ត្រូវ​បាន​រុំខ្ចប់​នឹងក្រណាត់​ស។​ កោដ្ឋ​ទាំង​នោះ​ត្រូវ​បាន​គេ​ទុក​នៅ​ក្រោម​រូប​ព្រះ​បដិមា​ដ៏​ធំ​មួយ​នៅ​ក្នុង​វត្ត​នេះ។ ​កោដ្ឋ​ទាំង​នោះ​ប្រហែល​ជា​ត្រូវ​បាន​គេ​ទុក​ ឬ​ផ្ញើ​នៅ​ទី​នោះ​នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច ​ហើយ​ ជម្លៀស​ប្រជា​ជន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​១៩៧៥។​

លោក​កេង ម៉េងឡុង ​អតីត​សង្ឃ​នៅ​វត្ត​នេះ​ក្នុង​ឆ្នាំ​១៩៩១​ បន្ទាប់​ពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ បាន​និយាយ​ថា នៅ​ពេល​គាត់​មក​ស្នាក់​នៅ​វត្ត​លង្កា​ គាត់​បាន​ឃើញកោដ្ឋ​នៅ​ទី​នោះ​រួច​ទៅ​ហើយ។ ​នៅ​ក្នុង​បទ​សំភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ លោក​កេង​ ម៉េងឡុង​ ​ដែល​ឥឡូវ​ជា​អ្នក​រត់​រឺម៉កកង់​បីនៅ​មុខ​វត្ត​នេះ ​បាន​និយាយ​ថា ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​ជួយ​រក​កោដ្ឋ​ឲ្យសាច់​ញាតិ​របស់​អ្នក​ដែល​ស្លាប់​បាន​មួយ​ចំនួន។​

លោក​កេង​ ម៉េងឡុង​បាន​និយាយ​ថា៖​ «នៅ​ពេល​នោះ​ ខ្ញុំ​ជា​លោក​នេន។​ ព្រះ​សង្ឃ​គ្រូតា​បាន​ប្រាប់​ឲ្យខ្ញុំជួយ​រក​កោដ្ឋ​ឲ្យ​សាច់​ញាតិ​ ដែល​មក​ស្វែង​រក​កោដ្ឋ​សាច់​ញាតិ»។​

លោក​បាន​បន្ថែម​ថា៖​«ខ្ញុំ​ធ្លាប់​រក​ឃើញ​កោដ្ឋ​ឲ្យពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​មក​រក​ធាតុ​ឪពុក។ គេជូន​លុយ​ឲ្យខ្ញុំ​បាន​២០​ដុល្លារ»។​

លោក​បាន​និយាយ​ថា​ កោដ្ឋ​ខ្លះ​រុំ​ខ្ចប់​យ៉ាង​ស្អាត​ភ្ជាប់​ជា​មួយ​នឹង​ក្រដាស​បិទ​ឈ្មោះ​សម្គាល់​ តែ​ពុំមាន​នរណា​ម្នាក់​មក​រក​ឡើយ។​ កោដ្ឋ​ខ្លះមាន​សរសេរ​អក្សរ​ពី​លើ។ ​កោដ្ឋ​ខ្លះ​ទៀត​មាន​ក្រដាស​សរសេរ​ឈ្មោះ​បិទ​ភ្ជាប់​ជា​មួយ។ខ្លះ​ទៀត​បាក់បែក​និង​បាត់​ក្រដាស់​សម្គាល់​អត្ត​សញ្ញាណ។ ​ពេល​ខ្លះ​បង​ប្អូន​សាច់​ញាតិ​របស់​អ្នក​ដែល​ស្លាប់​មក​រក​កោដ្ឋ​ តែ​មិន​អាច​មើល​ដឹង​ថា ​កោដ្ឋ​មួយ​ណា​ជា​កោដ្ឋ​របស់​សាច់​ញាតិ​ខ្លួនទេ ​ព្រោះបាត់​អត្ត​សញ្ញាណ។​

លោក ​ឆាំង​ យុ​ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ដើរ​មើល​បន្ទប់​ទាំង​បី​ដែល​ជា​កន្លែង​ទុក​កោដ្ឋ​ទាំង​អស់។​

លោក​ឆាង​ យុ ​បាន​និយាយ​ថា ​កោដ្ឋ​ទាំង​នោះ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ទី​នោះ ​នៅ​ពេល​ដែល​ប្រជាជន​ចាកចេញ​ពី​ទី​ក្រុង។​ នៅ​ពេល​នោះ ​ប្រជាពល​រដ្ឋទំនង​ជា​គិត​ថា ​មានតែ​វត្ត​ទេ​ ដែល​ជា​កន្លែង​អាច​រក្សា​កោដ្ឋ​បាន​ល្អ​ជាងពួក​គេ​ ហើយ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​សង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ដើម្បី​ប្រមូល​កោដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

លោក​បាន​សរសេរ​នៅ​ក្នុងសារអេឡិច​ត្រូនិក​មួយ​ថា៖​ «៤០​ឆ្នាំ​ក្រោយ​មក មាន​តែ​អ្នក​រស់រាន​មាន​ជីវិត​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ​ដែល​ត្រឡប់​មក​វិញ»។​

ក្នុង​រូបថត​ថត​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​នេះ រូបថត​បុរស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្បែរ​កោដ្ឋ​ជាង​១០០​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
ក្នុង​រូបថត​ថត​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​នេះ រូបថត​បុរស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្បែរ​កោដ្ឋ​ជាង​១០០​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ចាប់​ពី​ពេល​នោះ​មក ​កោដ្ឋ​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត។ ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​នេះ​ត្រូវមើល​ថែ​ និង​ជួយ​ប្រជា​ពលរដ្ឋ​រក​កោដ្ឋ​របស់​សាច់​ញាតិ​ដែល​បាន​ស្លាប់​ទៅ។​ លោក​តា​ស្រី​ យ៉េង ​ដែល​ជា​អាចារ្យ​ម្នាក់​នៅ​ក្នុង​វត្ត​នេះ​តាំង​ពី​ឆ្នាំ​១៩៩៩​ បាន​និយាយ​ថា ​គាត់​បាន​ជួយ​រក​កោដ្ឋ​ឲ្យមនុស្ស​២​នាក់​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ ដែល​បាន​មក​ពឹង​គាត់​ ឲ្យជួយ​រក​កោដ្ឋ​ឲ្យពួក​គេ។

លោកតា​ស្រី​ យ៉េង​បាន​និយាយ​ថា៖​ «អ្នក​ខ្លះ​រក​កោដ្ឋ​របស់​ឪពុក​ម្តាយ​គាត់​អត់​ឃើញ​គាត់​ ទ្រហ៊ោ​យំ។ ​គាត់​យំ​ហើយ​និយាយ​សូមទោស ​ដែល​គាត់​រក​កោដ្ឋ​ឪពុក​ម្តាយ​របស់​គាត់​មិន​ឃើញ។ ​គាត់​អុច​ធូបនិយាយ​សូមទោស​ទៅ​ឪពុក​ម្តាយ​ដែល​បាន​ស្លាប់​ ឲ្យអភ័យ​ទោស​ដល់​គាត់​ដែល​គាត់​រក​កោដ្ឋ​មិន​ឃើញ​ ហើយ​សូម​ឲ្យជួយ​ថែ​រក្សា​គាត់»។​

ព្រះតេជ​ព្រះគុណ​ផាន់ ​ចាន់​តារា​ជា​គ្រូ​សូត្រ​ឆ្វេង​ប្រចាំ​វត្ត​លង្កា​ បាន​មាន​សង្ឃដីកាថា ​ព្រះអង្គមិន​បាន​ដឹង​ថា​ ​កោដ្ឋ​នៅ​ក្នុង​វត្ត​នោះ​រហូត​ដល់​ព្រះអង្គបាន​ឡើង​ឋានៈ​ជា​អនុ​ប្រធាន​វត្ត​ បើទោះ​ជាព្រះអង្គជា​ព្រះ​សង្ឃ​ដែល​បាន​គង់នៅ​ទី​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​ក៏​ដោយ។​ ព្រះអង្គដឹង​អំពី​កោដ្ឋ​ទាំង​នោះ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ស្នើ​សូម​ឲ្យមន្ត្រី​វត្ត​ជួយ​រក​កោដ្ឋ​ឲ្យពួក​គេ។​ ព្រះអង្គមាន​សង្ឃដីកា​ថា​ នៅ​ពេល​ចុង​ក្រោយ​នេះ​ពុំមាន​អ្នកណា​មក​រក​កោដ្ឋ​នោះ​ទេ។​

លោក​តា​ស្រី​ យ៉េង​បាន​បញ្ជាក់​ពី​សង្ឃដីកា​របស់​តេជ​ព្រះគុណគ្រូ​សូត្រ​ឆ្វេងយ៉ាង​ដូច្នេះ​ថា៖​ «អត់​ឃើញ​មាន​មនុស្ស​មក​សួរ​រក​កោដ្ឋ​ទេ​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។

ដោយ​ការ​ដាក់​កោដ្ឋ​ទាំង​នេះ​បង្ហាញ​ជា​សាធារណៈ ​ព្រះសង្ឃ​សង្ឃឹម​ថា​ នឹង​មាន​អ្នក​ផ្សេងៗ​ទៀត​មក​យក​កោដ្ឋ​ទៅ​ទុក​នៅ​កន្លែង​សមរម្យ៕

XS
SM
MD
LG