ក្រុមអ្នកនយោបាយខ្មែរ បានផ្ដល់ការយល់ឃើញខុសៗគ្នាចំពោះការបង្ក្រាបទៅលើក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីដើមខែវិច្ឆិកានេះ។
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតដែលបង្ហាញថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ទទួលជ័យជម្នះក្នុងការបោះឆ្នោត នឹងត្រៀមចូលកាន់កាប់តំណែងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពលរដ្ឋអាមេរិកាំងស្ទើរតែទូទាំងសហរដ្ឋអាមេរិកបានចេញដើរតាមផ្លូវមិនទទួលស្គាល់លោកត្រាំ។
ការតវ៉ារបស់ពួកគេផ្ដោតលើការប្រកាន់ជាតិសាសន៍ និងបញ្ហាជនភៀសខ្លួន។
បាតុកម្មតវ៉ាប្រឆាំងនឹងជោគជ័យរបស់លោកត្រាំ បានឈានដល់សប្ដាហ៍ទី២ហើយ។ ចាប់តាំងពីបាតុកម្មបានកើតឡើង សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ក្រុមប៉ូលីសបានធ្វើការបង្ក្រាបនៅទីកន្លែងមួយចំនួន ដែលក្រុមបាតុករបានប្រើហិង្សា ហើយមានមនុស្សរាប់រយត្រូវបានចាប់ខ្លួន តែមិនទាន់មានសេចក្ដីរាយការណ៍បញ្ជាក់អំពីការស្លាប់របស់ក្រុមបាតុករនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ VOA កាលពីថ្ងៃអង្គារថា ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា មិនបានបញ្ចេញប្រតិកម្ម ចំពោះការបង្ក្រាបទៅលើក្រុមបាតុករនៅសហរដ្ឋអាមេរិកនោះទេ។
លោកថា ការបង្ក្រាបទៅលើក្រុមជ្រុលនិយមដែលប្រឆាំងនឹងការឈ្នះឆ្នោតរបស់លោកត្រាំ គឺជាការត្រឹមត្រូវសម្រាប់ការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
លោកបន្ថែមថា ហេតុការណ៍នេះក៏ធ្លាប់បានកើតឡើងនៅប្រទេសកម្ពុជាផងដែរ។
«កម្ពុជាដាក់ស្អីបន្តិច គឺថាវាខុសទាំងអស់ហ្នឹង។ ឥឡូវហ្នឹង ឮថា អង្គការសង្គមស៊ីវិលនៅកម្ពុជាអត់ហ៊ានវាយតម្លៃ អត់ហ៊ានបញ្ចេញមតិចំពោះព្រឹត្តិការណ៍កើតឡើងនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ យើងមើលឃើញទាំងអស់គ្នា លោក ដូណាល់ ត្រាំ ទាំងលោក អូបាម៉ា ទាំងលោកស្រី គ្លីនតុន គាត់ទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏ប៉ុន្តែអ្នកជ្រុលនិយមមួយចំនួន គឺថានៅតែតវ៉ាបាតុកម្មដែលធ្វើឲ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ហើយនិងឯកជន។ ហើយដល់ប៉ូលិសបង្ក្រាបទៅ វាដូចជាអត់មាននរណាគេថាប៉ូលិសហ្នឹង រំលោភសិទ្ធិមនុស្សទេ»។
លោកបានហៅក្រុមបាតុករទាំងនោះថា ជាក្រុមសំឡេងភាគតិច ដែលមិនព្រមទទួលស្គាល់ការពិតនៃលទ្ធផលដែលកើតចេញពីការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។
«លទ្ធផលចេញមកហើយ មូលហេតុអីមិនទទួលស្គាល់ ទៅតាមចិត្តយើងចង់ម៉េចបានអាហ្នឹង។ ប្រជាពលរដ្ឋគេ យកមតិភាគច្រើនហ្នឹងហើយនៅក្នុងលទ្ធិប្រជាធិបតេយ្យ។ បើភាគតិចប្រឆាំងមតិភាគច្រើនទៅហើយ តើយើងឲ្យគាត់បណ្ដែតបណ្ដោយធ្វើអ្វីផ្ដេសផ្ដាសទៀតកើតទេ?»
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton បានទទួលស្គាល់លទ្ធផលឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយចុះចាញ់លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដោយបានថ្លែងថា លោកស្រីសង្ឃឹមថា លោកត្រាំ នឹងក្លាយខ្លួនជាប្រធានាធិបតីដ៏ជោគជ័យមួយរូបសម្រាប់ពលរដ្ឋអាមេរិកាំងគ្រប់រូប។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ VOA នៅថ្ងៃពុធនេះថា ការតវ៉ារមែងតែកើតមាននៅក្នុងប្រទេសប្រជាធិបតេយ្យ។
ក៏ប៉ុន្តែលោកអះអាងថា ការបង្ក្រាបទៅលើក្រុមបាតុករអហិង្សា មិនមែនជាជម្រើសរបស់រដ្ឋាភិបាលដែលគោរពតាមគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។
«យើងយល់ថា ការបង្ក្រាបទៅលើជនឆ្លៀតឱកាស ដែលបង្កហិង្សា ឬក៏បំផ្លាញសម្បត្តិឯកជន ឬសម្បត្តិសាធារណៈ នោះជាករណីកិច្ចមួយរបស់អាជ្ញាធរ ក៏ប៉ុន្តែការបង្ក្រាបជាលក្ខណៈទូទៅទៅលើប្រជាពលរដ្ឋដែលសម្ដែងមតិគឺជារឿងមួយដែលយើងមិនគាំទ្រទេបាទ»។
លោកមិនអាចព្យាករណ៍ជាមុនបានថា កម្ពុជាអាចជួបហេតុការណ៍ស្រដៀងគ្នានៅសហរដ្ឋអាមេរិកនោះនៅឡើយទេ ហើយគណបក្សប្រឆាំងក៏នឹងមិនទាន់អាចបញ្ជាក់បានថា ការចេញដើរតវ៉ា តាមដងផ្លូវ អាចនឹងត្រូវធ្វើឡើងម្ដងទៀត នៅក្រោយពេលចេញលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨ ដូចគ្រាក្រោយពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
«យើងយល់ឃើញថា ទៅតាមបទបញ្ជាច្បាប់ស្ដីពីការបោះឆ្នោត រួមទាំង គ.ជ.ប ថ្មី យើងនឹងតាមដានឃ្លាំមើល យើងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោត»។
(ចុចមើលកម្រងរូបភាពខាងក្រោម)
លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែងជាប្រធានាធិបតីស្របច្បាប់នៅខែមករា ឆ្នាំ២០១៧ បន្ទាប់ពីលោក បារ៉ាក់ អូបាមា ប្រធានាធិបតីអាមេរិកបច្ចុប្បន្នបញ្ចប់អាណត្តិជាប្រធានាធិបតីរបស់លោកនៅក្នុងខែមករាដដែលនោះ។
លោក សាម អ៊ិន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ VOA ថា ក្នុងដំណាក់កាលនេះ ពលរដ្ឋអាមេរិកាំងមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់លោក ត្រាំ ដោយសំអាងថា សង្គមដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដមិនអាចបិទសិទ្ធិពលរដ្ឋខ្លួន ក្នុងការប្រមូលផ្ដុំ និងតស៊ូមតិនោះទេ។
លោកលើកឡើងថា ក្រុមប៉ូលិសក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីបង្ក្រាបទៅលើក្រុមបាតុករណាដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រុលដែនកំណត់ ដូចជាការបំផ្លិចបំផ្លាញសម្បត្តិសាធារណៈជាដើម។
«យើងសង្កេតឃើញ នៅសហរដ្ឋអាមេរិក វាមានការបង្ក្រាបដោយសារតែបាតុករហ្នឹងគាត់មានការប្រើប្រាស់អំពើហិង្សាមួយចំនួនក្នុងការបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់គេ។ អញ្ចឹងហើយ ប៉ូលិសត្រូវមានកាតព្វកិច្ចការពារទ្រព្យសម្បត្តិឯកជន ហើយការពារសណ្ដាប់ធ្នាប់សាធារណៈ»។
លោកបន្តថា នៅប្រទេសកម្ពុជា ក្រុមអាជ្ញាធរមានសមត្ថកិច្ចក្នុងកាលៈទេសៈខ្លះបានធ្វើការបង្ក្រាបអ្នកតវ៉ាអហិង្សា ដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងជាការរំលោភបំពានលើសិទ្ធិតវ៉ា។
«ដោយឡែកនៅប្រទេសខ្មែរ យើងមានឃើញបញ្ហាមួយចំនួន នៅពេលដែលបាតុករធ្វើការតវ៉ាដោយសន្តិវិធី ហើយរដ្ឋាភិបាលប្រើកម្លាំងប៉ូលិសទៅបង្ក្រាប យើងគិតថា ជារឿងមិនត្រឹមត្រូវទេ។ ប៉ុន្តែ បើសិនជាគាត់ប្រើប្រាស់អំពើហិង្សា ក៏ប៉ូលិសខ្មែរយើងក៏មានភារកិច្ច និងកាតព្វកិច្ច ដូចប៉ូលិសនៅអាមេរិកដែរ គឺគាត់ត្រូវតែរក្សាសណ្ដាប់ធ្នាប់ ក៏នឹងការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋដែរ»។
ការតវ៉ាប្រឆាំងនឹងជ័យជម្នះលោក ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើឡើងបន្តទៅមុខទៀត រហូតដល់ពេលលោក ត្រាំ ចូលកាន់ដំណែងជាប្រធានាធិបតីស្របច្បាប់ពេញទីនៅសេតវិមាន។
ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមបាតុករ ក្រុមអ្នកនយោបាយយល់ឃើញស្របគ្នាថា ក្រុមដែលបង្កហិង្សា និងអនាធិបតេយ្យ មិនអាចគេចផុតពីការចាប់ខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ចបានទេ។
ក្រោយពីការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៣ គណបក្សប្រឆាំងបានដឹកនាំមហាបាតុកម្មជាច្រើនដំណាក់កាលប្រឆាំងនឹងលទ្ធផលការបោះឆ្នោត និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ការធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងនាពេលកន្លងមកនោះ ត្រូវគេដឹងថាមានអំពើហិង្សាយ៉ាងហោចណាស់បីកន្លែងកើតឡើង។
បុរសម្នាក់ជាកម្មករសំណង់បានស្លាប់ ដោយសារការបាញ់របស់ក្រុមសមត្ថកិច្ចក្នុងការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋ អ្នកដំណើរ និងបាតុករជាមួយក្រុមសមត្ថកិច្ចនៅចំណុចស្ពានអាកាស សង្កាត់ច្បារអំពៅ ខ័ណ្ឌមានជ័យ ក្រោយពីមានការស្ទះចរាចរអស់ជាច្រើនម៉ោង ដោយសារការបិទផ្លូវរបស់អាជ្ញាធរ៕