ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​កាន់​អំណាច​លើក​ពេល​នៃ​ជំនួប​ជា​មួយ​គណបក្ស​​សង្គ្រោះជាតិ​​

  • ហេង រស្មី

រូបឯកសារ៖ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​នាំ​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​បន្ទាប់​ពី​តុលាការ​លើក​ពេល​សវនាការ កាលពី​ខែ​សីហា ឆ្នាំ២០១៥។

ថ្នាក់​ដឹក​នាំ​តំណាង​រាស្រ្ត​ខាង​គណបក្ស​សង្គ្រោះជាតិ ​ដែល​ដឹកនាំ​ដោយ​លោក​កឹម​ សុខា​ និង​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៦ បាន​ប្រកាស​ជា​សារធារណៈ​អំពី​គម្រោង​ចូល​រួម​តុ​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មករា​ខាង​មុខ​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ និងលោកកឹម សុខា​បាន​ខកខាន​មិន​បានចូល​រួម​តុ​ចរចា​ដើម្បី​ស្វែង​រក​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ចុង​ខែ​មករា​នេះ។​

មាន​សកម្ម​គណបក្ស​សង្គ្រោះជាតិ​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង​២០​នាក់​កំពុង​ទន្ទឹម​រង់​ចាំ​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ក្នុង​សណុំ​រឿង​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ថ្នាក់​ដឹក​នាំ​តំណាង​រាស្រ្ត​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​កឹម​ សុខា​ និង​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៦​ ​បាន​ប្រកាស​ជា​សារធារណៈ​អំពី​គម្រោងចូល​រួម​តុ​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មករា​ខាង​មុខ​នេះ។

ការ​ប្រកាស​នេះកើត​មាន​ឡើង​មិន​បាន​ប៉ុន្មាន​ផង ​ស្រាប់​តែ​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ ​គម្រោងជួប​ចរចាគ្នា​រវាង​ថ្នាក់​ដឹក​នា​តំណាង​រាស្ត្រ​ខាង​គណបក្ស​ទាំង​ពីរ​បាន​ផ្អាក​ទៅ​វិញ។​

កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​លើក​យក​របៀបវារៈ​ចំនួន​ពីរ​សម្រាប់​ជា​ដើម​ទុន​ក្នុង​ការ​ជជែក​គឺ​កំណត់​តួនាទី​ ការងារ​ និង​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច​ និង​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា។​

ចំណែក​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​របៀប​វារៈ​ចំនួន​ពីរ​ដូច​គ្នា​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះ​ឆ្នោត​បាន​ និង​ការ​ជជែក​ទាក់​ទង​សភាព​ការណ៍​មុន​ការ​បោះ​ឆ្នោត។​

ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ចរចា​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស​ បាន​ប្រកាស​តាម​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក ​ឲ្យ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ត្រង់​មាត្រា​ទី​៤៨​ដើម្បី​ជា​ការ​បើក​ផ្លូវ​ឲ្យ​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​មតិ​ភាគ​តិច​ និង​ប្រធាន​ក្រុម​មតិ​ភាគ​ច្រើន​ក្នុង​សភា។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ នាយ​ខុទ្ទកាល័យ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា​ រដ្ឋសភា​ជាអ្នក​សម្រេច​ថា​ តើ​នឹង​កោះ​ប្រជុំ​ពេញ​អង្គ​នៅ​ពេល​ណា​ ​ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​ទី​៤៨​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា។​

លោក​បាន​បញ្ជាក់​ថា៖

«បាទ​ ទុក​ជូន​សភា​ជា​អ្នក​សម្រេច»។​

លោក​ឡេង ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ​បាន​បញ្ជាក់​ថា ​លោក​មិន​ទាន់​ទទួល​បាន​សំណើ​ណាមួយ​ដើម្បី​ឲ្យ​ធ្វើ​វិសោធន​កម្ម​មាត្រា​ទី​៤៨​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា​នៅ​ឡើយ​ទេ។​

លោក​ឲ្យ​ដឹង​ថា៖​

«នៅ​ទេៗ! ​យើង​មិន​ទាន់​ទទួល​សំណើ​ជាផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ»។ ​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺពី​លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ តែមិន​អាចទាក់ទងបាន​ទេ ​ដោយ​សារគ្មាន​អ្នក​ទទួល​ទូរស័ព្ទ។​

នៅ​ក្នុង​មាត្រា​ទី​៨២​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ ត្រង់​ជំពូក​ទី​១៦​ដែល​ចែង​អំពី​ការ​សុំ​កែ​ប្រែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​បាន​ចែង​ថា៖​

«ការ​កែប្រែ​បាន​លុះ​ត្រា​តែ​មាន​ការ​ស្នើ​សុំ​ពី​អ្នក​តំណាង​រាស្ត្រ​មួយ​ភាគ​បួន​យ៉ាង​តិច​នៃ​ចំនួន​សមាជិក​សភា​ទាំង​មូល ​ហើយ​ត្រូវ​មានការ​អនុម័ត​យល់​ព្រម​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមា​ជិក​សភា​ទាំងមូល»។​

ភាព​ជាប់​គាំង​នៃ​ការ​ជួប​ចរចាគ្នា​រវាង​គណបក្ស​គូជម្លោះទាំង​ពីរ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ កន្លង​មក ​ធ្លាប់​បាននិយាយ​ថា ​បាន​បង្ក​ឲ្យ​ក្រុម​សកម្ម​ជន​គណបក្ស​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ ដែល​កំពុង​ជាប់​ឃុំឃាំង​កាន់​តែអូសបន្លាយ ​បាត់បង់ពន្លឺសេរីភាព​ ​បើទោះ​បី​ជាពួក​គេ​បាន​ជាប់​ឃុំឃាំង​ដោយ​សង្ស័យ​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​យ៉ាង​ណា​ក៏​ដោយ៕

XS
SM
MD
LG