ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ CPJ នឹង​ផ្ដល់​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន Gwen Ifill ដល់​មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney


រូបឯកសារ៖ មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney ថ្លែងនៅកិច្ចប្រជុំមួយស្តីពីសេរីភាពសារព័ត៌មាននៅក្រុងឡុងដ៍ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney ថ្លែងនៅកិច្ចប្រជុំមួយស្តីពីសេរីភាពសារព័ត៌មាននៅក្រុងឡុងដ៍ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត CPJ បាន​ប្រកាស​គម្រោង​នៅ​ក្នុង​ការ​ផ្ដល់​កិត្តិយស​ដល់​មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney សម្រាប់​ការ​ការពារ​អ្នក​កាសែត​ដែល​ប្រឈម​នឹង​ការ​កាត់ទោស​ឧក្រិដ្ឋ ដោយសារ​ការ​បំពេញ​ការងារ​ជា​អ្នក​កាសែត។

អង្គការ CPJ នេះ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ្នកស្រី Clooney នឹង​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ការ​រួម​ចំណែក​ជា​បន្ត​ដល់​សេរីភាព​សារព័ត៌មាន នៅ​ឯ​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​កាសែត​មក​ពី​ប្រទេស​បង់ក្លាដេស អ៊ីរ៉ង់ នីហ្សេរីយ៉ា និង​រុស្ស៊ី នឹង​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន ទោះបីជា​ត្រូវ​គេ​ចាប់​ខ្លួន ឬ​ក៏​រង​ការ​គំរាម​សងសឹក​ក៏​ដោយ។

នាយក​ប្រតិបត្តិ​អង្គការ CPJ លោក Joel Simon បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ដូចទៅ​នឹង​អ្នក​កាសែត​ក្លាហាន និង​ប្ដូរផ្ដាច់​នៅ​គ្រប់​កន្លែង​ទាំង​អស់​ផង​ដែរ អ្នក​ដែល​ទទួល​បាន​កិត្តិយស​ពី​អង្គការ CPJ គឺ​បាន​រាយការណ៍​ព័ត៌មាន​ដោយ​មិន​ភ័យ​ខ្លាច និង​មិន​លម្អៀង សម្រាប់​ប្រយោជន៍​ដល់​សហគមន៍ និង​ប្រទេស​របស់​ពួកគេ ក៏​ដូចជា​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ»។

អ្នកស្រី Clooney បាន​ចំណាយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​គិត​កម្រៃ​តំណាង​ឲ្យ​អ្នក​កាសែត​ដែល​ប្រឈម​នឹង​ការ​គំរាម​ផ្លូវ​ច្បាប់​ទាក់ទិន​នឹង​ការងារ​ផ្នែក​សារព័ត៌មាន​របស់​ពួកគេ ដែល​ក្នុង​នោះ​មាន​ដូចជា​អ្នកស្រី Maria Ressa ដែល​ជា​អ្នក​កាសែត​នៅ​ប្រទេស​ហ្វីលីពីន និង​លោក Wa Lone និង​លោក Kyaw Soe Oo ដែល​ជា​អ្នក​កាសែត Reuters ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ៕

XS
SM
MD
LG