អង្គការសុខភាពពិភពលោក WHO បានរាយការណ៍ថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានប៉ះពាល់ដល់ការវិវត្តន៍នៃកិច្ចប្រឹងប្រែងជាច្រើនឆ្នាំដើម្បីលុបបំបាត់ជំងឺត្រូពិចដែលមិនត្រូវបានគេអើពើ។ ជំងឺត្រូពិចទាំងនេះ រួមមានជំងឺទាំង២០ប្រភេទ ដែលប៉ះពាល់ដល់សហគមន៍ក្រីក្រនានានៅតំបន់ត្រូពិច។
ជំងឺត្រូពិចដែលត្រូវបានគេធ្វេសប្រហែសឬហៅកាត់ថា NTD បានប៉ះពាល់ដល់មនុស្ស១,៧ពាន់លាននាក់នៅទូទាំងសាកលលោក។ ក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងនេះ ៤០ភាគរយស្ថិតនៅទ្វីបអាហ្វ្រិក ដែលជាទ្វីបមានប្រទេសចំនួន១០មានផ្ទុកជំងឺនេះខ្លាំងជាងគេបំផុតនៅទូទាំងពិភពលោក។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការវិវត្តន៍យ៉ាងខ្លាំងនៃការព្យាបាលជំងឺដែលគំរាមកំហែងដល់អាយុជីវិត និង ជំងឺបង្កឲ្យមានពិការភាពទាំងនេះ។ អង្គការសុខភាពពិភពលោកកត់សម្គាល់ឃើញថា ប្រទេសចំនួន៤២ នៅជុំវិញពិភពលោកបានលុបបំបាត់យ៉ាងហោចណាស់មួយប្រភេទនៃជំងឺទាំងនេះ។
យ៉ាងណាក្ដី អ្នកស្រី Mwelecele Malecela ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺត្រូពិចដែលត្រូវបានគេធ្វេសប្រហែសនៃអង្គការសុខភាពពិភពលោកបានថ្លែងថា អ្នកស្រីមានការបារម្ភថា កិច្ចប្រឹងប្រែងទាំងនោះមិនអាចធ្វើទៅបាន ដោយសារតែផលប៉ះពាល់អវិជ្ជមានបង្កដោយជំងឺកូវីដ១៩។
អ្នកស្រីនិយាយថា ជំងឺរាតត្បាតសាកលបានបង្កនូវការរំខាន និងធ្វើឲ្យយឺតយាវដល់ការផ្ដល់សេវាព្យាបាលជំងឺទាំងនេះ។ យុទ្ធនាការព្យាបាលធំៗជាច្រើន ការស្ទង់មតិនានានៅតំបន់រងផលប៉ះពាល់ និងការដឹកជញ្ជូន ក៏ដូចជាការចែកចាយថ្នាំសង្កូវក៏រងការរំខានផងដែរ។
អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖«កិច្ចប្រឹងប្រែងទាំងអស់ដែលបានធ្វើដើម្បីគ្រប់គ្រងជំងឺត្រូពិចដែលមិនត្រូវបានគេអើពើដើម្បីលុបបំបាត់ជំងឺទាំងនេះនៅក្នុងប្រទេសនានាដែលរងប៉ះពាល់ខ្លាំងជាងគេ នឹងត្រូវធ្លាក់ចុះ ប្រសិនបើមិនរក្សាការផ្តោតយកចិត្តទុកដាក់ ជាពិសេសការផ្តោតទៅលើការឃ្លាំមើល ការបន្តកិច្ចអន្តរាគមន៍នៅក្នុងប្រទេសមួយចំនួនដែលជិតសម្រេចបាននូវការលុបបំបាត់ជំងឺទាំងនោះ»។
អង្គការសុខភាពពិភពលោករាយការណ៍ថាជំងឺប៉ារ៉ាស៊ីតដែលឆ្លងពីដង្កូវហ្គីណេ ស្ថិតក្នុងចំណុចមួយឈានទៅរកការលុបបំបាត់ទាំងស្រុង ដោយក្នុងនោះមានករណីឆ្លងជំងឺនេះតែ២៧ករណីប៉ុណ្ណោះត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៥នៅទ្វីបអាហ្វ្រិក កាលពីឆ្នាំមុន។ កាលពីឆ្នាំ១៩៨៦ មនុស្សចំនួន៣លាន៥សែននាក់ក្នុងប្រទេសចំនួន២១ក្នុងទ្វីបអាហ្វ្រិកនិងអាស៊ីបានឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ។
អង្គការសុខភាពពិភពលោកនិយាយថាជំងឺឆ្លងរ៉ាំរ៉ៃឈ្មោះ Yaws ដែលជាជំងឺឆ្លងលើ ស្បែករ៉ាំរ៉ៃ គឺជាជំងឺដែលអាចលុបបំបាត់បាននៅក្នុងឧបទ្វីបឥណ្ឌា។
អ្នកស្រី Malecela ក៏បានលើកឡើងនូវរឿងរ៉ាវជោគជ័យមួយចំនួនដោយអ្នកស្រីថ្លែងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការលុបបំបាត់ជំងឺរលាកភ្នែក យើងឃើញមាននៅប្រទេសម៉ារ៉ុក និងហ្គាណា ហើយនាពេលថ្មីៗនេះ នៅប្រទេសហ្គំប៊ី។ យើងបានលុបបំបាត់ជំងឺហើមស្បែកឡាំហ្វាទិក Lymphatic នៅប្រទេសតូហ្គោម៉ាឡាវី និងប្រទេសយេម៉ែននៅតំបន់មជ្ឈិមបូព៌ាក្រៅទ្វីបអាហ្វ្រិក។ យើងបានលុបបំបាត់ជំងឺហើមស្បែកឡាំហ្វាទិក Lymphatic នេះទាំងលំបាក ប៉ុន្តែពួកគេអាចជម្នះវាបាន ហើយនោះគឺជាជោគជ័យដ៏អស្ចារ្យមួយ»។
កាលពីចុងខែមករា អង្គការសុខភាពពិភពលោកបានដាក់ចេញនូវគោលដៅថ្មីមួយ ក្នុងគោលបំណងជំរុញការវិវត្តន៍នេះ ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានជំងឺ ត្រូពិចឬ NTD នៅត្រឹមឆ្នាំ២០៣០។ ក្រុមមន្ត្រីសុខាភិបាលចាត់ទុកគោលដៅថ្មីនេះជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឲ្យបានថាប្រទេសនានានឹងស្ដារឡើងវិញឲ្យកាន់តែប្រសើរជាងមុនបន្ទាប់ពីឆ្លងផុតវិបត្តិជំងឺកូវីដ១៩ តាមរយៈការផ្តោតលើការបង្កើតប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងរឹងមាំ ៕
ប្រែសម្រួលដោយលោក នៀម ឆេង