ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កាត់​ទោស​លោក សុខ ប៊ុន ​ឱ្យ​ជាប់​គុក​៣ឆ្នាំ

  • ពិន ស៊ីសុវណ្ណ

រូបថត​របស់​ឧកញ៉ា សុខ ប៊ុន ដែល​ជា​រូប​ដកស្រង់​ពី​គេហទំព័រ​ប៉ូលិស​អាំងទែប៉ូល (INTERPOL)។

ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ថា ​ជន​ជាប់ចោទ​ សុខ ប៊ុន ​ត្រូវមាន​ទោសជាប់​ពន្ធនាគារ​៣ឆ្នាំ​ តែ​អនុវត្ត​ទោស​១០ខែ ​និង​ត្រូវ​បង់​លុយ​៦​លាន​រៀល​ចូល​ថវិកា​រដ្ឋ​ ហើយ​ទុកឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​ផ្លូវច្បាប់។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃច័ន្ទ​នេះ ​បាន​ប្រកាស​សាលក្រម​ដាក់ទោស​អតីត​ឧកញ៉ា​អចលនទ្រព្យ​ម្នាក់​គឺ​លោក​ សុខ ប៊ុន ​ឲ្យ​ជាប់​ឃុំឃាំង​ចំនួន​៣ឆ្នាំ​ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស​តែ​ត្រឹម​១០​ខែ​ប៉ុណ្ណោះ​ ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​ទណ្ឌិត​រូបនេះ និង​អង្គរក្ស​ពីរនាក់ ដែល​បាន​វាយ​សម្រាត​ខោអាវ​នាង ​ឯក សុជាតា ​អតីត​ពិធីការិនី​ទូរទស្សន៍។

អ្នកស្រី​ ស៊ លីនណា​ ​ចៅក្រម​ជំនុំជម្រះ​បាន​ប្រកាស​ថា ​ក្រោយ​ពី​បាន​ពិនិត្យ ​និង​ពិចារណា​ផ្លូវច្បាប់ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ថា ​ជន​ជាប់ចោទ​ សុខ ប៊ុន ​ត្រូវមាន​ទោសជាប់​ពន្ធនាគារ​៣ឆ្នាំ​ តែ​អនុវត្ត​ទោស​១០ខែ ​និង​ត្រូវ​បង់​លុយ​៦​លាន​រៀល​ចូល​ថវិកា​រដ្ឋ​ ហើយ​ទុកឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​ផ្លូវច្បាប់។

សំណុំរឿង​អំពើ​ហិង្សា​នេះ​ធ្លាប់​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ។ ការ​ប្រកាស​សាលក្រម​នេះ​មិនមាន​វត្តមាន​របស់​ចុងចោទ​ឈ្មោះ​ សុខ ប៊ុន ​និង​ដើម​បណ្តឹង​ឈ្មោះ​ ឯក សុជាតា ​ហៅ​ សាសា​ នោះ​ទេ។

មេធាវី​របស់​លោក​ សុខ ប៊ុន គឺ​លោក​ សេង សូវីណា ​ដែល​បានចូល​រួមស្តាប់​សវនាការ​នេះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​កូនក្តី​របស់​លោក​មិន​មាន​វត្តមាន​ ដោយ​សារ​បញ្ហា​សុខភាព។ ​លោក​និយាយ​ថា លោក​ពេញ​ចិត្ត​នឹង​សាលក្រម​របស់​តុលាការ​នេះ។​

មេធាវី​របស់​នាង​ ឯក សុជាតា​ គឺ​លោក​ ពុធ ធាវី​ ​បាន​ប្រាប់​ VOA ​ តាម​ទូរស័ព្ទ​ថា​លោក​ក៏​មិន​ជំទាស់​នឹង​សាលក្រម​នេះ​ដែរ។ ប៉ុន្តែ​ លោក​មិន​បាន​ចូល​រួម​ស្តាប់​សាលក្រម​នេះ​ទេ។

«ខ្ញុំ​អត់​មាន​មតិ​អ្វី​ទើស​ទាស់​ប្រឆាំង​នឹង​សាល​ក្រម​ហ្នឹង​ទៀត​ទេ​ ពីព្រោះ​សាលក្រម​ហ្នឹង​ចាត់​ដូច​ជា​ត្រឹមត្រូវ​ដែរ​ សម្រាប់​ទណ្ឌ​កម្ម​១០​ខែ​ ពី​រឿង​វាយដំ​ បង្ក​របួស​ស្នាម»។

ទោះជា​យ៉ាង​ណា​ក្តី​ លោក​មេធាវី​បាន​បន្ថែម​ថា ​លោក​មិនទាន់​បាន​ពិភាក្សា​ជាមួយ​កូនក្តី​របស់​លោក​ទេ​ អំពី​សាលក្រម​នេះ ​ហើយ​លោក​មិន​ដឹង​ថា​ នាង​ ឯក សុជាតា ពេញចិត្ត​នឹង​សាលក្រម​នេះ ​ឬ​បន្តប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ឬ​យ៉ាងណា​ទេ។​

«ខ្ញុំ​អត់​បាន​សួរ​ទេ ពីព្រោះ​កូន​ក្តី​ខ្ញុំ​ និង​ខ្ញុំ​ ហាក់​ដូចជា​ឆ្ងាយ​ពីគ្នា​បន្តិច​ក្នុង​ការ​ទំនាក់​ទំនង​នឹង​គ្នា»។

អ្នកស្រី​ចៅក្រម​ ស៊ លីនណា​ ប្រកាស​ថា ​សាលក្រម​ដែល​សម្រេច​ឲ្យ​ជន​ជាប់ចោទ សុខ ប៊ុន​ ជាប់​ការ​ឃុំឃាំង​១០​ខែ​ និង​ព្យួរ​ទោស​នៅ​ក្រៅឃុំ​២​ឆ្នាំ ​២​ខែ​នេះ​ គឺ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ​និង​សវនាការ​កាល​ខែ​មករា។​

​អំពើ​ហិង្សា​របស់​អតីត​ឧកញ៉ា​អចលន​ទ្រព្យ​ទៅ​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​រាជធានី​ភ្នំពេញ​ តាម​បណ្តាញ​សង្គម​ Facebook ​ហើយ​ទី​បំផុត​មាន​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ​លោក​នាយក​រដ្ឋម​ន្ត្រី​បាន​ហៅ​អំពើ​ហិង្សា​នោះ​ថា​ ជា​អំពើ​សាហាវ​ យង់ឃ្នង ​ហើយ​លោក​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ​លោក​និយាយ​ថា ​ចំពោះ​រឿង​ព្រហ្មទណ្ឌ​ ការ​សម្រុះ​សម្រួល​គ្នា​រវាង​ជនរងគ្រោះ​ និង​ដើម​បណ្តឹង ក្រៅ​តុលាការ​មិន​អាច​ធ្វើ​ឲ្យ​រលត់​បណ្តឹង​អាជ្ញា​បាន​ទេ។​

មិន​បាន​ប៉ុន្មាន​ថ្ងៃ ​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក​ហ៊ុន សែន​ ជន​សង្ស័យ​ សុខ ប៊ុន​ បាន​វិល​ត្រឡប់​មកពី​ប្រទេស​សិង្ហបុរី ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន ​កាលពី​ពាក់​កណ្តាល​ខែកក្កដា​ ឆ្នាំ​២០១៥។​

អន្តរាគមន៍​របស់​លោក​ ហ៊ុន សែន ​ក្នុង​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​កម្មការិនី​បី​នាក់​ ដែល​ត្រូវ​ទណ្ឌិត​ ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ បាញ់​ឲ្យ​រង​របួស​កាលពី​ឆ្នាំ​២០១២ ​នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​នៅ​តំបន់​ឧស្សាហកម្ម​ក្រុងបាវិត ទាមទារ​ដំឡើង​ប្រាក់ខែ ​និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង។ ​នៅទី​បំផុត​ទណ្ឌិត​ ឈូក បណ្ឌិត ​ដែល​បាន​គេច​ខ្លួន​នៅ​ក្រៅ​ឃុំ​ប្រហែល​ពីរឆ្នាំ​នោះ​ ក៏​បាន​ប្រគល់​ខ្លួន​ដែរ៕

XS
SM
MD
LG