ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រើស​អេតចាយ​សុំ​រក​យុត្តិធម៌​និង​ជំនួយ​បន្ទាប់​ពី​រង​ការ​បាញ់​ប្រហារ


លោក​ វ៉ាន់​ សុភា​ អ្នក​រើស​អេតចាយ​និង​ជា​ជន​រង​គ្រោះ​ពី​ការ​បាញ់​ប្រហារ​​ និង​ភរិយា ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«និទណ្ឌភាព​​និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជន​ក្រី​ក្រ​ដែល​គ្មាន​​សមត្ថភាព​ដាក់​ពាក្យ​​បណ្តឹង‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ពិសេស​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ (លឹម សុធី/VOA)
លោក​ វ៉ាន់​ សុភា​ អ្នក​រើស​អេតចាយ​និង​ជា​ជន​រង​គ្រោះ​ពី​ការ​បាញ់​ប្រហារ​​ និង​ភរិយា ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«និទណ្ឌភាព​​និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជន​ក្រី​ក្រ​ដែល​គ្មាន​​សមត្ថភាព​ដាក់​ពាក្យ​​បណ្តឹង‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ពិសេស​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ (លឹម សុធី/VOA)

លោក ​វ៉ាន់ សុភា ត្រូវ​គេ​បាញ់​នៅ​ពេល​ដែល​កំពុង​រើស​អេតចាយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ហើយ​លោក​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​និង​មុខមាត់​ជនល្មើស​ក្រៅពី​ថា​ជន​នោះ​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Lexus។​​​​​​​​​​

ជន​ក្រី​ក្រ​ដើរ​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត​ដែល​រង​ការ​បាញ់​ប្រហារ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​អំពាវនាវ​ឲ្យ​សមត្ថ​កិច្ច​ខិតខំស្វែង​រក​ចាប់​ខ្លួន​អ្នក​ដែល​បាញ់​រូប​លោក ហើយ​គេច​ខ្លួន​បាត់​នោះ។​

លោក ​វ៉ាន់ សុភា ត្រូវ​គេ​បាញ់​នៅ​ពេល​ដែល​កំពុង​រើស​អេតចាយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ហើយ​លោក​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​និង​មុខមាត់​ជនល្មើស​ក្រៅពី​ថា​ជន​នោះ​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Lexus។

ក្នុង​កម្មវិធី​ Hello VOA ​ពិសេស​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន ​លោក​បាន​រៀបរាប់​ថា ​ប៉ូលិស​សង្កាត់​បឹងត្របែក៣​នាក់​បាន​ដឹក​លោក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​សូវៀត ​ដោយ​សារ​ឡាន​ពេទ្យ​មិន​បាន​មក​ជួយ​សង្គ្រោះ​លោក​ទេ​ ក្រោយពី​ដឹង​ថា​ លោក​ជា​អ្នក​រើស​អេត​ចាយ។​

«មាន​តែ​ប៉ូលិស​យក​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ។​ ឡាន​ពេទ្យ​អី ​គេ​ឮ​ថា ​ក្មេង​រើស​អេតចាយ​ គេ​អត់​មក​យក​ទេ។ ​ដល់​ពេល​នោះ​កង់​បី​ក៏​អត់​មាន​ដែរ​ ទើប​បាន​ប៉ូលិស​ថា ​"យក​គាត់​ទៅ! ​គាត់​ជិត​ស្លាប់​ហើយ!"»។

សូម​ចុច​ស្តាប់​កម្មវិធី​ Hello VOA ទាំង​ស្រុង៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​សុខ ពាន​ ភរិយា​របស់​លោក ​វ៉ាន់ សុភា ​បាន​ថ្លែង​ក្នុង​កម្មវិធី​ Hello​ VOA ​ថា​ ការ​វះ​កាត់​ដក​ក្បាល​គ្រាប់​ចេញ​ មាន​ការ​យឺតយ៉ាវ​ ដោយ​សារ​លោក​គ្មាន​លុយ​២០០​ដុល្លារ​សម្រាប់​ការ​វះកាត់។ ​១២​ម៉ោង​ក្រោយ​មក ​ទើប​លោក​បាន​ទទួល​ការ​វះ​កាត់​ដោយ​មិន​បង់ប្រាក់​ ដោយសារ​លោក​មាន​ប័ណ្ណ​ក្រីក្រ។​ ​

លោក​វ៉ាន់ សុភា​ អាយុ៣៧ឆ្នាំ​ ​និង​អ្នកស្រី​សុខ ពាន ​និយាយ​ថា​ ពួកគេមិន​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទេ​ ដោយសារ​មិន​មាន​លុយ​ក្នុង​ការដាក់​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិធម៌។​

​«មក​ដល់​ឥឡូវ​ ខ្ញុំ​ក៏​អត់​បាន​ដាក់​ពាក្យ​បណ្តឹង​អី​ដែរ។ ​ខ្ញុំ​នឹក​ឃើញ​ថា ​អ្នក​ម្តុំ​ផ្ទះ​ខ្ញុំ​និយាយ​មក​ខ្ញុំ​ថា ​បើ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ ទាល់​តែ​មាន​លុយ។ ​បើ​អត់​លុយ​អញ្ចឹង​ ដាក់​ពាក្យ​បណ្តឹង​យ៉ាង​ម៉េច?​ ចេះតែ​ដាក់​ចោល​អញ្ចឹង​ អ្នក​ណា​សើរើ​ឲ្យ​យើង!»​

ជនរងគ្រោះ​ការបាញ់​ប្រហារ​នៅតែ​រង់ចាំយុត្តិធម៌
សូម​រង់ចាំ

No media source currently available

0:00 0:04:02 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ឲ្យ​ដឹង​ថា ​ការ​ស្វែង​រក​យុត្តិធម៌​គឺ​ត្រូវតែធ្វើ​ឡើង​ ​ទោះ​ជា​ជន​រង​គ្រោះមិន​បានដាក់​ពាក្យ​បណ្តឹង​ក៏​ដោយ។​ ជន​រង​គ្រោះ​អាច​ដាក់​ពាក្យ​បណ្តឹង​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល ​សមត្ថកិច្ច​ប៉ូលិស​ ​អាជ្ញាធរ​មូលដ្ឋាន ​ឬ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ផ្ទាល់​ ដោយ​មិន​មាន​បង់​ប្រាក់​ទេ។​

«មាន​អ្នក​ណា​គេ​យក​លុយ គ្រាន់តែ​ដាក់​ពាក្យ​បណ្តឹង?​ ឥឡូវ​បើ​សិន​គាត់​ដាក់​ពាក្យ​បណ្តឹង ​ហើយ​អ្នក​ណា​គេ​ទារ​លុយ​ គាត់​ប្តឹង​អ្នក​ហ្នឹង​ទៅ!»​

ទោះ​ជា​យ៉ាង​ណាក្តី ​ ​អ្នក​សង្កេត​ការណ៍សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​យុត្តិធម៌​នៅ​កម្ពុជាបាន​សង្កេត​ឃើញ​ថា ​ការ​អនុវត្ត​ជាក់​ស្តែងគឺ​ខុស​ពី​អ្វី​ដែលចែង​ក្នុង​ច្បាប់។ ​ហើយ​បើ​គ្មាន​ថវិកា​ជំរុញ​ការ​ស៊ើបអង្កេត​ដើម្បី​រក​យុត្តិធម៌​ទេ ​នោះ​ជន​រងគ្រោះ​មាន​សង្ឃឹម​តិច​តួច​ណាស់។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​គួរ​តែ​រក​ជន​ដៃ​ដល់ឲ្យ​ឃើញ ​បើ​ទោះ​ជា​មិន​មាន​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ក៏​ដោយ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​បាញ់អ្នក​ក្រីក្រ​រើស​អេត​ចាយ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​រើស​អើង​ក្នុង​សង្គម​ និង​និង​ទណ្ឌភាព ​ហើយនេះបទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែខិតខំ​ស្វែងរកជន​ល្មើស​ ទោះជា​ជនរង​គ្រោះ​មិន​ដាក់​ពាក្យ​បណ្តឹង​ក៏ដោយ។

«ការ​បាញ់​នេះ​ជា​ការ​ប៉ុនប៉ង​មនុស្ស​ឃាត។ ​ក្រោយ​ពី​ទទួល​ព័ត៌មានគឺ​ព្រះ​រាជ​អាជ្ញា ​និង​មន្ត្រី​យុត្តិធម៌​ត្រូវ​តែ​ចាត់​វិធាន​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជនដៃដល់​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ​មិនមែន​ចាំ​ឲ្យ​ជន​រង​គ្រោះ​គាត់​ប្តឹង​ទេ»។​

លោក​បាន​បន្ថែម​ថា ​ការ​រក​ឲ្យ​ឃើញ​ជន​ដៃ​ដល់​នឹង​ជួយ​កាត់​បន្ថយ​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក​ ហ៊ាន សារ៉េត ​អធិការ​រង​ប៉ូលិស​ខណ្ឌ​ចំការមន​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ​បាន​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ ​កាលពី​ថ្ងៃ​សុក្រ​ថា ​ប៉ូលិស​បាន​ធ្វើ​របាយ​ការណ៍​ និង​បាន​កសាង​សំណុំ​រឿង​នេះ​ដាក់​ទៅ​ព្រះរាជ​អាជ្ញាហើយ។​

VOA បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ប៉ូលិស​បី​នាក់ដែល​បាន​ជួយ​លោក​វ៉ាន់ សុភា​ ​តែ​ពួក​គេ​មិន​ហ៊ាន​ផ្តល់​បទ​សម្ភាស​ទេ។​ សូម្បី​ព័ត៌មានអំពី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ក៏​មិន​ហ៊ាន​អធិប្បាយ​ដែរ។​

លោក​នាយ​ឧត្ដមសេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប៉ូលិស​និយាយ​ការណ៍​ពិត។​

លោក​នាយ​ឧត្តម​សេនីយ៍​បន្ថែម​ថា​ ប៉ូលិស​មាន​កាតព្វកិច្ច​បន្ត​ការ​ស៊ើប​អង្កេត​ក្រោយ​ពី​បាន​ធ្វើ​របាយ​ការណ៍​អំពី​ឧក្រិដ្ឋកម្ម ​និង​ក្រោយ​ពី​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ហើយ​ក៏ដោយ។​

«គ្រប់​ករណី​ទាំងអស់ ​បើ​មាន​បទ​ល្មើស​អ្វី​មួយ​ហើយ ​សមត្ថ​កិច្ច​ត្រូវតែ​កត់​ត្រាទុក​ហើយ។​ ឧទាហរណ៍ ​បើ​មាន​ការ​បាញ់​គឺ​មាន​បណ្តឹង​អាជ្ញា។ ​សមត្ថ​កិច្ច​ត្រូវតែ​មាន​ការ​ទទួល​ខុស​ត្រូវ។​ ការ​ស៊ើប​អង្កេត​ត្រូវតែ​មាន​ មិនមែន​មាន​ការ​បាញ់​អី​មួយ​ហើយ​យើង​រួច​ខ្លួន​ទេ។ ​ប្រជា​ពលរដ្ឋ​រង​របួស ​ប៉ុន្តែ​ជន​ល្មើស​យើង​រក​មិន​ទាន់​ឃើញ។​ ដូច្នេះ​យើងត្រូវ​ខិតខំ​ជួយ​រក ​ទោះបី​ប្រជា​ពលរដ្ឋមិន​ប្តឹង​ក៏ដោយ​ ក៏​សមត្ថ​កិច្ច​ត្រូវ​តែ​ស្វែង​រក​ដែរ»។​

សេចក្តី​អត្ថាធិប្បាយ​របស់​មន្ត្រី​រដ្ឋាភិបាល​បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះៗ​ដល់​លោក​វ៉ាន់​ សុភា​ និង​អ្នកស្រី​សុខ ​ពាន​ ភរិយា​របស់​លោក។ ​

«ខ្ញុំ​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​រក​ឃើញ​ជន​ល្មើស​ដែល​បាញ់​ប្រហារ​មក​លើ​ខ្លួន​ខ្ញុំ​នេះ។ ​ខ្ញុំ​សង្ឃឹម​ថា អាច​នឹង​យក​មក​ប្រឈម​មុខ​ជាមួយ​នឹង​ខ្ញុំ​បាន។ ​ពួក​គាត់​និយាយ​មក​ខ្ញុំ​ ខ្ញុំ​នឹង​អាច​សង្ឃឹម​បាន»។​

អ្នកស្រី​សុខ ពាន​និយាយ​ថា៖

«បើសិន​ប៉ូលិស​នៅ​តែ​ប្រឹងប្រែង​រក​យុត្តិធម៌​ចំពោះ​ការ​បាញ់​ប្រហារ​មក​លើ​ប្តី​ខ្ញុំ ​ខ្ញុំ​អាច​មាន​សង្ឃឹម​ភាគ​ច្រើន។ ​ ​បើសិន​ប៉ូលិស​នៅតែ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ទៀត ខ្ញុំ​នៅ​សង្ឃឹម។ បើអត់​ធ្វើ​ទេ ​ខ្ញុំ​អត់​សង្ឃឹម​ទេ។ ​ភាគច្រើន​ខ្ញុំ​មិន​សូវ​សង្ឃឹម​ថា​ ចាប់​បាន​ទេ»។​

លោក​វ៉ាន់ សុភា​និយាយ​ថា ​នៅ​កន្លែង​កើតហេតុ​មាន​កាមេរ៉ា​សុវត្ថិភាព​ ដូច្នេះ​គួរតែ​រក​ជន​ល្មើស​ឃើញ។​

លោក​វ៉ាន់ សុភា ​ដែល​កាល​ពី​មុន​អាច​រក​ប្រាក់​បាន​១​ម៉ឺន​៥ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​រើស​អេតចាយ​នោះ ​បាន​ឲ្យ​ដឹង​ថា ​ លោក​បាន​ប្រកប​មុខរបរ​នេះអស់​រយៈ​ពេល​១៨​ឆ្នាំ​តាំងពី​លោក​នៅ​ជាក្មេង​ជំទង់។ ​លោក​បាន​និយាយ​នៅ​ខ្ទម​របស់​លោក​ថា​ លោក​មិន​អាច​ធ្វើការ​ធ្ងន់​បាន​ទេ​ ដោយសារ​ពោះ​វៀន​របស់​លោក​ដាច់​បី​កំណាត់​ ដោយសារ​គ្រាប់​កាំភ្លើង។​

«ពេទ្យ​និយាយ​ថា​ ពោះ​វៀន​របស់​ខ្ញុំ ​បើ​គេ​ត​ដាក់ចូល​វិញ​ហើយ ​ខ្ញុំ​មិន​អាច​ធ្វើការ​វិញ​ដូច​ដើម​ទេ។​ អត់​ហ៊ាន​ធ្វើ​ការ​...ប៉ះពាល់​ធ្ងន់ ​អត់​បាន​តែ​ម្តង។​ ហើយ​បើ​ថា​ ធ្វើ​ការ​ប៉ះពាល់​ធ្ងន់ ​វា​នឹង​មាន​បញ្ហា​ដល់​ជីវិត​យើង»។

លោក​វ៉ាន់ សុភា​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃសៅរ៍​ថា ​មួយថ្ងៃ​ក្រោយពី​លោក​បាន​សម្ភាស​ក្នុង​កម្មវិធី ​Hello​ VOA​ ពិសេស​កាលពី​ថ្ងៃ​សុក្រ​ មាន​សប្បុរស​ជន​៥នាក់​ប្រាប់​ថា ​គេ​នឹង​ជួយ​ឧបត្ថម្ភ។​ កាលពី​ថ្ងៃសៅរ៍​លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​១៥​ម៉ឺន​រៀល។​

«តាំងពី​សម្ភាសន៍​ VOA ក្រោយ​មក​គេ​ជួយ​ខ្ញុំ​១៥​ម៉ឺន​រៀល។ ​ ហើយ​មាន​ទូរស័ព្ទ​បន្ត​បន្ទាប់​មក​ទៀត។​ ខ្លះ​ទៅ​ ​នៅ​កាណាដា ​ខ្លះ​ទៅ​ នៅ​អាមេរិក ខ្លះ​ទៅ​ ​នៅ​ជប៉ុន»។​ ​

​លោក​និយាយ​ថា​ សប្បុរសជន​បាន​ផ្តល់​កម្លាំង​ចិត្ត​ច្រើន​ដល់​លោក​ នៅ​ពេល​លោក​កំពុង​រង់ចាំ​យុត្តិធម៌​ដែល​មិន​ដឹង​ថា ​ជាតិ​នេះ​លោក​នឹង​ទទួល​បាន​ឬ​យ៉ាង​ណា​នោះ។

ក្នុង​ពេល​កន្លង​មក​ ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា ​ជា​ប្រទេស​ដែល​វប្បធម៌​និទ្ទណ្ឌភាព​កើត​មាន​ច្រើន។​ ករណី​ស្រដៀងគ្នា​នេះ​ជា​ច្រើន​បាន​កើត​មាន​ឡើង ​ហើយ​ជន​ល្មើស​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់៕

XS
SM
MD
LG