នៅថ្ងៃព្រហស្បតិ៍នេះ តុលាការក្រុងភ្នំពេញបានលើកពេលប្រកាសសេចក្តីសម្រេចលើបណ្តឹងជំទាស់របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលតុលាការបានសម្រេចឲ្យលោកជាប់ទោសពន្ធនាគារចំនួនពីរឆ្នាំ ពីបទបរិហារកេរ្តិ៍លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។
លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី នៅតុលាការកម្ពុជា និងបារាំង បន្ទាប់ពីលោកសម រង្ស៊ី បានធ្វើអត្ថាធិប្បាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលវាលពិឃាតជើងឯកថា លោក ហោ ណាំហុង គឺជាអតីតមេគុកបឹងត្របែកនៅក្នុងរបបខ្មែរក្រហម។ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ តុលាការក្រុងភ្នំពេញបានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទចោទប្រកាន់នេះ។
លោក សម រង្ស៊ី បានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ។ លោក ជួង ជូងី មេធាវីការពារក្តីរបស់លោក សម រង្ស៊ី បានថ្លែងនៅក្នុងសវនាការថា លោក សម រង្ស៊ី មិនបាននិយាយដៅចំឈ្មោះលោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកទេ។
លោក ជួង ជូងី បានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក សម រង្ស៊ី និងចាត់ទុកសេចក្តីសម្រេចរបស់តុលាការមុនថាឥតបានការ។
លោក កា សាវុធ មេធាវីការពារក្តីរបស់លោក ហោ ណាំហុង បានថ្លែងថា ច្បាប់មិនតម្រូវឲ្យតុលាការពិចារណាទៅលើសាលក្រមចាស់ទេ ខណៈដែលជនត្រូវចោទអវត្តមាននៅពេលសវនាការ។ លោកថាមាត្រា៣៧១នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ជាក់ច្បាស់ណាស់ថា ពិរុទ្ធជនដែលប្តឹងទាស់ ត្រូវមានវត្តមាននៅពេលសវនាការ ហើយលោក សម រង្ស៊ី អត់មានវត្តមាននៅពេលសវនាការទេ។
«បើពិរុទ្ធជនអត់មានវត្តមានទេ បណ្តឹងទាស់នៅក្នុងមាត្រា៣៧១ នៃក្រមនីតិវិធីព្រហ្មទណ្ឌថា ទុកជាបណ្តឹងអសារ ឥតការ ហើយតុលាការត្រូវរក្សាសាលក្រមចាស់ឲ្យនៅដដែល។ ដូច្នេះខ្ញុំជឿថា តុលាការឥតហ៊ានកែប្រែសាលក្រមចាស់ទេ ពីព្រោះវាខុសនឹងក្រមនីតិវិធីព្រហ្មទណ្ឌ»។
លោក ជួង ជូងី បានបញ្ជាក់ថា បើតុលាការមិនពិចារណាទៅលើសេចក្តីសម្រេចលើកមុនទេ និងយល់ស្របការទាមទារឲ្យតម្កល់សាលក្រមប្រឆាំងនឹងលោក សម រង្ស៊ីនេះ វាបង្ហាញពីភាពអយុត្តិធម៌ចំពោះលោក សម រង្ស៊ី ដោយលើសម្អាងថា ក្នុងករណីដូចគ្នានេះ តុលាការកំពូលបារាំងបានឲ្យលោក សម រង្ស៊ី ឈ្នះនៅដើមឆ្នាំ២០១១នេះ។ តុលាការកំពូលបារាំងបានសម្រេចក្តីឲ្យលោក សម រង្ស៊ី ឈ្នះក្តីលើបណ្តឹងរបស់លោក ហោ ណាំហុង ហើយលោក ហោ ណាំហុង បានឈ្នះនៅតុលាការដំបូង និងសាលាឧទ្ធរណ៍របស់ប្រទេសបារាំង។
លោក សេង នាង ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានលើកពេលប្រកាសសេចក្តីសម្រេចលើបណ្តឹងទាស់របស់លោក សម រង្ស៊ី រហូតដល់ថ្ងៃទី៥ ខែតុលា។ រហូតមកដល់ពេលនេះ លោក សម រង្ស៊ី មានទោសជាប់ពន្ធនាគារសរុបប្រាំបួនឆ្នាំអំពីការដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង ការផ្សព្វផ្សាយផែនទីក្លែងក្លាយ និងការចោទប្រកាន់លោកហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែករបស់របបខ្មែរក្រហម៕