ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​រង​របួស​២​នាក់ ​ដាក់​ពាក្យ​បណ្តឹង​«ប៉ុន​ប៉ង​វាយ​សម្លាប់» ​ក្រោយ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ


រថយន្ត​របស់​អ្នកសារព័ត៌មាន​ ដែល​ត្រូវ​បាន​វាយប្រហារ កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ (រូបថតផ្តល់ដោយលោក រេន សំណាង)

អ្នក​សារ​ព័ត៌មាន​ពីរ​នាក់​ដែល​តែង​តែ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ​តាម​បណ្តា​ខេត្ត ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​ពួក​គេ ​ដែល​ពួក​គេ​ចាត់​ទុក​ថា​«ជា​ការ​ប៉ុន​ប៉ង​វាយ​សម្លាប់»។​

ពួក​គេ​ចាត់​ទុក​ថា​ នេះ​ជា​ការ​សង​សឹក ​ក្រោយ​ពួក​គេ​រាយ​ការណ៍​ព័ត៌មាន​អំពី​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​មុន​ពេលពួកគេ​រងការ​វាយ​ប្រហារ​ក្នុង​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​នេះ។​

អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​នាក់​ដែល​រង​របួស​នោះ​មាន​ឈ្មោះ ​រេន សំណាង​ អាយុ​២៩​ឆ្នាំ ​បំពេញ​ការងារ​ឲ្យ​សារ​ព័ត៌មាន​អនឡាញ​ឈ្មោះ​ PNM ​ឬ​«ភ្នែក​ម្នាស់»​ និង​លោក ​មួក សារ៉ែន ​អាយុ​៤០​ឆ្នាំ​ ដែល​រាយ​ការណ៍​ឲ្យ​សារ​ព័ត៌មាន​ឈ្មោះ​«ចក្រភព»។ ​ ពួក​គេ​ទាំង​ពីរ​នាក់​រាយ​ការណ៍​ជា​ប្រចាំ​ក្នុង​ខេត្ត​ក្រចេះ​ និង​ខេត្ត​មួយ​ចំនួន​ទៀត។​

ពួក​គេ​បាន​ប្រាប់​VOA​ថា​ ពួកគេ​ត្រូវ​បាន​វាយ​ប្រហារ​នៅ​យប់​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧ ​ក្នុង​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ​ ខណៈ​ពួក​គេ​ទាំង​ពីរ​កំពុង​គេង​ក្នុង​រថយន្ត​ម៉ាកកាមេរី​របស់​ពួក​គេ។​

លោក​ រេន សំណាង​ ដែល​បំពេញ​ការងារ​ជា​អ្នក​សារ​ព័ត៌មាន​បាន​ជាង​១​ឆ្នាំ ​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ លោក​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រចេះ ​មក​រាយ​ការណ៍​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​នៅ​យប់​កើត​ហេតុ លោក​ថា​ មាន​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​បាន​ជិះ​មក ​ដែល​មាន​គ្នា​៥​ទៅ​៦​នាក់​ហើយ​ចុះ​មក​វាយ​កញ្ចក់​រថយន្ត​របស់​លោក​ដោយ​ពួកគេ​មាន​ប្រដាប់​ដោយ​ពូថៅ ​ញញួរ​និង​ដំបង​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គេ​វាយ​បែក​កញ្ចក់​ឡាន​ហើយ ​វាយ​ត្រូវ​ខ្ញុំ។​ខ្ញុំ​ព្យាយាម​កាច់​សោរ​ដេរ​(បញ្ឆេះ)​ឡាន ​ដើម្បី​បើក​គេច។ ​ វា​បាន​បើក​ឡាន​តាម​ខ្ញុំ​បន្ត​ទៀត​បាន​ប្រហែល​ជិត​មួយ​គីឡូ​ដី ​តាម​កៀរគប់​ខ្ញុំ​ត្រូវ​មួយ​ពូថៅ​ពី​លើ​ឡាន ​គប់​តាម​កញ្ចក់​ឡាន»។​

លោក​បន្ថែម​ថា៖​«បើ​សិន​ជា​ខ្ញុំ​ដេរ​(បញ្ឆេះ)​ឡាន​ បញ្ឆេះ​អត់​ទាន់​ទេ​....​(គេ)​ប៉ុនប៉ង​សម្លាប់​តែ​ម្តង​ ពី​ព្រោះ​អី​អ្នក​ដែល​វាយ​ពេល​ហ្នឹង ​វា​ស្រែក​ថា​សម្លាប់​ពួក​អ្ហែង​ឲ្យ​អស់»។​

លោក​បន្ត​ថា​ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ លោក​មិន​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​អ្នក​ណា​នោះ​ទេ។​លោក​ថា​ មុន​កើត​ហេតុ​មួយ​ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​លោក ​និង​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​បាន​រាយ​ការណ៍​ទៅ​កាន់​កង​រាជ​អាវុធហត្ថ​ស្រុក​មេមត់​អំពី​ករណី​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​ដឹក​ឈើ ​ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ឃាត់ ​និង​ចាត់​វិធានការ​ផង​ដែរ។​

លោក ​សំណាង ​ដែល​របួស​ឆ្អឹង​ជំនីរ​ផ្នែក​ខាង​ធ្វេង ​បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ថា​ ការ​ដែល​គេ​ធ្វើ​មក​លើ​រូប​ខ្ញុំ​បែប​នេះ ​ ខ្ញុំ​ថា​ទីមួយ​អាច​ជា​ការ​សង​សឹក ​ ហើយ​ទី​ពីរ​អាច​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ដទៃ​ទៀត»។​

ចំណែក​លោក​មួក សារ៉ែន​ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ និង​រង​របួស​ដោយ​សារ​កញ្ចក់​រថយន្ត​បែក​ថ្លែង​ដូច​គ្នា​ថា​ នេះ​ជា​ការ​ប៉ុន​ប៉ង​សម្លាប់​ពួក​លោក​ទាំង​ពីរ​នាក់​ដែល​សម្រាក​នៅ​ក្នុង​រថយន្ត​ក្រោយ​ពួក​គេ​រាយ​ការណ៍​អំពី​បទ​ល្មើស​ព្រៃ​ឈើ ​ ហើយ​កងរាជ​អាវុធ​ហត្ថ​បាន​ចុះ​មក​ចាត់​វិធាន​ការ​ឃាត់​រថយន្ត។​

លោក​ថ្លែង​ប្រាប់​ VOA​ថា៖​ «ដល់​ថ្នាក់​វាយ​ កាប់​សុទ្ធ​តែ​ពូថៅ ....​គប់​ចូល​ក្នុង​ឡាន​ទៀត ​.....​មាន​តែ​ប៉ុន​ប៉ង​(សម្លាប់) ​ព្រោះ​(ពួកគេ)​ចុះ​វាយ​យកៗ។ ​ បើ​គំរាម ​ គេ​មិន​វាយ​ដល់​ថ្នាក់​ហ្នឹង​ទេ។​វាយ​នេះ ​វាយ​ប្រុង​សម្លាប់​ចោល​ហ្មង»។​លោក​បន្ថែម​ថា៖ ​«សំណាង​ហើយ​ដែល​ដេរ​(បញ្ឆេះ)​ឡាន​ឆេះ។​បើ​ដេរ​(បញ្ឆេះ)​ឡាន​មិន​ឆេះ​ ​មាន​តែ​ងាប់​ទាំង​ពីរ។​ ចេញ​ពី​ឡាន​អត់​រួច​ទេ»។​

លោក​មួក សារ៉ែន ​ដែល​បំពេញ​ការងារ​ជា​អ្នក​សារ​ព័ត៌មាន​ជាង​៣​ឆ្នាំ​មក​ហើយ​មាន​ប្រសាសន៍​ថា​ ​អ្នក​សារ​ព័ត៌មាន​តាម​ខេត្ត​ដែល​រាយ​ការណ៍​ពី​បទ​ល្មើស​ព្រៃ​ឈើ​ផ្សង​ព្រេង​ច្រើន​ ហើយ​ពួកគេ​ត្រូវ​តែ​ប្រុង​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច។​

អធិការ​នគរបាល​ស្រុក​មេមត់​ លោក​ ហុង គឹមហឿន​ មាន​ប្រសាសន៍​ថា ​នគរបាល​បាន​ទទួល​ពាក្យ​បណ្តឹង​ពួក​ គេ​ហើយ​លោក​បញ្ជាក់​ថា​ ​ហេតុ​ការណ៍​វាយ​ប្រហារ​លើ​អ្នក​សារ​ព័ត៌មាន​នេះ​បាន​កើត​ឡើង​ពិត​ប្រាកដ​មែន។ ​ លោក​បន្ត​ថា​ សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​រឿង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ហ្នឹង​ហើយ​យើង​កំពុង​តែ​បំពេញ​នីតិវិធី គ្រាន់​តែ​ថា​ ខ្ញុំ​បាន​ចាប់​ផ្តើម​ផ្តុំ​សំណុំ​រឿង។ ​ចាំ​មើល​ឃើញ​នៅ​តុលាការ​បែប​ម៉េច​អាហ្នឹង​រឿង​ហ្នឹង​ហើយ»។​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ​លោក ​ស ស៊ីណា ​មាន​ប្រសាសន៍​ថា​ ពួក​គេ​ទាំង​ពីរ​ជា​អ្នក​កាសែត​ឆ្លង​កាត់ ​ មិន​មែន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​ទេ។​ លោក​បាន​បញ្ជូន​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​នេះ​ទៅ​ក្រសួង​ព័ត៌មាន។​លោក​បន្ត​ថា​ អ្នក​សារ​ព័ត៌មាន​តាម​បណ្តា​ខេត្ត​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​រាយ​ការណ៍​អំពី​ភាព​អសកម្ម​ផ្សេងៗ​នៅ​តាម​បណ្តា​ខេត្ត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«និយាយ​ទៅ​គាត់​ល្អ​ម្យ៉ាង​ដែរ។​អ្វី​ដែល​យើង​មិន​ដឹង​ពួកគាត់​ដឹង។​គាត់​ផ្តល់​ព័ត៌មាន។ ​គាត់​ផ្តល់​ព័ត៌មាន​ឲ្យ​យើង​បាន​ដឹង​ដើម្បី​ធ្វើ​ការ​រឿង​ហ្នឹង»។​

លោក​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ អ្នក​សារ​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​ដែល​សំបូរ​ព្រៃឈើ ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ទាំង​នេះ​ទៅ​អាជ្ញាធរ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​វា​អាច​ថា​ជា​ការ​គំរាម​កំហែង​មួយ​ដែល​នឹង​រារាំង​ពួក​គាត់​ក្នុង​ការ​អនុវត្ត​តួនាទី​ពួក​គាត់​ក្នុង​ការ​ឃ្លាំមើល​ព្រៃ​ឈើ​ទៅ​មុខ​បន្ត​ទៀត»។​

លោក​បន្ថែម​ថា៖​ អ្នក​សារ​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​គឺ​គាត់​ពិត​ជា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ណាស់​ ជា​ពិសេស​ក្នុង​ករណី​ដែល​គាត់​រាយ​ការណ៍​ទៅ​លើ​បញ្ហា​ដែល​រសើប​ដូច​ជា​ករណី​ព្រៃ​ឈើ​អី​អ៊ីចឹង។ ​យើង​ដឹង​ហើយ​ថា​ ឈ្មួញ​ជួញ​ដូរ​ព្រៃឈើ ​វា​អាច​មាន​ជា​លក្ខណៈ​បុគ្គល​ខ្លះ​ ក៏​ប៉ុន្តែ​ភាគ​ច្រើន​ករណី​ដែល​ធំៗ​ គឺ​សុទ្ធ​តែ​អ្នក​ដែល​មាន​ឥទ្ធិ​ពល​ ឬ​ក៏​មាន​អំណាច​នៅ​ពី​ក្រោយ»។​

នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​(ខេមបូចា)​ បាន​បង្ហាញ​ក្តី​«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារ​ព័ត៌មាន»។ ​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ខេម​បូចា​បាន​«ថ្កោល​ទោស​ចំពោះ​ជន​ល្មើស​ដែល​មិន​ខ្លាច​ញញើត​នឹង​ច្បាប់»​ដែល​បាន​វាយ​ដំ​លើ​អ្នក​សារ​ព័ត៌មាន។ ខេម​បូចា​បញ្ជាក់​ថា៖ ​«នេះ​មិន​មែន​ជា​ករណី​លើក​ទី១​ទេ​ ដែល​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រាយ​ការណ៍​ពី​បទ​ល្មើស​ព្រៃឈើ ​និង​បទល្មើស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​ ​ត្រូវ​ទទួល​រង​នូវការ​គំរាម​កំហែង ​និង​វាយ​ដំ»។​

ខេម​បូចា​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ​ គឺ​ចាប់​ពី​ខែ​កក្កដា​ ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​ខេម​បូចា​រក​ឃើញ​ថា​មាន​អ្នក​សារ​ព័ត៌មាន​សរុប​១៥​នាក់​ក្នុង​ខេត្ត-ក្រុង ​ចំនួន​៨រួម​មាន​ខេត្ត​កណ្តាល ​តាកែវ ​កំពង់ឆ្នាំង ​ព្រះសីហនុ ​មណ្ឌលគិរី​ សៀមរាប​ ក្រចេះ ​និង​ភ្នំពេញ ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​រូបភាព​ផ្សេងៗ​ រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា ​ការ​ចាប់​ខ្លួន ​និង​ពាក្យ​បណ្តឹង​ពី​តុលាការ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG