ក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ផ្តើមបើកការស៊ើបអង្កេតឡើងវិញចំពោះករណីឃាតកម្មដ៏អាថកំបាំងមួយទៅលើជនជាតិបារាំង និងកូនទាំង៤របស់ជនរងគ្រោះក្នុងខេត្តកំពង់ស្ពឺ។
លោកឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) អាយុ៤២ឆ្នាំ មានភរិយាជាជនជាតិខ្មែរនិងមានកូន៤នាក់ បានបាត់ខ្លួនកាលពីដើមខែមករាឆ្នាំ២០១២ ក្រោយពីភរិយារបស់លោកស្លាប់។ បន្ទាប់មកលោក និងកូនៗទាំងបួននាក់ត្រូវបានរកឃើញថា ស្លាប់នៅក្នុងរថយន្តជាមួយគ្នាក្នុងទឹកស្រះមួយកន្លែងនៃបរិវេណផ្ទះរបស់ជនរងគ្រោះ។
ក្រោយពីជនរងគ្រោះបានស្លាប់ មានការសន្និដ្ឋានជំហានដំបូងថា បុរសជនជាតិបារាំងនិងកូនៗទាំងបួននាក់ទំនងជាធ្វើអត្តឃាតរួមគ្នាក្នុងពេលតែមួយ។ តែប្រទេសបារាំងបានបញ្ជូនក្រុមអ្នកជំនាញមកធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិច័យដល់បន្លែងកើតហេតុតាំងពីដើមឆ្នាំ២០១៣។
លោកឈឹម ឫទ្ធី ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកំពង់ស្ពឺ ដែលធ្លាប់បានបង្ហាញលទ្ធផលកោសល្យវិច័យថា មរណភាពរបស់ជនរងគ្រោះលោកឡូរ៉ង់ វាលីយេ និងកូនៗទាំងបួននាក់គឺជាករណីឃាតកម្ម ហើយលោកបានច្រានចោលការសន្និដ្ឋានដែលថា នេះជាករណីអត្តឃាដនោះ។
លោកមានប្រសាសន៍ថា កាលពី២សប្តាហ៍មុន លោកបានបញ្ជួនដីកាទៅក្រសួងមហាផ្ទៃឲ្យស៊ើបអង្កេតករណីឃាដកម្មទៅលើជនរងគ្រោះឡើងវិញ។
លោកនិយាយថា៖ «ពីព្រោះខាងក្រសួងមហាផ្ទៃវាមានដែនសមត្ថកិច្ចទូលំទូលាយជាងប៉ូលិស ពីព្រោះខាងខ្ញុំនេះអត់មានសមត្ថកិច្ចដែនដីឆ្លងទៅខេត្តមួយទៀតទេ។ អញ្ចឹងដើម្បីចៀសវាងកុំឲ្យលំបាក កុំឲ្យយើងចេញដីកាមានការយឺតយ៉ាវ និងខាតបង់ពេលវេលា យើងចាត់ឲ្យក្រសួងមហាផ្ទៃ មន្ត្រីក្រសួងមហាផ្ទៃស៊ើបអង្កេតជំនួសទៅវាលឿនជាង»។
លោកឈឹម ឫទ្ធីមិនបានបញ្ជាក់ថា តើលទ្ធផលនៃការស៊ើបអង្កេតនោះទទួលបានប៉ុន្មានទេ។ ក៏ប៉ុន្តែលោកបានអះអាងថា លោកមិនបោះបង់ចោលករណីឃាដកម្មនេះទេ។
លោកនិយាយថា៖«អត់បោះបង់ចោលករណីហ្នឹងទេ លោករស្មី ពីព្រោះវាជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះខ្លាំងណាស់។ វាត្រូវតែរកយុត្តិធម៌ជូនគ្នា»។
វីអូអេបានព្យាយាមទាក់ទងស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនទាក់ទងបានទេ។ ក៏ប៉ុន្តែលោកម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខរបស់ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីនេះ។
លោកនិយាយថា៖«កំពុងដំណើរការស៊ើបអង្កេត មិនមែនស្រួលៗដូចយើងនឹកឃើញទេ»។
តុលាការខេត្តកំពង់ស្ពឺធ្លាប់បានចេញដីកាកោះហៅលោកទិត្យ ឈួន ឪពុកនិងម្តាយក្មេកជនរងគ្រោះ ព្រមទាំងមេឃុំ និងសាក្សីមួយចំនួននៅក្នុងខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរ។ ក៏ប៉ុន្តែមិនទាន់មានតម្រុយថា ជនដៃដល់មួយណាជាអ្នកប្រព្រឹត្តអំពើឃាតកម្មដ៏អាថ៌កំបាំងមួយនេះនៅឡើយទេ។
លោកនីកូឡា បូដ្វាំង អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានប្រាប់VOA តាមសារអេឡិចត្រូនិចថា លោកស្នើសុំមិនធ្វើអត្ថាធិប្បាយនៅក្នុងដំណាក់កាលតុលាការកំពុងធ្វើការស៊ើបអង្កេតនេះទេ៕