កោះម៉ូអ៊ី រដ្ឋហាវ៉ៃ៖ នៅក្នុងបន្ទប់ថតសម្លេងក្នុងផ្ទះ នៅក្បែរទីក្រុងតូច ហាអ៊ីគុ (Ha’iku) នៃកោះ ម៉ូអ៊ី (Maui) អ្នកស្រី ឡូរី (Laurie) និង លោក ឌ្យែក រូហ៍រើរ៍ (Jake Rohrer) បានប្រើពេលនៃការចូលនិវត្តន៍របស់ខ្លួន ដើម្បីរក្សា និងលើកស្ទួយអ្នកចម្រៀងមិនសូវមានឈ្មោះ ប៉ុន្តែមានទេពកោសល្យបំផុត ដែលមានដើមកំណើតនៅរដ្ឋហាវ៉ៃ។ ដំណើរការនេះ គឺជាការរក្សាវប្បធម៌ហាវ៉ៃ។
អ្នកស្រី ឡូរី បានវែល (Laurie Barnwell) បានរកឃើញសេចក្តីរីករាយរបស់នាងនៅក្នុងវ័យ៨ឆ្នាំ នៅពេលដែលគ្រួសារដែលជាកងទ័ពរបស់នាង បានបោះទីតាំងនៅកំពង់ផែ ភើល ហារ៍ប៊័រ (Pearl Harbor) នៅកោះ អោហូ (Oahu) របស់រដ្ឋហាវ៉ៃ។ អ្មកស្រី បានវែល និយាយថា៖
«ខ្ញុំស្រឡាញ់រដ្ឋហាវ៉ៃយ៉ាងខ្លាំង ហើយក៏ស្រឡាញ់ការពិពណ៌នារដ្ឋនេះតាមរយៈតន្ត្រីផងដែរ»។
នៅពេលជាមួយគ្នានោះ លោក ឌ្យែក រូហ៍រើរ៍ បានធំដឹងក្តីនៅក្នុងទីក្រុង អែល ស៊ើរ៍រីតូ (El Cerrito) រដ្ឋ កាលីហ្វ័រនី កន្លែងដែលលោកបានក្លាយជាមិត្តជាមួយលោក ដ្យន ហ្វូឌ្យើទី (John Fogerty) និងក្រុមតន្ត្រីករមួយចំនួនទៀត ដែលក្រោយមកបានបង្កើតវង់ភ្លេងរ៉ុកខិនរ៉ុល មានឈ្មោះថា Creedence Clearwater Revival។ លោក រូហ៍រើរ៍ បានធ្វើដំណើរ ជាមួយក្រុមភ្លេងនោះ ក្នុងនាមជាអ្នកចាត់ការម្នាក់។ សែសិបឆ្នាំក្រោយមក លោកក្រឡេកមើលអតីតកាលទាំងនោះថា ជាឱកាសដ៏អស្ចារ្យមួយ។ លោក រូហ៍រើរ៍ ថ្លែងថា៖
«សប្បាយ។ រំភើប និងមើលឃើញលើកដំបូងបង្អស់ ដល់មុខរបរតន្ត្រីគ្រប់មជ្ឈដ្ឋាន និងរបៀបដែលតន្ត្រីដំណើរការ»។
គ្រួសារបានវែល បានតាំងលំនៅនៅក្នុងទីក្រុង អែល ស៊ើរ៍រីតូ កន្លែងដែល អ្នកស្រីឡូរី និងលោក ឌ្យែក បានជួបគ្នា និងរៀបអាពាហ៍ពិពាហ៍ ដែលម្នាក់ៗសុទ្ធតែធ្លាប់រៀបការម្តងរួចទៅហើយ។ នៅក្នុងឆ្នាំ១៩៩៦ ដោយកូនរបស់ពួកគាត់ចប់ការសិក្សាពីសាកលវិទ្យាល័យ ហើយរស់នៅដោយឯករាជ្យនោះ គ្រួសារ រូហ៍រើរ៍ បានសម្រេចចិត្តទៅចូលនិវត្តន៍នៅកោះ ម៉ូអ៊ី។ អ្នកស្រី ឡូរី រំពេចនោះក៏បានរំឮកឡើងវិញនូវការពេញចិត្តរបស់អ្នកស្រីចំពោះតន្ត្រីហាវ៉ៃ។ អ្នកស្រី ឡូរី និយាយថា៖
«តន្ត្រីប្រពៃណីហាវ៉ៃ ជាគ្រូរបស់ខ្ញុំ។ តន្ត្រីនេះឲ្យខ្ញុំដឹងពីរឿងនិទានអំពីទីកន្លែងនានានៅក្នុងរដ្ឋហាវ៉ៃ ឲ្យខ្ញុំដឹងថាតើកន្លែងទាំងនោះមានន័យដូចម្តេចខ្លះដល់ពលរដ្ឋហាវ៉ៃ ហើយតន្ត្រីនោះភ្ជាប់និស្ស័យខ្ញុំទៅកន្លែងទាំងនេះ និងវប្បធម៌នេះ»។
ដោយមានការជំរុញពីចំណូលចិត្តរបស់អ្នកស្រី ឡូរី លោកឌ្យែក ក៏ចាប់ផ្តើមស្រឡាញ់ពេញចិត្តក្រុមអ្នកចម្រៀងដែលមានដើមកំណើតនៅរដ្ឋហាវ៉ៃដែរ។ លោកនិយាយថា អ្នកចម្រៀងទាំងនោះប្រើចង្វាក់ភ្លេងកន្ទ្រាក់អារម្មណ៍ខុសប្លែកពីតន្ត្រីផ្សេងៗទៀតដែលលោកធ្លាប់បានស្គាល់។ លោក ឌ្យែក រូហ៍រើរ៍ ថ្លែងថា៖
«សរសៃឈាមជ័រនៃមរកតវប្បធម៌នេះ ហាក់ដូចជារត់ពាសពេញខ្លួនរបស់គេ ជាពិសេសនៅក្នុងគ្រួសារ។ ប្រសិនបើម្នាក់មានទេពកោសល្យក្នុងសិល្បៈវប្បធម៌នេះ គឺមួយគ្រួសារមានទេពកោសល្យស្ទើរតែទាំងអស់គ្នា»។
វាហាក់ដូចជាធម្មតាសម្រាប់គ្រួសារ រូហ៍រើរ៍ ក្នុងការចូលរួមនៅក្នុងទស្សនីយភាពតន្ត្រីក្នុងស្រុក។ លោក រូហ៍រើរ៍ បានបង្កើតបន្ទប់ថតសម្លេងមួយនៅក្នុងរោងឡាន ហើយបានថត ស៊ីឌី ជាមួយអ្នកចម្រៀងប្រពៃណីហាវ៉ៃម្នាក់មានឈ្មោះថា អាតា (Ata)។
ដោយមានគ្រោងការថតបទចម្រៀងច្រើន ក្រុមគ្រួសារ រូហ៍រើរ៍ ត្រូវការផ្លាកសញ្ញាសម្រាប់ថាសចម្រៀងផ្ទាល់ខ្លួន។ ពួកគេបានជ្រើសឈ្មោះ អ៊ូលូឡោ (Ululoa) ដែលជាឈ្មោះដែលសិល្បករម្នាក់នៃក្រុមសិល្បកររបស់គាត់បានដាក់ឈ្មោះឲ្យផ្ទះគាត់។ អ្នកស្រី ឡូរី ពន្យល់ថា ផ្ទះរបស់អ្នកហាវ៉ៃជាច្រើនមានឈ្មោះ ហើយឈ្មោះផ្ទះពួកគេសមយ៉ាងពិសេស។ អ្នកស្រី ឡូរី ពន្យល់ថា៖
«អូលូឡោ មានន័យច្រើនយ៉ាង ច្រើនស្រទាប់។ ប៉ុន្តែវាមានន័យថា ការលូតលាស់ច្រើនក្រៃលែង គឺវាមិនគ្រាន់តែជាដើមរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាតំណាងឲ្យការលូតលាស់នៃស្មារតីការលូតលាស់នៃការឆ្នៃប្រឌិត ហើយវាតំណាងពិតប្រាកដឲ្យអ្វីដែលកើតមាននៅទីនេះ គឺមនុស្សកំពុងធ្វើឲ្យតូរ្យតន្ត្រីរបស់ពួកគេលូតលាស់ នៅក្នុងបន្ទប់ថតសម្លេងរបស់យើង»។
វប្បធម៌ហាវ៉ៃជាប្រពៃណីប្រាប់តៗគ្នា។ ការនិទានរឿង និងរឿងព្រេងទាំងឡាយត្រូវបានបញ្ជូនពីមនុស្សមួយជំនាន់ទៅមួយជំនាន់តាមរយៈចម្រៀង។ អ្នកចម្រៀងជាច្រើននាក់បាននិយាយថា ដោយមានតន្ត្រី អ៊ូលូឡោ ក្រុមគ្រួសាររូហ៍រើរ៍ កំពុងសង្គ្រោះវប្បធម៌មួយដែលអាចបាត់បង់ ប៉ុន្តែអ្នកស្រី ឡូរី រូហ៍រើរ៍ និយាយថា ពួកគាត់គ្រាន់តែព្យាយាមផ្សព្វផ្សាយតន្ត្រីល្អៗតែប៉ុណ្ណោះ។
ប្រែសម្រួលដោយ នុច សារីតា