អង្គការមួយប្រឆាំងនឹងអំពើពុករលួយបានគូសបញ្ជាក់ការភ្ជាក់ទាក់ទងមួយរវាងអសមភាព និងអំពើពុករលួយរបស់រដ្ឋាភិបាលជាមួយការចេញផ្សាយឯកសារសន្ទស្សន៍សាកលប្រចាំឆ្នាំរបស់ផងខ្លួន ដោយនិយាយថាប្រជារាស្ត្របានគាំទ្រខ្លាំងឡើងៗដល់ពួកមេដឹកនាំដែលមានប្រជាប្រិយភាព ដោយបានសន្យាថានឹងដោះស្រាយបញ្ហាអំពើពុករលួយ ក៏ប៉ុន្តែទំនងជាធ្វើឱ្យស្ថានការណ៍រឹតតែអាក្រក់ទៅវិញ។
លោក Jose Ugaz ប្រធានអង្គការតម្លាភាពអន្តរជាតិបាននិយាយនៅពេលអង្គការនេះចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃពុធនេះថា «នៅក្នុងប្រទេសនានាដែលមានពួកមេដឹកនាំជាពួកប្រជានិយម ឬជាអ្នកកាន់អំណាចផ្តាច់ការ យើងបានឃើញជាញឹកញយថាលទ្ធិប្រជាធិបតេយ្យចុះថមថយ និងមានលំនាំមិនល្អក្នុងការប៉ុនប៉ងបង្ក្រាបសង្គមស៊ីវិល កម្រិតសេរីភាពកាសែត និងធ្វើឱ្យខ្សោយនូវឯករាជ្យភាពនៃអង្គការតុលាការ។ ដោយមិនបានដោះស្រាយបញ្ហាមូលធននិយមនៃក្រុមមិត្តភក្តិរបស់ផងខ្លួនទេ ពួកមេដឹកនាំទាំងនោះបានបន្តុបប្រព័ន្ធពុករលួយអាក្រក់ជាងមុនទៅទៀត»។
សេចក្តីរាយការណ៍នេះនិយាយថា ប្រទេសទាំងឡាយត្រូវការឱ្យមាន «កំណែទម្រង់ជាប្រព័ន្ធដោយស៊ីជម្រៅ» ដើម្បីដោះស្រាយអតុល្យភាពនៃអំណាច និងធនធានដែលកើនខ្លាំងឡើងៗ។ របាយការណ៍នេះផ្តល់អនុសាសន៍ថា ការផ្លាស់ប្តូរទាំងនោះមានរួមបញ្ចូលការប្រាប់ឱ្យដឹងជាសាធារណៈអំពីនរណាខ្លះដែលមានក្រុមហ៊ុន និងដាក់កំហិតការដាក់ទណ្ឌកម្មប្រឆាំងនឹងពួកជនទាំងឡាយណាដែលជួយធ្វើឱ្យប្រាក់កាសបានមកពីអំពើពុករលួយឆ្លងកាត់ព្រំដែន៕