នៅក្នុងប្រទេសឥណ្ឌូនេស៊ី ការចាប់ខ្លួនអតីតមន្ដ្រីម្នាក់នៃក្រសួងរតនាគាររបស់គណបក្សកាន់អំណាច បាននាំឲ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេមើលឃើញថា អំពើពុករលួយជាការគំរាមទៅលើលទ្ធិប្រជាធិបតេយ្យ ធ្ងន់ជាងអំពើភេរវកម្មទៅទៀត។ ករណីនៃអំពើពុករលួយអាចផ្ដល់ការយល់ឃើញដ៏ជ្រៅថ្មីមូយចំពោះការរាលដាលនៃអំពើពុករលួយក្នុងចំណោមក្រុមវរជន ហើយក្រុមអ្នកវិភាគមានសេចក្តីព្រួយបារម្ភថាអំពើពុករលួយអាចនាំឲ្យមានការអស់សេចក្តីទុកចិត្ដរបស់សាធារណជន មកលើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់ប្រទេសនេះ។
តាំងពីការចាប់ផ្ដើមអណត្ដិទីពីររបស់ប្រធានាធិបតី ស៊ូស៊ីឡូបំបាង យូដូយូណូ (Susilo Bambang Yudhoyono) នៅឆ្នាំ២០០៩មក ការស៊ើបអង្កេតអំពីរឿងពុករលួយ នៅក្នុងរង្វង់គណបក្សប្រជាធិបតេយ្យរបស់លោកនិងនៅគ្រប់ជាន់ថ្នាក់ក្នុងរដ្ឋាភិបាល បានគ្របដណ្ដប់លើទំព័រសារព័ត៌មាន ហើយបានដាក់អាទិភាពនៃកិច្ចការនិតិបញ្ញតរបស់ប្រធានាធិបតីឲ្យនៅស្ងៀមមួយកន្លែង។
ករណីរបស់អតីតមន្ដ្រីនៃក្រសួងរតនាគារនៃគណបក្ស ប្រជាធិបតេយ្យ លោក មូហាម៉ាដ ណាស្សារូឌិន (Muhammad Nazaaruddin) គំរាមធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យខូចខាតជាដំណំដល់នយោបាយរបស់គណបក្សរបស់លោកប្រធានាធិបតី នៅក្នុងការបោះឆ្នោតលើកក្រោយហើយអ្នកវិភាគនិយាយថា រឿងនេះនឹងអាចមានផលប៉ះពាល់ធំធេងទៅលើរដ្ឋាភិបាល។
លោក ណាស្សារូឌិន អាយុ ៣២ ឆ្នាំ បានគេចចេញពីប្រទេស កាលពីខែ ឧសភា ក្រោយពីបានត្រូវចោទប្រកាន់ពីបទទទួលសំណូកមានទឹកប្រាក់ជិត ៣លានដុល្លារ ក្នុងការយល់ព្រមផ្តលគំរោងការសំណង់សម្រាប់កីឡា អាស៊ីអគ្នេយ៍ ដែលប្រព្រឹត្ដធ្វើក្នុងឆ្នាំ ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅពេលគេចចេញពីប្រទេស លោកបានផ្ដល់សម្ភាសន៍ជាច្រើន ដោយលោកបានចោទប្រកាន់ក្រុមមន្ដ្រីថ្នាក់ខ្ពស់អំពីអំពើពុករលួយ រាប់ទាំងមន្ដ្រីនៃគណកម្មការឯករាជ្យដើម្បីកំចាត់អំពើពុករលួយ។ អ្នកដែលជាប់ចោទ បានបដិសេធ ការចោទប្រកាន់ទាំងនេះ។ លោក ណាស្សារូឌិន កាលពីពេលថ្មីៗនេះ បានត្រូវអាជ្ញាធរនៅក្នុងប្រទេស កូឡូមប៊ី (Colombia) ចាប់ខ្លួន ហើយបញ្ជូនមកឲ្យប្រទេសឥណ្ឌូនេស៊ីវិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
លោក ដាណាំង វិដូយូកូ (Danang Widoyoko) ធ្វើការឲ្យអង្គការឯករាជ្យ ឈ្មោះអង្គការឃ្លាំមើលអំពើពុករលួយក្នុងប្រទេសឥណ្ឌូនេស៊ី និយាយថា ការចោទប្រកាន់ទំាងនោះ បណ្ដាលឲ្យមានសំណួរអំពីអនាគតរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
«នៅទីបញ្ចប់ វាអាចប៉ះពាល់ទៅដល់សេចក្តីទុកចិត្ដមកលើរដ្ឋាភិបាល ហើយខ្ញុំយល់ថា វាធ្វើឲ្យមានការមិនទុកចិត្ដពីសាធារណជន មកលើគណបក្សប្រជាធិបតេយ្យ ហើយនឹងមានការប៉ះពាល់ដល់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជាតិលើកក្រោយ»។
លោក វិដូយូកូ ថ្លែងថា គេឃើញមានការលូតលាស់ជាបង្គួរក្នុងការទប់ស្កាត់អំពើពុករលួយ ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយពីមេដឹកនាំកាន់អំណាចផ្ដាច់ការលោក ស៊ូហារតូ (Suharto) ធ្លាក់ចេញពីដំណែង តែសេរីភាពរបស់សារព័ត៌មានបាននាំឲ្យសាធារណជនយល់ដឹងជាច្រើនអំពីបញ្ហានេះ។ លោកថ្លែងថា ការផ្ដោតយកចិត្ដទុកដាក់កាន់តែច្រើនពីសាធារណជនក៏បានបំផ្លាញជំនឿមកលើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឲ្យបណ្ដាញព័ត៌មានមានការរីកចម្រើនកាន់តែធំឡើង។
«បណ្ដាញព័ត៌មានមានសេរីភាពនឹងធ្វើសេចក្ដីរាយការណ៍ស៊ើបអង្កេតអំពីករណីពុករលួយ ហើយក៏លែងមានអន្តរាគមន៍លើសារព័ត៌មានក្នុងការសរសេរអំពីរឿងពុករលួយដែលកើតមានឡើងរាល់ៗថ្ងៃតទៅទៀត។ ហេតុដូច្នេះហើយបានជាគេមើលឃើញថា អំពើពុករលួយហាក់ដូចជាកំពុងកើតមានឡើងនៅគ្រប់ទីកន្លែង»។
លោក គន់តូរ៉ូ ម៉ាំងគូស៊ូប្រូតូ (Kuntoro Mangkusubroto) អ្នកដឹកនាំអង្គភាពប្រធានាធិបតីមួយ ដើម្បីសម្រួលការកែទម្រង់របស់រដ្ឋាភិបាលថ្លែងថា វិមជ្ឈការ ឬការចែកអំណាចរបស់រដ្ឋាភិបាលដែលនាំឲ្យមានការលូតលាស់ដល់លទ្ធិប្រជាធិបតេយ្យ បានជំរុញឲ្យអំពើពុករលួយរាលដាលដល់ថ្នាក់តំបន់។
«ពេលនេះ មិនមានការធានាទេ ថាបើសិនជាអ្នកមានការជិតស្និតជាមួយប្រធានាធិបតី នោះអ្វីៗនិងមានភាពរលូននៅទីនេះ។ ពីព្រោះមានព្រឹត្ដការណ៍ច្រើនណាស់ដែលកើតឡើងនៅទីនោះ ហើយក៏មានអ្នកកាន់អំណាចជាច្រើនក្នុងដំបន់ដែរ។ ចំពោះមតិខ្ញុំ គឺវាធ្វើឲ្យមានភាពសាំញ៉ាំរឹតតែខ្លំាងឡើង។ មានអ្នកខ្លះនិយាយថា ភាពសាំញ៉ាំនាំទៅរកអំពើពុករលួយ មែនទេ?»។
លោក តូប៊ីយ៉ាស់ បាស៊ូគី (Tobias Basuki) អ្នកស្រាវជ្រាវវិទ្យាសាស្រ្ដនយោបាយនៅឯសកលវិទ្យាល័យ ប៉េលីតា ហារ៉ាប៉ាន់ (Pelita Harapan) ឋឹតនៅជាយទីក្រុង ចាកាតា ថ្លែងថា ការខកចិត្ដរបស់សាធារណជនចំពោះរឿងពុករលួយ អាចនាំទៅរកការគាំទ្ររដ្ឋាភិបាលមួយដែលកាន់អំណាចផ្ដាច់ការរឹតតែអាក្រក់ជាងមុន។
«ពេលនេះយើងឃើញច្បាប់និតិរដ្ឋបានត្រូវគេបំផ្លេចចោល និងមានការរើសអើងច្រើន ព្រមទាំងមានគ្រោះថ្នាក់ឆ្ពោះទៅរកភាពនិយមជ្រុលដោយសារតែមិនឃើញមានវិធានការប្រឆាំងអំពើពុករលួយដែលនៅតែមានបន្ត រួចមនុស្សនឹងស្វែងរកទ្រង់ទ្រាយថ្មីនៃសេចក្ដីថ្លៃថ្នូរនិងគំនិត ព្រមទាំងសាសនវិទ្យាផ្សេងៗនៅក្រៅរដ្ឋាភិបាល ដើម្បីបំពេញតាមគំនិតនៃយុត្ដិធម៌របស់ពូកគេ»។
លោកថ្លែងថា ករណីលោក ណាស្សារូឌិន ក៏ផ្ដល់ឱកាសដល់ប្រធានាធិបតី យូដូយូណូ ដើម្បីបង្ហាញរូបភាពថ្មីរបស់លោក ថាលោកជាអ្នកនិយមការកែទម្រង់ និងជាអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ បើលោកមានចិត្ដចង់តទល់នឹងមន្ដ្រីថ្នាក់ខ្ពស់ក្នុងគណបក្សរបស់លោកដែលបានប្រព្រឹត្ដអំពើទទួលសំណូក។
«ខ្ញុំយល់ថា បើលោកប្រធានាធិបតីចង់ធ្វើកិច្ចការឲ្យបានប្រសើរលើសពីការសង្រ្គោះគណបក្សរបស់លោក ហើយមិនបំពេញចិត្ដមិត្ដភ័ក្ររបស់លោក ខ្ញុំគឹតថានេះជាពេលវេលាដែលលោកអាចចាត់វិធានការ ដែលប្រហែលជាមិនសូវមានប្រជាប្រិយភាពនេះ តែវាប្រហែលជានឹងអាចផ្លាស់ប្តូរមាគ៌ានៃកិច្ចការជាច្រើនទៅថ្ងៃមុខទៀត»។
លោក Basuki ថ្លែងថា ថ្វីបើប្រព័ន្ធក្មេងខ្ចីនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូនេស៊ី ហាក់ដូចជាមានសភាពនឹងនរ តែនៅស្រួយនៅឡើយ។ លោកមានចិត្ដព្រួយបារម្ភថា បើប្រសិនមេដឹកនាំជាប់ឆ្នោតមិនចាត់វិធានការខ្លាំងប្រឆាំងអំពើពុករលួយទេ សាធារណជននឹងបាត់បង់ជំនឿមកលើលទ្ធិប្រជាធិបតេយ្យជាមិនខាន។
ប្រែសម្រួលដោយ អ៊ូធួក