ដោយ JENNIFER GLASSE រាយការណ៍ពីរដ្ឋធានី KABUL ប្រែសម្រួលដោយ លី សុខឃាង
ឧបសគ្គមួយចំពោះភាពជោគជ័យរបស់អង្គការណេតូ នៅក្នុងប្រទេសអាហ្វកានីស្ថាន គឺអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ រហូតមកដល់ពេលនេះ ខណៈដែលមានភស្តុតាងជាក់ស្តែងតិចតួចប្រឆាំងនឹងមន្ត្រីអាហ្វកានីស្ថានជាន់ខ្ពស់ មន្ត្រីជាច្រើន ត្រូវបានសង្ស័យថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើឲ្យពួកគេក្លាយជាអ្នកមាន និងទទួលកិច្ចសន្យាដែលមានផលចំណេញ ច្រើន ហើយប្រការនោះត្រូវបានចាត់ទុកថា ជាឧបសគ្គរាំងស្ទះដល់ការបង្កើតនិតិរដ្ឋ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណេតូរបស់ខ្លួន កំពុងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសអាហ្វកានីស្ថាន។ ឥឡូវនេះ ក្រុមអ្នកស៊ើបអង្កេត កំពុងពិនិត្យមើលវិស័យសន្តិសុខមួយចំនួន និងកិច្ចសន្យាផ្សេងៗ នៅក្នុងប្រទេសអាហ្វកានីស្ថាន ដើម្បីរកសញ្ញានៃអំពើពុករលួយ។ លោកស្រីខេត ក្លាក (Kate Clark) ជាអ្នកវិភាគអំពីប្រទេសអាហ្វកា នីស្ថាន និយាយថា បន្ទាប់ពីសង្រ្គាមជាច្រើនទសវត្សរ៍មក អំពើពុករលួយ ក្លាយជារបៀបរបបរស់នៅសម្រាប់ទីនេះ។ លោកស្រីក្លាកថ្លែងថា៖
«នៅក្នុងប្រទេសផ្សេងៗទៀត តើអ្នកអាចឃើញកូនប្រុសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលបានកិច្ចសន្យាធំមួយ សម្រាប់មូលដ្ឋានយោធាសំខាន់មួយ ដែរឬទេ? នៅក្នុងប្រទេសរបស់អ្នក និងប្រទេសរបស់ខ្ញុំ នោះគឺជារឿងខុសច្បាប់។ វាមិនអាចកើតឡើងបានឡើយ។ វាជាបញ្ហាសីលធម៌។ ហេតុអ្វីបានជារឿងនេះ កើតឡើងនៅក្នុងប្រទេសអាហ្វកានីស្ថាន?»
លោកស្រីក្លាក និយាយថា បញ្ហាកើតចេញមកពីថ្នាក់កំពូល។ លោកស្រីបន្តទៀតថា៖
«សេដ្ឋកិច្ចរបស់ប្រទេសអាហ្វកានីស្ថាន ដូចសេដ្ឋកិច្ចនៃជនអន្ធពាលដែរ ដែលប៉ូលីស និងក្រសួងមហាផ្ទៃ គឺជាផ្នែកសំខាន់នៅក្នុងរឿងនោះ។ អ្នកអាចទិញកន្លែងធ្វើការបាន។ ដូច្នេះប្រសិនបើអ្នកចង់ទទួលខុសត្រូវនៅតាមព្រំដែន អ្នកចង់ទទួលខុសត្រូវនៅតាមព្រំដែនដែលជាច្រកចេញចូលសំខាន់ៗនៃការរត់ពន្ធគ្រឿងញៀន។ អ្នកត្រូវចំណាយលុយដើម្បីបានកន្លែងនោះ។ អ្នកខំប្រឹងរកលុយនោះមកវិញ ហើយប្រការនោះមានន័យថា ជាការរកលុយចេញពីការរត់ពន្ធថ្នាំញៀន ហើយវាច្បាស់ណាស់ថា ការធ្វើបែបនោះនៅតែបន្ត »។
មន្ត្រីខ្មាន់ការ៉ាប៊ីនអ៊ីតាលី លោកឧត្តមសេនីយ៍ត្រី កាម៉េឡូ ប៊ឺជីអូ (Carmelo Burgio) បានប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលនៅប្រទេសអ៊ីតាលីអស់ជាច្រើនឆ្នាំមកហើយ។ គាត់នៅប្រទេសអាហ្វកានីស្ថាន ដើម្បីបណ្តុះបណ្តាលក្រុមប៉ូលីស ហើយនិយាយថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅទីនេះ នឹងត្រូវការពេលរាប់ឆ្នាំ។ លោកថ្លែងដូច្នេះថា៖
«ប្រសិនបើយើងចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ យើងត្រូវប្រើវិធីសាស្រ្តដូចគ្នានឹងវិធីសាស្រ្ត ដែលយើងកំពុងប្រើនៅក្នុងប្រទេសអ៊ីតាលី។ ការប្រឆាំងនឹងក្រុមជនអន្ធពាល ត្រូវការពេលមួយជំនាន់មនុស្ស។ បើចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អ្នកត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ។ ការផ្លាស់ប្តូរផ្នត់គំនិត ត្រូវការពេល៥០ឆ្នាំ ៦០ឆ្នាំ ៧០ឆ្នាំ នៅក្នុងទិសដៅដូចគ្នា ទឹកចិត្តដូចគ្នា »។
លោកប៊ឺជីអូ ក៏បានឲ្យដឹងទៀតថា ត្រូវមានការចូលរួមពីគ្រប់ទិដ្ឋភាពទាំងអស់របស់សង្គម។ លោកមានប្រសាសន៍ថា៖
«បើចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់នេះ យើងត្រូវតែផ្លាស់ប្តូរវិធីសាស្រ្ត។ យើងត្រូវការវិធីសាស្រ្តជាសាកល វិធីសាស្រ្តសង្គម។ គ្រប់ភាគីនៅក្នុងសង្គម គួរតែចូលរួមនៅក្នុងដំណើរការនេះ។ នៅពេលខ្ញុំនិយាយអំពីគ្រប់ភាគី គឺខ្ញុំនិយាយអំពីសាសនា គ្រួសារ អ្នកនយោបាយ សាលារៀន គឺគ្រប់ភាគីទាំងអស់។ មិនត្រឹមតែចៅក្រម រដ្ឋអាជ្ញារ និងប៉ូលីសប៉ុណ្ណោះ ទេ»។
លោកស្រីក្លាកនិយាយថា បញ្ហាសំខាន់មួយនោះគឺថា កងកម្លាំងណេតូ ចង់ដោះស្រាយតែជាមួយនឹងអ្នកសម្របសម្រួល អំណាចថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ។ លោកស្រីថ្លែងថា៖
«មានជនជាតិអាហ្វកានីស្ថាននៅប្រចាំការ ដែលយល់ឃើញថាកងទ័ពបរទេស ដែលពួកគេគិតថា កំពុងចូលមកការពារពួកគេ។ ពួកគេគិតថា បរទេសកំពុងតែមកការពារជនស៊ីវិលអាហ្វកានីស្ថាន ប៉ុន្តែតាមពិតកងទ័ពទាំងអស់នោះ ផ្តល់ការគាំទ្រខាងនយោបាយ ហើយជារឿយៗផ្តល់កិច្ចសន្យាច្រើនលានដុល្លារ ទៅឲ្យមេបញ្ជាការធំបំផុតនៅតាមតំបន់ ដែលមេបញ្ជាការភាគច្រើនធ្លាប់ទទួលរងការចោទប្រកាន់កាលពីអតីតកាល អំពីបទឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ ឬការរំលោភសិទ្ធិមនុស្សទៀតផង »។
ការទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋអាហ្វកានីស្ថាន គឺជាចំណុចសំខាន់បំផុតនៃយុទ្ធសាស្រ្តបច្ចុប្បន្នរបស់អង្គការណេតូ ចំពោះប្រទេសអាហ្វកានីស្ថាន។ មន្រ្តីអង្គការណេតូបានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬការស្តែងឲ្យឃើញថាចង់ធ្វើអ្វីមួយទាក់ទងនឹងរឿងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តនោះហើយ ប៉ុន្តែបានសារភាពថា វាជាភារកិច្ចដ៏ស្មុគ្រស្មាញ និងត្រូវការពេលវេលាយូរ៕