ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរីករាល​ដាល​នៃ​វីរុស​កូរ៉ូណាបង្កើតហានិភ័យដល់​ការបែក​បាក់​គ្នា​ក្នុងចំណោម​ប្រទេស​សមាជិកសហភាពអឺរុប​


រូ​បឯកសារ៖ ស្លាកបដាមួយសរសេរថា «ប្រសិនបើយើងបើក​ យើងនឹងក្ស័យធ័ន» ស្របពេលម្ចាស់ភោជនីយដ្ឋាន​និងបារតវ៉ាពីការដាក់កំហិតលើការបើកសេដ្ឋកិច្ចសារជាថ្មីនៅក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

នៅពេល​ចាប់​ផ្តើម​នៃការ​បិទ​ប្រទេសដោយ​សារការ​រាល​ដាល​ឆ្លង​នៃ​វីរ៉ុស​កូរ៉ូណា រដ្ឋាភិបាល​នៃ​ប្រទេស​សហគមន៏​អឺរ៉ុបបាន​ប្រញាប់ប្រញាល់ទប់ទល់ដល់​ការប៉ះ​ពាល់​ផ្នែកជំនួញ​ និង​ផ្នែក​សារធារណៈជាមួយ​និង​ការឧត្ថម្ភផ្សេងៗ​ ដែល​ជា​វិធី​ដើម្បី​ធានា​ថា ​ការចុះថយ​សេដ្ឋកិច្ចក្រោយ​វិបត្តិ​ជំងឺកូរ៉ូណានឹង​មិនប៉ះពាល់ខ្លាំង​ក្នុង​រយៈពេលយូរនោះ​ទេ​ ដោយ​សារ​តែការ​កាត់​បន្ថយ​បុគ្គលិក និងការ​ក្ស័យធន់ជា​ដើម។

អ្នកវិភាគមួយចំនួន​លើក​ឡើង​ថា ការប្រមើរមើល​ផ្នែកសេដ្ឋកិច្ច ហាក់​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយទេសំរាប់​សហគមន៏អឺរ៉ុប ដោយ​សារ​តែ​ផល​ប៉ះ​ពាល់​នៃ​ការបិទ​ប្រទេសនេះ អាច​មាន​រយៈពេល​រាប់​ឆ្នាំ​ទៅ​មុខ​ បើទោះ​បីនាពេ​ល​នេះមាន​ការបន្ធូរ​បន្ថយខ្លះ​យ៉ាងណា​ក្តី។ រដ្ឋាភិបាល​ក្នុងប្រទេស​សហគមន៏អឺរ៉ុប ដែល​កំពុង​មាន​បន្ទុកស្រាប់ជាមួយនឹង​ឱនភាព​ប្រចាំឆ្នាំ​ដែល​មានកម្រិត​ប្រហាក់​ប្រហែល​ពេលមានសង្គ្រាមស្រាប់​ផងនោះបាន​ប្រឈមនឹង​ជម្រើស​ដែល​មិន​អាច​ជៀស​រួច​រវាង​ការ​កាត់​ចំណាយសារធារណៈឬ​ការ​ដំឡើង​ប្រាក់​ពន្ធ​ ដែល​ជម្រើស​ទាំង​ពីរនេះនឹង​ធ្វើ​ឲ្យមាន​ភាពយឺត​យ៉ាវដល់ការងើប​ឡើង​វិញ​នៃសេដ្ឋកិច្ចទាំងមូល​។

នៅសប្តាហ៏នេះ​ ប្រទេស​សហគមន៏អឺរ៉ុបបាន​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ថែម​ទៀត ដោយអនុញ្ញាតឲ្យ​បើក​ឡើង​វិញ​នូវ​មុខជំនួញ​ផ្សេងៗ រួម​មានដូច​ជា​ បា​រាំកម្សាន្ត​ ហាង​កាត់សក់​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល​២​ខែរួច​មក។

នៅវិហារកាតូលិក basilica of​ St. Francis ក្នុង​តំបន់ Assisi​ នៃ​ប្រទស​អ៊ីតាលី លោក​ឳ Enzo Fortunato បានថ្លែង​ក្នុង​ស​ម្តីដើម​ថា «ការ​បើ​ក​ឡើងវិញ​នូវ​វិហារ​គ្រឹស្គសាសនា នៅ​ក្នុង​ដំណាក់​កាល​នេះ​ជា​សញ្ញាមួយនៃ​ក្តី​សង្ឃឹម​»។

លោក​ឳ Enzo Fortunato បានថ្លែងយ៉ាងដូច​នេះនៅ​ពេល​ដែលអ្នក​មក​គោរពសាសនា បានពាក់​ម៉ាស់​និង​បានរក្សា​គម្លាតពី​គ្នា​ ដោយ​មានអ្នកឈរ​ចាំវាស់​ស្ទង់​កម្តៅ​អ្នក​មកចូលរួម​នៅ​‌ខាងមុខ​ខ្លោងទ្វាចូលផង។ ទោះជាយ៉ាងនេះ​ក្តី​ ប្រតិកម្មចំពោះ​ការបន្ធូរបន្ថយដល់ការរឹត​បន្តឹងនេះមាន​ភាពលាយ​ឡំ​ជាមួយ​ការកាន់​ទុក្ខសោក​ស្តាយ ចំពោះអ្នក​ដែល​បានស្លាប់ទៅ​ ក៏ដូចជា​អារម្មណ៏​ខ្វាយខ្វល់ពី​ផល​ប៉ះ​ពាល់​នៃ​សេដ្ឋកិច្ច​ ដល់​ប្រទេស​នីមួយៗរបស់​គេ ​ដែល​មិន​ដែល​បាន​ងើប​ឡើង​វិញ​ទាំង​ស្រុង បន្ទាប់ពីវិបត្តិ​ហិរញ្ញវិត្ថុ​កាល​ពីឆ្នាំ​២០០៨មក​។ ​

បើទោះបី​ប្រជាជន​អ៊ីតាលី មានភាព​រីករាយដោយទទួលបាននូវសេរីភាពខ្លះៗវិញពីការបិទប្រទេសកន្លងមក​ក៏ដោយ មន្ត្រីក្នុងទីក្រុងរ៉ូមជាច្រើននាក់​ ដែលមិន​ខុសពីមន្ត្រីដទៃទៀត​នៅក្នុង​ទីក្រុង​ផ្សេងៗក្នុង​ប្រទេស​អឺរ៉ុប កំពុងតាម​ដាន​បញ្ហាសេដ្ឋ​កិច្ច​ ដែល​គេ​រំពឹង​ថា នឹង​មាន​ការចុះថយ​ក្នុង​កម្រិត​ប្រមាណ​១០ ភាគរយ។

សមាគម​លក់​ទំនិញ​រាយ​របស់​ប្រទេសអ៊ីតាលី​ឈ្មោះ​ Confcommercio បានរាយការណ៏នៅ​ថ្ងៃចន្ទ​ថា​ ការចំណាយ​របស់អ្នក​ប្រើ​ប្រាស់ទំនិញ ធ្លាក់ចុះប្រមាណ៤៧ភាគរយ ក្នុង​ខែមេសា ហើយ​ហានិភ័យនៃការ​គ្រោះថ្នាក់ជាអិចិន្ត្រយ៏របស់សេដ្ឋកិច្ច​ស្ថិតក្នុងកម្រិតខ្ពស់​។​ លោក​ Carlo Sangalli ​ដែល​ជា​ប្រធាន​របស់​សមាគនេះ បានអំពាវនាវឲ្យមាន​ «ផែន​ការជា​ទូទៅ​មួយ​សំរាប់​ការ​កសាង​ប្រទេស​ឡើង​វិញ ដែលជា​ផែន​ការមួយ​នៅ​តែ​មិន​ទាន់​កើត​ចេញ​ជា​រូប​រាង​នៅ​ឡើយ​»។

ការខិតខំអោយមានឯកភាពក្នុងសហគមន៏អឺរ៉ុប

ការ​រៀប​ចំ​ផែនការ​របស់រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​សហគមន៏អឺរ៉ុប​នីមួយៗមាន​ការលំបាក។ ដោយ​មាន​សេដ្ឋកិច្ចដែលប្រ​ទាក់ក្រឡា​ជាមួយគ្នា ក៏ដូចជា​ គោលការណ៏និងប្រព័ន្ធច្បាប់​ដែល​មានភាពនៅ​ឆ្ងាយពីគ្នានៅ​ឡើយ រដ្ឋជាសមាជិក​របស់សហភាព​អឺរ៉ុប​ កំពុងតែ​ខិតខំឲ្យ​មាន​ការឯកភាព​គ្នា​ និងយល់​ស្រប​គ្នា​ទៅ​លើ​ចំណុច​លម្អិត​ទាំង​ឡាយថា​តើ​គេ​ត្រូវចូលរួមផ្តល់​ថវិកាយ៉ាង​ដូច​ម្តេច​ក្នុងការ​ស្តារសហគមន៏អឺរ៉ុបឡើង​វិញ ក្រោយជំងឺរាតត្បាត​វីរ៉ុស​កូរ៉ូណា។ គេក៏កំពុងសំឡឹង​ទៅ​មើលថា​តើធនាគារ​កណ្តាលរបស់​សហភាព​អឺរ៉ុប​អាច​ជួយគាំទ្រ​នូវសកម្មភាពចេញ​លុយ​សង​បំណុលរបស់​រដ្ឋាភិបាលដល់​កម្រិត​ណា​ ដែល​រឿងនេះ​បាន​ធ្វើ​ឲ្យ​មាន​ការបែកបាក់​គ្នា​កាន់​តែខ្លាំង​ក្នុង​ប្រទេស​ជាសមាជិករបស់​សហភាពអឺរ៉ុប​ភាគ​ខាង​ជើង ដែ​ល​ជាប្រទេសអ្នក​មាន​ និង​សមាជិករបស់សហភាព​អឺរ៉ុប​ភាគខាង​ត្បូង​ដែល​ជាប្រទេសក្រី​ក្រ​ជាង។ ​

ហានិភ័យ​នៃផលប៉ះពាល់ផ្នែក​សេដ្ឋកិច្ចនិងជំងឺឆ្លងបានបង្កើតឲ្យមានការ​ប្រះស្រាំ​កាន់តែ​ធំនិងជ្រៅជាង​មុន នៅ​ក្នុងប្លុកដែល​កំពុង​តែ​មាន​ការបែកបាក់​គ្នា​ស្រាប់ ដោយ​សារ​តែ​គោល​នយោបាយ​ស្តីពី​ជនអន្តោប្រវេសន៏និង​គោល​នយោបាយក្រៅប្រទេស​ទាក់ទង​និងការការពារ​ប្រទេស។ វិសមភាព​ផ្នែក​សេដ្ឋកិច្ចអាច​នឹង​កើនឡើង ដោយ​រដ្ឋ​សមាជិក​ជា​អ្នក​មាន អាច​មាន​លទ្ធ​ភាព​ច្រើន​ជាង ក្នុង​ការផ្តល់ថវិកាដើម្បីធ្វើ​ឲ្យ​ប្រសើរឡើងនូវឧស្សាហកម្ម​ជាតិ​និង​ជំនួញ​ និង​ផ្តល់​ឲ្យ​ពួកគេ​នូវប្រៀបមួយ ​សម្រាប់ការប្រកួត​ប្រជែង​ជា​មួយដៃគូ​ប្រកួតច្រើនជាង​រដ្ឋសមាជិករបស់​សហគមន៏​អឺរ៉ុប​ដែលជាប្រទេស​ក្រីក្រ។

ការទាមទា​ឲ្យ​សមាជិក​ជាអ្នកមាន ជួយ​ផ្តល់​ថវិកាសំរាប់ផ្គត់​ផ្គង់ថវិកា សមាជិក​ជាអ្នក​ក្រ​ ក្នុង​សហគមន៏​អឺរ៉ុប​កំពុង​ត្រូវ​បាន​គេបំភ្លេច ដែល​ប្រការ​នេះ បាន​ធ្វើឲ្យ​មេដឹកនាំ​ប្រទេស​មួយ​ចំនួនក្នុង​តំបន់​ភាគខាងត្បូងនៅក្នុង​ទ្វីបអឺរ៉ុប​ មានការ​ខឹង​សម្បារ ដោយ​ពួក​គេ​ព្រមាន​ថា ទំនាក់​ទំនងក្នុង​ភាព​ជា​សមាជិក នឹង​មាន​ភាព​កាន់តែ​តាន​តឹង​ជាង​អ្វី​ដែល​គេ​ធ្លាប់​បាន​ឃើញ​កាល​ពីអំឡុង​នៃវិបត្តិ​ហិរញ្ញវត្ថុ​ទៅ​ទៀត។

ភាព​មិនចុះសម្រុងគ្នាបាន​ធ្វើ​ឲ្យនាយក​រដ្ឋ​មន្ត្រី​ប្រទេស​អ៊ី​តា​លី លោក Giuseppe Conte ព្រមាន​ថា​ គម្រោងរបស់សហភាព​អឺរ៉ុបអាច​នឹង​បរាជ័យ​ ប្រសិន​បើរដ្ឋសមាជិក​ភាគ​ខាង​ជើងមិន​ជួយ​ដល់​រដ្ឋ​សមាជិក​ភាគ​ខាង​ត្បូង​ទេ​នោះ។

ចំណែក​ប្រទេស​ហូឡង់​វិញ​អះ​អាង​ថា រដ្ឋសមាជិកក្រីក្រ​នៅ​ភាគខាង​ត្បូង គួរតែ​បន្ទោស​ខ្លួនឯងប៉ុណ្ណោះ ដែល​ការនិយាយ​នេះបាន​ធ្វើ​ឲ្យនាយក​រដ្ឋ​មន្ត្រី​ប្រទេសព័រទុយហ្កាល់លោក António Costa បានហៅសំដីនៃ​ការចោទ​ប្រ​កាន់​នោះ​ថាជា​ការ «គួរអោយ​ស្អប់ខ្ពើម»។ ​ ​

ការបោះឆ្នោត​ស្ទាបស្ទង់​មតិនាពេល​ថ្មីៗ​នេះបាន​បង្ហាញ​ថា ប្រជាជន​អ៊ីតាលីមានការ​អាក់អន់​ចិត្ត​យ៉ាងខ្លាំង ដោយ​ខ្លួន​ទទួល​រងនូវ​ការឈឺចាប់បន្ថែម​ទៀត​ ដោយ​សារតែ​ខ្វះជំនួយ​ឧបត្ថម្ភ​បរិក្ខា​ពេទ្យ​ជាបន្ទាន់​ពី​ប្រទេស​ជិតខាង​នោះ ដោយ​សារតែ​ខ្លួន​ជា​ប្រទេសទីមួយ​ ​ដែល​រងគ្រោះ​ខ្លាំង​ដោយ​សារ​តែ​ជំងឺកូរ៉ូណា។​ ​

កាលពី​ពេល​កន្លងទៅក្នុងខែនេះ ក្នុងការ​ស្ទង់មតិ​មួយ​បាន​រក​ឃើញ​ថា ប្រជាជន​អ៊ីតាលី​ប្រមាណ​៤៤​ភាគរយ បាន​ត្រៀម​ខ្លួន​ជាស្រេចក្នុង​ការ​ចាកចេញ​ពី​សមាជិក​របស់​សហភាព​អឺរ៉ុប​ដូច​ប្រទេស​អង់គ្លេស​ដែរ ដែលចំនួននេះកើនឡើង​ខ្លាំង​ បើប្រៀបធៀប​និង​ការ​ស្ទង់មតិ​កាល​ពី​ឆ្នាំ២០០០​ ដែល​មាន​ចំនួន​តែ​៩​ភាគរយតែ​ប៉ុណ្ណោះ ដែល​ពេល​នោះ​ប្រទេស​អ៊ីតាលីបាន​ផ្លាស់​ប្តូរ​ការ​ចាយ​វាយ​ក្រដាស​ប្រាក់​របស់​ខ្លូន​ពី​លីរ៉ា ទៅ​អឺរ៉ូវិញ។ ​តាម​រយៈក្រុមហ៊ុនស្ទង់​មតិមួយ​ឈ្មោះ Gianluca Borrelli បា​នអោយដឹង​ថា​ «ប្រជាជនអ៊ីតាលី​មានអារម្មណ៏ថា ខ្លួន​ត្រូវបាន​គេក្បត់»។ ​

ការឈឺចាប់របស់ប្រទេសអ្នកក្រនិង​អ្នកមាន​

ប្រទេសអ្នក​មាន​កំពុង​តែ​តស៊ូផងដែរ​ ហើយការផ្តល់​ថវិកា​របស់​ប្រទេស​សមាជិក​ភាគ​ខាង​ជើង​ នឹងការផ្តល់ធនធាន​កំពុង​ប្រឈមនិងការថ្នាក់ថ្នាំងចិត្ត​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែលពេលនេះ​សេដ្ឋកិច្ចរបស់​ប្រទេស​នេះកំពុង​ធ្លាក់ចុះ​ជាផ្លូវការ​។ ក្នុង​រយៈពេលត្រី​មាស​ទី១ក្នុងឆ្នាំនេះ ផលិតផលរបស់​ប្រទេស​នេះ​ មាន​ការ​ធ្លាក់​ចុះ​យ៉ា​ង​រហ័ស​ចាប់តាំង​ពីវិបត្តិហិរញ្ញវត្ថុ​ឆ្នាំ២០០៨​មក។

អ្នកសេដ្ឋ​សាស្ត្រអាល្លឺម៉ង់​រំពឹងទុក​ថា ស្ថានភាពសេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែលមាន​ទំហំធំជាង​គេ ក្នុងចំណោម​ប្រទេស​នានា​ក្នុងទ្វីបអឺរ៉ុប នឹងចុះ​ថយប្រមាណ​ពី១០​ទៅ២០ភាគរយ​នៅក្នុង​ត្រីមាស​ទី​២ ក្នុង​ឆ្នាំ២០២០នេះ។

លោក Carsten Brzeski សេដ្ឋកិច្ចវិទូ​នៃក្រុមហ៊ុនធនាគារហូឡង់ ING បានអោយដឹង​តាម​សម្តីដើមថា «ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស​អាល្លឺម៉ង់នឹង​ធ្លាក់ចុះ​កាន់​តែធ្ងន់​ធ្ងរ​ មុន​ពេលដែល​វាប្រសើរឡើងវិញ»។ ​

សេដ្ឋកិច្ចចាយលុយអឺរ៉ូទាំងមូល​ បានធ្លាក់ចុះក្នុងត្រីមាស​ទី១ក្នុងឆ្នាំនេះ ក្នុងកម្រិតមួយ​យ៉ាង​លឿន ដែលក្នុងនោះ​ប្រទេស​បារាំង​ បានធ្លាក់ចុះក្នុងកម្រិត​៥,៨ភាគ​រយនៅ​ក្នុងត្រីមាស​ទី១។ សេដ្ឋកិច្ចប្រទេស​អ៊ីតាលី​ធ្លាក់ចុះ​ប្រមាណ​៤,៧ ភាគរយ ហើយ​ប្រទេសអេស៉្បាញធ្លាក់ចុះក្នុង​កម្រិត​៥,២ភាគរយ។

​ផលិត​ផល​សរុប​ក្នុង​ស្រុកនៅ​ក្នុង​ប្លុកដែល​ប្រើប្រាស់​រូបិយបណ្ណតែមួយនេះបាន​ធ្លាក់​ចុះ​ប្រមាណ​៣,៨ ភាគរយជារួម ដែលជាការធ្លាក់ចុះមួយដ៏ខ្លាំងបំផុត​មិនដែល​ធ្លាប់មាន ចាប់តាំងពី​ការ​បង្កើតឲ្យមាន​ការ​ចាយ​វាយ​ប្រាក់​អឺរ៉ូក្នុង​ឆ្នាំ១៩៩៩ មក។

តួលេខក្នុង​ត្រីមាស​ទី២ ត្រូវ​បាន​គេ​រំពឹង​ថា នឹងមាន​ការធ្លាក់ចុះ​កាន់តែ​អាក្រក់ថែម​ទៀត នៅ​ពេល​ដែល​ផល​ប៉ះ​ពាល់​ទាំងស្រុង​នៃ​សេដ្ឋកិច្ចបិទទ្វានេះ​ នឹងត្រូវបាន​គេ​បង្ហាញ​អោយ​ដឹងជាលម្អិត។ ការ​ទស្សន៍ទាយជារួម​គឺថា ផលិត​ផល​សរុប​ក្នុង​ស្រុក​នៃតំបន់​ចាយ​រូបបិយបណ្ណអឺរ៉ូនឹងធ្លាក់​ចុះជិត​៨ភាគរយ​ក្នុងឆ្នាំនេះ​ ដែល​ចំនួននេះ​គឺជិត​២ដងនៃ​ចំនួន​ដែល​ធ្លាប់កើតមាន​ក្នុង​ឆ្នាំ២០០៩។ ក្តីសង្ឃឹមដែលថា​ សេដ្ឋ​កិច្ច​អឺរ៉ុប​នឹង​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​នោះ​ត្រូវបាន​រលាយ​បាត់​ទៅវិញយ៉ាង​លឿន ដោយ​សេដ្ឋ​កិច្ច​វិទូជា​ច្រើនបាន​ព្រមាន​ថា ​សេចក្តី​ត្រូវ​ការ​តិចតួច​នឹង​មាន​តទៅ​ទៀត​នៅក្នុង​សហគមអឺរ៉ុប​ក្នុង​ពេល​ខាង​មុខ​។ ​

ផលប៉ះពាល់​របស់​ប្រទេស​អាល្លឺម៉ង់

តុលាការជាន់ខ្ពស់ក្នុងប្រទេស​អាល្លឺម៉ង់ពុំ​បាន​ជួយ​ក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីស្រោច​ស្រង់កញ្ចប់​សេដ្ឋកិច្ចរបស់សហគមន៏អឺរ៉ុប​នោះ​ទេ។

តុលាការធម្មនុញ្ញរបស់អាល្លឺម៉ង់បាន​សម្រេច​ថា ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ដែល​ហៅ​កាត់​ថា​ ECB បានរំលោភ​នូវ​គោលការណ៏​នៃ​សមភាព​ ជាមួយនឹងកិច្ចសន្យា​ទិញ​នូវ​មូលប័ត្របំណុល​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​២,៦ ទ្រីលាន​ដុល្លារចាប់តាំងពី​ឆ្នាំ២០០៨មក​។ តុលាការ​នេះ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា ដោយ​គ្មាន​អំណាច​ខាង​ផ្លូវច្បាប់ធនាគារមួយនេះបាន​រំលោភ ដោយ​ព្យាយាម​បង្កើត​ឡើង​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​មួយ​ដ៏ទូលំទូលាយ ​សម្រាប់តំបន់​ចាយ​ប្រាក់អឺរ៉ូ និង​រំលោភដែនសមត្ថកិច្ចយុត្ថាធិការរបស់ខ្លួន។ ​

តុលាការនេះ​ក៏បាន​រក​ឃើញ​ផង​ដែរ ធនាគារកណ្តាល​របស់​ប្រទេស​អាល្លឺម៉ង់​ Bundesbank មិន​គួចុះហត្ថលេខា​គាំទ្រ​សកម្មភាព​របស់​ធនាគារគណ្តាល​របស់​សហគមន៏អឺរ៉ុប​ទេ ដោយធនាគារកណ្តាលរបស់ប្រទេសអាល្លឺម៉ង់នេះ ក៏​បានទាត់​ចោល​នូវ​សេចក្តី​សំរេច​ខាង​ផ្លូវច្បាប់របស់តុលាការ​យុត្តិធម៌សហភាពអឺរ៉ុ​បដែល​ថា ខ្លួន​ត្រូវ​ធ្វើ​យ៉ាងដូចនេះ​។

អ្នកជំនាញខាង​ច្បាប់​បាន​អោយ​ដឹង​ថា ការសម្រេច​របស់​តុលាការ​អាល្លឺម៉ង់ បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើក​ហេតុផល​ពីរយ៉ាង។ ទីមួយ នៅពេល​ដែល​ការសម្រេចនោះមិនបាន​រួម​បញ្ជូលនូវ​ការ​ទិញ​មូលប័ត្របំណុល​ដែលមាន​តំលៃ​ចុងក្រោយ​ប្រមាណ​៩១៤ពាន់លាន​ដុល្លារ ដែល​ទឹក​ប្រាក់​នេះ គឺភាគច្រើន​ជាបំណុល​របស់​ប្រទេស​អ៊ីតាលី​និងប្រទេស​អេស្ប៉ាញ ក្នុងអ្វី​ដែលគេហៅ​ថា​ «បំណុល​ដោយ​សារតែការរាតត្បាតនៃ​ជំងឺ» កាល​ពីខែ​មីនា​កន្លង​ទៅ​ ហើយ​ការសម្រេចនេះអាច​ធ្វើអោយ​មាន​ការប៉ះពាល់ដល់ធនាគារកណ្តាល​របស់​សហភាពអឺរ៉ុប ជាមួយនឹងការ​ទិញ​ទ្រព្យសម្បតិ្តនិងមូលប័ត្របំណុល​ដែលមាន​ចំនួន​ច្រើនក្នុងពេល​អនាគត។

មូលប័ត្រ​បំណុល​ ដែល​ជួយធានាគាំទ្រដោយ​រដ្ឋសមាជិកជាអ្នកមាន បាន​ផ្តល់​ការ​ដោះ​បន្ទុក ដល់​ប្រទេស​អ៊ីតាលី និងប្រទេស​អេស្ប៉ាញ ដោយ​រក្សានូវការប្រាក់​ទាប​ចំពោះ​ការផ្តល់​កម្ចីប្រាក់​ដល់​ប្រទេស​ទាំង​ពីរ នៅពេលដែល​គេ​ទៅរក​ទី​ផ្សារ​ពាណិជ្ជកម្មបើកចំហរ។

តុលាការ​យុត្តិធម៌របស់​សហភាព​អឺរ៉ុបបាន​ព្រមាន​ថា ការសម្រេចរបស់តុលាការ​ជាន់ខ្ពស់​នៃប្រ​ទេស​អាល្លឺម៉ង់នេះក៏បាន​ធ្វើ​អោយ​នីតិវិធីខាង​ផ្លូវច្បាប់​របស់​តុលាការ​សហ​ភាព​អឺរ៉ុបស្ថិត​ក្នុងភាព​មិន​ច្បាស់​លាស់​ ដែលអាច​ធ្វើ​អោយមាន​ហានិភ័យ​និង​មហន្តរាយដល់​គម្រោងរបស់សហភាព​អឺរ៉ុបស្តីពី​ «ការឯកភាពគ្នា​ខាងផ្លូវច្បាប់​របស់​ EU»។

លោក Arnaud Mares អ​តី​តទី​ប្រឹក្សា​របស់​ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុប បានប្រាប់​អោយ​ដឹង​តាមសំដី​ដើម​របស់​លោក​ថា «ការសំរេចរបស់​តុលាការ​អាល្លឺម៉ង់នេះ បាន​បង្ហាញ​ពី​ការ​គំរាមមួយ​ដោយ​ពិតប្រាកដ​ ដល់​ស្ថិរភាពរបស់​សហភាពអឺរ៉ុប​ទាំងមូល»។​ លោក​បន្ថែម​ទៀត​ថា «ការ​សំរេចនេះអាចនាំ​ឲ្យសហភាពអឺរ៉ុប​ឈាន​ទៅ​ដល់​ចំណុច​នាំ​ឲ្យ​មា​ន​ការ​បែក​បាក់​គ្នាកាន់​តែឆាប់រហ័ស​ជាងអ្វី​ដែល​មនុស្ស​គ្រប់គ្នា​បាន​គិតដល់​»។ ​

ប្រែសម្រួល​ដោយ លោក ជ្រា​ វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG