ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​ជា​ច្រក​ចេញ​ចុងក្រោយ​សម្រាប់​លោក​សម រង្ស៊ី​ឈរ​ឈ្មោះ​តំណាងរាស្ត្រ

  • ម៉ែន គឹមសេង

ក្នុងពេល​ឃោសនា​បោះឆ្នោត​នៅ​ខេត្ត​កំពង់ធំ លោក​សម រង្ស៊ី​ឈរ​នៅ​លើឡាន​បង្ហាញ​​ខ្លួន​ដល់​អ្នក​គាំទ្រ​ច្រើន​ពាន់នាក់​​។​
ក្រុម​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ការបោះឆ្នោត​ស្នើ​ឡើង​ថា ​មធ្យោបាយ​ដ៏សំខាន់​មួយ​ទៀត​ដែល​អាច​ធ្វើ​បានសម្រាប់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្សសង្គ្រោះ​ជាតិដើម្បី​មាន​សិទ្ធិចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​កក្កដា​នេះ​បាន​គឺ​ការស្នើ​សុំ​អន្តរាគមន៍​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឱ្យ​ពិនិត្យ​មើល​លើ​ការ​បដិសេធ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​និង​សុំ​សិទ្ធិ​បោះឆ្នោត។​

កាលពី​ថ្ងៃ​ច័ន្ទ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធចោល​សំណើ​របស់​លោក​សម រង្ស៊ី​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​នៅ​មណ្ឌល​ខេត្ត​កណ្តាល​បន្ទាប់​ពី​ឈ្មោះ​លោក​ត្រូវ​បាន​អាជ្ញាធរ​លុបចោល​ដោយសារ​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​១១ឆ្នាំ​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​និង​ផ្សាយ​ឯកសារ​ព្រំដែន។

លោក​សុខ សំអឿន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ថា​ករណី​នេះ​អាច​បូក​បញ្ជូល​គ្នា​រវាង​ឆន្ទៈ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ដោយ​មាន​ការ​ចរចា​សម្របសម្រួល​និង​ត្រូវប្តឹង​ទៅក្រុមប្រឹក្សាធម្មនុញ្ញ​ឱ្យ​សើរើ​ពី​ការ​លុប​ឈ្មោះ​របស់​លោក​សម រង្ស៊ី​ក្នុង​ពេល​កន្លង​មកដោយ​អាជ្ញាធរ​មូលដ្ឋាន​គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។

លោក​និយាយថា៖ «ព្រោះ​ឥឡូវ​គាត់​មាន​សិទ្ធិ​បោះឆ្នោត​ធម្មតា​ហើយ​តែ​បញ្ហា​វានៅ​ត្រង់​ច្បាប់​បោះឆ្នោត​ដែល​គេ​តម្រូវ​ឱ្យ​ចុះ​បញ្ជី​បេក្ខជន​ប៉ុន្មានខែ​មុន​ការ​បោះឆ្នោត​ឥឡូវ​យើង​ហួស​កំណត់​ហ្នឹង​ហើយ​ដល់​ពេល​បោះឆ្នោត​គិត​ថា​មិន​អាច​បាន​តែម្តង​លើក​លែង​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​គេ​សម្រេច​ថា​ការលុប​ឈ្មោះ​បញ្ជី​ដែល​ជា​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សាឃុំ​ពី​កាលមុន​វា​អត់​ត្រឹម​ត្រូវ​ទើ​ប​អាច​មាន​ផ្លូវ​បាន»។​

​លោក​សុក សំអឿន ​បាន​បន្ថែម​ទៀត​ថា​លោក​មើល​ឃើញ​ថា​ការ​លុប​ឈ្មោះ​កន្លង​មក​គឺ​ពិតជា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ៖ «ប៉ុន្តែ​តាម​ពិត​សិទ្ធិ​បោះឆ្នោត​គាត់​អត់​ត្រូវ​បាត់​បង់​ទេ​បើ​យើង​គិត​តាម​ផ្លូវ​ច្បាប់​ព្រោះ ​ការបាត់​បង់​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​គឺ​បាត់​បង់​លុះ​ត្រា​តែ​តុលាការ​សម្រេច​ដាក់​ក្នុង​សាល​ក្រម​ថា​អ្នក​ឯង​បាត់​សិទ្ធិ​ពលរដ្ឋ»។

លោក​បាន​បន្ថែម​ថា​សាលក្រម​ដែល​តុលាការ​សម្រេច​កន្លង​មក​មិន​បាន​សម្រេច​ដល់​ចំណុច​នេះ​ទេ។

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​យល់​ស្រប​ដែរ​ថា​ផ្លូវ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​ជា​ជម្រើស​មួយ​ព្រោះ​ស្ថាប័ន​នេះ​អាច​បកស្រាយ​ច្បាប់​និង​សម្រេច​ថា​ការ​សម្រេច​កន្លង​មក​របស់​គ.ជ.ប​ឬ​របស់​ថ្នាក់​មូល​ដ្ឋាន​មាន​ភាព​ស្រប​តាម​ផ្លូវ​ច្បាប់​ឬ​មិន​ស្រប។

លោក​និយាយថា៖ «ខ្ញុំ​មើល​ទៅ​មាន​តែ​ច្រកហ្នឹង​មួយ​គត់​មុន​ពេល​បោះឆ្នោត​ដើម្បី​ស្នើ​សុំ​ដាក់​លោក​សម រង្ស៊ី​ជា​បេក្ខភាព​ហើយ​ដើម្បី​ស្នើ​សុំ​ទៅកើត​ទាល់​តែ​ធ្វើ​ដោយ​ប្រធាន​សភា​ នាយក​រដ្ឋ​មន្ត្រី ឬ​ក៏​១០​ភាគរយ​ឡើង​ទៅ​នៃ​សមាជិក​សភា​បាន​ន័យ​ថា​សភា​១៣​រូប​ឬ​មួយ​ក៏​ព្រះមហាក្សត្រ​។ អញ្ចឹង​បើសិន​ជាខ្ញុំ​មើល​ពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ខ្ញុំ​មើល​ទៅ មាន​តែ​ឆន្ទៈ​នយោបាយ​របស់​លោ​កហ៊ុន សែន​ដែល​ជា​អ្នក​ស្នើ​ឬក៏​ព្រះមហាក្សត្រ​ជាអ្នក​ស្នើ។ ខ្ញុំ​មើល​ទៅ​ជាជម្រើស​មួយ​អាច​ទៅ​រួច​ក្នុង​ន័យ​មួយ​បង្រួប​បង្រួម​ជាតិ»។​

អ្នក​វិភាគ​យល់​ថា​កូនសោរ​សំខាន់​នៅ​ពេល​នេះ​ស្ថិត​នៅ​លើលោក​ហ៊ុន សែន​តែ​មួយ​គត់​ព្រោះ ពេល​បច្ចុប្បន្ន​នេះគណបក្ស​ប្រឆាំង​បាន​បាត់​បង់​សមាជិក​ភាព​ជា​អ្នក​តំណាង​រាស្ត្រ​អស់​ហើយ​គឺ​នៅ​សល់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​ហើយ​សភាជាតិ​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​ទៀត។

​លោក​ហ៊ុន សែន​គឺ​ជា​អ្នក​ដែល​ត្រូ​វចាក់​សោរ​នេះ​ដើម្បី​ទម្លាយ​ឧបសគ្គ​ដោយសារ​ព្រះ​មហាក្សត្រ​អាច​នឹង​មិន​លូកលាន់​កិច្ចការ​នេះ​ច្រើន​ពេក​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត​ឡៅ​ ម៉ុង​ហៃ​ ​អ្នក​វិភាគ​ឯករាជ្យ។

លោក​ពន្យល់ថា៖​ «មានតែ​ការប្តឹង​សេចក្តី​សម្រេច​របស់​គជប​ទៅក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ។ ខ្ញុំ​ថា​អាច​ធ្វើ​អញ្ចឹង​បាន​ហើយ​ថា​តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួល​ឬ​មិន​ទទួល​។ ខ្ញុំ​ថា​រឿង​នេះ​មិន​ត្រឹម​តែ​ការលើក​លែង​ទោស​ដែល​ធ្វើ​ឱ្យ​លោក​សម​ រង្ស៊ី ​អត់មាន​ទោស​អ្វី​ទាំង​អស់​ដូច្នេះ​គាត់​មាន​សិទ្ធិ​ពេញ​លេញ​ទាំង​អស់»។​

លោកបាន​បន្ថែម​ថា​វា​កាន់តែ​ងាយ​ស្រួល​ទៅ​ទៀត​ដោយ​សារ​លោក​សម រង្ស៊ីត្រូវ​បាន​លើកលែង​ទោស​ដោយ​ផ្អែក​លើ​ការកាត់​ក្តី ​ខុស​របស់​តុលាការ​និង​ការសម្រប​សម្រួល​មួយ​ដើម្បី​ឱ្យ​បាន​ស្ថិរភាព​ប្រទេស​ជាតិ​គឺ​មិន​មែន​ជា​មនុស្ស​ដែល​មាន​ទោស​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​បុព្វសិទ្ធិ​ឱ្យ​មក​គាត់​វិញ​កាន់​តែ​ងាយស្រួល។

លោក​បកស្រាយថា៖ «បើសិន​ជា​លោក​សម រង្ស៊ី​គាត់​សុំ​ព្រះ​មហាក្សត្រ​សុំ​លើកលែង​ទោស​ឱ្យ​គាត់​ឈរ​លើ​មូលដ្ឋាន​ថា​តុលាការ​ហ្នឹង​អត់ត្រឹមត្រូវ​អយុត្តិធម៌​ចំពោះ​គាត់​គាត់​អត់​បាន​ប្រព្រឹត្ត​ខុស​អី​ទេ​នោះ​គាត់​ជា​អ្នក​រួច​ខ្លួន​តាំង​ពី​ពេល​នោះ​មក​គឺ​អត់​មាន​ទោស​ទេ​ហើយ​ដាក់ទោស​គាត់​នោះ ​គឺ​គេអាច​ថា​ជាកំហុស​ខាង​តុលាការ​ហើយ​ការ​ខក​ខាន​មិន​បាន​ចុះ ឈ្មោះ នេះ​មិន​មែន​ខុស​គាត់​ដែរ​ដូច្នេះ​ត្រូវ​តែ​ឱ្យ​គាត់​បាន​ចុះ​ធម្មតា​ឡើងវិញ​ហើយ​ក៏​ឈរ​ឈ្មោះ​ដូច​ដែល​ពលរដ្ឋ​អត់​មាន​ទោស​អញ្ចឹង​ទៅ»។​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញជា​ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ធានា​នូវ​ការ​គោរព​អនុវត្តរដ្ឋ​ធម្មនុញ្ញ​ហើយ​ក៏​ជា​អ្នក​បកស្រាយ​និង​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ដែល​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​បាន​អនុម័ត។ ស្ថាប័ន​នេះ​ក៏មាន​សមត្ថភាព​ក្នុង​ការ​ពិនិត្យ​មើល​និង​សម្រេច​លើ​បណ្តឹង​ទាក់​ទង​ទៅ​នឹង​ការ​បោះឆ្នោត​នៃ​សមាជិក​សភា​និង​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ផងដែរ។

រហូត​មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​បាន​ចូលតាម​ច្រក​នេះ​នៅ​ឡើយទេ​ដោយ​កំពុង​តែ​ស្នើ​សុំ​ឱ្យ​រដ្ឋ​សភាជាតិ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​សម រង្ស៊ី​វិញ​បន្ទាប់​ពី​បាន​បាត់បង់​ដោយសារ​ត្រូវ​ព្យួរ​ដើម្បី​មក​ប្រឈម​មុខ​នឹង​តុលាការ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន។

លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពីរ​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​ស្នើ​សុំ​ឱ្យ​លោក​ ហេង សំរិន​ប្រធាន​សភាជាតិ​ផ្តល់​សុពល​ភាព​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្រ្ត​ដល់​លោក​វិញ​ហើយ​ក៏​បាន​ស្នើ​សុំ​ឱ្យ​លោក​អ៊ឹម សួស្តី​ប្រធានគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតពិនិត្យ​ឡើងវិញ​ក្នុង​ការ​បញ្ចូល​ឈ្មោះ​លោក​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ជា​ផ្លូវការ​និង​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។

លោក​យឹម​ សុវណ្ណ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​អំពី​ជម្រើស​នោះ​ថា៖ «ជាតំណាង​រាស្ត្រ​មាន​ន័យ​ថា​គាត់​អត់​មាន​ទោសពៃរ​អ្វី ​ទៀត​ទេ​បើ​គាត់​ទទួល​បាន​នូវ​សិទ្ធិ​និង​បុព្វសិទ្ធិ​របស់​គាត់​ត្រឡប់​មក​វិញ​ហើយ​មាន​ន័យ​ថា​គជប​ត្រូវ​តែ​ចុះ​ឈ្មោះ គាត់​ក្នុង​បញ្ជី អ្នក​បោះឆ្នោត​ពីព្រោះ​លុប​គឺ​លុប​ក្នុង​ហេតុផល​គាត់​ជាប់​ទោស​អញ្ចឹង​បើ​ឥឡូវ​គាត់មិន​មាន​ទោស​នោះត្រូវ​តែ​បាន​ឈ្មោះ​របស់​គាត់​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ឡើង​វិញ»។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ​ថា​មធ្យោបាយ​ឆ្លង​តាម​សភាជាតិ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​មួយហើយ​ការចរចា​នយោបាយ​ជា​ការ​ជៀស​មិន​រួច​ដោយ​ភាគី​ទាំង​លោក​សម រង្ស៊ី​និង​លោក​ហ៊ុន សែន​ត្រូវ​បន្ទន់​ឥរិយាបទ​មក​រក​គ្នា​ជាថ្មី​ម្តងទៀត​ដើម្បី ប្រយោជន៍​ជាតិ។​

ពេល​វេលា​បាន​ខិត​កាន់តែ​ខ្លី​សម្រាប់​ការឈរ​ឈ្មោះ​របស់​លោក​ សម រង្ស៊ី​ដែល​ត្រូវ​សម្រេច​កិច្ច​ការ​នេះ​ឱ្យ​ទាន់​ពេលបោះឆ្នោ​ត​ជាតិ​នៅ ថ្ងៃ​អាទិត្យ​ ទី​២៨​ខែ​កក្កដា​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG