ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផលវិបាក​នៃ​តុលាការ​មិន​ឯករាជ្យ

  • Standford Steve

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា។

ផលវិបាក​ច្រើន​ណាស់​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​ដោយសារ​តែ​ភាព​មិន​ឯករាជ្យ​នៃ​តុលាការ​នេះ។

វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​ កំពុង​រងគ្រោះ​ដោយ​ភាព«​អយុត្តិធម៌​» យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជាង​២០​ឆ្នាំ និង​ បន្តរ​រងគ្រោះ​ទៅ​មុខ​ទៀត​ដោយសារ​«តុលាការ​មិន​ឯករាជ្យ»។

ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​អះអាង​ថា មាន​ផលវិបាក​ច្រើន​ណាស់​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​ដោយសារ​តែ​ភាព​មិន​ឯករាជ្យ​នៃ​តុលាការ​នេះ។

«ផលវិបាក​ធំ​មួយ​ប្រសិន​បើ​តុលាការ​មិន​ឯករាជ្យ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មួយ​យ៉ាង​ធំ​គឺ​គេ​ហៅ​ថា​«សិទ្ធិ​ដាច់​ខាត»​ គឺ​សិទ្ធិ​អី?​ គឺ​សិទ្ធិ​កាត់ទោស​ដោយ​តុលាការ​មាន​ សមត្ថកិច្ច​ឯករាជ្យ​ហើយ​នឹង​ឥតលំអៀង​ បង្កើត​ដោយ​ច្បាប់។​ ដូច្នេះ​ប្រទេស​ កម្ពុជា​យើង​តាំង​ពី​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ឆ្នាំ​១៩៩៣​មក គឺ​រំលោភ​សិទ្ធិ​ហ្នឹង​រហូត​ អញ្ចឹង​មក។​ ដល់​រំលោភ​សិទ្ធិ​ហ្នឹង​ទៅ​វា​យ៉ាង​ម៉េច​ គឺ​បង្កើត​នូវ​ភាព​អយុត្តិធម៌​ ជន​ជាប់​ចោទ​ក្តី ​ឬ​ក៏​អ្នក​ដែល​មាន​ក្តីក្តាំ​រដ្ឋប្បវេណី​នោះ ​ក៏​ទទួល​រងគ្រោះ​ បាន​លទ្ធផល​អយុត្តិធម៌​ក្នុង​ការក្តីក្តាំ​ហ្នឹង​ ដោយសារ​តុលាការ​យើង​វា​អត់​ឯករាជ្យ​ ហ្នឹង។​ ហើយ​អ្នក​រងគ្រោះ​ក៏​មិន​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​ត្រឹមត្រូវ​តាម​ច្បាប់​ ទៅ​ដែរ​គឺ​វា​បង្កើត​អយុត្តិធម៌​ដល់​អ្នករងគ្រោះ​ផងដែរ​បាទ»។

ផលវិបាក​ទាំងនោះ​រាប់ទាំង​ អស្ថិរភាព​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ត្រូវ​ប្រើ​ ប្រាស់​សំរាប់ការ​រំលោភ​បំពាន​ដល់​ក្រុម​អ្នក​ជំទាស់​ជាដើម។​ លោក​ ឡៅ ម៉ុង​ហៃ​បាន​អះអាងថា​ មាន​ប្រទេស​ផ្តាច់ការ​មួយ​ចំនួន​ ក៏​ធ្លាប់​ប្រើប្រាស់​តុលាការ​ដើម្បី​ កាត់ទោស​ ចោទប្រកាន់​ក្រុម​អ្នក​ប្រឆាំង។ លោក​ថ្លែង​ថា​ កម្ពុជា​ត្រូវ​កែទម្រង់​ ដូចជា​បង្កើត​ច្បាប់​សហលក្ខខន្តិកៈ​ចៅក្រម​ ព្រះរាជអាជ្ញា​ ដែល​អាច​ដាក់​ទោស ទណ្ឌ​មន្ត្រី​តុលាការ​ ការការពារ​សន្តិសុខ ​ការធានា​ប្រាក់​ ប៊ៀវត្សរ៍​គ្រប់គ្រាន់​ សំរាប់​មន្ត្រី​តុលាការ​ជាដើម។

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន អះអាង​ថា​ រាជរដ្ឋាភិបាល​កំពុង​ព្យាយាម​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ និង​សមត្ថភាព​ របស់​ចៅក្រម​ និង​មន្ត្រី​យុត្តិធម៌​និង​មេធាវី​ជាដើម​ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ៕
XS
SM
MD
LG