លោក Stephen Scalise សមាជិកសភាគណបក្សសាធារណរដ្ឋមានសភាពធ្ងន់ធ្ងរក្រោយពីលោកបានរងរបួសក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវខ្មាន់កាំភ្លើងបាញ់កាលពីថ្ងៃពុធនៅជិតរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមមន្ទីរពេទ្យ Medstar Washington Hospital Center នៅរដ្ឋធានីវ៉ាស៊ីនតោនទីដែលលោកកំពុងទទួលការព្យាបាល។
លោក Donald Trump ប្រធានាធិបតីស.រ.អា.បានប្រកាសថា ខ្មាន់កាំភ្លើង ដែលជាប់សង្ស័យពីបទបាញ់លោកតំណាងរាស្ត្រ Scalise និងអ្នកដទៃទៀតនោះ បានស្លាប់ដោយសាររបួសពេលមានការបាញ់តជាមួយមន្ត្រីមានសមត្ថកិច្ច។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ជនល្មើសបានស្លាប់ដោយសារត្រូវរបួស។
លោកប្រធានាធិបតីថ្លែងដូច្នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក Scalise ត្រូវគេបាញ់នៅទីក្រុង Alexandria រដ្ឋ Virginia នៅពេលលោកនិងសមាជិកសភាគណបក្សសាធារណរដ្ឋផ្សេងទៀត និងអ្នកជំនួយការកំពុងហាត់លេងកីឡា បេសស្បល ដែលជាកម្មវិធីសម្រាប់មនុស្សធម៌ប្រចាំឆ្នាំ។
លោកប្រធានាធិបតីនិយាយថា លោក Scalise ជាមិត្តភក្តិរបស់លោកជាអ្នកស្នេហាជាតិ ហើយលោកនឹងជាងសះស្បើយ។ លោកប្រធានាធិបតីនិយាយថា ការបាញ់ប្រហារនេះជាការរំឭកឲ្យពលរដ្ឋទាំងអស់ជំនះទស្សនៈខុសគ្នាខាងនយោបាយដែលរំខានរដ្ឋធានីវ៉ាស៊ីនតោននិងកន្លែងផ្សេងៗទៀតក្នុងប្រទេស។ លោកនិយាយថា យើងមានទស្សនៈខុសគ្នា ប៉ុន្តែយើងធ្វើការជាមួយគ្នាបានល្អក្នុងកាលៈទេសៈបែបនេះ៕