ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​ស្រី​​ជនជាតិ​កុងហ្គោ​ត្រូវ​បាន​ចាប់​ពង្រាត់​ឱ្យ​ចូល​បម្រើ​នៅ​ក្នុង​សង្រ្គាម


មួយ​ឆ្នាំ​កន្លះ​ក្រោយ​ពី​នាង​ប៉ាស្កាលីន​អាយុ​១៨​ឆ្នាំ​រត់​គេច​ពី​ពួក​យោធា​ដែល​ចាប់​ពង្រត់​នាងក្នុង​ពេល​ប្រយុទ្ធ​គ្នា​មួយ​ នាង​និយាយ​ថា​នាង​នៅ​តែ​មាន​យល់​សប្ដិ​អាក្រក់​នៅ​ឡើយហើយ​នឹង​ភ័យ​រន្ធត់​។​នាង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ពីរ​ដង​ នៅ​ខែ​ឧសភា​ ឆ្ន
មួយ​ឆ្នាំ​កន្លះ​ក្រោយ​ពី​នាង​ប៉ាស្កាលីន​អាយុ​១៨​ឆ្នាំ​រត់​គេច​ពី​ពួក​យោធា​ដែល​ចាប់​ពង្រត់​នាងក្នុង​ពេល​ប្រយុទ្ធ​គ្នា​មួយ​ នាង​និយាយ​ថា​នាង​នៅ​តែ​មាន​យល់​សប្ដិ​អាក្រក់​នៅ​ឡើយហើយ​នឹង​ភ័យ​រន្ធត់​។​នាង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ពីរ​ដង​ នៅ​ខែ​ឧសភា​ ឆ្ន

នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ ​សង្រ្គាម​មួយ​ដែល​ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០០៨ ​នៅតែ​បន្ត​ឆាប​ឆេះ​នៅឡើយនៅ​ទីជនបទ។ ក្រុម​អង្គការ​អន្តរជាតិ​និយាយ​ថា​ក្រុម​យោធា​គ្រប់​ប្រភេទ​ទាំងអស់​មានកំហុស​នៅក្នុងការ​ជ្រើស​រើស​ ឬចាប់​ពង្រាត់​កុមារ ​ដែលរួម​ទាំង​ក្មេង​ស្រី​ចំនួន​រាប់​មិនអស់ ​ឱ្យចូល​បម្រើ​ជា​កងទ័ព​អ្នកលី​សែង​គ្រាប់ ​អ្នកស៊ើបការណ៍​ ទាហាន​ឈ្លប​យក​ការណ៍​ និង​ជាទាសករ​ផ្លូវ​ភេទ។

នៅពេល​នាង​ អាឡាយអ៊ិន (Alliance) ​មាន​អាយុ​១៣ឆ្នាំ​ នាង​បាន​ជួប​ជាមួយ​ទាហាន​មួយ​ក្រុម​ ដែល​ត្រឡប់​មកពី​សមរភូមិ​នៅតាម​ផ្លូវ​ទៅ​កាន់​ផ្សារ។ ​ពួកទាហាន​បាន​ចាប់​នាង​និង​ក្មេង​ស្រី​បួន​នាក់​ផ្សេង​ទៀត។ នាង​មិន​បាន​ដឹងថា​ មាន​អ្វី​បាន​កើត​ឡើង​ចំពោះ​ក្មេង​ស្រី​ទាំង​នោះ​ទេ។

អាឡាយអ៊ិន ​និយាយ​ថា ​បីខែ​ក្រោយ​មក ​នាង​បាន​វារ​ដោយ​ប្រើ​កែង​ដៃ​របស់​នាង​ចេញ​ពី​ជំរំ​យោធា​ដោយ​កាត់​តាម​ព្រៃ។​បន្ទាប់​ពី​ការចម្អិន​ម្ហូបអាហារ ​ការស្វែងរក​ចំណី​អាហារ និង​ការ​វាយដំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃអស់​រយៈពេល​ជាច្រើន​ខែ​អាឡាយអ៊ិន ​និយាយ​ថា ​នាង​ចង់​ចាក​ចេញ​ពីទី​នោះ​ មុន​ពេល​នាង​ត្រូវ​បាន​គេ​សម្លាប់។ នៅពេល​ដែលចាកចេញ​ឆ្ងាយ​ពីជំរំ ​នាង​និងក្មេង​ទាហាន​ម្នាក់​ទៀត​បាន​ចាប់​ផ្តើម​រត់​រហូត​ដល់​ពួក​គេ​បាន​រក​ឃើញផ្លូវ​មួយ​និង​ជនស៊ីវិល ​ដែល​បាន​ជួយ​ពួកគេ​ឱ្យ​ទៅ​ដល់​ផ្ទះ។

នៅពេល​ដែល​ពួកគេ​បាន​ត្រឡប់​ទៅ​ដល់​ភូមិ​វិញ​ ពួកគេ​បាន​ឃើញ​ថា ​បុណ្យ​សព​របស់​ពួកគេ​ត្រូវ​បានប្រារព្ធ​ធ្វើ​រួច​ទៅ​ហើយ។

អង្គការ​ យូនីសេហ្វ (UNICEF) និយាយ​ថា​ កុមារ​ជាង​៣១,០០០​នាក់​ត្រូវបាន​រំដោះ​ ឬរត់​គេច​ចេញ​ពី​ក្រុម​យោធា ​នៅក្នុង​រយៈ​ពេល​៧ឆ្នាំ​កន្លង​មក​នេះ​ហើយ​២០​ភាគរយ​គឺជា​ក្មេង​ស្រី។ ហើយ​ខណៈ​ពេលដែល​អង្គការ​នេះ​និយាយ​ថា​កុមារ​រាប់​ពាន់នាក់​កំពុង​តែបម្រើ​នៅ​ក្នុង​កង​យោធា​នៅ​ឡើយ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​និយាយ​ថា​គ្មាន​នរណា​អាច​ដឹង​ថា​មាន​ចំនួន​ប៉ុន្មានឱ្យ​ពិត​ប្រាកដទេ។

អនុប្រធាន​ក្រុម​នៃ​កម្មវិធី​បញ្ចេញ​កំណែន​កងទ័ព​កុមារ​ របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​មាន​មូលដ្ឋាននៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត​ គីវ៉ូ (Kivu) លោក ប៉ាទ្រីក ស៊ីរីល ហ្គាបា (Patrick-Cyrille Garba) ​និយាយ​ថា​ក្មេង​ស្រី​មាន​លទ្ធភាព​តិច​ជាង​ក្មេង​ប្រុស​នៅ​ក្នុង​ការ​រត់​គេច​ចេញ​ពី​ពួកយោធា​ឬ​ទទួល​បាន​ការជួយ​សង្រ្គោះ។ ​លោក​និយាយថា​ ពួក​មេបញ្ជាការ​យោធាបាន​លាក់​ទុក​ក្មេង​ស្រី​ ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច​ថា​ក្មេង​ស្រី​ទាំង​នោះ​នឹង​ចោទប្រកាន់​ពួក​យោធា​ពី​បទរំលោភ​ផ្លូវ​ភេទ​ប្រសិន​បើ​ពួកគេ​ចេញទៅ​ក្រៅ។

លោក​ ហ្គាបា ​និយាយ​ថា​វា​មិន​ចាំបាច់​មាន​គ្រូពេទ្យ​ម្នាក់​ដើម្បី​ប្រាប់​ថា​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ទាំង​ឡាយដែល​បាន​រត់​គេច​ចេញ​មាន​របួសផ្លូវ​ចិត្ត​និង​រូបរាង​កាយ​នោះ​ទេ។

«ជាក់​ស្តែង​ណាស់​ ពួក​គេ​ភាគ​ច្រើន​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ​វាមិន​តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ដើម្បី​ឱ្យ​ដឹងថា​ពួកគេ​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ​ពួកគេ​មាន​ការ​វង្វេង​វង្វាន់​ទាំង​ស្រុង។ ​ពួកគេ​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់​ទាំង​ស្រុង»។

នៅឯ​មជ្ឈមណ្ឌល​ ទុយម៉ៃនី (Tumaini) ​ដែលជា​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មួយ​ដែល​មាន​ជំនាញ​ក្នុងការ​បណ្តុះបណ្តាល​អតីត​កងទ័ព​កុមារ​ អាឡាយអ៊ិន​ នា​ពេល​ឥឡូវនេះ​កំពុង​រៀន​វិជ្ជា​ធ្វើ​ម្ហូប។ ​នាងនិយាយ​ថា​ នៅព​េល​នាង​ត្រឡប់​ទៅ​ដល់​ភូមិកំណើត​វិញ​នាង​ត្រូវ​បាន​អ្នកជិតខាង​និង​ក្រុម​គ្រួ​សារ​ព្រងើយ​កន្តើយ​មិន​រាប់​រក​ដោយបាន​បដិសេធមិន​បន្ត​បង់​ថ្លៃ​សាលា​ឱ្យ​នាង។

អាឡាយអ៊ិន ​និយាយ​ថា ​នាង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ប្រពន្ធ​របស់​ពួក​ឧទ្ទាម​ម្នាក់​ហើយ​ត្រូវបាន​ចាត់​ទុក​ថា​មាន​ភាព​កខ្វក់ ​ពីព្រោះ​មនុស្ស​គ្រប់​រូប​បាន​សន្មត់​ថា ​នាង​ត្រូវ​បាន​គេ​ចាប់​រំលោភ។ ប្រជា​ពលរដ្ឋនៅ​ក្នុង​ភូមិ​របស់​នាង​ក៏​បាន​គិតថា​នាង​ចូលដៃ​ចូលជើង​ជាមួយ​នឹង​ពួក​កង​យោធា​ឧទ្ទាមដែល​ល្បីខាង​ការចាប់​រំលោភ​ការ​ឆក់​ប្លន់​និងការដុត​បំផ្លាញ​ផ្ទះ​សម្បែង។ នាង​និយាយថ ​វា​គឺ​ដូច​ជា​បណ្តាសារមួយ​ដូច្នោះ។

នាយក​មជ្ឈមណ្ឌល​ ទុយម៉ៃនី​ លោក ប៉ាស់​ស្កាល់ បាឌីបានហ្គា ហ្សាហ្គាបេ (Pascal Badibanga Zagabe) ​និយាយ​ថា​បន្ទាប់​ពី​ជីវិត​នៅ​ក្នុង​កង​យោធា​ក្មេង​ស្រី​ជាច្រើន​បង្ហាញ​អាកប្បកិរិយា​កោង​កាច​ និង​មាន​បញ្ហា​នៅ​ក្នុងការ​ចូលរួម​ឡើង​វិញទៅក្នុង​សង្គមជា​ធម្មតា​ឬ​នៅក្នុង​ថ្នាក់​រៀន​របស់​លោក​។

នៅក្នុង​ក្រុម​យោធា​ ក្មេង​ស្រី​ទាំង​ឡាយ​ជាធម្មតា​គឺជា​អ្នក​ចម្អិន​ម្ហូបអាហារ​និង​អ្នកលី​សែង​គ្រាប់។ ​លោកនិយាយ​ថា​ជា​ញឹកញយ​ពួកគេ​ក៏​ត្រូវ​បាន​ប្រើ​ជាប្រពន្ធ​បណ្តោះ​អាសន្ន​ឬជា​ទាសករ​ផ្លូវ​ភេទ។

នៅឯ​មជ្ឈមណ្ឌល​នេះ​ក្មេង​ស្រី​រៀន​ចម្អិន​ម្ហូបអាហារ​ឬ​កាត់​ដេរ ​ដោយ​សង្ឃឹម​ថា​ពួកគេ​អាច​រកស៊ី​ចិញ្ចឹម​ជីវិត​បាន ​នៅ​ពេល​ពួកគេ​បញ្ចប់​កម្មវិធី​សិក្សា​នេះ។ ​ប៉ុន្តែ​ លោក​និយាយ​ថា សាលា​មាន​ភាព​ក្រីក្រ ​ហើយ​សិស្ស​របស់​លោក​ ដែលជា​អតីត​កងទ័ព​កុមារ​ កុមារ​នៅតាម​ផ្លូវ​ ម្តាយ​ដែល​មិនទាន់​រៀបការ ​និង​កុមារ​ផ្សេងៗ​ទៀត​ដែល​មិន​បាន​ចូលរៀន​នៅ​ក្នុង​សាលា មិនមាន​ប្រភព​ធនធាន​អ្វី​ផ្ទាល់​ខ្លួន​គេ​នោះ​ទេ។ ​លោក​និយាយថា​ នៅ​ថ្ងៃ​ដែល​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​មិន​ផ្តល់​អាហារ​ដល់​ពួកគេ​ សិស្ស​នឹង​បោះបង់​ចោល​កម្ម​វិធីសិក្សា​នេះ​ ដោយ​សារ​តែ​ភាព​អត់​ឃ្លាន។

ក្រុម​មន្រ្តី​យោធា​និយាយ​ថា​កុមារ​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ប្រទេស​កុងហ្គោ​កំពុង​តែ​ប្រយុទ្ធ​នៅ​ក្នុង​សង្រ្គាម​មួយ​ដែល​បាន​បញ្ចប់​ទៅ​តែ​នៅលើ​ក្រដាស​កាលពី​បី​ឆ្នាំ​មុន។ ​ពួកគេ​និយាយ​ថា​ប្រភេទ​នៃ​កា​រ​ប្រយុទ្ធ​ទាំង​នោះ​បាន​ផ្លាស់​ប្តូរ​ ប៉ុន្តែ​ជម្លោះ​មិន​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ​ទេ។ ​កង​យោធា​ដែល​បង្កើត​ឡើង​នៅ​ក្នុង​ស្រុក ​ត្រូវ​បាន​បញ្ចូល​ដោយ​ធូរ​រលុង​ទៅ​ក្នុង​កង​កម្លាំង​ប្រយុទ្ធ​របស់​ពួកឧទ្ទាម ​ដែល​កកើតឡើង​នៅ​ក្នុង​ប្រទេស​ជិត​ខាង ​រៈវ៉ាន់ដា អ៊ូ​ហ្គ័នដា​ និង​ ប៊ូរុនឌី។ ​ការប្រយុទ្ធ​ផ្សេងៗ​ទៀត​គឺ​ជា​ការ​ប្រយុទ្ធ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ចំណោម​សហគមន៍ដែល​មាន​សង្រ្គាម​របស់​ប្រទេស​ កុងហ្គោ។ ហើយ​ដោយ​វត្ដុមាន​នៃ​សម្បត្តិ​រ៉ែ​ដែល​មាន​តម្លៃ​ប្រមាណ​២៤០លានលាន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ កប់​នៅ​ក្នុង​ដី​នៃ​ប្រទេស កុងហ្គោ ​កងយោធា​ជា​ច្រើន​រស់​នៅ​ ដោយ​ការ​វាយ​ដណ្តើម​កាន់​កាប់​តំបន់​រ៉ែ​និង​ផ្លូវ​ថ្នល់​ទាំង​នោះ។

សម្រាប់​ក្មេង​ស្រី​មួយចំនួន​ដូចជា​នាង​ ប៉ាស្កាលីន (Pascaline) ​ដែល​មាន​វ័យ​១៨​ឆ្នាំ​ភាព​រន្ធត់​នៃ​សង្រ្គាមបាន​បន្ត​ស្ថិតនៅ​ក្នុងការ​យល់​សប្តិ​របស់​នាង​ ជារៀង​រាល់​យប់។ នាង​និយាយ​ថា​ជា​ញឹក​ញយ​ នាង​ភ្ញាក់​ឡើង​ហើយ​ស្រែក​យំ​បន្ទាប់​ពី​នាង​បាន​យល់សប្តិ​អាក្រក់​ អំពី​ថ្ងៃ​ដែល​នាង​ត្រូវ​បាន​គេ​ចាប់​យក​ទៅ។

នាង​ ប៉ាស្កាលីន ​និយាយ​ថា នាង​ត្រូវ​បាន​ចាប់​ពង្រាត់​ជាមួយ​នឹង​ក្មេង​ស្រី​៥​នាក់​ផ្សេង​ទៀត​ កាលពី​ពីរ​ឆ្នាំ​មុន។ ​នាង​និយាយ​ថា ​នាង​ត្រូវ​បាន​ទុក​ជីវិត​ពីព្រោះ​ប្រពន្ធ​របស់​លោក​មេ​បញ្ជាការ​បាន​សម្រេច​ចិត្ត​ឱ្យ​ ប៉ាស្កាលីន​ ធ្វើ​ជា​ស្រី​បម្រើ ​ជាជាងអនុញាត​ឱ្យ​ពួក​កងទ័ព​រំលោភ​នាង។ ក្មេង​ស្រី​ពីរនាក់​ក្នុង​ចំណោម​ក្មេង​ស្រី​ផ្សេង​ទៀត​បាន​វាយ​តបត ​ខណៈពេល​ដែល​ពួក​យោធា​ព្យាយាម​រំលោភ​ពួកគេ ​ហើយ​ពួកគេ​ត្រូវ​បាន​សម្លាប់​សន្សឹមៗ​ដោយ​អារ​នឹង​កាំបិត។

ឥឡូវ​នេះ​ដោយ​បាន​សិក្សា​នៅ​ក្នុង​មជ្ឈមណ្ឌល ​ទុយម៉ៃនី ​នាង​ ប៉ាស្កាលីន ​និយាយ​ថានាង​នឹង​មិន​អាចវិល​ត្រឡប់​ទៅ​កាន់​ភូមិ​កំណើត​របស់​នាង​វិញ​បាន​ទេ។ ​នាង​និយាយ​ថា​ក្រៅ​ពី​ការមិន​និយាយ​រាប់​រក​ពីសំណាក់​មិត្ត​ភក្តិ​និង​អ្នកជិត​ខាង ​នាង​មាន​ការភ័យ​ខ្លាច​ថាក្រុម​កងទ័ព​ឧទ្ទាម​នឹង​ចាប់​ពង្រាត់​នាង​ប្រសិន​បើ​នាង​ព្យាយាម​ទៅ​ផ្ទះវិញ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG