ឡុងដ៍៖ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្រេចកាលពីសប្តាហ៍កន្លងទៅ អនុគ្រោះបំណុលចំនួន១២ពាន់៣លានដុល្លារស.រ.អា. ដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោកស្រីលីហ្ស៊ី ផាសិនស៍ (Lizzie Parsons) ដែលជាអ្នកយុទ្ធនាការនៃអង្គការក្លូបលវិតណេស ដែលមានទីតាំងនៅទីក្រុងឡុងដ៍ មានប្រសាសន៍ថា ការអនុគ្រោះបំណុលនឹងមិនជួយប្រទេសនេះទេ ប្រសិនបើមិនមានការកែទម្រង់វិស័យរ៉ែ និងប្រេងរបស់ប្រទេសទេនោះ។ លោកស្រីថ្លែងដូច្នេះថា៖
«ប្រទេសនេះគឺជាប្រទេសមានបំផុតមួយក្នុងពិភពលោក ក្នុងវិស័យរ៉ែ ប្រេង និងឈើហ៊ុប។ ប៉ុន្តែរហូតមកដល់ពេលនេះ អំពើពុករលួយដ៏រីករាលដាលធ្វើឲ្យប្រជាពលរដ្ឋកុងហ្គោមិនបានទទួលប្រយោជន៍អ្វីទាំងអស់។ ដូច្នេះ ប្រសិនបើការអនុគ្រោះបំណុលនេះពិតជាមានប្រយោជន៍មែននោះ ការផ្លាស់ប្តូរដ៏ធំមួយត្រូវតែធើ្វឲ្យកើតមានឡើងនៅក្នុងមធ្យោបាយមួយដែលថា វិស័យធនធានធម្មជាតិត្រូវបានចាត់ចែងល្អនៅក្នុងប្រទេស»។
លោកស្រីមានប្រសាសន៍ថា ក្នុងប៉ុន្មានខែថ្មីៗនេះ របរជំនួញធំៗត្រូវបានចុះហត្ថលេខានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយគ្មានការពិនិត្យពិច័យជាសាធារណៈ និងគ្មានការដេញថ្លៃជាអន្តរជាតិច្បាស់លាស់។ លោកស្រីមានប្រសាសន៍ថា អំពើនោះ បានធ្វើឲ្យមានការលើកជាសំណួរយ៉ាងច្រើនអំពីការគោរពតាមដំណើរការសមរម្យ។ លោកស្រីបន្តទៀតថា៖
«គ្មានការពិនិត្យពិច័យជាសាធារណៈ នូវសេចក្តីព្រមព្រៀងទាំងឡាយនោះទេ និងភាពជាម្ចាស់ នៃក្រុមហ៊ុនត្រូវបានលាក់បាំងពីក្រោយក្រុមហ៊ុននាយសមុទ្រ។ ក្រុមហ៊ុនមួយចំនួនត្រូវបានចុះឈ្មោះ នៅកោះព្រិតធិស្ស វឺរជីន (British Virgin Island) ហើយនោះមានន័យថា វាស្ទើរតែមិនអាចដឹងបាននូវបុគ្គលនៅពីក្រោយក្រុមហ៊ុនទាំងនេះ ដែលបានទទួលសិទ្ធិប្រកបរបរប្រេង និងរ៉ែដែលទទួលបានផលចំណេញច្រើននេះ»។
លោកស្រីបន្តទៀតថា វាជាការសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកុងហ្គោ ក្នុងការដឹងថា អ្នកណាកំពុងធ្វើវិនិយោគលើធនធានរបស់ប្រទេសគេ។
«វាជាការសំខាន់ដែលប្រជាពលរដ្ឋចូលរួម ហើយការវិនិយោគក្នុងវិស័យរ៉ែ និងប្រេង នាំឲ្យពួកគេមានសិទ្ធិពេញលេញ។ គេពិតជាអាចផ្តល់ការវិនិយោគល្អ និងមានលទ្ធភាពធ្វើតាមដំណើរការសមរម្យ ដើម្បីធ្វើឲ្យការចូលរួមរបស់គេក្នុងវិស័យនេះ ដល់កម្រិតអតិបរមា»។
រដ្ឋមន្រ្តីក្រសួងរ៉ែក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនអាចសុំសេចក្តីអត្ថាធិប្បាយលើកំណត់សម្គាល់របស់អង្គការក្លូបលវិតណេសបានទេ។
កាលពីដើមខែនេះ ធនាគាពិភពលោកបានយល់ព្រមផ្តល់ប្រាក់ជំនួយចំនួន៥០លានដុល្លារស.រ.អា.ដើម្បីជួយប្រទេសកុងហ្គោក្នុងការកែលំអរក្នុងវិស័យរ៉ែរបស់ខ្លួន៕
ប្រែសម្រួលដោយលោកអ៊ឹម សុធារិទ្ធ