ខណៈដែលពេលកំណត់ដ៏សំខាន់មួយសម្រាប់ការធ្វើកំណែទម្រង់តុលាការខិតចូលកាន់តែជិត ប្រទេសកេនយ៉ានៅតែស្ថិតក្នុងភាពមិនប្រាកដប្រជាចំពោះមុខតំណែងប្រធានចៅក្រមនិងអគ្គរដ្ឋអាជ្ញា។ ការសម្រេចរបស់សភាកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យមិនប្រាកដប្រជានឹងមានបន្តកាន់តែយូរ។
ភាពច្របូកច្របល់លើតួនាទីប្រធានចៅក្រម និងអគ្គរដ្ឋអាជ្ញានៅមានបន្តបន្ទាប់ពីប្រធានសភា Kenneth Marende បានពន្យារពេល៤ថ្ងៃទៀតមុននឹងផ្សាយរបាយការណ៍ពីការស៊ើបអង្កេតដំណើរការតែងតាំង។ ប្រធានសភាបានចាត់តាំងគណៈកម្មាធិការសភាពីរឲ្យស៊ើបអង្កេតការតែងតាំងចៅក្រមសាលាឧទ្ធរណ៍ Alnashir Vikram ជាប្រធានចៅក្រមហើយមេធាវី Githu Muigai ជាអគ្គរដ្ឋអាជ្ញា កាលពីសប្តាហ៍មុន បន្ទាប់ពីនាយករដ្ឋមន្រ្តី Raila Odinga បានចាត់ទុកការតែងតាំងទាំងនោះជាមោឃៈ។ នាយករដ្ឋមន្រ្តីបានអះអាងថាការតែងតាំងទាំងនោះ បានធ្វើឡើងដោយមិនមានការពិគ្រោះជាមួយលោក ដូចដែលច្បាប់ប្រទេសកេនយ៉ាបានតម្រូវ។
ក៏ប៉ុន្តែ បន្ទាប់ពីការរង់ចាំជាច្រើន គណៈកម្មាធិការទាំង២បានថ្លែងនៅមុខសភា
ស្នើសុំប្រធានសភានូវពេលវេលាបន្ថែម ដោយជជែកឲ្យហេតុផលថា គេចាំបាច់ត្រូវពិនិត្យពិច័យបន្ថែមទៅលើភស្តុតាងដ៏ច្រើនលើសលុប។
លោក Marende បានពន្យារពេលកំណត់រហូតដល់យ៉ាងហោចណាស់ក៏ថ្ងៃអង្គារសប្តាហ៍ក្រោយ មុននឹងនាំយករបាយការណ៍ចុងក្រោយមកបំភ្លឺនៅមុខសភា។មុនពេលដាក់បញ្ហានេះជូនគណៈកម្មាធិការទាំងនោះកាលពីសប្តាហ៍មុន ប្រធានសភាបានលេចចេញមុខជាងគេនៅក្នុងជម្លោះ ដោយជំរុញឲ្យទាំងប្រធានាធិបតី Mwai Kibaki និងនាយករដ្ឋមន្រ្តី Odinga ដោះស្រាយបញ្ហានេះជាមួយគ្នា។
«បញ្ហាដែលចាប់ផ្តើមយ៉ាងរអាក់រអួលនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមានការគ្រាំគ្រាក្នុងចិត្ត។ ដំណើរនេះគួរតែនាំមកនូវការចាប់ផ្តើមថ្មីមួយនិងជាការជំរុញឲ្យមានជំនឿទុកចិត្តនិងភាពស្របច្បាប់ជាថ្មីចំពោះស្ថាប័នដ៏សំខាន់របស់រដ្ឋមួយនេះ»។
ក៏ប៉ុន្តែ មេដឹកនាំទាំងពីរមិនបានឈានដល់ការយល់ស្របគ្នាទេ ជាជំនួសទៅវិញបានអនុញ្ញាតិឲ្យពួកអ្នកជំនួយការកំពូលធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកនៅពេលសវនាការរបស់គណៈកម្មាធិការ។
បញ្ហានេះកាន់តែស្មុគ្រស្មាញថែមទៀត នៅពេលដែលមានការសម្រេចនៅក្នុងតុលាការកំពូលកេនយ៉ាថាការតែងតាំងនោះមិនស្របតាមរដ្ឋធម្មនុញ្ញ។ ចៅក្រម Daniel Musinga កាលពីថ្ងៃសុក្របានរកឃើញថាដំណើរការតែងតាំងនោះ បានរំលោភរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមានឱកាសស្មើគ្នាដោយការមិនបានដាក់បញ្ចូលបេក្ខជនស្រ្តី។
ម៉្យាងទៀតក៏មានបញ្ហាវាយតម្លៃសមត្ថភាពការងារដែរ។ រដ្ឋធម្មនុញ្ញថ្មីរបស់កេនយ៉ាតម្រូវឲ្យបេក្ខជនតុលាការឆ្លងកាត់ជាមុននូវដំណើរការត្រួតពិនិត្យដើម្បីកំណត់ឲ្យឃើញថាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កាន់តំណែង។ ទាំងលោក Virkram និងលោក Muigai មិនបានឆ្លងកាត់ដំណើរការបែបនេះទេ
កំណែទម្រង់ប្រព័ន្ធតុលាការប្រហែលជាផ្នែកដ៏សំខាន់បំផុតនៃរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសកេនយ៉ា។ ប្រព័ន្ធតុលាការកេនយ៉ា កាលពីពេលថ្មីៗនេះត្រូវបានអង្គការតម្លាភាពអន្តរជាតិ ( Transparency International) ចាត់ទុកថាជាស្ថាប័នពុករលួយបំផុតលេខ៩ក្នុងតំបន់អាហ្វ្រិកខាងកើត។
ចំពោះពេលឥឡូវនេះ ពេលវេលាកាន់តែខើចទៅៗហើយ ខណៈពេលដែលភាពទាល់ច្រកខាងតុលាការរីកកាន់តែធំ។ យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ប្រធានចៅក្រម Evan Gicheru ត្រូវចាកចេញពីតំណែងនៅថ្ងៃទី២៧ ខែកុម្ភៈ ដែលការណ៍នេះធ្វើឲ្យពេលវេលាសម្រាប់ការពិភក្សារកមនុស្សជំនួសកាន់តែខ្លីទៅៗ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន