ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឯកទេស​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់ចុះ​ចំនួន​សត្វ​ឃ្មុំ​នៅ​កម្ពុជា


ប្រភេទឃ្មុំ Apis florea ដែល​ជា​ភាសាខ្មែរ​ហៅ​ថា ឃ្មុំ​ផ្លិត ជា​ឃ្មុំ​ដែ​មាន​ព័ណ៌​តូច​ល្អិត ដែល​មាន​ដើម​កំណើត​តាំងពី​១៤លាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ (រូបថត​ផ្តល់​ឲ្យ)
ប្រភេទឃ្មុំ Apis florea ដែល​ជា​ភាសាខ្មែរ​ហៅ​ថា ឃ្មុំ​ផ្លិត ជា​ឃ្មុំ​ដែ​មាន​ព័ណ៌​តូច​ល្អិត ដែល​មាន​ដើម​កំណើត​តាំងពី​១៤លាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ (រូបថត​ផ្តល់​ឲ្យ)

ទឹកឃ្មុំ​របស់​កម្ពុជា​អាច​លក់​រាយ​បាន​ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម ដែល​នេះ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់​ជាង​តម្លៃ​ទឹកឃ្មុំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម។

សត្វឃ្មុំ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រុក្ខជាតិ​មាន​ផ្កា​នៅ​លើ​ភពផែនដី​នេះ ​ហើយ​វា​គឺ​ជា​សូចនាករ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​សំខាន់​ ដោយ​សារ​រុក្ខជាតិ​ជាច្រើន​ ជាពិសេស​នៅ​តំបន់​ត្រូពិក​ពឹង​ផ្អែក​ទាំងស្រុង​លើ​សត្វឃ្មុំ​ក្នុង​ការ​រោយ​លំអង​ផ្កា​ ដើម្បី​បំលែង​ទៅ​ជា​ជី​សម្រាប់​លូតលាស់។ ដោយសារ​តែ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​របស់​សត្វឃ្មុំ អ្នក​ឯកទេស​ខាង​សត្វឃ្មុំ​ បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ថយ​ចុះ​នូវ​ចំនួន​សត្វឃ្មុំ​នៅ​កម្ពុជា។

លោក ដេមៀន ម៉ាជីស្តា (Damian Magista) ​ដែល​ជា​អ្នក​ឯកទេស​ស្រាវជ្រាវ​អំពី​សត្វ​ឃ្មុំ​ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Bee Local ​បាន​ថ្លែង​ប្រាប់​ VOA ​ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រទេស​កម្ពុជា​វិញ​ថា​ លោក​សង្កេត​ឃើញ​ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ និង​ការ​រក​ឃ្មុំ​ខុស​បច្ចេកទេស​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​សត្វឃ្មុំ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​វិនាស​ហិនហោច​ខ្ពស់។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​«កាល​ណា​យើង​ចាប់ផ្តើម​បាត់បង់​ព្រៃឈើ​ យើង​ក៏​ចាប់ផ្តើម​បាត់បង់​សត្វឃ្មុំ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ចម្រុះ​ផង​ដែរ។ ហើយ​ការ​យក​ឃ្មុំ​ខុស​បច្ចេកទេស ​ដែល​តែងតែ​យក​សំបុក​ទាំង​មូល​ក៏​បំផ្លាញ​សត្វឃ្មុំ​ផង​ដែរ»។

ឃ្មុំ​ធំ ​ឃ្មុំ​ត្រចៀក​ដំរី​ ឬ​ឃ្មុំ​ចង្អេរ​នេះ ​អាច​បង្កើត​សំបុក​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជិត​៣​ម៉ែត្រ​ការ៉េ​ឯណោះ។ (រូបថតផ្តល់ឲ្យ)
ឃ្មុំ​ធំ ​ឃ្មុំ​ត្រចៀក​ដំរី​ ឬ​ឃ្មុំ​ចង្អេរ​នេះ ​អាច​បង្កើត​សំបុក​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជិត​៣​ម៉ែត្រ​ការ៉េ​ឯណោះ។ (រូបថតផ្តល់ឲ្យ)

ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ទឹកឃ្មុំ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Portland ​រដ្ឋ Oregon ​នៃ​សហរដ្ឋ​អាមេរិក​រូប​នេះ​ បាន​ចំណាយ​ពេល​២​សប្តាហ៍​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ប្រភេទ​សត្វ​ឃ្មុំ​នៅ​កម្ពុជា។ លោកMagista បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ដោយសារ​លោក​ដឹង​ថា​ កម្ពុជា​មាន​ឃ្មុំ​ប្រភេទ​កម្រ​ ដែល​គេ​ឃើញ​មាន​ភាគច្រើន​តែ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ​ ដែល​នោះ​គឺ​ជា​ឃ្មុំ​ប្រភេទ​ Apis Dorsata ​ដែល​ជា​ភាសាខ្មែរ​ហៅ​ថា ឃ្មុំ​ធំ ឃ្មុំ​ត្រចៀក​ដំរី​ ឬ​ឃ្មុំ​ចង្អេរ​ និង​ឃ្មុំ​ប្រភេទ Apis Florea ​ដែល​ជា​ភាសាខ្មែរ​ហៅ​ថា ឃ្មុំ​ផ្លិត។ ឃ្មុំ​ទាំង​២​ប្រភេទ​នោះ ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ការពារ​ខ្លួន ​និង​ជា​ប្រភេទ​ឃ្មុំ​ ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ​ឃ្មុំ​ធំ ​ឃ្មុំ​ត្រចៀក​ដំរី​ ឬ​ឃ្មុំ​ចង្អេរ​នេះ ​អាច​បង្កើត​សំបុក​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជិត​៣​ម៉ែត្រ​ការ៉េ​ឯណោះ។

លោក​បាន​និយាយ​ថា៖​«យើង​មិន​ឃើញ​មាន​ឃ្មុំ​ប្រភេទ​នេះ​នៅ​អាមេរិក​នោះ​ទេ ​ហើយ​គេ​ក៏​មិន​ឃើញ​មាន​នៅ​តំបន់​ជាច្រើន​នោះ​ដែរ។ ឃ្មុំ​ប្រភេទ​នេះ​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ។ ដូច្នេះ បើ​យើង​បាត់បង់​ឃ្មុំ​ប្រភេទ​នេះ ​យើង​នឹង​បាត់បង់​យ៉ាង​ធំធេង»។

ទឹកឃ្មុំ​របស់​កម្ពុជា​អាច​លក់​រាយ​បាន​ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម ដែល​នេះ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់​ជាង​តម្លៃ​ទឹកឃ្មុំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម។ នេះ​បើ​យោង​តាម​របាយការណ៍វាយ​តម្លៃ​សង្វាក់​តម្លៃ​ទឹកឃ្មុំ​របស់​អង្គការ USAID ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩។

ក្នុង​រយៈពេល​ដែល​លោក​ Magista ​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ប្រជាជន​មួយ​ភាគ​ធំ​អាស្រ័យ​ផល​ពី​ធនធាន​ធម្មជាតិ​នោះ ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ​ឃ្មុំ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ​សំបុក​ឃ្មុំ​ និង​ទឹកឃ្មុំ​គឺ​ជា​ប្រភព​នៃ​ជីវជាតិ​ប្រូតេអ៊ីន ​ហើយ​ក្រមួន​របស់​វា​ គេ​ប្រើ​សម្រាប់ផលិត​ជា​ទៀន​ដុត​បំភ្លឺ​នៅ​តាម​វត្តអារាម​ និង​នៅ​តាម​ផ្ទះ​ ជា​ពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយ៉ាល​ ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់។ លើស​ពី​នេះ ​របរ​រក​ឃ្មុំ​មិន​ត្រឹម​តែ​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​មួយ​ចំនួន​នោះ​ទេ ​ប៉ុន្តែ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​តាំង​ពី​បុរាណកាល​មក​ផង​ដែរ។

លោក​ Magista ​បាន​មាន​ប្រសាសន៍​ថា៖​«នេះ​គឺ​ជា​បច្ចេកទេស​បុរាណ ​និង​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ពី​បុរាណ​ ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជា​យូរ​លង់​ណាស់​មក​ហើយ។ ហើយ​ដោយសារ​យើង​កំពុង​តែ​បាត់​បង់​ឃ្មុំ ​ប្រពៃណី​មួយ​នេះ​ក៏​កំពុង​តែ​បាត់បង់​ជា​បណ្តើរៗ​ផង​ដែរ»។

ទឹកឃ្មុំ​របស់​កម្ពុជា​អាច​លក់​រាយ​បាន​ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម ដែល​នេះ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់​ជាង​តម្លៃ​ទឹកឃ្មុំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម។ (រូបថតផ្តល់ឲ្យ)
ទឹកឃ្មុំ​របស់​កម្ពុជា​អាច​លក់​រាយ​បាន​ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម ដែល​នេះ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់​ជាង​តម្លៃ​ទឹកឃ្មុំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម។ (រូបថតផ្តល់ឲ្យ)

ថ្វីដ្បិត​តែ​ចំនួន​សត្វឃ្មុំ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ក្តី​ ក៏​អ្នក​ឯកទេស​ស្រាវជ្រាវ​ខាង​សត្វឃ្មុំ​រូប​នេះ​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ​កម្ពុជា​អាច​មាន​សក្តានុពល​ទីផ្សារ​នាំ​ចេញ​ផលិតផល​ពី​ឃ្មុំ ​ជាពិសេស​ទឹកឃ្មុំ​ ប្រសិន​បើ​មាន​ការ​យកចិត្ត​ទុក​ដាក់​បង្កើត​ឲ្យ​មាន​កម្មវិធី​វិនិយោគ​រយៈពេល​វែង​ចាប់​ពី​៥​ទៅ​១០​ឆ្នាំ។

លោកMagista ​បាន​បញ្ជាក់​ថា ​គម្រោង​វិនិយោគ​នេះ​«ត្រូវ​បង្កើត​ឲ្យ​មាន​ក្រុម​អ្នក​ជំនាញ​ការ​បង្រៀន​ដល់​ប្រជាជន​ពី​បច្ចេកទេស​ ក្នុង​ការ​រក្សា​សត្វឃ្មុំ ​និង​ផ្តល់​ដល់​ពួកគេ​នូវ​សម្ភារៈ​ដែល​ចាំ​បាច់​ទាំង​ឡាយ»។

កន្លង​មក​ធ្លាប់​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​ឯកជន​មួយ​ចំនួន​ ដែល​ជួយ​ដល់​កម្មវិធី​រក្សា​សត្វឃ្មុំ​នៅ​កម្ពុជា ​ដូចជា​មជ្ឈមណ្ឌល​សម្រាប់​អភិរក្ស​ជីវចម្រុះ​អង្គរ​ (ACCB)ក្នុង​ខេត្ត​សៀមរាប​ គម្រោង​លើក​កម្ពស់​វិស័យ​ឯកជន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការGTZ និង​គម្រោង​អភិវឌ្ឍន៍​កសិពាណិជ្ជកម្ម​កម្ពុជា​ ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​គាំទ្រ​ដោយ​ NZAID ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​គម្រោង​ទាំងនេះ​បាន​បញ្ចប់​ទៅ​ហើយ។ កាល​ពី​ឆ្នាំ​២០១៣ ​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ ARUN​ បាន​នាំ​ចេញ​ទឹកឃ្មុំ​ព្រៃ​ចំនួន​៥០០​លីត្រ​ទៅ​កាន់​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​បង្អស់៕

XS
SM
MD
LG